ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​និស្សិត​ខ្មែរ-អាមេរិកាំង​សម្តែង​សិល្បៈ​ដើម្បី​រក្សា​វប្បធម៌


និស្សិត​កំពុង​តែ​ហាត់​សម​អំពី​រឿង​គ្រួសារ​ខ្មែរ​មួយ​ដែល​រស់​នៅ​ក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា។
និស្សិត​កំពុង​តែ​ហាត់​សម​អំពី​រឿង​គ្រួសារ​ខ្មែរ​មួយ​ដែល​រស់​នៅ​ក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា។

សង្គម​និស្សិត​ខ្មែរឬហៅជា​ភាសា​អង់គ្លេស​ថា​ Cambodian Student Society នៅក្នុ​ង​សាកល​វិទ្យាល័យ​នៃ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក បានប្រារព្ធ​ពិធី​សម្តែង​សិល្បៈ​ខ្មែរកាលពី​ថ្ងៃ​អាទិត្យ​ ទី១៣​ខែមិនា​កន្លង​ទៅ​នេះ។

នេះជា​លើកទី​២៧​ហើយ​ដែល​ក្រុម​និស្សិត​ខ្មែរ​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​ឡើង​ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ទស្សនិកជន​ទាំង​ខ្មែរ​និង​បរទេស។

Cambodian Student Society​ ជា​ក្រុម​និស្សិត​ដែល​ភាគច្រើន​ពួកគាត់​ជា​កូន​ខ្មែរ​កើត​នៅ​លើ​ទឹកដី​អាមេរិក​និង​ខ្លះ​ទៀត​មាន​ស្រុក​កំណើត​នៅ​ប្រទេស​កម្ពុជា​តែ​ បាន​ចាកចេញ​មក​រស់នៅ​ទឹកដី​អាមេរិក​តាំង​ពី​នៅ​វ័យ​កុមារ។ សង្គម​និស្សិត​ខ្មែរ​នេះ​បាន​បង្កើត​ឡើង​នៅឆ្នាំ១៩៥៩។ ដោយ​មាន​ទឹក​ចិត្ត​ស្រឡាញ់​និង​ចង់​ថែ​រក្សា​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ពួកគាត់​ព្យាយាម​ធ្វើ​យ៉ាងណាឱ្យ​មាន​ការ​សម្តែង​នេះ​ជារៀងរាល់​ឆ្នាំ​ជូន​ដល់​ប​ងប្អូន​ខ្មែរ​និង​បរទេស​ទស្សនា។

គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ចង់បង្ហាញ​ឱ្យ​ស្គាល់​ពី​វប្បធម៌​ ប្រពៃណី​ខ្មែរ​ ក៏​ដូចជា​ផ្តល់​ឱកាស​ដល់​កូនខ្មែរ​និង​ប​ងប្អូន​ខ្មែរ​បាន​ប្រាស្រ័យទាក់ទងគ្នា។

កញ្ញា អ៊ូ ឈូ ​(Ou Chhou) ​ជា​នាយិការង​របស់​ក្រុមនិស្សិត​នេះ​បានឱ្យ​ដឹងថា​ក្រុម​របស់​កញ្ញា បាន​ធ្វើការ​ហ្វឹកហាត់​មុនពេល​សម្តែង​ចាប់ផ្តើម​តាំងពី​ប្រាំមួយ​ខែ​មុន​មកម្ល៉េះ​ហើយ​ការ​សម្តែង​របាំ​ផ្សេងៗ​ទៀតគឺបាន​ជំនួយ​ពី​សមាគម​និង​អង្គការ​ដទៃ​ទៀត។

កញ្ញា​ អ៊ូ​ ឈូ​មាន​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុជា​តែ​បាន​ចាកចេញ​មករស់​នៅលើ​ទឹកដី​អាមេរិក​ជាមួយ​ឪពុក​ម្តាយ​នាង​តាំងពី​នាង​អាយុ៣ឆ្នាំ​មក​ម្ល៉េះ។ មក​ទល់​ពេល​នេះ​ កញ្ញា​បាន​ចូលរួម​ជាសមាជិក​អស់​រយៈពេល​៤ឆ្នាំ​មកហើយ​និង​ខិតខំ​ជំរុញ​ឱ្យ​មាន​សកម្មភាព ​បើទោះបី​ជាកញ្ញា ​មមាញឹក​នឹង​ការងារ​សាលា​និង​ការងារ​ប្រចាំថ្ងៃ​របស់​កញ្ញា​ក្តី។

សង្គម​និស្សិត​ខ្មែរ​មិនមែន​មានតែ ​សមាជិក​ជា​កូនខ្មែរ​ប៉ុណ្ណោះ​ទេ។​ កញ្ញា អ៊ូ​ ឈូ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុម​របស់​គាត់​មាន​អ្នក​ចូលរួម​ជាជនជាតិ​វៀតណាម​ ហ្វីលីពីន​ និង​សាសន៍​ដទៃ​ទៀត។

លោក​ ហ្វឺ អរឌី (Audi Fuhr) ជា​កូនកាត់​ ហុងហ្ការី​ និង​ អេត្យូពី​ មាន​អាយុ​២២ឆ្នាំ​ ដែល​ជា​គ្រូបង្វឹក​ហាត់​របាំ​ ឆៃយ៉ាំ ​បាន​ឱ្យ​ដឹង​ថា​ទោះបី​ជា​លោក​មិនមែន​ជា​ជនជាតិ​ដើម​កំណើត​ខ្មែរ​ក្តី ​ក៏​លោក​មាន​ការចាប់​អារម្មណ៍​និងចូល​ចិត្តសិល្បៈ​ខ្មែរ ​តាំងពី​ពេល​ដែលលោក​បាន​សិក្សា​អំពីតំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​កម្មវិធី​នេះ​មាន​ការ​សម្តែង​សិ​ល្បៈ​ខ្មែរ​ជា​ច្រើន​ដូចជា ​របាំឆៃយ៉ាំ ​របាំជូនពរ​របាំអប្សរា ​ឈុតឆាកខ្លី​ពី​សម័យ​អង្គរ ​និង​ឈុតឆាក​សម្តែង​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​និង​ជីវិត​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។

សមាគម​និស្សិត​ខ្មែរ​បាន​ទទួល​ការគាំទ្រ​និង​ឧបត្ថម្ភ ​ទាំង​ផ្នែក​ថវិកា ​និង ​ការ​លើក​ទឹកចិត្ត​ជា​ច្រើន​ពី​សំណាក់ ​បងប្អូន​ខ្មែរ ​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ទីក្រុងឡុងប៊ិច។

អ្នកស្រី​ ឆាយ​ ដាលីន ​មាន​អាយុ​៤៣ឆ្នាំ ​ជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​ឡុងប៊ិច ​ដែល​អញ្ជើញ​មក​ទស្សនា​ការសម្តែង​នេះ ​ជាលើក​ទី​មួយ​ហើយ​បាន​ឱ្យ​ដឹង​ថា​ គាត់​មាន​ការ​សប្បាយ​ចិត្ត​ដែលឃើញ​កូនខ្មែរ​នៅ​ស្រឡាញ់​ប្រពៃណី​ខ្មែរ។ អ្នកស្រី​ក៏​មាន​កូន​ប្រុស​ជា​អ្នករាំ​របាំ​ក្រាប​នៅ​ក្នុង​ការ​សម្តែង​នេះ​ដែរ។

កញ្ញា​ បុប្ផា​ កញ្ញរ័ត្ន ​ជា​ទស្សនិកជន​ បាននិយាយ​ថា គាត់​មានអារម្ម​ណ៍​រំភើប​និង​គាំទ្រ​ជាខ្លាំង​ដល់​ក្រុមនិស្សិត​ខ្មែរ​យើង​ហើយ​គាត់​មិន​នឹក​ស្មាន​ថា ​ពួកគេ​កើត​នៅ​អាមេរិក​តែ​អាច​និយាយ​ភាសា​ខ្មែរ​និង​សម្តែង​បានល្អ​យ៉ាង​នេះ។

គួរ​បញ្ជាក់​ផងដែរ​ថា​ ការ​ប្រារព្ធ​ពិធី​សម្តែង​សិល្បៈ​នេះ​ គឺ​ដើម្បី​ស្វាគមន៍​ បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ខែមេសា​ខាង​មុខ​នេះ។​ កញ្ញា​ អ៊ូ ឈូ ​ជំនួស​មុខ​ឱ្យ​ក្រុម​សង្គមនិស្សិត​ខ្មែរក៏​ចង់​ជូនពរ​ដល់​បងប្អូន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ៕

XS
SM
MD
LG