ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​នៅ​ឡុងប៊ិច​អបអរ​ឆ្នាំ​ថោះ​ដោយ​ការ​ដង្ហែរ​ក្បួន


អ្នក​របាំ​ខ្មែរ​រាំ​របាំ​ជូន​ពរ​នៅ​ក្នុង​ពិធី​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​មួយ​នៅ​សង្កាត់​«ក្រុង​ខ្មែរ»​​របស់​ក្រុង​ឡុងប៊ិច​​រដ្ឋ​កាលីហ្វ័រញ៉ា​ កាល​ពី​​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១១​ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ថោះ​ព.ស.​២៥៥៥។
អ្នក​របាំ​ខ្មែរ​រាំ​របាំ​ជូន​ពរ​នៅ​ក្នុង​ពិធី​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​មួយ​នៅ​សង្កាត់​«ក្រុង​ខ្មែរ»​​របស់​ក្រុង​ឡុងប៊ិច​​រដ្ឋ​កាលីហ្វ័រញ៉ា​ កាល​ពី​​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១១​ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ថោះ​ព.ស.​២៥៥៥។

ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ឆ្នាំ​ថោះ​ ត្រីស័ក​ពុទ្ធសករាជ​២៥៥៥​ នៅ​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​ ដែល​គេស្គាល់​ថា​ជា​ទីក្រុង​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ក្បួន​ដង្ហែរ​ បង្ហាញ​អំពី​សិល្បៈ​ វប្បធម៌​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្មែរ​ ហើយ​មាន​ការចូល​រួម​ពី​សំណាក់​ទស្សនិកជន​យ៉ាង​ច្រើន​កុះករ។

សំឡេង​ហ៊ោ​កញ្ជ្រៀវ​ «សួស្តីឆ្នាំថ្មី!» និង​សំឡេង​ជូនពរ​ បាន​បន្លឺ​ឡើង​ផ្តោះផ្តង​គ្នា​រវាង​អ្នក​ចូលរួម​ទស្សនា​ និង​ក្បួន​ដង្ហែរ។

ការ​បើក​ឆាក​ក្បួន​ដង្ហែរ​នេះ​ចាប់​ផ្តើម​ពី​របាំ​ជូន​ពរ​ ហែរហម​បន្ត​ដោយ​ក្បួន​អប្សរា​ របាំ​សុវណ្ណមច្ឆា​ របាំ​គោះ​ត្រឡោក​ ក្បួន​ស៊ីក្លូ​ខ្មែរ​ ក្បាច់​គុណ​ល្បុក្កតោ​ របាំ​របស់​ជាតិ​សាសន៍​ម៉ិកស៊ិកូ​ និង​សិល្បៈ​ជា​ច្រើន​ទៀត​ រួម​ជាមួយ​នឹង​ក្បួន​គណៈ​កិត្តិយស​ដែល​មាន​ដូច​ជា​ ចៅហ្វាយ​ក្រុង​ និង​មន្រ្តី​យោធា​ប៉ូលីស​ជាដើម។

កម្មវិធី​នេះ​បាន​រៀបចំ​ឡើង ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២​ខែ​មេសា​កន្លង​ទៅ​នេះ​ ដោយ​ សភា​សង្គម​ខ្មែរ​ (Cambodian Coordinating Council) ដែល​ជា​សមាគម​មិន​យក​ប្រាក់​កម្រៃ​មួយ​ប្រចាំ​នៅ​ទីក្រុង​ឡុងប៊ិច។

លោក​ ទុំ ហ្វីលីប៉ូ​ ជា ​ប្រធាន​របស់​សភា​សង្គម​ខ្មែរ​នេះ​បាន​ឱ្យ​ដឹង​ថា​ ការ​ដង្ហែរ​ក្បួន​នេះ​គឺ​ចង់​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ខ្មែរ​និង​បរទេស​បាន​ស្គាល់។

«ទី​មួយ​គឺ​ថា​យើង​ចង់​បង្ហាញ​អំពី​វប្បធម៌​របស់​ខ្មែរ​យើង​ដែរ​ហើយ​ម្យ៉ាង​ទៀត​ហ្នឹង​គឺ​យើង​ចង់​បង្ហាញ​អំពី​ដូច​ថា​ ពាណិជករ​ពាណិជកម្ម​ដែល​យើង​មាន​នៅ​ក្នុង​ក្រុង​ឡុងប៊ិច​នេះ។​ យើង​ចង់​បង្ហាញ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង​ឬ​អ្នក​ដែល​នៅ​ក្រៅ​ទីក្រុង​ក្តី​ ដើម្បី​ឲ្យ​យល់​អំពី​ពាណិជ្ជករ​ដែល​យើង​មាន​នៅ​ទីក្រុង​ឡុងប៊ិច​ យើង​មាន​អ្វី​ខ្លះ​ ដែល​អាច​បញ្ចូល​ទៅ​ក្នុង​ឡុងប៊ិច​ឲ្យ​មាន​ភាពចម្រុះ​ (diversity) នៅ​ក្នុង​ទីក្រុង​នេះ​ តែម្តង។ ហើយ​ម្យ៉ាងទៀត​យើង​ក៏​ចង់​ឲ្យ​អ្នក​ដទៃ​ស្គាល់​ពី​វប្បធម៌​យើង​ដែរ​ នេះ​ជា​ឱកាស​មួយ​ដែល​យើង​អាច​ប្តូរ​ ដូច​ថា​ ចំណេះ​ដឹង​អី​ជាដើម។»

ការ​ធ្វើ​ក្បួន​ដង្ហែរ​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​លើ​ដង​ផ្លូវ​ ឈ្មោះ​ថា​ អាណាហែម​ (Anahiem Street) ដែល​ជា​វិថី​សម្បូរ​ដោយ​មុខជំនួញ​ជួញដូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ «Cambodian Town»​ ឬ​«ទីក្រុង​ខ្មែរ»។ លោក​ ហ្វីលីប៊ូ​ ក៏​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​សភា​សង្គម​ខ្មែរ​ជ្រើស​យក​ផ្លូវ​អាណាហែម​នេះ​ដែរ​ ថា៖

«ផ្លូវ​ម្តុំ​ហ្នឹង​ គេ​ហៅ​ថា​ Cambodian Town មាន​ន័យ​ថា​ទីក្រុងខ្មែរ​ ហ្នឹង ​ព្រោះ​វា​មាន​ business (ពាណិជកម្ម) ខ្មែរ​ជា​ច្រើន​នៅ​តាម​ផ្លូវ​ម្តុំ​ហ្នឹង​ ម្ល៉ោះ​ហើយ​ យើង​ចង់​បាន​ចំណុច​ហ្នឹង​ ឈ្មោះ​ថា​ជា​ទីក្រុង​ខ្មែរ។ ឈ្មោះ​នេះ​ជា​ឈ្មោះ​ចេញ​ពី​អាជ្ញាធរ​ ទី​ក្រុង​ឡុងប៊ិច​រួច​ហើយ​ កាល​ពី​ប្រហែល​ជា​បី​ឆ្នាំ​មុន​ ប៉ុន្តែ​គេ​នៅ​ចាប់​ផ្តើម​ធ្វើ​ដូច​ជា​សញ្ញា​នៅ​តាម​ Freeway អី​ជា​ដើម​ ដើម្បី​ឲ្យ​មើល​មក​ ពេញ​ជា​លក្ខណៈ​ទីក្រុង​ខ្មែរ។»

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទី​ក្រុង​ឡុងប៊ិចរដ្ឋ​កាលីហ្វ័រញ៉ា​ធ្វើ​ការ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ឆ្នាំ​ថោះ​ព.ស.​២៥៥៥​ ដោយការ​ដង្ហែរ​ក្បួន​ប្រចាំ​ឆ្នាំ​មួយ​នៅ​សង្កាត់​«ក្រុង​ខ្មែរ»​នៃ​ទី​ក្រុង​នេះ កាល​ពី​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១១។
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទី​ក្រុង​ឡុងប៊ិចរដ្ឋ​កាលីហ្វ័រញ៉ា​ធ្វើ​ការ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ឆ្នាំ​ថោះ​ព.ស.​២៥៥៥​ ដោយការ​ដង្ហែរ​ក្បួន​ប្រចាំ​ឆ្នាំ​មួយ​នៅ​សង្កាត់​«ក្រុង​ខ្មែរ»​នៃ​ទី​ក្រុង​នេះ កាល​ពី​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១១។

លោក​ ខេង​ សុភ័ក្រ្ត​ ជា​អ្នក​ស្ម័គ្រចិត្ត​ ជួយ​រៀបចំ​កម្មវិធី​ក្បួន​ដង្ហែរ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្បួនដង្ហែរ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទីក្រុង​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។

«ហែរ​ parade​ នេះ​ពិត​ប្រាកដ​វា​សំខាន់​ណាស់​ហើយ​ ដើម្បី​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​នៅ​អាមេរិច​ក៏​ដូចជា​ប្រជាជន​ខ្មែរ​នៅ​លើ​ពិភពលោក​ទាំង​មូល​ថា​ ខ្មែរ​រស់នៅ​ អាមេរិក​ក៏​មាន​កម្មវិធី​ដែល​ទាក់ទង​នឹង​ប្រពៃណី​ដែរ។ យើង​ក៏​លើក​ស្ទួយ​កិត្តិយស​ជាតិ​ លើក​ស្ទួយ​ប្រពៃណី​ជាតិ​ អត់​ឲ្យ​មាន​ការ​បាត់បង់​ទេ។»

ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ពិធី​ជា​រៀងរាល់​ឆ្នាំ​គឺ​មាន​ការ​លំបាក​ ដូច្នេះ​លោក​សូម​អំពាវនាវ​សុំ​ឲ្យ​មាន​ជំនួយ​បន្ថែម​ពី​សំណាក់​បងប្អូន​នៅ​ក្នុង​សហគមន៍​ខ្មែរ។

«ទន្ទឹម​នឹង​នេះ​ដែរ​ យើង​ក៏​ត្រូវការ​បន្ថែម​អ្នក​ដែល​មាន​ទឹកចិត្ត​ចង់​ជួយ​ជា​កម្លាំង​ វិភាគទាន​យោបល់​គំនិត។​ អ្នក​ទាំងអស់​ហ្នឹង​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​រីកចំរើន​ទៅ​មុខ​បាន​ បើ​ទោះ​ជា​មាន​តែ​បួន​ដប់​អ្នក​ ដែល​មាន​គំនិត​ច្នៃប្រឌិត​ក៏​ដោយ​ ប៉ុន្តែ​ខ្វះ​កម្លាំង​ជួយ​ អត់​កើត​ទេ។​ ទោះបី​ជា​យើង​មាន​កម្លាំង​ជួយ​ តែ​យើង​ខ្វះ​ថវិកា​ ក៏​វា​ទៅ​អត់​រួច​ដែរ។ អញ្ចឹង​ យើង​ព្យាយាម​ធ្វើ​ Parade (ក្បួនដង្ហែរ) ហ្នឹង​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ យើង​មាន​ការ​លំបាក​ដោយសារ​តែ​អ្នក​ដែល​ជួយ​គឺ​មាន​តិចតួច។»

លោក​សួន សុធី​ ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ឡុងប៊ិច​ បាន​សម្តែង​ការ​ត្រេកអរ​នៅ​ពេល​បាន​មក​ចូលរួម​ទស្សនា​ក្បួន​ដង្ហែរ​នេះ ​ហើយ​គាត់​ចង់​ឲ្យ​មាន​ការ​រៀបចំ​នេះ​ជា​រៀងរាល់​ឆ្នាំ​ ដោយ​សារ​នេះ​ ជា​ឱ​កាស​មួយ​អាច​ឲ្យ​កូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រៀន​សូត្រ​ពីវប្បធម៌​របស់​ខ្លួន។

«ខ្ញុំ​គិត​ថា​សប្បាយ​ណាស់​ ព្រោះ​យើង​នៅ​ក្រៅប្រទេស​ អត់​បាន​ទៅ​ស្រុក​ខ្មែរ​ យើង​នៅ​ស្រុក​នេះ​ក៏​អាច​ចូលរួម​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​យើង​បាន​ដែរ។ ទីនេះ​គឺ​ខ្ញុំ​នៅ​ម្នាក់ឯង​ ដូច​មាន​ក្តី​នឹក​ស្រុក​ និង​សោកសៅ​ខ្លះ​ដែរ​ពេល​ខ្លះ​ ដូច​យើង​នៅ​ឆ្ងាយ​ពី​ ឪពុកម្តាយ​ តែ​ខ្ញុំ​គិតថា​នេះ​ជា​ចំណុច​មួយ​ដែរ​ ដែល​គួរ​ឲ្យ​ខ្ញុំ​កាត់​បន្ថយ​ភាពនឹក​ស្រុក​ ដូច​ថា​មក​អញ្ចឹង​បាន​សប្បាយ​ អញ្ចឹង​ទៅ​វា​គ្រាន់​ជាង​អត់។»

គួរ​បញ្ចាក់​ផង​ដែរ​ថា​ ​ក្រៅ​ពី​ការ​ធ្វើ​ក្បួន​ដង្ហែរ​នេះ​ សភាសង្គម​ខ្មែរ​ក៏​មាន​រៀបចំ​ កម្មវិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ឯ​សួន​ឧទ្យាន​ជាតិ El Dorado Park។ សម្រាប់​កម្មវីធី​នោះ​ ប្រិយមិត្ត​អ្នក​ចូលរួម​ អាច​កម្សាន្ត​សប្បាយ​ជាមួយ​នឹង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ការ​ពូន​ភ្នំ​ខ្សាច់​ ការ​ប្រគុំ​តន្ត្រី​ ការ​ប្រឡង​ចម្រៀង ការ​សម្តែង​សិល្បៈ​ ដែល​នឹង​មាន​ដូច​ជា​ របាំ​បុរាណ​ ល្ខោន​បាសាក់​ និង​ការ​សូត្រ​កំណាព្យ​ជាដើម។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ El Dorado Park គឺ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ទី​០៩​ខែមេសា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ៕

XS
SM
MD
LG