ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​អង្គាស​ប្រាក់​ជួយ​ជន​រងគ្រោះ​ទឹក​ជំនន់​នៅ​កម្ពុជា


សមាជិក​នៃគណៈ​កម្មការ​មូល​និធិ​ខ្មែរ​ជួយ​ខ្មែរ​។
សមាជិក​នៃគណៈ​កម្មការ​មូល​និធិ​ខ្មែរ​ជួយ​ខ្មែរ​។

នៅ​ឯ​ទី​ក្រុង​ Long​ Beach​ រដ្ឋ California កាល​ពី​សប្តាហ៍​មុន​មាន​ការ​រៀប​ចំ​ជាកម្មវិធី​រៃ​អង្គាស​ប្រាក់​ដែល​ធ្វើ​ឡើង​ដោយ​មូល​និធិ​ខ្មែរ​ជួយ​ខ្មែរ​នៅ​ឯ​ភោជនីយដ្ឋានឋាន​សួគ៌​ថ្មី​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៤០០​នាក់​ដើម្បី​យក​ទៅ​ជួយ​ជន​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា។

លោក​ឆាល​ សុង​ (Charle Song) ​ជា​ប្រធាន​គណៈ​កម្មការ​មូល​និធិ​ខ្មែរ​ជួយ​ខ្មែរ​ បាន​ឱ្យដឹង​ពី​មូល​ហេតុ​ដែល​លោក​និង​ក្រុម​របស់​លោក​បង្កើត​ជា​មូល​និធិ​នេះ៖

«ដោយ​យល់​ថា ​ខ្មែរ​កំពុង​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ និង​ដោយសារ​តាមសំណូម​ពរ​ពី​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​គាត់​ចេះ​តែ​សុំ​ថា​ មិន​មាន​អ្នក​ណា​រៀប​ចំ​ធ្វើអី​ ក៏តាង​នាម​យើង​ខ្ញុំ​ជា​គណៈ​កម្មការ​នឹក​គិត​ថា​ យើង​គួរ​តែ​សម្រេច​ឱ្យមាន​ជា​គណៈកម្មការ​ដើម្បី​អង្គាស​ប្រាក់​យក​ទៅ​ជួយ​បង​ប្អូន​យើងហ្នឹង។​ ​រី​ឯ​នៅ​ត្រង់​ណា​ហ្នឹង​គឺ​យើង​បាន​ប្រគល់​ទៅ​ឱ្យខាង​ក្រសួង​មាន​បន្ទុក​ផ្នែក​ខាងមហន្តរាយ​ធម្មជាតិ។ ​គេ​អ្នក​ទទួល​បន្ទុក​នៅ​ស្រុក​ខ្មែរ»។

ពលរដ្ឋ​ខ្មែរ- អាមេរិកកាំង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​រៃ​អង្គាស​ប្រាក់​ដើម្បីជន​រង​គ្រោះដោយ​សារទឹក​ជំនន់នៅ​កម្ពុជា​ នាំ​គ្នា​ដុត​ទាន​ដើម្បី​ចូលរួម​រំលែក​ទុក្ខ។
ពលរដ្ឋ​ខ្មែរ- អាមេរិកកាំង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​រៃ​អង្គាស​ប្រាក់​ដើម្បីជន​រង​គ្រោះដោយ​សារទឹក​ជំនន់នៅ​កម្ពុជា​ នាំ​គ្នា​ដុត​ទាន​ដើម្បី​ចូលរួម​រំលែក​ទុក្ខ។

ទោះ​បី​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឃ្លាត​ឆ្ងាយ​ពី​ប្រទេស​ដើម​កំណើត​របស់​ខ្លួន​យូរ​ហើយ​ក្តី​ ក៏​ពួក​គេ​នៅ​តែ​មាន​ទឹក​ចិត្ត​ចង់​ជួយ​ប្រទេស​កម្ពុជា។ លោក​ជីម ​សួស​ជា​សមា​ជិក​របស់​មូល​និធិខ្មែរ​ជួយខ្មែរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា៖

«នេះ​ជា​លើក​ទី​ពីរ​ដែល​យើង​បាន​ធ្វើ។ លើក​មុន​ទៅ​ជួយ​នៅ​ព្រះ​វិហារ​ម្តង​ហើយ។ ​ខ្ញុំ​ជឿ​ថា​ មិន​មែនតែ​ខ្មែរ​ Long​ Beach ​ទេ ​ខ្មែរ​ក្នុង​ពិ​ភព​លោក​ទាំង​អស់​គេ​យល់​សប្តិ​ទៅ​តែ​ស្រុក​ខ្មែរ។​ លុយ​ដែល​ផ្ញើរ​ទៅ​ស្រុក​ខ្មែរ​ក៏​ទៅ​តែ​ស្រុក​ខ្មែរ។ ដូច្នេះ​ពួក​យើង​ទាំងអស់​គ្នា​អត់​ភ្លេច​ស្រុក​កំណើត​ អត់​ភ្លេច​ជាតិ​យើង​ អត់​ភ្លេច​បង​ប្អូន​យើង​ទេ។ ​ហើយ​លុយ​របស់​ពួក​យើង​ដែល​ធ្វើ​នេះ​ បើ​គិត​ទៅ​មិន​ច្រើន​ទេ​ ប៉ុន្តែ​ទឹក​ចិត្តដែល​ស្មោះ​ត្រង់​ ដែលស្រឡាញ់​ប្រទេស​ជាតិ​យើង​គឺ​ធំ​ជាង​លុយ​ហ្នឹង​ឆ្ងាយ​ណាស់»។

ការ​រៃ​អង្គាស​ប្រាក់​នេះ​ទទួល​បាន​ថវិកា​ចំនួន​ជាង​១៦.០០០​ដុល្លារ ​ហើយ​មូល​និធិ​នៅ​តែ​បន្ត​ទទួល​យក​ការ​បរិច្ចាគ​ថវិកា​ដែល​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ផ្ញើរ​ប្រាក់​ជា​មូលប្បទាន​ប័ត្រមក​កាន់​សមាគម​មាតា​បិតា​ខ្មែរ​នៅ​ទី​ក្រុង​ឡុងប៊ិច ឬ តាមគេហ​ទំព័រ www.khmersupportkhmer.org។

មូល​និធិ​ខ្មែរ​ជួយ​ខ្មែរ​បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​ប្រទេស​កម្ពុជា។ ​លោក​ថមមី នូ Tommy ​Nou​ ​អនុប្រធាន​គណៈ​កម្មការ​មូល​និធិ​ខ្មែរ​ជួយ​ខ្មែរ ​បាន​បញ្ជាក់​បន្ថែម៖

«លុយ​ដែល​យើង​ប្រមូល​បាន​នេះ​ គណៈ​កម្មការ​នឹង​រៀប​ចំ​សរុប​នៅ​ចុង​អាទិត្យ​នេះ​បាទ។ ​សរុប​ប៉ុន្មាន​ លុយ​យើង​ទុក​នៅ​នេះ។ ​យើង​ទៅ​បើក​នៅ​ភ្នំពេញ។​ មាន​គ្នា​របស់​យើង​ឈ្មោះ​លោក​សុផាន ខេង។ ​គាត់​អ្នក​ចាំ​ទទួល​លុយ​កាក់​នៅ​ខាង​ណោះ​គឺ​ថា​ លុយ​អត់​បាត់​មួយ​រៀល​ទេ។​ ក្នុង​នេះ​យើង​ទំនាក់​ទំនង​ទៅ​លោក​ញឹម​ វណ្ណដា។ ​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​គ្រោះ​មហន្ថរាយ​ក្នុង​ប្រទេស​កម្ពុជា។ លោក​យល់​ដឹង​ថា ​តើ​កន្លែង​ណា​ខ្លះ​ដែល​ប្រជា​រាស្រ្ត​ខ្មែរ​ត្រូវ​ការ​ចាំ​បាច់​ ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ​ជួយ​សង្គ្រោះ»។

បើ​តាម​លោក​កែវ​ វី ​នាយ​ខុទ្ទ​កាល័យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​ថា ​ទឹក​ជំនន់​បាន​បំផ្លិច​បំផ្លាញ​ជីវិត​មនុស្ស​ចំនួន​ជិត​២៥០​នាក់​ សាលា​រៀន​ចំនួន​១.៣៦០​ខ្នង​ ផ្លូវ​ជាតិប្រវែង​៩២២​គីឡូម៉ែត ​និង​ស្រូវ​ចំនួន២៨០.០០០​ហិក​តា ​បើ​គិត​មក​ទល់​ពេល​នេះ៕

XS
SM
MD
LG