ប្រទេសកម្ពុជាត្រូវបណ្តុះបណ្តាលសមត្ថភាព និងចំណេះដឹងបន្ថែមទៀតដើម្បីសម្រេចគោលដៅគម្រោងអភិបាលកិច្ចល្អមូលដ្ឋានសម្រាប់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធិភាពនិងយុត្តិធម៌។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបានព្រមានថា គម្រោងអភិបាលកិច្ចល្អមូលដ្ឋាននេះអាចបរាជ័យ បើមន្ត្រីអនុវត្តគម្រោងនៅមូលដ្ឋានផ្តោតទៅលើការងារគណបក្សនយោបាយច្រើនជាងការងារសង្គមនោះ។
លោកប៊ុត ជិ ប្រធានគ្រប់គ្រងគម្រោងអភិបាលកិច្ចល្អមូលដ្ឋានរបស់ក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាបានប្រឈមនឹងកង្វះសមត្ថភាព និងចំណេះដឹងជំនាញរបស់មន្ត្រីនៅតាមមូលដ្ឋាន ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ឱ្យទទួលបានជោគជ័យ។
លោកប៊ុត ជិ ប្រធានគ្រប់គ្រងគម្រោងសម្រាប់ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្លឹបអ្នកកាសែតកម្ពុជាថា មន្ត្រីមូលដ្ឋានមួយចំនួនមានការខ្វះខាតខាងជំនាញបច្ចេកទេស សមត្ថភាព លទ្ធភាពនិងចំណេះដឹងក្នុងការធ្វើសេចក្តីសម្រេច ឬការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដូចជាការវាយតម្លៃទៅលើសមត្ថភាពរបស់សណ្ឋាគារ និងការផ្តល់ការអនុញ្ញាតឱ្យកសាងអគារផ្សេងៗ។
«អ្វីដែលជាឧបសគ្គនៅផ្នែកគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននេះ គឺយើងមើលឃើញបញ្ហាប្រឈម នឹងបច្ចេកទេស និងធនធានមនុស្សមួយចំនួន។ យើងមានបញ្ហាប្រឈមតែទៅលើធនធានមនុស្ស ដែលនៅមានកម្រិត»។
លោកស៊ូ យៀន សមាជិកក្រុមប្រឹក្សាស្រុកមេម៉ត់ ខេត្តកំពង់ចាម បានថ្លែងថា មន្ត្រីថ្នាក់ស្រុកភាគ ច្រើនមិនសូវយល់ដឹងពីគម្រោងអភិបាលកិច្ចល្អមូលដ្ឋានប៉ុន្មានទេ ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលសមត្ថភាព និងចំណេះដឹងបន្ថែមទៀត។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា ការប្រឈមធំបំផុតចំពោះគម្រោង អភិបាលកិច្ចល្អមូលដ្ឋានគឺឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់មេដឹកនាំ។
«គម្រោងអភិបាលកិច្ចល្អមូលដ្ឋានអាចមានការវិវឌ្ឍខ្លះ ដោយសារមានយន្តការចម្រុះគណបក្សនយោបាយ។ ប៉ុន្តែមិនទាន់បានទទួលជោគជ័យ១០០ភាគរយដូចនៅបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះទេ»។
លោកនី ចរិយា ប្រធានស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស ADHOC បានបញ្ជាក់ថា គម្រោងអភិបាលកិច្ចល្អមូលដ្ឋាននេះមិនទាន់បានផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋានទេ។
លោកនី ចរិយា បានបន្តថា ធនធានមនុស្ស និងថវិកាសម្រាប់អនុវត្តគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននេះជាតម្រូវការចាំបាច់។
«អ្នកអនុវត្តគម្រោងនៅមូលដ្ឋានបានផ្តោតទៅលើការងារគណបក្សនយោបាយច្រើនជាងការងារ សង្គមដែលធ្វើឱ្យគម្រោងអភិបាលកិច្ចល្អនៅតាមមូលដ្ឋានមិនទទួលបានជោគជ័យទេ»។
លោកប៊ុត ជិ ប្រធានគ្រប់គ្រងគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យើងត្រូវពង្រឹងសមត្ថភាពនិងចំណេះដឹងរបស់មន្ត្រីនៅតាមក្រុងនិងស្រុកបន្ថែមទៀត។
«នៅពេលដែលមន្ត្រីបានទទួលចំណេះដឹងគ្រប់គ្រាន់ ល្បឿននៃការអនុវត្តគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននេះនឹងកាន់តែមានប្រសិទ្ធិភាពជាងមុនទៀត»។
គម្រោងអភិបាលកិច្ចល្អមូលដ្ឋានរយៈពេល៤ឆ្នាំ (២០០៩-២០១៣) មានតម្លៃ២៥លានដុល្លារអាមេរិក ដែលរួមមាន២០លានដុល្លារអាមេរិកបានពីធនាគារពិភពលោក ៣លានដុល្លារអាមេរិកបានពីទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់ប្រទេសអូស្ត្រាលី និង២លានដុល្លារអាមេរិកបានពីរដ្ឋាភិបាលកម្ពុជា។
លោកប៊ុត ជិបានថ្លែងថា គម្រោងអភិបាលកិច្ចល្អមូលដ្ឋានក្នុងមួយឆ្នាំៗត្រូវចំណាយប្រមាណ៧លានដុល្លារអាមេរិក ហើយក្រសួងមហាផ្ទៃត្រៀមថវិកា១,៨លានដុល្លារអាមេរិកសម្រាប់ផ្តល់ឱ្យអង្គការមិនមែនរដ្ឋាភិបាលចំនួន៣២ ដែលធ្វើការងារផ្នែកអភិបាលកិច្ចល្អនេះ៕