វ៉ាស៊ីនតោន៖ ជនរងគ្រោះនិងអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនិយាយថាការធ្វើបញ្ជីឈ្មោះដើមបណ្តឹងរដ្ឋប្បវេណីជាកិច្ចការដ៏បន្ទាន់ដើម្បីឱ្យដឹងថាតើជនណា មានសិទ្ធិអាចចូលរួមសវនាការបានឬមិនបាន។
មានជនរងគ្រោះដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួនជាង ២.១២០នាក់ដែលត្រូវបានទទួលស្គាល់ជាដើមបណ្តឹងរដ្ឋប្បវេណីពីក្នុងចំណោម អ្នកដាក់ពាក្យប្តឹងជាង៤ពាន់នាក់ តែចំនួនប៉ុន្មាននាក់ត្រូវអនុញ្ញាតឱ្យចូលរួមក្នុងសវនាការគឺសម្រេចលើចៅក្រមសាលាដំបូងដែលត្រូវសម្រេចនៅខែខាងមុខៗក្រោយពេលសហមេធាវីត្រូវធ្វើសំណើនៅចុងខែមករានេះដើម្បីបញ្ជូនទៅកាន់ចៅក្រមសាលាដំបូងតាមរយៈសហព្រះរាជអាជ្ញា។
កញ្ញា សេង ធារី ជាជនរងគ្រោះអ្នកដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ហើយជាស្ថាបនិកនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់យុត្តិធម៌និង ការបង្រួបបង្រួមបានអះអាងថាពេលវេលាស្ថិតក្នុងភាពអាសន្នសម្រាប់ការរៀបចំបញ្ជីជនរងគ្រោះដ៏ច្រើនសន្ធឹកសន្ធាប់ដែលស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់នេះ។
«ប៉ុន្តែអ្វីដែលខ្ញុំមានការព្រួយបារម្ភ បញ្ជីសាក្សីដើមបណ្តឹងរដ្ឋប្បវេណី យើងអត់ ទាន់មាននរណាគេរៀបចំថានរណាគេគួរចូលក្នុងបញ្ជីនេះ ពីព្រោះទីមួយយើង មានមេធាវីបារាំងដែលអត់ទាន់មានវត្តមានក្នុងប្រទេសខ្មែរយើង ទី២ មេធាវីខ្មែរ យើងលោក អង្គ ពេជគាត់មានការខ្វះបុគ្គលិក ពេលវេលានៅក្នុងការស្រាវជ្រាវ ក្នុងការរៀបចំ ក្នុងការជួយរឿងរ៉ាវរបស់គាត់ ហើយយើងមានពេលវេលា ដែល មានកម្រិតយើងមានពេលតែ១៥ថ្ងៃទៅ៣០ថ្ងៃឧទាហរណ៍»។
វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានព្យាយាមទាក់ទងលោកអង្គ ពេជសហមេធាវីនាំមុខតាមរយៈទូរស័ព្ទរបស់លោកដើម្បីបំភ្លឺពីបញ្ហាទាក់ទងនឹងការធ្វើបញ្ជីដើមបណ្តឹងរដ្ឋប្បវេណីនេះ តែអ្នកឆ្លើយទូរស័ព្ទបានអះអាងថាលោកមិននៅទៅវិញ។
គេបានរាយការណ៍មកថាសហមេធាវីនាំមុខទាំងពីគឺលោកមេធាវីកម្ពុជា អង្គ ពេជ និងលោកស្រីមេធាវីបារាំង អេលីហ្សាបេត ស៊ីម៉ុនណូ ហ្វត (Elisabeth Simonneau Fort) គឺជាអ្នកទទួលភារៈកិច្ចរៀបចំបញ្ជីឈ្មោះ សិក្សាពីអង្គហេតុ អង្គច្បាប់លើករណីនីមួយៗ ពីបទល្មើស ឧក្រិដ្ឋកម្ម ពីទីតាំង ពីបញ្ហាផ្សេងៗជាច្រើនទៀតចំពោះបញ្ហាដែលជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីបានដឹង ជួបប្រទះ រងគ្រោះជាដើមដើម្បី ឱ្យមាន ជាគ្រឹះ បានយល់សាច់រឿងទាក់ទងពីមួយទៅមួយទៀត យល់ពីភាពស្របច្បាប់ នៃរឿងរ៉ាវនីមួយៗ និងមានមូលដ្នានក្នុងការតតាំងក្នុងសវនាការ ជាមួយជនជាប់ ចោទជាអតីតមេដឹកនាំខ្មែរក្រហម៤នាក់ ដែលកំពុងជាប់ឃុំឃាំងរង់ចាំការ កាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទាក់ទងនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជិតពីរលាននាក់ក្នុងទសវត្សរ៍១៩៧០។
កញ្ញា សេង ធារីបានអះអាងថាបញ្ហាយ៉ាងច្រើនដែលមេធាវីជាអ្នកយល់នីតិវិធី ច្បាប់ត្រូវមានតួនាទីរៀបចំឱ្យបានមុនសវនាការ យោងទៅលើចំនួនជនរងគ្រោះដ៏ច្រើន ឯកសារក៏ច្រើន ត្រូវការពេលវេលាក៏ច្រើន។
«គាត់គួរដឹងអំពីកូនក្តីរបស់គាត់មួយៗថាកូនក្តីគាត់ថាកូនក្តីនេះបានរងគ្រោះនៅ កន្លែងណា ក្នុងកម្រិតណា បានឃើញ ផ្តល់សក្ខីភាពចំពោះឧក្រិដ្ឋកម្មណាមួយ ហើយវាទាក់ទិនដល់២ពាន់នាក់ជាង ហើយមនុស្សម្នាក់វាមានរឿងស៊ីជម្រៅ ហើយ វាត្រូវការពេលវេលា ទំរាំយើងសម្ភាសមនុស្សម្នាក់វាត្រូវការពេលមួយថ្ងៃឬមួយខែ»។
កញ្ញា សេង ធារីបន្តថាក្នុងសវនាការទាមទារឱ្យមានមេធាវីវៃឆ្លាត យល់ដឹងខាងផ្នែកច្បាប់ជាតិនិងអន្តរជាតិដើម្បីតតាំងឬឱ្យដើមបណ្តឹងរដ្ឋប្បវេណីឬសាក្សីបានធ្វើសក្ខីកម្មឬបំភ្លឺដល់ចៅក្រមថាអ្វីដែលពួកគេអះអាងជារឿងសមរម្យ និងមានទម្ងន់។
«ប្រសិនបើនៅក្នុងបញ្ជីសាក្សីគាត់មានតែ១០នាក់ពីព្រោះគាត់អត់បានរៀបចំឱ្យអ្នកផ្សេងៗទៀតចូលរួមក្នុងការបំភ្លឺហើយអ្នកផ្សេងៗទៀតដែលអាចបំភ្លឺរឿងហ្នឹងអត់មានការទទួលស្គាល់ពីតុលាការ ហើយគាត់អត់មានវត្តមាន អត់មានសិទ្ធិក្នុង សវនាការនេះ វាអាចធ្វើឱ្យការអះអាងរបស់គាត់មានភាពទន់ខ្សោយ»។
សំណុំរឿងលេខ០០២មានអតីតមេដឹកនាំខ្មែរក្រហម៤នាក់គឺនួន ជា បងធំទី២ ខៀវ សំផនអតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងអ្នកស្រីអៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងត្រូវបើកសវនាការកាត់ទោសនៅពាក់កណ្តាលឆ្នាំនេះ។
លោកឡុង បញ្ញាវុធមន្ត្រីគម្រោងយុត្តិធម៌នៅកម្ពុជាបង្ហាញពីក្តីបារម្ភពីភាពយឺតយ៉ាវដែលអាចកើតឡើងដែរប្រសិនបើការរៀបចំបញ្ជីឈ្មោះដើមបណ្តឹងរដ្ឋប្បវេណីត្រូវរង់ចាំការមកដល់កម្ពុជារបស់សហមេធាវីបរទេសជនជាតិបារាំងដែលទើបត្រូវតែងតាំងថ្មីកាលពីដើមខែធ្នូ ឬ យ៉ាងណានោះ។ មួយទៀតជាការល្អ ដែលកិច្ចប្រជុំស្តីពីការរៀបចំសវនាការអាចធ្វើបានឆាប់ផ្សព្វផ្សាយឱ្យបានឆាប់ ដើម្បីឱ្យភាគី ពាក់ព័ន្ធនានា បានដឹង និងត្រៀមខ្លួនចូលរួមក្នុងសវនាការ។
«យើងបារម្ភ វាអាចមានការយឺតយ៉ាវដែរ នៅក្នុងឱកាសក្នុងការត្រៀមរៀបចំសវនាការឱ្យបានមានប្រសិទ្ធភាពដែលអាចធ្វើទៅបាននៅពេលដែលយើង អត់ដឹងថាតើសាលាដំបូងហ្នឹង នឹងឯកភាពលើចំណុចអ្វីខ្លះទាក់ទងទៅនឹងការ ប្រជុំសម្រេចស្តីអំពីការវិភាគនិងនីតិវិធីសម្រាប់ពេលជំនុំជម្រះហ្នឹង»។
លោកថ្លែងដូច្នេះដោយយោងទៅលើកិច្ចការរបស់មេធាវីនាំមុខ ភាគីដើម បណ្តឹងរដ្ឋប្បវេណី ព្រះរាជអាជ្ញា សាក្សីត្រូវរៀបចំខ្លួននិងអង្គហេតុ អង្គច្បាប់ដែលត្រូវលើកឡើងឬមិនត្រូវលើក។
ក្រៅពីកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់សហមេធាវីខ្មែរនិង បរទេសលើករណីដើមបណ្តឹងរដ្ឋប្បវេណី លោកឡុង បញ្ញាវុធបានបញ្ជាក់បន្ថែម ដែរថាមេធាវីជនរងគ្រោះកំពុងធ្វើកិច្ចការដោយប្រញឹកហើយបច្ចុប្បន្ននេះ។
លោក ឡាត់ គីមន្ត្រីសម្របសម្រួលសាលាក្តីខ្មែរក្រហមមកពីអង្គការសិទ្ធិមនុស្ស អាដហុក បានអះអាងដែរថាដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួននឹងត្រូវមេធាវីជ្រើសចេញពីក្នុងចំនួនជាង២ពាន់នាក់ដើម្បីបញ្ជូនឱ្យមានការសម្រេចពីចៅក្រម។ លោក ឡាត់ គី បានថ្លែងទៀតថាការចូលរួម របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងសវនាការគឺជារឿងសំខាន់គឺដើម្បីស្វែងរកយុត្តិធម៌បង្ហាញជនជាប់ចោទពីការពិតនិងឱ្យជនជាប់ចោទទទួលស្គាល់ការពិតក្រៅពីការមានសិទ្ធិទាមទារសំណង។
លោក ឡាត់ គីបញ្ជាក់ថា៖
«ដូច្នេះសូមទាញអារម្មណ៍ថា ដើមបណ្តឹងរដ្ឋប្បវេណីជាភាគីមួយនៅក្នុងសាលាក្តីវាមានសារៈសំខាន់ណាស់នៅក្នុងការសម្របសម្រួល ឱ្យមានការចូលរួមហើយនឹងឱ្យពួកគាត់បញ្ចេញនូវទស្សនៈដែលគាត់ចង់បានក្នុងនាមយុត្តិធម៌ដើម្បីប៉ះប៉ូវដល់ការឈឺចាប់របស់គាត់ដែលធ្លាប់រងគ្រោះដោយផ្ទាល់កាលពីរបបនោះ»។
លោក ឡាត់ គីបានបន្ថែមថាជាការសោកស្តាយប្រសិនបើភាគីដើមបណ្តឹងរដ្ឋប្បវេណីមានការរៀបចំយឺតយ៉ាវក្នុងការចូលរួមក្នុងសវនាការ។
លោក ឡាត់ គីបានទទូចដល់អង្គភាពជនរងគ្រោះឱ្យមានការសម្របសម្រួលដល់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទទួលបានចំណេះដឹងផ្នែកច្បាប់នីតិវិធីក្នុងការ ចូលរួមដេញដោលក្នុងសវនាការដោយមិនគ្រាន់តែចូលរួមសម្រាប់តែអង្គុយ ស្តាប់និងមើលតែប៉ុណ្ណោះទេក្រៅពីបានអះអាងថាអង្គការអាដហុកបានជួយ បណ្តុះបណ្តាល តំណាងជាច្រើនខេត្តដល់ជនរងគ្រោះអ្នកដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។
«អញ្ចឹងសមត្ថភាពទាំងអស់នោះវាតោងទាមឱ្យមានការ គេហៅថា តាមរយៈ ការផ្លាស់ប្តូរព័ត៌មាន តាមរយៈការរៀនសូត្រដែលជាភារកិច្ចរបស់អង្គភាពគាំពារជនរងគ្រោះនៅក្នុងការបំប៉នឬមួយក៏ផ្សព្វផ្សាយធ្វើយ៉ាងម៉េចឱ្យគាត់មានសមត្ថភាពខ្ពស់បែបហ្នឹង»។
ប្រធានកម្មវិធីផ្សព្វផ្សាយនៃអង្គភាពគាំពារជនរងគ្រោះលោក អ៊ឹម សុភាបានអះអាងថាតាមផែនការរៀបចំយុទ្ធសាស្រ្តរបស់ខ្លួន មានការរៀបចំបង្កលក្ខណៈ ឱ្យមេធាវីបានធ្វើការយ៉ាងច្រើនហើយជាមួយនឹងភាគីជនរងគ្រោះដើមបណ្តឹង រដ្ឋប្បវេណីនៅតាមខេត្តជាច្រើនហើយលោករំពឹងថាជនរងគ្រោះអាចនឹងមាន ពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនចូលរួមក្នុងសវនាការ។
«តាមពិតទៅមេធាវីដើមបណ្តឹងរដ្ឋប្បវេណីហ្នឹងគាត់បានធ្វើការតាំងពីចុងឆ្នាំ ២០១០ម្ល៉េះ។ គាត់បានចុះទៅមូលដ្នាន ទៅដល់គោលដៅផ្សេងៗដែលជាទីកន្លែងដែលជនរងគ្រោះឬក៏ដើមបណ្តឹងគាត់រស់នៅដើម្បីពន្យល់ហើយនឹងកំពុង កំណត់អត្តសញ្ញាណទៅលើប្រភេទសាក្សីណាដែលគឺថាអាចនឹងទុកចិត្តបានឬក៏ អ្នកណាដែលអាចចងចាំបានច្បាស់ល្អដើម្បីជ្រើសរើសអ្នកដែលត្រូវឆ្លើយឬក៏ផ្តល់សក្ខីកម្ម»។
មានជនរងគ្រោះជាច្រើនផ្សេងទៀតដែលបានចូលរួមក្នុងសវនាការករណីទី១ កាំង ហ្កេកអ៊ាវហៅឌុចដែលចង់ចូលរួមក្នុងសវនាការសំណុំរឿងលេខ០០២នៅ មិនទាន់ដឹងថានឹងចូលរួមបានក្នុងពេលសវនាការខាងមុខឬយ៉ាងណាទេដោយសារករណីឌុចកំពុងជាប់ក្នុងបណ្តឹងឧទ្ធរណ៍។
ក្រុមមន្ត្រីសាលាក្តីកាត់ទោសខ្មែរក្រហមបានអះអាងដែរថាសំណងសាធារណៈឬសំណងរួមដែលក្រុមជនរងគ្រោះទាមទារក្នុងពាក្យបណ្តឹងគឺមានជាច្រើន ប្រភេទរួមមានដូចជា ទាក់ទងនឹងការអប់រំ ការចងក្រងជាឯកសារទុកសម្រាប់ ឱ្យមានការសិក្សាស្រាវជ្រាវ និងការស្តារនីតិសម្បទាឡើងវិញនិងការផ្សះផ្សាវិបត្តិផ្លូវចិត្តជាដើម។
ទោះជាយ៉ាងណាក៏ដោយសំណងទាមទារនេះមិនទាន់មានការកំណត់ជាក់លាក់នៅឡើយទេ ហើយការទាមទាររបស់ជនរងគ្រោះនិងមានការប្រែប្រួលនៅថ្ងៃខាងមុខ៕