ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សុំ​ឱ្យ​បន្ថែម​ការ​យកចិត្ត​ទុកដាក់​ដល់​សិទ្ធិ​ស្រី្ត​ក្នុង​ឆាក​នយោបាយ


ស្ត្រី​កម្ពុជា​ដែល​ត្រូវ​​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លុវ​ភេទ។
ស្ត្រី​កម្ពុជា​ដែល​ត្រូវ​​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លុវ​ភេទ។

ក្នុង​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​សកម្មជន​សិទ្ធិ​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​បាន​បង្ហាញ​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដល់​ការអភិវឌ្ឍ​ប្រទេស​នៅ​ពេល​ស្ត្រី​មាន​ចំនួន​មិន​គ្រប់គ្រាន់​ក្នុង​ឆាក​នយោបាយ​ហើយ​ជួប​នឹង​បញ្ហា​ទុក្ខ​លំបាក​បន្ថែម​ទៀត។

ក្រុមសកម្មជន​ទាំងនោះបាន​រៀបរាប់​ថា​កម្ពុជា​នៅ​មាន​ការ​ខ្វះខាតនូវ​ចំនួន​ស្ត្រី​ក្នុង​ឆាក​នយោ​បាយ​ប្រើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​នៅ​សហភាព​អឺរ៉ុប​និង​ប្រទេស​មួយ​ចំនួន​ទៀត។

លោក​ស្រី​ ពុង​ ឈីវកេក​នាយិកា​នៃ​អង្គការ​លីកា​ដូ​បាន​ថ្លែង​ថា​ការអភិវឌ្ឍ ប្រទេស​មួយ​ប្រកប​ដោយ​ស្ថិរភាព​លុះត្រា​តែ​មាន​ចំនួន​ស្ត្រី​មាន​ច្រើន​ក្នុង​ការសម្រេច​ចិត្ត​ក្នុង​កិច្ចការ​រដ្ឋ​ ហើយ​បញ្ហា​ទុក្ខលំបាក​ស្ត្រី​ទាំងឡាយចាំបាច់​ដោះ​ស្រាយ​ឲ្យ​បាន​ប្រាកដ​ប្រជា​ដែរ។

«អញ្ចឹង​មិន​មែន​ជា​ចៃ​ដន្យ​ទេ​ ព្រោះ​អ្វី​បើ​យើង​ផាត់​ចំនួន​ស្ត្រី​ចេញ ​ស្ត្រី​ពី​ដំបូង​ចេះ តែ​អត់ធ្មត់​អី​បាន​ ថ្ងៃ​ណា​មួយ​ស្ត្រី​ហ្នឹង​លែង​អត់​ធ្មត់​ អញ្ចឹង​សង្គម​ហ្នឹង​អត់​មាន​ស្ថិរភាព​ទេ។​ ហើយ​បើ​អត់​មាន​ស្ថិរភាព​នៅ​ក្នុង​សង្គម​ បាន​ន័យថា​ពិបាក​នឹង​អភិវឌ្ឍសេដ្ឋកិច្ច​ អភិវឌ្ឍ​សង្គម​ហ្នឹង​ណាស់»។

ដោយ​មិន​ទាន់​គិត​ពី​បញ្ហា​ជួញ​ដូរ​មនុស្ស​ ស្ត្រី​ កុមារ​ និង​រឿង​រ៉ាវ​ ផ្សេង​ទៀត លោក​ស្រី​ពុង​ ឈីវកេក​បាន​បន្ថែម​ថា​បញ្ហា​ប្រឈម​មុខ​បច្ចុប្បន្ន​ដែល​អាច​រារាំង​ការអភិវឌ្ឍ​មួយ​ផ្នែក​នោះ​រួម​មាន​កំណើន​នៃ​អំពើ​ហិង្សា​ដែល​កើន​២១០ ករណី​ក្នុង​ឆ្នាំ​២០១០ ​ប្រើ​ប្រៀប​ធៀប​ឆ្នាំ​២០០៩មាន​តែ២០០​ ករណី។​ បញ្ហា ​កំណើន​នៃ​ការរំលោភ​សេព​សន្ធវៈ​មាន​ ភាគ​ច្រើន​កុមារី​អនីតិជន ​ជិត​៣០០ ករណី​ក្នុង​ឆ្នាំ​២០១០​ បើ​ប្រៀប​ធៀប​ឆ្នាំ​កន្លង​ទៅ​មាន​តែ​២៦០​ ករណី។

លោក​ស្រី​ ពុង​ ឈីវកេក​ បាន​អះអាង​ថា៖

«ព្រោះ​ក្មេង​ដែល​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​អំពើ​ហិង្សា​ឬ​ក៏​ក្មេង​ដែល​គេ​រំលោភ​ សេព​សន្ធវៈ​ ឬ​ក្មេង​ដែល​ត្រូវ​គេ​ជួញ​ដូរ​ ពេល​ណា​ធំ​ទៅ​ ពេញ​វ័យ​ទៅ កូន​ប្រុស​ ពេល​ណា​ដែល​មាន​គ្រួសារ​ខ្លួន​ឯង​ ទៅ​ធ្វើ​អំពើ​ហិង្សា​ខ្លួន​ឯង​ ហើយ​កូន​ស្ត្រី​អញ្ចឹង​ដែរ​ អាច​ពេល​ណា​មាន​ស្វាមី​ មាន​កូន​ទៅ​ ស្ត្រី​ហ្នឹង​ទៅ​ធ្វើ​អំពើ​ ហិង្សា ទៅ​លើ​កូន​ខ្លួន​ឯង។​ព្រោះ​កាល​ដែល​នៅ​ក្នុង​គ្រួសារ​ហ្នឹង​ចេះ​តែ​ឃើញ​អំពើ​ហិង្សា។ ​ដូច្នេះ​ ឃើញ​ទេ​ផល​អវិជ្ជមាន​មិន​មែន​តែ​បច្ចុប្បន្ន​ទេ អាច​ទៅ​អនាគត​ទៅ​ទៀត»។

ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាង​១៤​លាន​នាក់​មាន​ស្ត្រី​ចំនួន​៥១,៥​ភាគរយ​ និង​បុរស ៤៨,៥​ភាគ​រយ​ តែ​ចំនួន​ស្ត្រី​ដែល​មាន​មុខ​នាទី​ក្នុង​រដ្ឋា​ភិបាល​ ថ្នាក់​កណ្តាល ​និង មូល​ដ្ឋាន​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ។​ លោក​ ស្រី​ ពុង ​ឈីវកេក ​ទទួល​ស្គាល់​ពី កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ដាក់​បញ្ចូល​ ចំនួន​ ស្ត្រី​ឲ្យ​បាន​ច្រើន ក្នុង​ឆាក​នយោបាយ​ដែរ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ជា​ពិសេស​អាណត្តិ​ចុង​ក្រោយ​នេះ។

លោក​ ស្រី​ លឹម មន្នី​អនុ​ប្រធាន​ផ្នែក​ស្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន ទទួល​ស្គាល់​ថា​ស្ត្រី​ក្នុង​ឆាក​នយោបាយ​មាន​កំណើន​ជាង​មុន​នៅ​ក្នុង​ថ្នាក់​ខេត្ត ស្រុក​ ឃុំ-សង្កាត់​ ដែល​ភាគ​ច្រើន​មាន​តួនាទី​ជា​អនុ​ប្រធាន​ឬ​អភិបាលរង។​ លោក ស្រី ​លឹម មន្នី​បាន​ដាក់​ជំនឿ​ថា​ការចូល​រួម​របស់​ស្ត្រី​រួម​នឹង​ការផ្តល់​អំណាច​ដើម្បី សម្រេច​កិច្ចការ​នោះ​គឺ​ជា​រឿង​សំខាន់។

«តែ​ទោះបី​មាន​តែ​ចំនួន​ក៏​ប៉ុន្តែ​មិន​បាន​ប្រគល់អំណាច ​មិន​បាន​ប្រគល់​សិទ្ធិ​សម្រេច​ចិត្ត​ឲ្យ​ក៏​យើង​នៅ​តែ​មិន​ទាន់​បាន​សម្រេច​ផែនការ​ដែរ។​ នេះ​ជា​បញ្ហា»។

លោក ​ស្រី​ លឹម មន្នី​បាន​អះអាង​ទៀត​ថា​បញ្ហា​រំលោភ​សេព​សន្ធវៈ ​បញ្ហា​អំពើ ហិង្សា​លើ​ស្រ្តី​ និង​ការរត់ពន្ធ​មនុស្ស​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​នៅ​តែ​ជា បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ នោះ​នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ដ៏​ធ្ងន់ធ្ងរ​និង​ភាពជឿន​លឿន ដោយសារ​ប៉ះពាល់​ដល់​ស្ត្រី​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស។

«ហើយ​បញ្ហា​ទាំងនេះ​បើ​កើត​ ទៅ​លើ​ស្ត្រី​និង​ក្មេងស្រី​ច្រើន​វា​អាច​បាត់​ធនធាន​ស្ត្រី។ បើ​បាត់​ធនធាន​ស្ត្រី​មាន​ន័យ​ថា​ការចូល​រួម​របស់​ស្ត្រី​ត្រូវ​ថយ​ចុះ»។

លោក​ស្រី​លឹម មន្នី​បាន​អះអាង​ថា​មាន​សកម្មភាព​អប់រំ​ច្រើន​ពី​អង្គការ​ របស់ លោក​ស្រី​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​៨មិនា​ជា​ខួប​លើក​ទី​១០០​ឆ្នាំ​នេះ។

លោក​ស្រី​ពុង ​ឈីវកេក​វិញ​បាន​អះអាង​ថា​អង្គការ​របស់​លោក​ស្រី​បាន​ផ្តោត​ទៅ​លើ​ការអប់រំ​និង​ផ្តល់​អំណោយ​ដល់​ស្ត្រី​ប្រមាណ​១.០០០​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ។​ស្ត្រី​ខ្លះ​មាន​កូន​តូច​នៅ​ជា​មួយ​ក្នុង​ពន្ធនាគារ​ផង​ដែរ​ ដោយសារ​តែ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ចិញ្ចឹម​កូន​នៅ​ផ្ទះ​ ហើយ​ខ្លះ​ទៀត​មាន​ផ្ទៃពោះ​ផង​ដែរ។

លោក​ស្រី ​អ៊ឹង ​កន្ថាផាវី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ពុំ​អាច​ទាក់ទង​បាន​ទេ​ដើម្បី អត្ថាធិប្បាយ​តែ​ក្នុង​ផែនការ​សកម្មភាព​៥ឆ្នាំ​ចាប់ពីឆ្នាំ​២០១០​ដល់ឆ្នាំ​២០១៤​ របស់​ ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​ដែល ​លោក​ស្រី ​អ៊ឹង​ កន្ថាផាវី​ជា​ប្រធាន​បាន រៀបចំ​ យុទ្ធសាស្ត្រ​លម្អិត​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​របស់​ស្ត្រី​សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​ឯកសារ​ដដែល​បាន​បញ្ជាក់​ថា៖ ​«ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​និង​ការជួញ​ដូរ ស្ត្រី​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​ច្បាប់​ស្តីពី​ការរារាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​គាំពារ​ជន​រងគ្រោះ​ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី ​ឲ្យ​ស្រប​ច្បាប់​ មាន​ប្រសិទ្ធភាព​និង​ទាន់​ពេល​ដល់​ជនរងគ្រោះ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី ​និង​កុមារ​ ដោយ​មាន​កិច្ច​សហការ​ជា​មួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​និង​ដៃ​គូ​អភិវឌ្ឍន៍​នានា»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ក្នុង​ទិវា​សិទ្ធិ​នារី​៨ ​មិនា​ថ្ងៃនេះ​លោក​ស្រី​មីសែល បាឆេលឡេត (Michelle Bachelet) ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ស្ត្រី​របស់​អ.ស.ប ​ដែល​ជា​ស្ថាប័ន​ទើប​បង្កើត​ឡើង​នោះ​ បាន​ទទូច​ឲ្យ​ពិភព​លោក​ មាន​ការចាប់​អារម្មណ៍​ដល់​ស្ត្រី​ឲ្យ​បាន​ខ្លាំង​ជា​ពិសេស​ការប្រឈម​មុខ​នឹង​គ្រោះថ្នាក់​របស់​ស្ត្រី​ក្នុង​ពិភពលោក។ លោកស្រី​បាន​ថ្លែង​ថា​ដល់​ពេល​វេលា​ដើម្បី​ធ្វើការ​សន្យា​ចំពោះ​ការធ្វើ​ឲ្យ​ភាព​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​ក្លាយ​ជា​ការណ៍​ពិត​ហើយ។​ លោក​ស្រី​ បាឆេលឡេត​ដែល​អះអាង​ពី​ការប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​មាន​សមធម៌​នៃ​យេនឌ័រ​តាម​រយៈ​ការអប់រំ​ផ្តល់​ចំណេះ​ដឹង​បទពិសោធន៍​ ធនធាន​នានា​ដល់​ស្ត្រី​នោះ​បាន ​ថ្លែង​បញ្ជាក់​ថា៖

«យើង​នឹង​ធ្វើ​កិច្ចការ​ជាមួយ​ដៃ​គូ​ជិត​ដិត​ មាន​ស្ត្រី ​និង​បុរស​ អ្នក​ដឹកនាំ ​ហើយ​នឹង​ ពលរដ្ឋ​ សង្គម​ស៊ីវិល​និងង​បណ្តាញ​អ.ស.ប​ ទាំងអស់​ដើម្បី​ជួយ​ដល់​ប្រទេស​នានា​ឲ្យ​ចាប់​ផ្តើម​បង្កើត​គោល​នយោបាយ​ កម្មវិធី​ ហើយ​នឹង​ថវិកា​ក្នុង​ការសម្រេច​បាន​គោល​បំណង​ដ៏​សមរម្យ​នេះ»៕

XS
SM
MD
LG