អង្គការចលនាស្ដ្រីកម្ពុជា ដែលជាអង្គការមួយប្រមូលផ្ដុំដោយពលការីនី និងកម្មការីនីជាច្រើនក្នុងប្រទេសកម្ពុជា បានខកខានក្នុងការប្រារព្ធខួបលើកទី១០០នៃទិវានារីអន្ដរជាតិបន្ទាប់ពីមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
អង្គការនេះមានគម្រោងប្រមូលផ្ដុំស្ដ្រីមកពីមជ្ឈដ្ឋានការងារផ្សេងៗគ្នាចំនួនប្រមាណជាង១.០០០នាក់ នៅទីលានសួនច្បារមុខវត្តបុទុមវត្ដីក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ ដើម្បីឧទ្ទិសដល់ការលើកតម្កើងស្រ្ដីកម្ពុជាក្នុងការងារ និងការប្រឈមពីការបំពាននានាក្នុងការងាររបស់ស្ដ្រី។ ក៏ប៉ុន្ដែគម្រោងការនេះមិនត្រូវបានអនុញ្ញាតដោយអភិបាលសាលារាជធានីភ្នំពេញនោះឡើយ។
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch របស់សហរដ្ឋអាមេរិកបានហៅបម្រាមនេះថា គឺជាកង្វល់ពិតប្រាកដមួយសម្រាប់ប្រទេសផ្ដល់អំណោយទានដល់កម្ពុជាធ្វើការពិចារណា។
នៅក្នុងលិខិតឆ្លើយតបទៅនឹងអង្គការចលនាស្ដ្រីកម្ពុជា កាលពីល្ងាចថ្ងៃទី៧ មិនា លោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ មិនបានបង្ហាញពីមូលហេតុជាក់លាក់ដែលនាំឲ្យលោកមិនអនុញ្ញាតការប្រមូលផ្ដុំនេះទេ។
លោកស្រី មាស មរកដ នាយិការនៃអង្គការនេះមានប្រសាសន៍ថា ដោយសារតែបម្រាមនេះធ្វើឲ្យអង្គការរបស់លោកស្រីបង្វែរការប្រារព្ធទិវានារីអន្ដរជាតិ៨មិនា ទៅធ្វើនៅបរិវេណអង្គការមួយទៀតក្រៅទីក្រុងភ្នំពេញ។
«យើងទើបតែទទួលបានលិខិតពីសាលារាជធានីភ្នំពេញកាលពីល្ងាចមិញតែប៉ុណ្ណោះ។ គាត់ជូនដំណឹងមកយើងវិញថា គាត់មិនបានផ្ដល់ទីកន្លែងនោះសម្រាប់យើងធ្វើទេ ហើយដោយមិនមានមូលហេតុអ្វីទេយើងក៏មិនអស់ចិត្តដែរ»។
ភា្លមៗនោះអង្គការ Human Rights Watch បានបញ្ចេញប្រតិកម្មនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយស្ដីបន្ទោសចំណាត់ការរបស់អភិបាលក្រុងភ្នំពេញហើយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញលើសេចក្ដីសម្រេចចិត្តក្នុងការបដិសេធការអនុញ្ញតឲ្យអង្គការចលនាស្រ្ដីកម្ពុជាធ្វើការប្រមូល ផ្ដុំគ្នានេះ។
លោក ប្រេដ អាដាម (Brad Adams) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ដោយចាត់ទុកថា បម្រាមនេះដូចជា «រឿងលេងសើច» លោកអធិប្បាយថា «ការបដិសេធសិទ្ធិរបស់ស្ដ្រីក្នុងការប្រមូលផ្ដុំគ្នាដោយសន្ដិវិធីនេះមានន័យថា រដ្ឋាភិបាលមិនទុកចិត្តលើពលរដ្ឋរបស់ខ្លួន»។
របាយការណ៍របស់អង្គការឃ្លាំមើលការគោរពសិទ្ធិមនុស្សមួយចំនួន ធ្លាប់បានស្ដីបន្ទោសលើការរឹតត្បិតសេរីភាពបញ្ចេញមតិនៅកម្ពុជានាពេលកន្លងមក។
លោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ លោក ខៀវ កាញ៉ារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រី មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
សូមបញ្ជាក់ថា ទិវានារីអន្ដរជាតិ៨មិនា គឺជាថ្ងៃឈប់សម្រាកជាផ្លូវការរបស់មន្ដ្រីរាជការនៅប្រទេសកម្ពុជា៕