នៅក្នុងផ្ទះល្វែងមួយ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ លោកហួត លីវម៉េង ហាក់ដូចជាមមាញឹក ក្នុងការណែនាំអតិថិជនរបស់ខ្លួន ដែលកំពុងស្វែងរកឧបករណ៍ការពាររន្ទះ នៅពេលដែលគ្រោះថ្នាក់ដោយសាររន្ទះបាញ់បានក្លាយទៅជាការគំរាមកំហែងមួយដល់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
លោកហួត លីវម៉េង គឺម្ចាស់ក្រុមហ៊ុនលីវម៉េងផ្គត់ផ្គង់បរិក្ខាមេកានិច និង អគ្គិសនីមួយ ក្នុងក្រុងភ្នំពេញ ដែលធ្វើការនាំចូលឧបករណ៍ប្រឆាំងនឹងរន្ទះម៉ាក អេលភីអាយ ពីប្រទេស អូស្រ្ដាលី។
លោកលីវ ម៉េង បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការនៃឧបករណ៍ការពាររន្ទះនេះ កើនឡើង ស្របពេលដែលគ្រោះថ្នាក់ដោយសារឧប្បត្តិហេតុធម្មជាតិនេះ មានការកើនឡើងជាលំដាប់។ លោកថ្លែងដូច្នេះថា៖
«ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ យើងឃើញថា កំណើននៃការលក់កើនឡើងជាវិជ្ជមាន។ ជាលទ្ធផល ខ្ញុំលក់បានក្នុងកំឡុងខែ បួន ខែប្រាំ រហូតដល់ជិត៥០បង្គោលឧបករណ៍ការពាររន្ទះ។ ជាងនេះទៅទៀតនៅក្នុងសប្តាហ៍ទី១ នៃខែ៧នេះ យើងអាចលក់បានដល់១០បង្គោលទៅហើយ»។
របាយការណ៍របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីខែមិថុនាបានឲ្យដឹងថា នៅក្នុងរយៈ ពេលបួនឆ្នាំ គិតពីខែមិថុនាឆ្នាំ២០០៧ រហូតមកដល់ខែមិថុនា ឆ្នាំ២០១០ នេះ រន្ទះបាញ់ បានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរ ប្រមាណជា៣៥០នាក់ និងបង្ករបួសចំនួន ១០០នាក់ និងឆក់យកជីវិតសត្វពាហនៈចំនួន ១០០ក្បាល។ អត្រាគ្រោះថ្នាក់ភាគច្រើនកើតមាននៅទីជនបទ។
លោក លីវម៉េង អះអាងថា ការដាក់ឧបករណ៍ការពាររន្ទះមិនត្រឹមតែអាចជួយការពារផ្ទះ អាគារ ឬតំបន់ដែលបំពាក់ឧបករណ៍នេះប៉ុណ្ណោះទេ តែថែមទាំងអាចជួយការពារតំបន់នានាបាន អាស្រ័យទៅតាមដែនការពារ នៃឧបករណ៍ការពាររន្ទះនោះ។ លោកលីវម៉េងបន្តថា៖
«យើងមានឧបករណ៍ ដែលអាចប្រាប់ដំណឹងឲ្យយើងដឹងមុនថា និងមានបាតុភូតុរន្ទះកើតឡើង។ ឧបករណ៍ជម្រាបជូនមុនបាន ជាភាសាអង់គ្លេស យើងហៅថា Lightning Warning System សម្រាប់ប្រាប់ពីការកើតឡើងនូវបន្ទុកនៅតំបន់ណាមួយ មុនពេលរន្ទះចាប់ផ្តើមបាញ់។ បើសិនយើងនិយាយពីដែនការពារ ដែលមាន អង្កត់ផ្ទិត ៣០០ រឺ២៨០ រឺក៏១០០ មែត្រ នោះ ក្នុងរង្វង់ រន្ទះមិនអាចមានឱកាស ដែលរន្ទះ អាច បាញ់បានឡើយ ឲ្យតែឧបករណ៍ទាំងឡាយនោះ ស្ថិតនៅក្រោមដែនការពារ ដែលយើងបានកំនត់»។
នៅកម្ពុជា មានក្រុមហ៊ុននាំចូលឧបករណ៍ការពាររន្ទះពីបរទេសចំនួនប្រាំ ក្នុងនោះ មានការនាំចូលពីប្រទេសបារាំង អេស្ប៉ាញ អាមេរិក និងអូស្រ្តាលី។ ឧបករណ៍ប្រឆាំងនឹងរន្ទះបាញ់ មានរាងប្រៀបដូចជាអង់តែន ដែលមានកំពូលស្រួច វែង ឬខ្លីទៅតាមប្រភេទនីមួយៗ។ ដោយសារតែរន្ទះ គឺជាចរន្ដអគ្គិសនីដែលកើតឡើងក្នុងបរិយាកាសពេលកំពុងមានភ្លៀង ឬព្យុះនោះ ឧបករណ៍នេះអាចទាញចរន្ដនោះឲ្យរត់ឆ្លងកាត់ចូលក្នុងបណ្ដាញប្រព័ន្ធនៃឧបករណ៍ ការពាររន្ទះ រួចក៏ផ្ទេរចរន្ដនោះ ចូលទៅក្នុងដី ដោយបញ្ចៀសបានការបង្កគ្រោះថ្នាក់ណាមួយ។
លោកគង់ ចេក អ្នកក្រុងភ្នំពេញម្នាក់ កំពុងកាន់ពិនិត្យយ៉ាងល្អិតល្អន់លើឧបករណ៍ការពាររន្ទះ នៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិចមួយ។ ពាក់អាវយឺតពណ៌សដៃខ្លី មានទឹកមុខញញឹម លោក គង់ ចេក មានប្រសាសន៍ថា អត្រាគ្រោះថ្នាក់ដោយសាររន្ទះធ្វើឲ្យគ្រួសាររបស់លោកមានការភ័យក្លាច។
បុរសវ័យអាយុ៣៥ឆ្នាំ រូបនេះ មានប្រសាសន៍ថា ឧបករណ៍ការពាររន្ទះនេះ អាចជួយការពារអាយុជីវិត សមាជិកគ្រួសាររបស់លោកបាន។ លោកបន្តថា៖
«ឧបករណ៍ហ្នឹងគឺថា វាអាចជួយការពារអាគារយើង ក្រុមគ្រួសារយើង ហើយអ្វីៗ ដែលស្ថិតនៅក្នុងអាគារ គឺវាអាចជួយការពារបាន»។
ឧបករណ៍ការពាររន្ទះមានតម្លៃចាប់ពី ៩៥០ដុល្លា រហូតដល់ ២,៣០០ ដុល្លារអាមេរិក ទៅតាមសមត្ថភាពនៃឧបករណ៍និមួយៗ។ តម្លៃនេះហាក់ដូចជាថ្លៃបន្ដិចសម្រាប់ប្រជាពលរដ្ឋសាមញ្ញ ហេតុដូច្នេះ អតិថិជនភាគច្រើន ដែលទិញឧបករណ៍ស្រូប និងការពាររន្ទះ គឺអ្នកដែលមានកំរិតជីវភាពខ្ពស់ ឬក្រុមហ៊ុន ដែលមានភាពចាំបាច់សម្រាប់ធ្វើការបំពាក់ដល់អគារធំៗ ឬបុគ្គល ដែលទិញឧបករណ៍នេះ សម្រាប់បំពាក់ដល់ ភូមិគ្រឹះ ផ្ទាល់ខ្លួនជាដើម។
លោក សុខ សុវណ្ណារ៉ា ជាអ្នករត់ម៉ូតូឌុបម្នាក់នៅជាយទីក្រុងភ្នំពេញបាននិយាយថា គ្រោះថ្នាក់ដែលបណ្តាលមកពីរន្ទះបាញ់ គួរឲ្យភ័យខ្លាច ក៏ប៉ុន្តែលោកមិនមានមានសមត្ថភាពក្នុងការការទិញឧបករណ៍នេះទេ។ លោកថ្លែងដូច្នេះថា៖
«ចំពោះការបំពាក់ឧបករណ៍ការពាររន្ទះ ខ្មុំមានចំណាប់អារម្មណ៍ខ្លាំងដែរ ប៉ុន្តែគ្មានលទ្ធភាពក្នុងការទិញទេ ពីព្រោះមុខរបស់រត់ម៉ូតូឌុប រកមួយថ្ងៃសម្រាប់តែមួយថ្ងៃ»។
បើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រប់គ្រោះមហន្តរាយ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមទីជនបទ ដែលសម្បូរទៅដោយកសិករក្រីក្រ ហាក់បីដូចជាគោលដៅនៃការវាយប្រហាររបស់បាតុភូតរន្ទះបាញ់។ ក៏ប៉ុន្ដែប្រជាកសិករ ដែលតំណាងឲ្យ៨០% នៃប្រជាជនសរុបពិបាកនឹងរកលទ្ធភាពទិញឧបករណ៍ទាំងនេះ សម្រាប់ការពារបាតុភូតដ៏គួរឲ្យគ្រោះថ្នាក់នេះ។
លោក អ៊ុំ ង៉ូយ ដែលជា កសិករម្នាក់រស់នៅក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មានប្រសាស៍ថាបានដឹងដែរអំពីឧបករណ៍ការពាររន្ទះ ដែលត្រូវបានគេយកមកប្រើដើម្បីការពារដែរ ប៉ុន្តែលោកអ៊ុំ ពុំអាចមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីទិញវា មកប្រើប្រាស់បានឡើយ។ លោកបន្តថា៖
«បាទឥឡូវនេះ បានឮអំពីឧបករណ៍ការពាររន្ទះ វាមានហើយប៉ុន្តែ កសិករមិនមានលទ្ធិភាពទិញយកមកប្រើប្រាស់ក្នុងមូលដ្ឋានជនបទ។ បាទ អត់មានទេ»។
ថ្វីបើឧបករណ៍ការពាររន្ទះមានតម្លៃថ្លៃ ដែលជាឧបសគ្គមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដោយ ក៏លោកហេង ប៉ូ ដែលជាវិស្វករផ្នែកដំឡើងឧបករណ៍ការពាររន្ទះម្នាក់ បានឲ្យដឹងថា ក្រៅពីប្រជាជននៅទីក្រុងភ្នំពេញ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តព្រះសីហនុ កំពង់ចាម បាត់ដំបង់ ជាដើម ក៏ចាប់ផ្តើមទិញឧបករណ៍ការពាររន្ទះនេះដែរ។
ជាមួយគ្នានេះ លោកប្រាជ្ញ មានិត ប្រធានក្រុមហ៊ុន ដៃណាមិចអ៊ីគ្រូប អិលធីឌី (Dynamic E-group Ltd) និងជាអ្នកចែកចាយបន្តឧបករណ៍ការពាររន្ទះម៉ាក នីមប៊ើស (NIMBUS) មកពីប្រទេស អេស្ប៉ាញ មានប្រសាសន៍ថា ប្រសិនបើប្រជាកសិករកម្ពុជា មានបំណងដាក់ប្រពន្ធ័ការពាររន្ទះនៅក្នុងតំបន់របស់ ពួកគេរស់នៅ ពួកគេអាចធ្វើការរៃអង្គាសលុយគ្នា ហើយបង្កើតបានជាប្រពន្ធ័ការពារមួយសម្រាប់ទាំងអស់គ្នា។ លោកថ្លែងថា៖
«សម្រាប់ កសិករ ដែលមានបំណងចង់យកឧបករណ៍ការពាររន្ទះ គឺគាត់អាចប្រមូលលុយគ្នា ហើយធ្វើការដម្លើងប្រព័ន្ធមួយនៅក្នុងភូមិ។ ដោយហេតុថា បង្កោលមួយ យើងសម្លើងដូចបង្កោលទូរស័ព្ទ ដោយមានកម្ពស់ ៣០ ទៅ ៤០ ម៉ែត្រ យើងអាចមានដែនការពារ បាន១៣២ ម៉ែត្របួនជ្រុង ដូច្នោះ ផ្ទះអ្នកភូមិ ដែលនៅក្រោម នោះ អាចការពារបាន»។
តាមប្រសាសន៍របស់លោកកែវ វី នាយខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គ្រោះថ្នាក់ដោយសាររន្ទះបាញ់កើតមានភាគច្រើននៅពេលការចាប់ផ្ដើមដំបូងរដូវវស្សា ហើយកាលណាភ្លៀងដើមឆ្នាំកាន់តែឆាប់ចាប់ផ្ដើម ភាពប្រឈមនឹងការវាយប្រហារដោយបាតុភូតរន្ទះបាញ់ក៏កាន់តែច្រើនផងដែរ។ លោកបន្តថា៖
«២០០៩ភ្លៀងកក់ខែមានតាំងពីខែ៣ ដែលវានាំមកនូវព្យុះ រន្ទះផ្សេងៗ មកជាមួយដែរ ជាហេតុធ្វើឲ្យ គ្រោះថ្នាក់ពីរន្ទះនេះមានច្រើន។ តែនៅឆ្នាំ២០១០នេះវិញ ភ្លៀងកក់ ខែមានចាប់រហូតដល់ពាក់កណ្តាលខែ៤ ដូច្នោះ គ្រោះថ្នាក់ដោយសារន្ទះ ក៏មានតិចទៅតាមហ្នឹងផងដែរ»។
លោកកែវ វី បានផ្ដល់វិធានការការពារខ្លួនមួយចំនួនទប់ទល់នឹងបាតុភូតរន្ទះបាញ់ ជាពិសេសសម្រាប់ប្រជាកសិករ ដែលពុំមានឧបករណ៍ការពាររន្ទះ ដូចជានៅពេលមានភ្លៀងផ្គរត្រូវរូតរះចូលជ្រកក្នុងផ្ទះ ជៀសវាងជ្រកក្រោមដើមឈើធំ ឬត្រូវនៅឃ្លាតឆ្ងាយពីដើមឈើយ៉ាងហោចណាស់ ៤ម៉ែត្រ។
លោកកែវ វី មានប្រសាសន៍បន្ថែមថា ក្នុងករណីដែលអ្នកបើកបររថយន្ដយល់ថា អាចមានរន្ទះ ខណៈពេលដែលកំពុងភ្លៀងធ្លាក់ខ្លាំង អ្នកបើកបរត្រូវបញ្ឈប់រថយន្ដ ហើយយកដៃ ចេញពីការកាន់ចង្កូត។ ហើយប្រសិនប្រជាកសិករជួបប្រទះនឹងបាតុភូតរន្ទះបាញ់ នៅពេលដែលពួកគាត់កំពុងធ្វើការងារ តាម វាលស្រែ ពួកគាត់ត្រូវក្រាបខ្លួនឲ្យទាបជាងភ្លឺស្រែ ដើម្បីចៀសវាងរន្ទះបាញ់ចំ៕