រដ្ឋសភាកម្ពុជាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ សម្រាប់គ្រប់គ្រងអ្នកទោសនៅក្នុងពន្ធនាគារឱ្យមានរបៀបរៀបរយនៅកម្ពុជាក្នុងសប្តាហ៍នេះ។ អង្គការសិទ្ធិមនុស្សលីកាដូបានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋសភាអំពីកង្វល់ និងភាពស្រពិចស្រពិលនៃច្បាប់នេះទាក់ទងនឹងបញ្ហាចង្អៀតណែនខ្លាំងនៅក្នុងពន្ធនាគារ និងការការពារសិទ្ធិដល់ជនជាប់ឃុំ។
សេចក្តីព្រាងច្បាប់ស្តីពីពន្ធនាគារនេះមាន១០៧មាត្រា និងមានគោលដៅបង្កើត គ្រប់គ្រង និងរៀបចំចាត់ចែងពន្ធនាគារស៊ីវិល ព្រមទាំងមានគោលបំណងឃុំឃាំង គ្រប់គ្រងជនជាប់ឃុំឱ្យមានសន្តិសុខ សុវត្ថិភាព មនុស្សធម៌ និងផ្តល់សេវាថែទាំសុខភាពដល់ជនជាប់ឃុំ។
របាយការណ៍វិភាគរបស់អង្គការលីកាដូបានពិនិត្យឃើញថា ច្បាប់នេះមិនគ្រាន់តែមិនសមស្របប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីយុទ្ធសាស្ត្រខ្សោយមួយសម្រាប់ការគ្រប់គ្រងពន្ធនាគារ ហើយច្បាប់ពន្ធនាគារទាំងមូលគឺស្រពិចស្រពិលយ៉ាងខ្លាំង។
របាយការណ៍វិភាគនេះបានសរសេរថា ច្បាប់នេះមានការខ្វះចន្លោះផ្នែកសំខាន់មួយចំនួន និងបង្ហាញពីកង្វល់ ដែលគួរឱ្យព្រួយបារម្ភបំផុតរបស់ខ្លួនដល់រដ្ឋសភាក្នុងការយកទៅពិភាក្សា ដូចជាជនជាប់ឃុំដែលប្តឹងពីស្ថានភាពពន្ធនាគារ ឬការរំលោភបំពានគឺជាអ្នកងាយរងគ្រោះជាងគេបំផុតក្នុងចំណោមជនជាប់ឃុំទាំងអស់ ជាពិសេសគំនុំគំកួន ការសងសឹក ឬបណ្តឹងតវ៉ារបស់អ្នកជាប់ឃុំទាំងនោះត្រូវបានផ្អិបចោល។ ការប្រើប្រាស់កម្លាំងអន្តរាគមន៍មានភាពស្រពិចស្រពិលដើម្បីដោះស្រាយភាពចលាចលនៅក្នុងពន្ធនាគារ។ ស្ថានភាពពន្ធនាគារមានការកើនឡើងនូវចំនួនអ្នកជាប់ឃុំជិតទ្វេដងនៃសមត្ថភាពផ្ទុករបស់ពន្ធនាគារ។
របាយការណ៍វិភាគនេះបានសរសេរថា ច្បាប់នេះមិនបញ្ជាក់ច្បាស់ពីគោលការណ៍សំខាន់ៗនៃបទបញ្ជាផ្ទៃក្នុង និងមិនមានតម្រូវការណា ដែលអគ្គនាយកដ្ឋានពន្ធនាគារ ឬក្រសួងមហាផ្ទៃបង្កើតនីតិវិធីលម្អិតអំពីបទបញ្ជាផ្ទៃក្នុង។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា បណ្តឹងរបស់ជនជាប់ឃុំប្រឆាំងអនុរក្សពន្ធនាគារគឺជាបញ្ហាកង្វល់ធំបំផុត ពីព្រោះគ្មានយន្តការណាមួយដើម្បីការពារដើមបណ្តឹងនៅក្នុងអំឡុងពេលដំណើរការពាក្យបណ្តឹងនេះទេ។
«គាត់ប្តឹងនៅពន្ធនាគារ។ អញ្ចឹង យើងបារម្ភខ្លាចគេធ្វើបាប ឬ គាបសង្កត់គាត់ ព្រោះពួកគាត់នៅក្នុងពន្ធនាគារ»។
លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានទទូលស្គាល់ថាច្បាប់នេះ ជាទូទៅមានគោលការណ៍ប្រសើរជាងមុន ប៉ុន្តែមាត្រាមួយចំនួនមិនច្បាស់លាស់ និងមិនអាចទទួលយកបានទេ។
«យើងឃើញថា ច្បាប់នេះមិនមានការបែងចែករវាងអ្នកទោសនយោបាយ និងអ្នកទោសឧក្រិដ្ឋទេ ហើយមិនបានបញ្ជាក់ឱ្យច្បាស់លាស់អំពីការប្រើប្រាស់ពន្ធនាគារ ដែលមិនមែនដាក់អ្នកជាប់ចោទទេ។ សព្វថ្ងៃនេះ ជនជាប់ចោទប្រហែល៥០ភាគរយជាប់ពន្ធនាគារជាមួយអ្នកទោសឧក្រិដ្ឋដែល»។
លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖«យើងមានច្បាប់ឱ្យចំៗ ស្តីពីពន្ធនាគាររបៀបនេះគឺថា វាគ្រាន់បើជាងនៅពេលដែលយើងអត់មានច្បាប់។ ច្បាប់ទាំងឡាយ ទោះបីប្រទេសណាក៏ដោយ មិនដែលមានភាពសុក្រិត្យទេ។ យើងអាចអនុវត្តទៅ ហើយកន្លែងណាដែលជួបប្រទះនឹងភាពទាល់ច្រក មិនអាចអនុវត្តបាននោះ។ យើងអាចធ្វើវិសោធនកម្មបាននៅពេលខាងមុខ»។
សេចក្តីថ្លែងការណ៍នៃរដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភានឹងបើកការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង និងសេចក្តីព្រាងច្បាប់ស្តីពីពន្ធនាគារនៅថ្ងៃព្រហស្បតិ៍នេះ៕