«អស់ចិត្តហើយ!» ឬ “Enough!” ជាភាសាអង់គ្លេសគឺជាពាក្យតែពីរបីម៉ាត់គត់ ដែលត្រូវបានសរសេរជាអក្សរធំៗពណ៌ខ្មៅ ដែលកញ្ញាសេង ធារី អ្នកច្បាប់ខ្មែរសញ្ជាតិអាមេរិកាំង បានដាក់ជូនសាលាក្ដីខ្មែរក្រហមជាផ្លូវការកាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីបញ្ជាក់ពីការដកខ្លួន ពីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ និងដកពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការច្រានចោលរូបនាងជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤។
នាយិកានៃសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅកម្ពុជា និងជាអតីតអ្នកទោសកុមារនៅក្នុងរបបនោះដែរ កញ្ញាសេង ធារី បានបញ្ជាក់នៅក្នុងលិខិតដែលនាងសរសេរលើក្រដាសតែមួយសន្លឹកគត់យ៉ាងដូច្នេះថា "ខ្ញុំជូនដំណឹងថា ខ្ញុំដកខ្លួនចេញពីអ.វ.ត.ក. ទាំងស្រុង។
កញ្ញា សេង ធារី គឺជាដើមបណ្ដឹងរដ្ឋប្បវេណីទី១ ក្នុងចំណោមជនរងគ្រោះកម្ពុជាចំនួនជាង ៣.៨៦០ នាក់ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២។ ការដកខ្លួននេះធ្វើឡើងតែប្រាំមួយថ្ងៃប៉ុណ្ណោះ មុននឹងអង្គជំនុំជម្រះសាលាដំបូងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីលើសំណុំ
រឿងនេះ។
កញ្ញា សេង ធារី បានថ្លែងក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងភ្នំពេញក្រោយពីជូនដំណឹងដល់សាលាក្ដីខ្មែរក្រហមថា សាលាក្ដីខ្មែរក្រហមមិនអាចផ្ដល់យុត្តិធម៌ដល់រូបនាង និងជាតុលាការឆាកល្ខោនដោយនាងចោទប្រកាន់ពីជំហរទន់ជ្រាយរបស់អង្គការសហប្រជាជាតិ។
«តុលាការនេះមិនអាចផ្ដល់យុត្តិធម៌ជូនដល់ជនរងគ្រោះទេ។ ខ្ញុំចង់ថ្កោលទោសលើអង្គការសហប្រជាជាតិមកពីពួកគាត់បានបិទភ្នែកចំពោះភាពមិនប្រក្រតី ភាពជាល្ខោន ដែលគេកំពុងលេងសើចជាមួយអារម្មណ៍របស់យើង។ នេះហើយជាការបដិសេធរបស់ខ្ញុំនៅក្នុងថ្ងៃនេះ»។
សំណុំរឿង០០២ មានអតីតមេដឹកនាំកំពូលខ្មែរក្រហមបួននាក់គឺនួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផង អតីត ប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ពួកគេត្រូវចោទប្រកាន់ពីបទដែលពាក់ព័ន្ធនឹងការបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧ លាននាក់ស្លាប់បាត់បង់ជីវិតចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
កញ្ញាសេង ធារី បានប្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីប្រឆាំងនឹងអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់ខាងលើនេះសម្រាប់ការស្លាប់បាត់បង់ជីវិតនៃឱពុកម្ដាយរបស់នាង និងរូបនាងផ្ទាល់ត្រូវពួកខ្មែរក្រហមចាប់ដាក់គុករយៈពេលប្រាំខែក្នុងខេត្តស្វាយរៀង។
អតីតនាយិការមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម បានស្នើឲ្យអង្គការសហប្រជាជាតិដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលខ្មែរឈប់ជ្រៀតជ្រែកលើសាលាក្ដីខ្មែរក្រហម និងទុកឱកាសឲ្យតុលាការនេះចាត់ការលើសំណុំរឿងបន្ថែម ០០៣ និង០០៤ បន្ដទៀត។
ប៉ុនែ្តអង្គការសហប្រជាជាតិ បានព្រមានរួចទៅហើយការពីខែតុលា ឲ្យរដ្ឋាភិបាលខ្មែរបញ្ឈប់ធ្វើសេចក្ដីថ្លែងការណ៍នានា ដែលនាំឲ្យរំខានដល់ដំណើរការក្ដីក្នុងសំណុំរឿង ០០៣ និង០០៤នេះ។
លោក ហ៊ុយ វណ្ណៈ មន្រ្ដីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជា្ញរួមគ្នារួចហើយថា ទុកឲ្យសាលាក្ដីពិសេសនេះ ដំណើរការដោយឯករាជ្យ។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមបានទទួលពាក្យសុំដកខ្លួនពីដំណើរការក្ដីរបស់កញ្ញាសេង ធារី រួចហើយ។
លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោង នៃអង្គការគម្រោងយុត្តិធម៌សង្គមសេរី ដែលជាផ្នែកមួយរបស់ អង្គការ OSJI យល់ថា ការដកខ្លួនរបស់កញ្ញា សេង ធារី គឺជាការដាស់តឿនមួយដល់សាលាក្ដីខ្មែរក្រហមឲ្យពិចារណាឡើងវិញដល់ការយកចិត្តទុកដាក់ និងការគិតគូសម្រាប់ជនរងគ្រោះ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី។ លោក ឡុង បញ្ញវុធ គិតថា អាចនឹងមានការដកខ្លួនរបស់ដើមបណ្ដឹងរដ្ឋប្បវេណីបន្ថែមទៀត ប្រសិនបើពុំមានការពិចារណាលើបញ្ហានេះ៕