សហមេធាវីកម្ពុជា លោក ផាត់ ពៅស៊ាង និងសហមេធាវីអន្ដរជាតិ លោកស្រី ដាយអាណា អេលលីស (Diana Ellis) បានរំឭកដល់អង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃព្រហស្បតិ៍ថា កូនក្ដីរបស់ផងខ្លួន គឺ អៀង ធីរិទ្ធ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមសវនាការនោះទេ ហើយព្រមទាំងនឹងមិនអាចផ្ដល់សក្ខីកម្មដល់តុលាការទៀតផង។
សេចក្ដីជូនដំណឹងនេះធ្វើឡើងពីរសប្ដាហ៍ប៉ុណ្ណោះ មុនពេលអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីលើសំណុំរឿង ០០២ គឺ សំណុំរឿងដែលមានជនជាប់ចោទ អៀង ធីរិទ្ធ ខៀវ សំផន នួន ជា និងអៀង សារី។
ក្រុមគ្រូពេទ្យជំនាញធ្លាប់បានា បញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា អៀង ធីរិទ្ធ មានជំងឺបាត់ការចងចាំ និងពិបាកនឹងចូលរួមសវនាការកាត់ទោសរូបគាត់។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃសុក្រនេះ ក្រុមមេធាវីបានរំឭកថា ខ្លួនមិនអាចទទួលបានការណែនាំពី អៀង ធីរិទ្ធ បានទេ ដោយសារតែស្ថានភាពស្មារតីរបស់គាត់ និងជាពិសេសដោយសារការចុះអន់ថយនៃការចងចាំរបស់គាត់។ ហើយដោយសារតែមូលហេតុនេះ អៀង ធីរិទ្ធ មិនអាចរៀបចំការពារខ្លួនសម្រាប់ការជំនុំជម្រះ ព្រមទាំងមិនអាចបង្ហាញករណីរបស់ខ្លួននៅចំពោះមុខអង្គជំនុំជម្រះបានឡើយ។
លោក ផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ មានប្រសាសន៍ថា សេចក្ដីជូនដំណឹងរបស់ក្រុមមេធាវីទៅកាន់អង្គជំនុំជម្រះសាលាដំបូង គឺជាការបញ្ជាក់ឡើងវិញពីស្ថានភាពសុខភាពនៃកូនក្ដីរបស់ខ្លួនប្រឈមទៅនឹងការកាត់ទោស។
«ចង់បញ្ជាក់ទៅអង្គជំនុំជម្រះថា កូនក្ដីខ្ញុំអត់បានយល់ដឹងអំពីអ្វី ដែលត្រូវចោទលើរូបគាត់ និងការផ្ដល់សក្ខីកម្មត្រឡប់ទៅវិញ»។
អៀង ធីរិទ្ធ អាយុ ៧៩ ឆ្នាំ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ក្នុងតួនាទីរបស់គាត់ជារដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
កាលពីថ្ងៃទី១៩ និងទី២០ ខែតុលា សាលាដំបូងបានបើកសវនាការជាលើកទីពីរ ស្ដីពីសម្បទានៃការចូលរួមសវនាការរបស់ អៀង ធីរិទ្ធ។ ប៉ុន្ដែនៅមិនទាន់មានការកំណត់ពីការប្រកាសការសម្រេចលើបញ្ហានេះនៅឡើយទេ។ ប្រសិនបើតុលាការទទួលស្គាល់ថា ជនជាប់ចោទ អៀង ធីរិទ្ធ មានបញ្ហាសុខភាព ដែលធ្វើឲ្យប៉ះពាល់ដល់ការចូលរួមក្នុងដំណើរការកាត់ទោសលើរូបគាត់នោះ តុលាការអាចនឹងសម្រេចបំបែកសំណុំរឿងរបស់គាត់ចេញពីជនជាប់ចោទបីនាក់ផ្សេងទៀត ក្នុងសំណុំរឿង០០២។
ប៉ុន្ដែនៅក្នុងពេលនេះ អៀង ធីរិទ្ធ នៅតែស្ថិតក្នុងចំណោមជនជាប់ចោទទាំងបួនសម្រាប់ការកាត់ទោសក្នុងសំណុំរឿងទីពីរនេះ។ នេះបើយោងតាមសេចក្ដីបញ្ជាក់របស់លោក ហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម។
«ជាការប្រកាសជាផ្លូវការរបស់តុលាការសាលាដំបូងគឺថា សវនាការនេះនឹងចាប់ផ្ដើមដោយមានជនជាប់ចោទចំនួនបួនរូប ដែលក្នុងនោះរួមមានលោកស្រី អៀង ធីរិទ្ធផងដែរ»។
ទោះជាយ៉ាងនេះក្ដីលោកមេធាវី ផាត់ ពៅស៊ាង រំពឹងថា អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសេចក្ដីសម្រេចលើបញ្ហាសុខភាពរបស់អៀង ធីរិទ្ធ មុនការចាប់ផ្ដើមការកាត់ទោសពេញអង្គសេចក្ដី។
យោងតាមច្បាប់អន្ដរជាតិ ជនជាប់ចោទពីបទឧក្រិដ្ឋធ្ងន់ធ្ងរត្រូវមានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមការកាត់ទោសលើរូបខ្លួន ដើម្បីធានាពីភាពត្រឹមត្រូវនៃការកាត់សេចក្ដី៕