ភ្នំពេញ៖ សហមេធាវីកម្ពុជារបស់ ឌុច ប្ដឹងសារទុក្ខនៅថ្ងៃនេះ ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម ដោយស្នើសុំឲ្យតុលាការធ្វើការដោះលែង ឌុច ឲ្យមានសេរីភាពឡើងវិញ។ ឌុច ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់គុក ចំនួន៣៥ឆ្នាំ កាលពីខែកក្កដា។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា សហមេធាវីកម្ពុជាទាំងពីររូបរបស់អតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅ ឌុច បានប្ដឹងសារទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូលនៅថ្ងៃសុក្រនេះ ដោយទទូចឲ្យតុលាការធ្វើការសម្រេចដោះលែងកូនក្ដីរបស់ផងខ្លួនឲ្យមានសេរីភាពឡើងវិញ ហើយចាត់ទុកជាមោឃៈ ចំពោះសាលក្រមដែលផ្ដន្ទាទោស ឌុច កាលពីជាងបីខែមុន។
អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម បានផ្ដន្ទាទោស ឌុច កាលពីខែកក្កដាឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និងការកាប់សម្លាប់អ្នកទោសគុកទួលស្លែងយ៉ាងតិចចំនួន១២.៣៨០នាក់។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា មេធាវីការពារក្ដី ឌុច ស្នើឲ្យចាត់ទុក ឌុច គ្រាន់តែជាសក្សីសំខាន់ម្នាក់តែប៉ុណ្ណោះ។
“នៅក្នុងការប្ដឹងឧទ្ធរណ៍របស់គាត់ ទីមួយគឺថា សុំចាត់ទុកសាលក្រមសំណុំរឿង ០០១ ជាមោឃៈ និងដោះលែងកាំង ហ្គេកអ៊ាវ ហៅឌុច ឲ្យមានសេរីភាពឡើងវិញ។ ទីពីរសុំឲ្យកំណត់ថា ការឃុំខ្លួនកាំង ហ្គិចអ៊ាវ ហៅ ឌុច ថាជាកិច្ចការថែរក្សាការពារសាក្សី មានសក្ដានុពលសម្រាប់ចង្អុលបង្ហាញពីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតទៅលើឧក្រិដ្ឋកម្មនៅមន្ទីរ ស២១ ហៅគុកទួលស្លែង"។
លោក កា សាវុធ សហមេធាវីរបស់ ឌុច បានអះអាងថា ក្រុមការពារក្ដីរបស់លោក បានប្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការសម្រេចដាក់ទោសទៅលើកូនក្ដីរបស់ខ្លួន ក៏ប៉ុន្ដែលោកបដិសេធផ្ដល់សេចក្ដីអត្ថាធិប្បាយលំអិតលើខ្លឹមសារនៃបណ្ដឹងនោះ។
យោងតាមលោក ឌឹម សុវណ្ណរុំ ក្រុមមេធាវីការពារក្ដីលើកឡើងនៅក្នុងបណ្ដឹងរបស់ខ្លួនថា ឌុច គ្រាន់តែជាកម្មាភិបាលថ្នាក់មូលដ្ឋានមួយរូបមិនមែនជាថ្នាក់ដឹកនាំនៅក្នុងជួរបក្ស ឬនៅក្នុងជួររដ្ឋបាលជាន់ខ្ពស់នៃរបបខ្មែរក្រហមនោះទេ។ ម្យ៉ាងវិញទៀត មានកំហុសនៅក្នុងយុត្តាធិការរបស់តុលាការ និងមានការភ័ន្ដច្រឡំនៅក្នុងការផ្ដន្ទាទោស ឌុច។
កាលពីពេលថ្មីៗនេះ សហព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហម បានប្ដឹងឧទ្ធរណ៍ទៅនឹងការសម្រេចក្ដីក្នុងករណី ឌុច នេះដែរ ដោយចាត់ទុកថា ការផ្ដន្ទាទោសឲ្យ ឌុច ជាប់ពន្ធនាគារត្រឹម៣៥ឆ្នាំ ដោយ មានការបន្ធូរបន្ថយទោសមួយចំនួនទៀតនោះ គឺជាទោសដែលមានកម្រិតមិនសមល្មមទៅនឹងទំហំឧក្រិដ្ឋកម្មដែល ឌុច បានប្រព្រឹត្តិនោះទេ។ សហព្រះរាជអាជ្ញាបានស្នើឲ្យតុលាការកំពូលសម្រេចផ្ដន្ទាទោស ឌុច ឲ្យជាប់គុកអស់មួយជីវិត ឬជាប់គុកត្រឹម៤៥ឆ្នាំ ដោយពុំមានការបន្ធូរបន្ថយណាមួយនោះឡើយ។
ឌុច អាយុ ៦៨ឆ្នាំ ត្រូវចាប់ខ្លួនដោយរដ្ឋាភិបាលកាលពីខែឧសភា ឆ្នាំ ១៩៩៩ និងបន្ទាប់មក ត្រូវដាក់ឲ្យស្ថិតក្រោមការឃុំឃាំងជាបណ្ដោះអាសន្នរបស់សាលាក្ដីខ្មែរក្រហម ក្រោមបទចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មនៃការធ្វើមនុស្សឃាត។
លោក ឌឹម សុវណ្ណរុំ មានប្រសាសន៍ថា អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមប្រហែលជាត្រូវការពេលវេលា ប្រមាណជា៧ទៅ៨ខែ ដើម្បីអាចបើកសវនាការស្ដីពីបណ្ដឹងឧទ្ធរណ៍នានានៅជុំវិញសំណុំរឿងរបស់ ឌុច ឬសំណុំរឿង០០១នេះ៕