នៅថ្ងៃពុធនេះ រដ្ឋសភានឹងអនុម័តការធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធិភាពការងាររបស់ស្ថាប័នប្រឆាំងអំពើពុករលួយ។
ការធ្វើវិសោធនកម្មនេះ សំដៅផ្តល់សិទ្ធិអំណាចដល់ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីតែងតាំង និងផ្លាស់ប្តូរមន្ត្រីនៅក្រោមនាយកដ្ឋានអង្គភាពប្រឆាំងអំពើពុករលួយ បង្វែរថវិការបស់ ស្ថាប័នប្រឆាំងអំពើពុករលួយដែលបច្ចុប្បន្ននៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី មកជាថវិកាជាតិវិញ និង លុបចោលមាត្រា៥៧ដែលរាំងស្ទះដល់ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ។
មាត្រា៥៧បានចែងថា បទល្មើសពុករលួយ និងទោសមានអានុភាពអនុវត្តក្នុងរយៈពេល១២ខែ បន្ទាប់ពីក្រមព្រហ្មទណ្ឌត្រូវបានអនុវត្តទាំងស្រុង។ បទល្មើសពុករលួយត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ដែលបានចូលជាធរមាននៅក្នុងខែធ្នូ ឆ្នាំ២០១០។
លោក ស៊ិច ប៊ុនហុក អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដែលជាអ្នកត្រួតពិនិត្យមើលការធ្វើវិសោធនកម្មនេះ បានថ្លែងប្រាប់វីអូអេខ្មែរថា ការធ្វើវិសោធនកម្មនេះមានសារៈសំខាន់ណាស់ ដើម្បីជំរុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។ លោកប៊ុនហុកបន្តថា៖
«ជារួម ការធ្វើវិសោធនកម្មមាត្រាទាំងបីនេះនឹងធ្វើឱ្យការងារប្រឆាំងអំពើពុករលួយរបស់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយកាន់តែមានប្រសិទ្ធិភាព ដោយសារតែថវិកាមិនពិបាក និងពេលវេលាយើងអនុវត្តបានភ្លាម តែម្តងជាពិសេសទោសបញ្ញត្តិចែងនៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។ យើងរៀបចំធ្វើវិសោធនកម្ម មាត្រាបីនៃច្បាប់ប្រឆាំងអំពើពុករលួយនេះ ដើម្បីជំរុញការងារឱ្យមានប្រសិទ្ធិភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុជូនរដ្ឋសភាថា ការធ្វើវិសោធនកម្ម លើមាត្រាមួយចំនួននៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនេះសំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តថា ការធ្វើវិសោធនកម្មនេះផ្តោតជាសំខាន់ទៅលើការកែសម្រួលបទបញ្ញត្តិមួយចំនួននៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីឱ្យការផ្តន្ទាទោសពីបទល្មើសពុករលួយ តាមច្បាប់ថ្មីនេះមានអានុភាពអនុវត្តភ្លាមៗ ក្រោយពីក្រមព្រហ្មទណ្ឌត្រូវបានអនុវត្ត។
លោកស្រីម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ បានថ្លែងថា ការធ្វើវិសោធនកម្មនេះ ជាជំហានវិជ្ជមានមួយ ប៉ុន្តែការអនុវត្តច្បាប់ជាក់ស្តែងស្ថិតនៅលើឆន្ទះពិតប្រាកដ។ លោកស្រីថ្លែងថា៖
«តាមពិតការអនុវត្តទៅបាន វាទាល់តែគោរពគោលការណ៍ច្បាប់។ ប៉ុន្តែការអនុវត្តនេះទៅបាន និងមានប្រសិទ្ធិភាពទៅកើត អាស្រ័យទៅលើឆន្ទះទៅវិញ»។
លោកស្រីបានបន្ថែមថា អង្គការសង្គមស៊ីវិលនឹងតាមឃ្លាំមើលការអនុវត្តច្បាប់របស់ស្ថាប័នប្រឆាំងអំពើពុករលួយនេះ បន្ទាប់ពីការធ្វើវិសោធនកម្ម។
លោកកែវ រ៉េមី អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានថ្លែងថា ការប្រកាសទ្រព្យសម្បត្តិកំពុងតែដំណើរទៅមុខយ៉ាងរលូន ហើយការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលជាប់កាតព្វកិច្ច ជាង១០០.០០០នាក់នឹងឈានដល់ទីបញ្ចប់នៅថ្ងៃទី៧ ខែមេសាខាងមុខនេះ។
រហូតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលយ៉ាងតិចប្រាំមួយនាក់ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ ដោយអង្គភាពប្រឆាំងអំពើពុករលួយ រួមមានលោកឧត្តមសេនីយ៍ឯក មឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន មេប៉ូលីសខេត្តបន្ទាយមានជ័យ និងមេប៉ូលីសរងរបស់លោកគឺលោកឈាង ស៊ុន នៅក្នុងខែមករាព្រមទាំងលោកតុប សេរីវុឌ្ឍ ប្រធានព្រះរាជអាជ្ញាអមតុលាការខេត្តពោធិសាត់ អង្គរក្ស និងបើកបររបស់លោកនៅក្នុងខែធ្នូ៕