ទាហានការពារព្រំដែនវៀតណាមបានមករារាំងក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងនៅលើទឹកដីរបស់ប្រទេសកម្ពុជា។ ការរារាំងនេះ បានធ្វើឡើងក្រោយពីអ្នកតំណាងរាស្រ្តទាំងនោះបានចុះទៅមើលបង្គោលព្រំដែនលេខ១០៣ លេខ១០៨ និងលេខ១០៩ នៅស្រុកមេមត់ ខេត្តកំពង់ចាម។ បន្ទាប់ពីបានពិនិត្យមើលបង្គោលទាំងនោះ លោកសុន ឆៃ ដែលបានដឹកនាំក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បាននិយាយថា ការបោះបង្គោលព្រំដែននិងតម្រុយបង្គោលព្រំដែននេះបានធ្វើឲ្យបាត់បង់ ផ្ទៃដីកម្ពុជាចំនួន១៧ភូមិ។
សាក្សីឃើញផ្ទាល់ភ្នែក និងអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង នៅថ្ងៃអង្គារនេះ បាននិយាយថា ទាហានការពារព្រំដែនប្រមាណជាង១០នាក់ ប្រដាប់ដោយអាវុធ បានមករារាំងអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានដឹកនាំគណបក្សប្រតិភូទៅមើលការបោះតម្រុយ និងការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោកសុន ឆៃ ដែលបានដឹកនាំក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចំនួន១៩រូបទៅមើលតម្រុយបង្គោលព្រំដែននោះ បាននិយាយាថា ការរារាំងនេះបានធ្វើឡើងនៅជិតច្រកព្រំដែនមួយ ដែលមានឈ្មោះថា ច្រកព្រំដែនដូនរ័ត្ន មានទីតាំងនៅស្រុកមេមត់ ខេត្តកំពង់ចាម។
លោកបានមានប្រសាសន៍ថា ទាហានការពារព្រំដែនវៀតណាមបានឆ្លងចូលមកទឹកដីប្រទេសកម្ពុជា ដើម្បីមករារាំងអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងដែលមានបំណងចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ១០៣ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពុំមានសេចក្តីរាយការណ៍អំពីការប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមករវាងភាគីទាំងពីរទេ។
លោកសុន ឆៃ បានមានប្រសាសន៍ថា នេះគឺជាចរិតឈ្លានពានរបស់វៀតណាម ដែលធ្លាប់បានធ្វើមកលើប្រទេសកម្ពុជា។
«ខ្ញុំថា នេះគឺជាចរិតដែលគេធ្លាប់ធ្វើមក ដោយសារគេធា្លប់បានលើកទ័ពឈ្លានពានទឹកដីយើង ហើយធ្លាប់បានលើកបន្តុបមន្រ្តីយើង តូច ធំ។ គេ ប្រហែលនឹកថា គេនៅតែជាចៅហ្វាយដាច់ថ្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលជាលក្ខណៈប្រមាថទៅដល់ជាតិសាសន៍យើងទៅដល់ អធិបតេយ្យភាព»។
បន្ទាប់ពីបានចុះទៅពិនិត្យបង្គោលព្រំដែនលេខ១០៨ លេខ១០៩ និងការបោះតម្រុយបង្គោលព្រំដែនលេខ១០៣ ដែលមានទីតាំងនៅស្រុកមេមត់ ខេត្តកំពង់ចាម លោកសុន ឆៃបានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទមកថា ការបោះបង្គោលព្រំដែន និងការបោះតម្រុយបង្គោលព្រំដែននេះបានធ្វើឲ្យដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១៧ភូមិ បានបាត់បង់។
«ភូមិយ៉ាងតិចណាស់ចំនួន១៧ នៅក្នុងស្រុកមេមត់ ក្នុងនោះនៅក្នុងឃុំរូង មានប្រាំភូមិ ឃុំច័ន្ទមូល មានប្រាំពីរភូមិ ហើយឥឡូវទៅជាក្នុងទឹកដីវៀតណាមហើយ»។
លោកម៉េក រ៉េត អាយុ៤៧ឆ្នាំ រស់នៅភូមិដាកណ្តោល ឃុំដា ស្រុកមេមត់ បាននិយាយថា ចម្ការស្វាយរបស់លោកចំនួនពីរហិចតាត្រូវបានវៀតណាមរំលោភយក ក្រោយពីបានបោះបង្គោលព្រំដែននេះ។
«ខ្ញុំមានអារម្មណ៍ស្តាយណាស់ ព្រោះខ្ញុំមានតែដីប៉ុណ្ណឹង ហើយគេយកអស់អញ្ចឹង។ ខ្ញុំអត់មានអ្វីឲ្យកូនធ្វើទេ អស់រលីង។ ខ្ញុំឈឺចាប់ណាស់អត់មានដីកន្លែងណាផង។ ខ្ញុំមានតែដីមួយកន្លែង។ បើគេយកអស់អញ្ចឹង ហើយគ្រួសារខ្ញុំមានការលំបាកវេទនាខ្លាំងមែនទែនបង»។
វីអូអេទាក់ទងមន្រ្តីស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា តែពុំអាចជួបបានទេនៅថ្ងៃអង្គារនេះ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង មន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាល បានស្តីបន្ទោសថា អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងគ្មានជំនាញខាងកិច្ចការព្រំដែនទេ។
លោកវ៉ា គឹមហុងបាននិយាយថា ការបោះបង្គោលព្រំដែន និងតម្រុយបង្គោលព្រំដែននេះ មិនបានធ្វើឲ្យបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាបានបាត់បង់ទេ។
លោកបានមានប្រសាសន៍ថា ប្រទេសទាំងពីរត្រូវការតែខ្សែបន្ទាត់ព្រំដែនមួយឲ្យបានច្បាស់លាស់ នាពេលខាងមុខនេះ។
«ពាក្យថា និយមន័យបាត់បង់ តើយកទៅប្រៀបធៀបនឹងអ្វី បើយើងមិនទាន់បានបោះបង្គោលព្រំដែន មិនទាន់ធ្វើខណ្ឌព្រំសីមាផង? ម៉េចយើងដឹងថា បាត់ត្រង់ណាអីត្រង់ណា? យើងបាត់បាន លុះត្រាតែយើងមានខ្សែព្រំដែន ហើយវាអត់មានខ្សែព្រំដែន។ កុំច្រឡំខ្សែព្រំដីរបស់ប្រជាជន ចម្ការ ស្វាយចន្ទី ចម្ការដំឡូង។ ព្រំដែននៅលើផែនទីរបស់ក្រុមភូមិសាស្រ្តអាស៊ាន ដែលជាផែនទីយោង ដែលយើងយកមកប្រើ»។
ប្រទេសកម្ពុជាមានព្រំដែនគោកជាប់ជាមួយនិងប្រទេសវៀតណាមប្រមាណ២៧០គីឡូម៉ែត្រ ហើយប្រទេសទាំងពីរ ទើបតែបោះបង្គោលព្រំដែនប្រមាណជាង២០០បង្គោលតែប៉ុណ្នោះ នៅក្នុងចំណោមបង្គោលសរុបចំនួន៣៧៥បង្គោល។
ប្រទេសទាំងពីរបានសន្យាថា នឹងបោះបង្គោលព្រំដែននេះឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១២ ខាងមុខនេះ៕