ភ្នំពេញ៖ នៅថ្ងៃពុធនេះ លោកហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់សមាជិកសភាកម្ពុជា ឡាវ និងវៀតណាមឲ្យធ្វើការពិភាក្សាគ្នាឱ្យបានហ្មត់ចត់លើគោលនយោបាយ និងយន្តការអភិវឌ្ឍតំបន់ត្រីកោណរបស់រដ្ឋាភិបាលទាំងបី សំដៅទាក់ទាញការវិនិយោគឱ្យបានច្រើនមកកាន់តំបន់ត្រីកោណនេះ។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី២របស់រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម រយៈពេល២ថ្ងៃ បានចាប់ផ្តើមពិភាក្សាលើគម្រោងរដ្ឋាភិបាលរបស់ខ្លួន ស្តីអំពីការអភិវឌ្ឍតំបន់ត្រីកោណ។ តំបន់ត្រីកោណតាំងនៅចន្លោះព្រំដែននៃប្រទេសទាំងបី រូមមាន កម្ពុជា ដែលមានខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្ត រតនគីរី ប្រទេសឡាវ ដែលមានខេត្តអាត់តាពើ ខេត្តសារាវ៉ាន់ និងខេត្តសេកុង និងប្រទេសវៀតណាម ដែលមានខេត្តដាក់លាក ខេត្តដាក់ណុង ខេត្តចាឡៃ និងខេត្តកន្ទុំ។
លោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២របស់គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំង៣។ សុន្ទរកថានោះសង្កត់ធ្ងន់ថា គោលនយោបាយ និងយន្តការសម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល ត្រូវតែស៊ីសង្វាក់ និងដើរស្របគ្នាជាមួយស្ថាប័ននីតិប្បញ្ញត្តិ។ លោកហេង សំរិនថ្លែងថា៖
«សភាទាំងបី គឺជាកម្លាំងចលករមិនអាចខ្វះបានក្នុងការជំរុញឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត ដោយរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ត្រីកោណ ជាពិសេសការប្រឈមទាំងឡាយដែលត្រូវដោះស្រាយតាមនីតិវិធីច្បាប់»។
លោកហេង សំរិន បានបញ្ជាក់ថា ក្នុងតួនាទីជាតំណាងរាស្ត្រកម្ពុជាជំរុញឱ្យរដ្ឋាភិបាល និងអ្នកវិនិយោគទុនក្នុង និងក្រៅប្រទេសដាក់ទុនវិនិយោគសាធារណៈ ឬឯកជននៅក្នុងតំបន់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ត្រីកោណ។
លោកហេង សំរិន បានបន្តថា កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់សមាជិកសភានៃប្រទេសទាំងបី ធ្វើការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងជួយជំរុញឱ្យរដ្ឋាភិបាលបន្តអនុវត្តកិច្ចព្រមព្រៀងនៃប្រទេសទាំងបី ដោយអភិវឌ្ឍតំបន់ត្រីកោណឆ្ពោះទៅរកយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងជំងឺឆ្លងនៅក្នុងតំបន់ ព្រមទាំងកសាងរចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ត្រីកោណប្រកបដោយប្រសិទ្ធិភាពខ្ពស់។
កាលពីខែវិច្ឆិកា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសន្យាជំរុញការអភិវឌ្ឍតំបន់ត្រីកោណឱ្យដើរតួនាទីសំខាន់ ក្នុងការលើកស្ទួយការអភិវឌ្ឍរវាងប្រទេសទាំងបីដែលត្រូវតែធ្វើការឱ្យខ្លាំងឡើងថែមទៀត ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ច ជាពិសេសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ការបណ្តុះបណ្តាលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។
ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយ២០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណនេះ ដែលប្រទេសកម្ពុជា និងឡាវត្រូវទទួលបាន៧,៥លានដុល្លារអាមេរិកដូចគ្នា និងប្រទេស វៀតណាម ចំនួន៣,៥លានដុល្លារអាមេរិក ហើយ១,៥លានដុល្លារអាមេរិកទៀតសម្រាប់សិក្សាការតភ្ជាប់ផ្លូវថ្មីនៅក្នុងតំបន់ត្រីកោណនៃប្រទេសទាំងបី។