ប្រទេសឡាវគ្រោងស្ថាបនាទំនប់វារីអគ្គិសនីមួយនៅទន្លេមេគង្គក្រោមប៉ុន្តែក្រុមប្រទេសជិតខាង និយាយថា ត្រូវមានការសិក្សាច្រើនថែមទៀតសិនមុននឹងសាងសង់។ ក្រុមអ្នកវិភាគថ្លែងថា ការជំទាស់កម្រិតខ្ពស់បានដាក់សម្ពាធលើប្រទេសឡាវឲ្យផ្លាស់ប្តូរមហិច្ឆតាទំនប់វារីអគ្គិសនីរបស់ខ្លួន។
សំណើដ៏ចម្រូងចម្រាសមួយរបស់ឡាវ ក្នុងការសាងសង់ទំនប់វារីអគ្គិសនីទីមួយក្នុងចំណោមទំនប់ចំនួន១១កន្លែង ដែលត្រូវបានគ្រោងសង់នៅតាមដងទន្លេមេគង្គក្រោម បានធ្វើឲ្យខឹងសម្បារដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេនោះ។
លោកស្រី ប្រៃល័រ ម៉ានមូន (Prailor Manmoon) ជាស្រ្តីជនជាតិឡាវ ដែលរស់នៅកុងណាង ជាភូមិមួយរបស់ថៃនៅតាមដងទន្លេមេគង្គ ដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី (Xayaburi) ដែលបានស្នើឡើង។
កាលពីថ្ងៃអាទិត្យ ខណៈដែលក្មេងៗ បានប្រលែងគ្នាលេងនៅតាមមាត់ទន្លេមេគង្គដែលនៅក្បែរនោះ លោកស្រី ម៉ានមូន និងអ្នកជិតខាងរបស់លោកស្រី បានជួបជុំគ្នាពិសារបាយដំណើប និងពិភាក្សាគ្នាអំពីទំនប់សាយ៉ាប៊ូរី ដែលបានស្នើឡើងនោះ។
ក្នុងនាមជារដ្ឋកុម្មុយនិស្តដ៏ក្រីក្រ និងមិនជាប់សមុទ្រ ក្រុមមន្ត្រីនៅក្នុងប្រទេសឡាវដែលនៅក្បែរខាង ថ្លែងថា ទំនប់នេះ នឹងជួយកាត់បន្ថយភាពក្រីក្រ និងបង្កើតប្រាក់ចំណូល។
ប៉ុន្តែ លោកស្រី ម៉ានមូន និងអ្នកជិតខាងរបស់លោកស្រី ថ្លែងថា ទំនប់សាយ៉ាប៊ូរី និងទំនប់វារីអគ្គិសនីដទៃទៀត ដែលបានស្នើឡើង នឹងគំរាមកំហែងដល់ភូមិឋានរបស់ពួកគេ ដែលមានប្រភពប្រាក់ចំណូលដ៏សំខាន់មកពីការនេសាទត្រី។
«ប្រសិនបើទំនប់មួយត្រូវបានស្ថាបនាឡើងមែន ប្រហែលជានឹងមានគ្រោះទឹកជំនន់ ហើយទឹកជំនន់អាចសម្លាប់ពួកយើង ឬប្រហែលជា កម្ពស់ទឹកទន្លេ មានកម្រិតទាបយ៉ាងខ្លាំង ហើយយើងនឹងមិនអាចមានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់ ឬបរិភោគឡើយ?»
សេចក្តីរាយការណ៍របស់លោក ពេជ្រ សំណាង ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ
នៅត្រើយម្ខាងទៀតនៃដងទន្លេនៅក្នុងទីក្រុងវៀងច័ន្ទ ដែលជារដ្ឋធានីរបស់ឡាវ គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (Mekong River Commission) កំពុងត្រៀមបើកកិច្ចប្រជុំ ដែលរំពឹងថានឹងមានការចូលរួមច្រើន ស្តីពីសំណើសង់ទំនប់វារីអគ្គិសនីរបស់ឡាវ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ប្រទេសឡាវ ថ្លែងថា គម្រោងនេះ គួរបន្តទៅមុខ ដោយអះអាងថា ទំនប់នេះ នឹងគោរពតាមបទដ្ឋានអន្តរជាតិ។
ប៉ុន្តែ ក្រុមប្រទេសជិតខាងនៅតាមដងទន្លេមេគង្គផ្នែកខាងក្រោមរបស់ឡាវ រួមមាន ប្រទេសថៃ កម្ពុជា និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា គេនៅ ត្រូវការព័ត៌មានច្រើនថែមទៀត ទាក់ទងនឹងផលប៉ះពាល់ផ្នែកបរិស្ថានដែលអាចនឹងកើតមានឡើងឆ្លងកាត់ព្រំដែនរបស់ទំនប់នេះ។
វៀតណាម បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាបំផុត ដោយអំពាវនាវឲ្យមានការផ្អាករយៈពេល១០ឆ្នាំសិន សម្រាប់ទំនប់ថ្មីនៅតាមដងទន្លេមេគង្គ។
ក្រុមប្រទេសនៅតាមដងទន្លេមេគង្គក្រោមទាំងបួននេះ ខកខានមិនបានធ្វើសេចក្តីសម្រេចចិត្តរួមគ្នា ស្តីពីទំនប់នេះទេ ប៉ុន្តែ យល់ព្រមបើកការចរចាថ្នាក់រដ្ឋមន្ត្រី នៅចុងឆ្នាំនេះ។
ក្រុមអ្នកវិភាគ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្ត ដើម្បីលើកយកការពិភាក្សារបស់គណៈកម្មការទន្លេមេគង្គ ទៅដល់ថ្នាក់រដ្ឋមន្ត្រី បានបង្កើនការរាំងស្ទះខាងនយោបាយលើភាពចម្រូងចម្រាសរបស់ទំនប់សាយ៉ាប៊ូរី។
លោក ហ្វីលីព ហ៊ើស (Philip Hirsch) ជាសាស្ត្រាចារ្យខាងប្រព័ន្ធអេកូឡូស៊ីនៃមនុស្ស នៅឯសាកលវិទ្យាល័យស៊ីដនី (University of Sydney)។ លោក មានប្រសាសន៍ថា ខណៈដែលគណៈកម្មការទន្លេមេគង្គ មិនអាចបញ្ឈប់ប្រទេសឡាវ មិនឲ្យកសាងទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលើរបស់ទន្លេមេគង្គ ពិធីសាររបស់គណៈកម្មការទន្លេមេគង្គ បានអនុញ្ញាតប្រទេសជិតខាងឲ្យដាក់សម្ពាធខាងការទូតទៅលើប្រទេសឡាវ។
«ប្រសិនបើឡាវចង់ធ្វើតែម្នាក់ឯងដោយកសាងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ហើយមិនស្តាប់ប្រទេសដទៃ ការធ្វើបែបនេះក្នុងពេលឥឡូវនេះ នឹងជាការប្រឆាំងទៅនឹងសេចក្តីប្រាថ្នាដែលបានស្តែងចេញរបស់ប្រទេសដទៃ ហើយជាពិសេស ប្រឆាំងទៅនឹងសេចក្តីប្រាថ្នា ដែលបានស្តែងចេញរបស់វៀតណាម ដែលប្រទេសឡាវ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ»។
លោក ហ៊ើស ព្យាករណ៍ថានឹងមានការ«ប្រឈមមុខដាក់គ្នា»រវាងរដ្ឋមន្ត្រីមកពីប្រទេសឡាវនិងវៀតណាមដែលនៅក្បែរខាង ដែលប្រទេសទាំងពីរជារដ្ឋកុម្មុយនិស្តមានគណបក្សតែមួយដូចគ្នា។
លោកហ៊ើស ថ្លែងបន្ថែមទៀតថា ប្រសិនបើទំនប់សាយ៉ាប៊ូរី ត្រូវបានកសាងឡើងមែន វានឹងបង្កឲ្យមានភាពងាយស្រួលសម្រាប់ប្រទេសនៅតាមបណ្តោយទន្លេមេគង្គខាងក្រោមដទៃទៀត ជាពិសេសប្រទេសកម្ពុជា ក្នុងការកសាងទំនប់នៅខ្សែទឹករបស់ទន្លេមេគង្គ។
យោងតាមអ្នកបរិស្ថានវៀតណាមម្នាក់ ដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះបានបញ្ជាក់ថា ឡាវ«មិនអាចមិនអើពើ»ចំពោះសេចក្តីថ្លែងការណ៍រិះគន់ ពីប្រទេសនៅតាមដងទន្លេមេគង្គក្រោមបានទេ។
អ្នកបរិស្ថានរូបនេះ បានប្រាប់វីអូអេថា ប្រសិនបើឡាវ កសាងទំនប់វារីអគ្គិសនី ដោយមិនស្តាប់តាមការជំទាស់ក្នុងកម្រិតខ្ពស់ទេ ប្រទេសនេះអាចធ្វើឱ្យខូចខាតដល់កិតិ្តយសរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិជាក់ជាពុំខាន។
តាមពិធីសារគណៈកម្មការទន្លេមេគង្គ ប្រទេសនៅតាមដងទន្លេមេគង្គក្រោមទាំងបួន តម្រូវឲ្យជូនដំណឹងទៅប្រទេសជិតខាងរបស់ពួកគេ ប្រសិនប្រទេសទាំងនោះ មានគម្រោងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើរបស់ទន្លេនេះ ប៉ុន្តែប្រទេសទាំងនោះ មិនចាំបាច់ទទួលការអនុញ្ញាតពីគ្នាទៅវិញទៅមក ក្នុងការបន្តគម្រោងសង់ទំនប់នោះឡើយ។
ប្រទេសចិន ដែលមានព្រំដែនជាប់ជាមួយឡាវ បានដំណើការទំនប់ចំនួនបួនរួចហើយ នៅខ្សែទឹកខាងលើរបស់ទន្លេមេគង្គ។
ក្រុមសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ទូទាំងតំបន់ បានព្រមានថា ការកសាងទំនប់វារីអគ្គិសនីនៅតាមបណ្តោយទន្លេមេគង្គក្រោម នឹងប៉ះពាល់ដល់បរិស្ថាន ហើយគំរាមកំហែងដល់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតនៅតាមជនបទទៀតផង។
លោក ស្ទួត ឆាបម៉ាន (Stuart Chapman) ជានាយកខាងអភិរក្សនៃកម្មវិធីមហាតំបន់ទន្លេមេគង្គ នៃមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund)។ លោក មានប្រសាសន៍ថា ទំនប់សាយ៉ាប៊ូរីនេះ នឹងជះឥទ្ធិពលអាក្រក់ទៅលើការហូរនាំយកដីល្បប់ និងការបម្លាស់ទីរបស់ត្រី។
«ទន្លេមេគង្គ មានលក្ខណៈពិសេស ទាក់ទងនឹងត្រីច្រើនប្រភេទ និងបរិមាណត្រី ដែលចរាចរណ៍ឡើងចុះតាមទន្លេនេះ។ ដូច្នេះជាពិសេស ទំនប់ណាមួយ ដែលត្រូវបានកសាងឡើងកាត់ទន្លេមេគង្គ នឹងជារនាំងខ្ទប់ពពួកពូជត្រីច្រើនប្រភេទ ដែលត្រីទាំងនោះព្យាយាមបម្លាស់ទី។ ប្រសិនបើត្រីទាំងនោះ មិនអាចផ្លាស់ទីទេនោះ ត្រីមិនអាចពងកូនបានទេ។ ហើយ ប្រការនេះ នឹងនាំទៅដល់ការដួលរលំរបស់វិស័យជលផលតែម្តង»។
លោក ឆាបម៉ាន និយាយថា ទំបន់វារីអគ្គិសនីនៅអាមេរិកខាងជើង បានដំឡើង «ជណ្តើររបស់ត្រី» ព្រមទាំងឧបករណ៍ដទៃទៀត ដែលជួយហ្វូងមច្ឆាឲ្យឆ្លងកាត់ទំនប់នោះ។ ប៉ុន្តែ លោក បានឲ្យដឹងថា បច្ចេកវិទ្យានោះ នឹងមិនអាចជួយពពួកពូជត្រីទន្លេមេគង្គ ឲ្យរស់បានទេ។
ការសិក្សាកាលពីពេលថ្មីៗនេះ ដោយមូលនិធិសត្វព្រៃពិភពលោក បានបញ្ជាក់ថា ការវាយតម្លៃស្តីពីផលប៉ះពាល់ដល់បរិស្ថាន ដែលធ្វើឡើងសម្រាប់ទំនប់សាយ៉ាប៊ូរីដែលបានស្នើឡើង មិនបានបំពេញទៅតាមបទដ្ឋានអន្តរជាតិទេ។
៩៥ភាគរយនៃចរន្តអគ្គិសនីកម្លាំង ១.២៦០ ម៉េហ្កាវ៉ាត់ របស់ទំនប់នេះ នឹងត្រូវលក់ទៅឲ្យប្រទេសថៃ ហើយក្រុមហ៊ុនថៃនឹងដំណើការគម្រោងដែលនឹងចំណាយទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារ។
បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃថា ការងារដំបូងលើការសាងសង់ទំនប់នេះបានចាប់ផ្តើមរួចហើយ។
លោក ខាល មីឌលថុន (Carl Middleton) នាយកកម្មវិធីអាស៊ីអាគ្នេយ៍សម្រាប់ក្រុមបរិស្ថាន ទន្លេអន្តរជាតិ (International Rivers) បានប្រាប់វីអូអេថា ជំនួសឲ្យការទាញយកថាមពលពីទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គ ប្រទេសថៃគួរផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងប្រសិទ្ធភាពថាមពល និងអភិវឌ្ឍប្រភពថាមពលដែលអាចច្នៃឡើងវិញ។
«ខ្ញុំគិតថា អ្វីដែលត្រូវគិតពិចារណា គឺជាដំណើការនៃការធ្វើសេចក្តីសម្រេចចិត្តជារួម ដែលពិតជាបានទទួលស្គាល់ពីទំនាក់ទំនងជាមួយនឹងការចិញ្ចឹមជីវិត និងសន្តិសុខស្បៀងយ៉ាងពិតប្រាកដ ប្រសិនបើទំនប់វារីអគ្គិសនី ត្រូវបានកសាងនៅតាមដងទន្លេមេគង្គ»។
ការសិក្សាឯករាជ្យ ដែលឧបត្ថម្ភដោយគណៈកម្មការទន្លេមេគង្គ បានព្រមានកាលពីខែតុលានេះ ថា ទំនប់វារីអគ្គិសនីទន្លេមេគង្គ នឹងធ្វើឲ្យខូចខាតធ្ងន់ធ្ងរឡើងលើវិស័យសនិ្តសុខស្បៀង និងបង្កផលប៉ះពាល់ខាងបរិស្ថាន «ដ៏ធ្ងន់ធ្ងរ និងមិនអាចកែប្រែបានឡើយ»។
កាលពីដើមខែនេះ លោក ជីម វេប (Jim Webb) សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បាន ព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ថា ការកសាងទំនប់នៅលើខ្សែទឹកទន្លេមេគង្គ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ហ្វូងមច្ឆា និងការធ្វើស្រែ នៅតាមតំបន់ដីសណ្តទន្លេមេគង្គ។
មានប្រជាពលរដ្ឋប្រហែល៦០លាននាក់ ពឹងផ្អែកលើទន្លេមេគង្គដើម្បីចិញ្ចឹមជីវិត៕
ប្រែសម្រួលដោយ លី សុខឃាង