ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆា​រវាង​ប្រទេស​តាម​ដង​ទន្លេ​នេះ


អ្នក​នេសាទ​ម្នាក់​អ៊ុំ​ទូក​នៅ​​តាម​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ស្រុក​សម្បូរ ​ខេត្ត​ក្រចេះ។ កន្លែង​នេះ​ជាតំបន់​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សាង​សង់​ទំនប់​វារី​ អគ្គិសនី​កាត់​ទន្លេ​មេគង្គ​ដ៏​ធំ​មួយ។ អនាគត​នៃ​គម្រោង​​សម្បូរ​នេះ​ក៏​អាស្រ័យ​មួយ​ផ្នែក​ទៅ​លើ​ស
អ្នក​នេសាទ​ម្នាក់​អ៊ុំ​ទូក​នៅ​​តាម​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ស្រុក​សម្បូរ ​ខេត្ត​ក្រចេះ។ កន្លែង​នេះ​ជាតំបន់​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សាង​សង់​ទំនប់​វារី​ អគ្គិសនី​កាត់​ទន្លេ​មេគង្គ​ដ៏​ធំ​មួយ។ អនាគត​នៃ​គម្រោង​​សម្បូរ​នេះ​ក៏​អាស្រ័យ​មួយ​ផ្នែក​ទៅ​លើ​ស

អ្នក​ស្រាវជ្រាវ​និង​អ្នក​វិភាគ​កម្ពុជា​លើក​ឡើង​ថា​ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ា​បូរី​ លើ​ដង​ទន្លេ​មេគង្គ​នឹង​ក្លាយ​ជា​ប្រធានបទ​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ផុយ​ស្រួយ​ខាង​នយោបាយ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គទាំង​មូល។​ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​ចុងក្រោយ​របស់​បណ្តា​ប្រទេស​ទន្លេ​មេគង្គអំពី​គម្រោង​ទំនប់​ដ៏​ចម្រូង​ចម្រាស់​របស់ប្រទេស​ឡាវ​នោះ។

ប្រសិន​ជា​ទំនប់​វារី​អគ្គិសនី​សាយ៉ា​បូរី​របស់​ប្រទេស​ឡាវ​អាច​នឹង​ត្រូវ​បាន​សាង​សង់​តាម​គម្រោង​មែន​នោះ​ ការ​សាងសង់​ទំនប់​នេះ​នឹង​ក្លាយ​ជា​កំហុស​មួយ​សម្រាប់​នយោបាយ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ទាំង​មូល​ នេះ​គឺ​ជា​ការ​ទស្សទាយ​ទុក​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា។

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ខ្មែរ ​នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្តី​អំពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​មាន​ប្រសាសន៍​ថា​ ប្រសិន​បើប្រទេស​ឡាវ​នៅ​តែ​ជំនះ​ធ្វើ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​មួយ​ប្រទេស​ថៃ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆារវាង​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ទាំង​មូល។

«ប្រសិន​បើ​ករណី​ដែល​ឡាវ​នៅ​តែ​ចចេស​បន្ត​សាងសង់​ទំបន់​សាយ៉ាបូរី​ ដោយ​ពុំ​មានការ​យល់​ព្រម​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់នៅ​ក្នុង​សមាជិក​MRC​ទេ​ ខ្ញុំ​គិត​ថា​ នោះ​ជា​អ្វី​មួយ​ដែល​ឡាវកំពុង​តែ​ធ្វើ​ខុស​ ទាក់​ទង់​ទៅ​នឹងអនុសញ្ញា​ផ្សេងៗ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ ក្នុង​ក្រប​ខណ្ឌ ​MRC ក៏​ដូច​ជា​ក្នុង​បរិបទទំនាក់​ទំនង​មិត្ត​ភាព​របស់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ ដូច្នេះ​ ខ្ញុំ​គិត​ថា​ បើ​ឡាវ​ធ្វើ​ឯកតោ​ភាគី​នោះ​ គឺ​ជា​សាច់​រឿង​មួយ​ដែល​មិន​ល្អ​ចំពោះ​តំបន់​ទេគឺ​មាន​ការ​បែក​បាក់​នឹង​ប្រេះ​ឆា​នៅ​ក្នុង​តំបន់​ហ្នឹង​ហើយ»។

ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង​តែ​ជាង​មួ​យ​សប្តាហ៍​ប៉ុណ្ណោះ​ មុន​កិច្ចប្រជុំជា​ចុង​ក្រោយ​របស់​បណ្តា​ប្រទេស​នៅ​តាម​អាងទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ រួម​មាន​ថៃ​ ឡាវ​ កម្ពុជា​និង​វៀតណាម។​ កិច្ច​ប្រជុំ​មួយ​គ្រោង​ធ្វើនៅ​ថ្ងៃ​ទី​១៩​ ខែ​មេសា​ឆ្នាំ​២០១១​នេះ​នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទ​ ប្រទេសឡាវ​ ដើម្បី​សម្រេច​ ថា​តើត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់ទំនប់សាយ៉ាបូរី​នោះ ​ឬ​យ៉ាង​ណា។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​មាន​ប្រសាសន៍​ថា​ ប្រទេ​ស​ឡាវ​គួរ​តែ​គិត​គូរ​អំពី​ផល​ប្រយោជន៍​ក្នុង​តំបន់​ទាំង​មូល​ ហើយ​ប្រទេស​ឡាវ​ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ដោយសារ​ការ​សម្រេច​ចិត្ត​សាងសង់​ទំនប់​នោះ។

បើ​តាម​គម្រោង ​ទំបន់​នោះ​នឹង​ត្រូវ​សាងសង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ ​ហើយអាច​ផលិត​ថាមពល​អគ្គិសនីកម្រិត​១២៦០​មេហ្គា​វ៉ាត់។​ ៩៥%​នៃ​ថាមពល​អគ្គិសនី​ដែល​ទំបន់​របស់​ឡាវផលិត​បាននេះនឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)។

ប៉ុន្តែ​របាយ​ការណ៍​នេះ​ក៏​បង្ហាញ​ផង​ដែរថា​ ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន​នោះ ​ទំនប់​សាយ៉ា​បូរី​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ីនិង​ជីវ​ចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គជា​រៀង​រហូត​ ហើយ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជមច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ ដូចជា​ពូជ​ត្រី​រាជ​ជា​ដើម។

ការ​បាត់​បង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់​លាននាក់​ជា​ពិសេស​ប្រជាជន​កម្ពុជា​ដែលពឹង​អាស្រ័យទៅ​លើ​ទន្លេ​មេគង្គនេះ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេខ្មែរ​នៅ​ក្នុង​វេទិកា​ពិភាក្សា​នោះ​ លោក​បណ្ឌិត​ម៉ី​ កល្យាណ​ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ដោយ​យល់ស្រប​ជាមួយ​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ថា​ ប្រទេស​ឡាវគួរ​តែ​សិក្សា​អំពី​ផល​ប៉ះពាល់​ជា​បន្ថែម​ទៀត។

«យើង​សូម​សំណូម​ពរ​ថា ​ឲ្យ​គេ​គិតជា​តំបន់​ថា​ ជា​អាង​ទាំង​អស់​គ្នា​ទៅ។​ អាណិត​ខ្ញុំ​ផង។​ ខ្ញុំ​នៅ​ក្រោម​ពិបាក​ណាស់។​ ខ្ញុំ​នៅ​ក្រ​នៅ​ឡើយ។​ ខ្ញុំ​នៅ​ពឹង​លើ​ត្រី​នៅ​ឡើយ។​ ដល់​បង​ឯង​ធ្វើ​ទៅ​ក្រែង​លោ​វា​ប៉ះ​អញ្ចេះ​ ប៉ះ​អញ្ចោះ។​ យើង​ត្រូវ​ការ​សិក្សា​បន្ត​ទៀត»។

លោក​បណ្ឌិត​ម៉ី កល្យាណ​មាន​ប្រសាសន៍​បន្ថែ​ម​ថា​ ប្រសិន​បើ​គម្រោង​សាងសង់​ទំនប់វារី​អគ្គិសនី​សាយ៉ា​បូរី​របស់​ប្រទេស​ឡាវ​នឹង​ត្រូវ​បាន​អនុញ្ញាត​ នោះ​ការ​សាងសង់​ទំនប់​ធំៗ​ចំនួន​១០​ផ្សេង​ទៀត​នៅ​លើ​ដង​ទន្លេ​មេគង្គ​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គម្រោង​នៅ​ឡើយ​នោះ​ទំនង​ជា​នឹង​លេច​ចេញ​ជា​រូប​រាង​ ដោយ​ពុំ​អាច​រារាំង​បាន​ដែរ។​ ហើយផល​ប៉ះពាល់បណ្តាល​មក​ពី​ទំនប់​ទាំង​នោះ​អាច​នឹង​មាន​ទំហំ​ធំធេង​ដែល​មិន​អាច​ប៉ាន់​ស្មាន​ទុក​ជាមុន​បាន។

ដូច្នេះ​លោក​បណ្ឌិត​ម៉ី​ កល្យាណ​មាន​ប្រសាសន៍​បន្ថែម​ថា​ បណ្តា​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាំង​បួន​គួរ​តែ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដំបូង​គេ​នៅ​លើ​អាង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​នេះ។

យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​ពេល​នេះ​ គេ​ត្រូវ​រង់​ចាំ​មើល​លទ្ធផល​ចុង​ក្រោយនៃ​កិច្ច​ប្រជុំ​របស់​ប្រទេស​ទាំង​បួន​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ​នោះ​សិន​ ដើម្បី​ឲ្យ​ដឹង​ថា ​តើ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ដ៏​ចម្រូងចម្រាស់​នោះ​នឹង​ត្រូវ​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​ឲ្យ​សាងសង់ ឬ​ក៏​ត្រូវ​ពន្យារ​ពេល​សាងសង់​យ៉ាង​ណា​មួយ​នោះ៕

XS
SM
MD
LG