អាជ្ញាធរថៃ បានសម្រេចការព្រមព្រៀងជាមួយសហគមន៍ដែលគ្មានដីធ្លីរស់នៅមួយក្រុម ដោយអនុញ្ញាតិឲ្យពួកគេអាចរស់នៅក្នុងព្រៃកោងកាងបាន ប្រសិនបើពួកគេជួយការពារតំបន់នោះ ដែលនេះគឺជាកិច្ចសហការដែលទំនងជាអាចធ្វើទៅបាននៅទូទាំងប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសិទ្ធិដីធ្លីនានា។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្រោមអនុសារណៈយោគយល់គ្នារវាងរដ្ឋាភិបាល ក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមគ្រួសារប្រហែល ៤៥ គ្រួសារ នៅក្នុងភូមិ Ranong ជិតមាត់សមុទ្រ សហគមន៍នោះនឹងមិនមានសិទ្ធិកាន់កាប់ដីធ្លីទេ ក៏ប៉ុន្តែ នឹងទទួលបានការជួយឧបត្ថម្ភនៅក្នុងការសាងសង់ផ្ទះសម្បែងនិងលទ្ធភាពប្រើប្រាស់សេវាសាធារណៈនានាដូចជាទឹកនិងអគ្គិសនីជាដើម។
កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅដើមខែនេះ ឥឡូវនេះ ត្រូវបានគេយកទៅអនុវត្តនៅតាមតំបន់ជាប់មាត់សមុទ្រនានានៅក្នុងប្រទេសថៃដូចជាក្រុង Phuket និងក្រុង Krabi ជាដើម។
លោក Maitree JongKraijug អ្នកគ្រប់គ្រងនៃអង្គការ Chumchonthai Foundation ដែលជាផ្នែកមួយនៃអនុសារណៈយោគយល់គ្នានេះ បាននិយាយថា៖ «សហគមន៍បានតស៊ូដើម្បីបានដីធ្លីអស់រយៈពេលជាយូរមកហើយ ហើយយើងបានព្យាយាមរកដំណោះស្រាយតាមរយៈការចរចាជាច្រើន»។
លោកបានប្រាប់អង្គការ Thomson Reuters Foundation នៅថ្ងៃចន្ទនេះថា៖ «នេះគឺជាគម្រោងសាកល្បងដំបូងបំផុតប្រភេទនេះ ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងសហគមន៍ អង្គការសិទ្ធិពលរដ្ឋ និងរដ្ឋាភិបាល ដែលអាចធ្វើការដើម្បីប្រជាពលរដ្ឋដែលគ្មានដីធ្លីនៅក្នុងតំបន់អភិរក្ស»។
ប្រជាពលរដ្ឋថៃប្រហែលមួយភាគបីក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន ៦៩ លាននាក់ ពឹងផ្អែកលើដីធ្លីដើម្បីជីវភាពរស់នៅ ប៉ុន្តែក្នុងចំណោមដីឯកជនប្រហែលជិត ៨០% ប្រជាពលរដ្ឋប្រហែលតិចជាងមួយភាគប្រាំប៉ុណ្ណោះដែលមានសិទ្ធិកាន់កាប់ជាផ្លូវការ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមអង្គការសិទ្ធិដីធ្លី ដែលបានអំពាវនាវជាយូរមកហើយឲ្យមានការធ្វើកំណែទម្រង់៕