ប្រជាពលរដ្ឋស្រុកស្រែអំបិលខេត្តកោះកុងបានសម្រេចបិទផ្លូវជាតិលេខ៤៨ដើម្បីប្រឆាំងតវ៉ាជាមួយក្រុមហ៊ុនហេង ហ៊ុយ កុំឲ្យរំលោភយកដីរបស់ពួកគេ។ ការបិទផ្លូវនេះបានធ្វើឡើងរយៈពេលជាងបីម៉ោងបណ្តាលឲ្យរថយន្តច្រើនរាប់រយគ្រឿងបានកកស្ទះ។ ក៏ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងទេ នៅពេលដែលកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនបានបំបែកក្រុមប្រជាពលរដ្ឋឲ្យចេញពីផ្លូវ ដើម្បីបើកចរាចរណ៍ឡើងវិញ។
ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ នៅថ្ងៃសុក្រនេះ បានសម្រេចបិទកំណាត់ផ្លូវជាតិលេខ៤៨ នៃស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីប្រឆាំងតវ៉ាជំទាស់និងក្រុមហ៊ុនហេង ហ៊ុយ ក្រោយពីក្រុមហ៊ុនមួយនេះបានចោទប្រកាន់ថា បានរំលោភយកដីរបស់ប្រជាពលរដ្ឋ។
ការសម្រេចបិទកំណាត់ផ្លូវជាតិនេះ បានកើតមានឡើងអស់រយៈពេលជាងបីម៉ោងបណ្តាលឲ្យរថយន្តជាច្រើនរាប់រយគ្រឿង ដែលបានធ្វើដំណើរពីភ្នំពេញទៅខេត្តកោះកុង និងពីខេត្តកោះកុងត្រឡប់មកទីក្រុងភ្នំពេញវិញ បានកកស្ទះ។
បើតាមសាក្សីបានឃើញផ្ទាល់ភ្នែក និងមន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបាននិយាយថា ក្រុមសន្តិសុខរបស់ក្រុមហ៊ុនប្រមាណជិត៣០នាក់ ព្រមទាំងអ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤៨ បានសម្រេចចិត្តបុកទំលុះរបាំងបិទផ្លូវរបស់ប្រជាពលរដ្ឋ ដែលបានយកគោយន្តទៅអង្គុយត្រៀបត្រានៅលើដងផ្លូវ ដើម្បីសម្រួលឲ្យចរាចរណ៍ឡើងវិញ។
លោកអ៊ូច ឡេង មន្រ្តីដីធ្លីរបស់សមាគមសិទ្ធិមនុស្ស ADHOC បានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីកន្លែងកើតហេតុមកថា ការប៉ះទង្គិចគ្នានេះ ពុំបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសនោះទេ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកអ៊ូច ឡេង បានស្តីបន្ទោសចំពោះវិធានការនេះ ថាបានប៉ះពាល់ដល់សិទ្ធិមនុស្ស។
«គាត់ធ្វើការសម្រេចរបស់គាត់ គឺជាជម្រើសចុងក្រោយ ហើយការប្រើកម្លាំងប្រដាប់អាវុធ ដែលដាក់ពង្រាយធ្វើបាប ដោយមិនមានសមត្ថកិច្ចណាមួយចេញមុខដោះស្រាយនោះ គឺជារឿងមួយដែលមិនចូលរួមចំណែកក្នុងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះមួយឆ្នាំហើយមួយឆ្នាំទៀត»។
អ្នកស្រីផៅ យើង អាយុ៣៥ឆ្នាំ ប្រជាពលរដ្ឋនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល បាននិយាយថា ការសម្រេចចិត្តបិទកំណាត់ផ្លូវជាតិលេខ៤៨នេះ គឺដើម្បីប្រឆាំងជំទាស់ទៅនឹងក្រុមហ៊ុនហេង ហ៊ុយ ដែលបានរំលោភយកដីរបស់ប្រជាពលរដ្ឋ។
«យើងបានបញ្ជាក់ពីគោលបំណងចង់បានដីធ្លីហ្នឹង។ ប្រសិនបើយើងអត់ធ្វើអញ្ចឹង គឺអត់មានដំណោះស្រាយ។ យើងទាមទារ ទីមួយសុំឲ្យគណៈអភិបាលខេត្តបញ្ឈប់សកម្មភាពរាល់ការឈូសឆាយរបស់លោកហេង ហ៊ុយជាបន្ទាន់ ហើយទីពីរសុំឲ្យគណៈអភិបាលខេត្តចេញប្លង់ប្រព័ន្ធ ជាប្លង់កម្មសិទ្ធិរបស់ឯកជន បុគ្គលម្នាក់ៗ ឲ្យបានគ្រប់ចំនួន៣៤គ្រួសារហ្នឹង»។
ក្រុមហ៊ុនហេង ហ៊ុយមានផ្ទៃដីសរុបចំនួន៧៧៩ហិចតាសម្រាប់ធ្វើការអភិវឌ្ឍន៍ដាំដើមអំពៅ និងដើម ដំឡូងមី នៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក៏ប៉ុន្តែការអភិវឌ្ឍន៍នេះត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានប៉ះពាល់ដល់សិទ្ធិលំនៅដ្ឋានរបស់ពួកគេចំនួន១០៩ហិចតា ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ នៅឃុំជីខក្រោមចំនួន៣១គ្រួសារ។
លោកហេង ហ៊ុយ ប្រធានក្រុមហ៊ុនហេង ហ៊ុយ បានចោទប្រកាន់ថា ប្រជាពលរដ្ឋបានព្យាយាមរារាំងដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ លោកបាននិយាយថា ក្រុមហ៊ុនលោកបានទិញដីស្របច្បាប់ ដើម្បីដាំដើមអំពៅ និងដើមដំឡូងមី។
កាលពីថ្ងៃពុធ ដើមសប្តាហ៍នេះ សន្តិសុខរបស់ក្រុមហ៊ុនហេង ហ៊ុយបានប៉ះទង្គិចគ្នាមួយឈុតជាមួយនឹងប្រជាពលរដ្ឋ នៅក្នុងខណៈពេលដែលក្រុមហ៊ុននេះបានព្យាយាមដឹកដំឡូងមីទៅដាំនៅលើដីរបស់លោកហេង ហ៊ុយ ហើយហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋចំនួនពីរនាក់បានទទួលរងរបួស។
សម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលរួមមានគណៈកម្មាធិការប្រព្រឹត្តកម្ម វេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានចោទប្រកាន់ថា សកម្មភាពលោកហេង ហ៊ុយ ដែលបានដឹកនាំកម្លាំងប្រដាប់អាវុធទៅឈួសឆាយដីរបស់ប្រជាពលរដ្ឋ និងវាយដុំទៅលើប្រជាពលរដ្ឋនោះថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងខុសទៅនឹងច្បាប់ជាតិទាំងស្រុង ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕