បណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជាពុំទាន់បង្កើតសួនសេរីភាព ឬកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើបាតុកម្ម ឬបញ្ចេញមតិនៅឡើយទេ ដោយអាជ្ញាធរខេត្តទាំងនោះអះអាងថា ពួកគេពុំទាន់រកទីតាំងដ៏សមរម្យនៅឡើយ ខណៈពេលដែលក្រុមមន្រ្តីសង្គមស៊ីវិលលើកឡើងថា ការបង្កើតទីលានសម្រាប់ធ្វើបាតុកម្មនេះគឺជាការកម្រិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
រហូតមកដល់ថ្ងៃច័ន្ទទី៨ ខែវិច្ឆិកាឆ្នាំ២០១០នេះ កន្លែងបញ្ចេញមតិសាធារណៈដែលគេនិយមហៅថា ទីលានប្រជាធិបតេយ្យ ឬសួនសេរីភាពនោះ ពុំទាន់លេចចេញជារូបរាងនៅឡើយទេ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា បើទោះបីជាច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីបានតម្រូវឲ្យបង្កើតទីកន្លែងនេះឲ្យបានឆាប់ក៏ដោយ។ ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅខែធ្នូឆ្នាំ២០០៩កន្លងទៅនេះ បានតម្រូវឲ្យរាជធានី និងខេត្តនីមួយៗបង្កើតកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើបាតុកម្ម ឬកន្លែងបញ្ចេញមតិសាធារណៈនេះ ក្នុងពេល៦ខែ បន្ទាប់ពីច្បាប់នេះបានចូលជាធរមាន។
ប៉ុន្តែមានតែរាជធានីភ្នំពេញទេ ដែលបានបង្កើតនិងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីលានប្រជាធិបតេយ្យនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោកឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា លោកពុំទាន់អាចរកទីតាំងសម្រាប់សាងសង់សួនសេរីភាព ឬទីលានប្រជាធិបតេយ្យនេះបាននៅឡើយទេ ដោយសារកង្វះដីសាធារណៈនៅក្នុងតំបន់ទីប្រជុំជនរបស់ខេត្ត។
«យើងកំពុងតែរកទីតាំង ព្រោះយើងត្រូវតែដោះដូរទីតាំងជាមួយផ្នែកឯកជនខ្លះដើម្បីឲ្យមានដីហ្នឹង។ បើយើងមិនដូរទេ ហើយបើធ្វើ មានតែធ្វើនៅលើសួនច្បារនៅមុខផ្សារ»។
លោកឡូយ សុផាតមិនអាចបញ្ជាក់បាន ថាតើអាជ្ញាធរខេត្តរបស់លោកអាចនឹងបង្កើតសួនសេរីភាពនេះបាននៅពេលណានោះទេ។
លោកប៉ាវ ហមផាន អភិបាលខេត្តរតនៈគីរី មានប្រសាសន៍ថា អាជ្ញាធរខេត្តរបស់លោកក៏ពុំទាន់អាចរកទីតាំងដ៏សមរម្យសម្រាប់បង្កើតកន្លែងបញ្ចេញមតិ ឬធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្តបាននៅឡើយដែរ។
«បញ្ហាដោះដូរដីហ្នឹង គិតមិនទាន់ចេញទេ ព្រោះថា ទី១ យើងរកមើលកន្លែងណាឲ្យវាសមរម្យសិន គឺថា វាមិនឆ្ងាយពីគេពេក។ ពិបាក គឺពិបាកអញ្ចឹង។ បើថា ឲ្យកន្លែងណាក៏បាន វាមិនពិបាកអី? ប៉ុន្តែបើវាឆ្ងាយពេក ទៅបញ្ចេញមតិឲ្យនរណាស្តាប់?»
លោកស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា លោកក៏កំពុងរកមើលនៅឡើយដែរ រកទីតាំងដ៏សមស្របសម្រាប់ធ្វើជាទីលានប្រជាធិបតេយ្យនេះ។
ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដែលមាន៦ជំពូក ចែកចេញជា៣០មាត្រានេះ បានកំណត់ឲ្យអាជ្ញាធរដែនដី រាជធានី និងខេត្តត្រូវជ្រើសរើសទីធ្លាដ៏សមស្របណាមួយដែលមនុស្សទូទៅងាយស្តាប់ និងមើលឃើញ សម្រាប់ធ្វើបាតុកម្មដោយសន្តិវិធីឬបញ្ចេញមតិជាសាធារណៈ។
ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនេះក៏កំណត់ចំនួនអ្នកចូលរួមធ្វើបាតុកម្មនៅក្នុងទីលានប្រជាធិបតេយ្យ ឬសួនសេរីភាពនេះគឺយ៉ាងច្រើនបំផុតត្រឹម២០០នាក់។ ហើយតាមច្បាប់នេះ អ្នកដឹកនាំធ្វើបាតុកម្មត្រូវតែជូនដំណឹងយ៉ាងតិចចំនួន៥ថ្ងៃ មុនបាតុកម្មចាប់ផ្តើម ប្រាប់អាជ្ញាធរមានសមត្ថកិច្ចនូវសេចក្តីលម្អិតអំពីការធ្វើបាតុកម្មរបស់ខ្លួន ដូចជាចំនួនបាតុករ និងរយៈពេលធ្វើបាតុកម្មជាដើម។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងដែរនោះ មានប្រសាសន៍ថា សួនសេរីភាពទាំងនៅក្នុងរាជធានីទាំងនៅតាមបណ្តាខេត្តនានានេះ តាមពិតគឺជាការមិនចាំបាច់នៅក្នុងសង្គមដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យទេ ដោយលោកបានចាត់ទុកការបង្កើតទីលានបែបនេះ ថាជាការកម្រិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទៅវិញ។
«វាជាការត្បិតត្បៀតសិទ្ធិសេរីភាពរបស់ពួកគាត់ទៅវិញទេបាទ ពីព្រោះយើងដឹងហើយថា សព្វថ្ងៃថ្នាក់ដឹកនាំខេត្តអត់មានការទទួលខុសត្រូវទេ។ អញ្ចឹងអំណាចប្រមូលផ្តុំតែនៅលើលោកនាយករដ្ឋមន្ត្រីទេ។ ដូច្នេះហើយបានជាប្រជាពលរដ្ឋចេះតែមកប្រមូលផ្តុំនៅពីមុខភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហើយនៅពេលដែលសួនសេរីភាពហ្នឹងកើតនៅតាមខេត្តហើយនោះ ពេលនោះគាត់បាត់បង់សិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំនៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី»។
លោកចាន់ សុវេត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សAdhoc មានប្រសាសន៍ថា ការបង្កើតសួនសេរីភាពនៅតាមបណ្តាខេត្តនេះអាចជាការល្អប្រសើរដែរ ប៉ុន្តែអាជ្ញាធរខេត្តមិនគួរកម្រិតការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋត្រឹមតែក្នុងសួនសេរីភាពនោះទេ។
«យើងឃើញថា នៅពេលដែលមានការបង្កើតនៅតាមខេត្តនីមួយៗដើម្បីលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសម្តែងមតិទាមទារតវ៉ាក៏ជារឿងប្រសើរមួយដែរ។ ប៉ុន្តែយើងខ្ញុំខ្លាចក្រែងថា នៅពេលបង្កើត Freedom Park ហ្នឹងហើយ បែរជាកំណត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋណាដែលចង់ធ្វើកូដកម្ម បាតុកម្មអី មកធ្វើតែនៅចំតែកន្លែងហ្នឹង»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី មានប្រសាសន៍ថា អាជ្ញាធរខេត្តគួរតែរៀបចំបង្កើតឲ្យមានសួនសេរីភាពនៅក្នុងដែនដីរបស់ខ្លួនឲ្យបានឆាប់ដើម្បីឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិរបស់ពួកគេទាក់ទងនឹងការរំលោភដីធ្លី និងកង្វល់នានាដែលពួកគេមាន។
«តាមបណ្តាខេត្ត មកទល់ពេលនេះ ទោះបីច្បាប់ចូលជាធរមានយូរមកហើយក៏ដោយ ក៏ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនហ្នឹង គឺមិនបានរៀបចំជូនប្រជាពលរដ្ឋទេ។ ហើយផ្ទុយទៅវិញថែមទាំងខាឃាំងប្រជាពលរដ្ឋ ដាក់កងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យមកចូលរួមសម្តែងមតិ ឬសម្តែងការទាមទាររបស់ខ្លួននៅទីក្រុងភ្នំពេញទៀត»។
លោកយឹម សុវណ្ណមានប្រសាសន៍បន្ថែមថា ទីតាំងនៃសួនសេរីភាពនេះគួរតែស្ថិតនៅជិតមន្ទីររដ្ឋាភិបាលសំខាន់ៗដើម្បីឲ្យការទាមទារ ការតវ៉ា ឬការបញ្ចេញមតិរបស់ប្រជាពលរដ្ឋត្រូវបានដឹងឮដល់មន្ត្រីរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ច។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃច័ន្ទទី៨ ខែវិច្ឆិកានេះ។
តែទោះជាយ៉ាងនេះក្តី លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបង្កើតទីលានប្រជាធិបតេយ្យ ឬសួនសេរីភាពនៅតាមបណ្តាខេត្តនេះ គឺដើម្បីពង្រឹងសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ យោបល់។
ចំណែកទីតាំងនៃសួនសេរីភាពនេះវិញ លោកផៃ ស៊ីផានមានប្រសាសន៍បន្តថា វាមិនមែនជាបញ្ហាចោទសម្រាប់អ្នកចូលរួមបញ្ចេញមតិ ឬធ្វើបាតុកម្មនោះទេ។
«គុណភាពនៃការបញ្ចេញយោបល់មិនអាស្រ័យតែនៅកន្លែងណានោះទេ ពីព្រោះឥឡូវការផ្សព្វផ្សាយ ការទទួលព័ត៌មាននេះ វាសេរី ចំហទៅទៀត។ ដូច្នេះការផ្សព្វផ្សាយជាគំនិត ជាមតិ មិនបាច់តែនៅស្រុកខ្មែរទេ សូម្បីតែចេញពី Washington មក ក៏គេអាចនិយាយបាន។ ដូច្នេះមិនមែនថា ត្រូវតែនៅកន្លែងណា នៅកន្លែងនេះ កន្លែងនោះទេ»។
ប៉ុន្តែលោកផៃ ស៊ីផាន មិនអាចបញ្ជាក់បាន ថាតើខេត្តនីមួយៗនឹងបង្កើតទីលានសម្រាប់ប្រជាពលរដ្ឋធ្វើបាតុកម្មដោយសន្តិវិធីនេះ នៅពេលណានោះទេ៕