ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ពេល​៥​ខែ ​ដើម​ឆ្នាំ​២០១០​នេះ​មាន​៨១​ករណី


ពលរដ្ឋ​ខេត្ត​កំពង់​ស្ពឺ​តវ៉ា​ប្រឆាំង​ការ​បាត់​បង់​ដីធ្លី​ដោយសារ​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ។
ពលរដ្ឋ​ខេត្ត​កំពង់​ស្ពឺ​តវ៉ា​ប្រឆាំង​ការ​បាត់​បង់​ដីធ្លី​ដោយសារ​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ។

ក្រុម​អង្គការមិនមែន​រដ្ឋា​ភិបាល​បាន​និយាយ​ថា​ ​បញ្ហា​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥ខែ​ដើម​ ឆ្នាំ​២០១០​នេះ​ មាន​ចំនួន​៨១​ករណី​គឺ​មាន​ការ​កើន​ឡើង​៣១,៣%​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៩ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​របស់​រដ្ឋា​ភិបាល​បាន​ច្រានចោលការ​ចោទ​ប្រកាន់​នេះ។

លោក ​ហេង ​រស្មី ​រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

សម្ព័ន្ធ​នៃ​អង្គការ​មិនមែន​រដ្ឋា​ភិបាល ​ដែល​រួម​មាន​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​វេទិកា​នៃ​អង្គការ​ មិន​មែន​រដ្ឋា​ភិបាល​ស្តីពី​កម្ពុជា​ និង​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​និយាយ​ថា​ បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្ត​កើត​មាន​ការ​កើន​ឡើង​ដដែល។​ ក៏ប៉ុន្តែ​ក្រុម​មន្រ្តី​ រដ្ឋា​ភិបាល​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

បើ​តាម​ទូរ​លេខ​ដែល​បាន​បង្ហាញ​ដោយ​លោក​ឈិត សំអាត​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​ មិន​មែន​រដ្ឋា​ភិបាល​ស្តីពី​កម្ពុជា​ បាន​និយាយ​ថា​ ​នៅ​ក្នុង​រយៈ​ពេល​ពី​ខែ​មករា​ដល់​ខែ​ឧសភា​ដើម​ឆ្នាំ​ ២០១០​នេះ។​ ​មាន​ករណី​វិវាទ​ដីធ្លី​ចំនួន​៨១​ករណី​គឺ​បាន​កើនឡើង​ចំនួន​៣១,៣% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០០៩​មាន​តែ​៦៣​ករណី​តែ​ប៉ុណ្ណោះ។

លោក​ចាន់ សុវ៉េត​ មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​ADHOC​ បាន​និយាយ​ថា​ មូលហេតុ​នៃ​ការ​កើន​ឡើង​ជម្លោះ​ដីធ្លី​នេះ​ គឺ​ដោយសារ​តែ​រដ្ឋា​ភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ដល់​ក្រុមហ៊ុន​ ការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​តំបន់​ភូមិ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ និង​ការ​កើត​ឡើង​ដោយសារ​អ្នក​មាន​អំណាច។

"បញ្ហា​សម្បទាន​នេះ​វា​ចេះតែ​ជួប​ប្រទះ​ និង​រឿង​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា​រវាង​ប្រជា​ពលរដ្ឋជាមួយ​ និង​ក្រុមហ៊ុន​សម្បទាន​ហ្នឹង​ឯង។​ ​ហើយ​ដល់​ពេល​ការ​ឈ្លោះ​គ្នា​នេះ​គឺ​អ្នក​ទទួល​បង់​ខាត​ គឺ​អ្នក​ ស្រុក​បាទ​ ​ដែល​ទទួល​រង​គ្រោះថ្នាក់​ម្តង​ហើយ​ម្តង​ទៀត"។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សម្ព័ន្ធ​នៃ​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ ដែល​បាន​ចែក​ជួន​ដល់​ អ្នក​សារ​ព័តមាន​បាន​ឲ្យ​ដឹង​ថា​ ​ករណី​វិវាទ​ដីធ្លី​នៅ​ក្នុង​ឆ្នាំ​២០០៨-​២០០៩​ និង​ដើម​ឆ្នាំ​២០១០​នេះ​មាន​ ការ​កើន​ឡើង​ជា​លំដាប់។ នៅ​ក្នុង​ឆ្នាំ​២០០៩​មាន​ការ​កើន​ឡើង​ចំនួន​៣៦,៥%​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៨​ ​ហើយ​ នៅ​ឆ្នាំ​២០១០​នេះ​ មាន​ការ​កើន​ឡើង​៣៤,៤% ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៩។

លោក​ស្រី​ នន់ ភានី ​អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​នគរូបនីយ​កម្ម​ និង​សំណង់​បាន​និយាយ​ថា​ ​ទូរ លេខ​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​មិន​ត្រឹមត្រូវ​ទេ។ លោក​ស្រី​បាន​បញ្ជាក់​ថា​ ​ក្រសួង​ដែនដី​បាន​ទទួល​ពាក្យ​បណ្តឹង​នៅ​ទូទាំង​ប្រទេស​អំពី​ការ​រំលោភ​ ដីធ្លី​នេះ​ មាន​ការ​ថយ​ចុះ​ ​អត់​មាន​ការ​កើន​ឡើង​ទេ។

"មាន​ជាង​៥០០០​សំណុំរឿង​ ដែល​តាំង​ពីមុន​ ​សេស​សល់​តាំងពី​មុន​រហូត​ដល់​បច្ចុប្បន្ន​នេះ​ គឺ​យើង​ស្ថិត​នៅ​ក្នុង​ដី​របស់​យើង​តែ​២៩%​ទេ​ ​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ត។​ គឺ​យើង​ដោះស្រាយ​ប្រហែល​ជា​ ៧០​ប្លាយ​ភាគរយ​ហើយ​ ​អញ្ចឹង​មាន​ន័យថា​ ​សំណុំ​រឿង​ថ្មី​ គឺ​ថយ​ចុះ​ អញ្ចឹង​សំណុំ​រឿង​ដែល​គាត់​មាន​ប្រហែល​ជា​រឿង​ចាស់​ទេ"។

ចំណែក​លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​វិញ ​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ រដ្ឋា​ ភិបាល​កម្ពុជា​កំពុង​តែ​ដោះស្រាយ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ហើយ។

ក៏ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី​ ហួត មួតឌី ​តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​សហ​គមន៍​បឹងកក់​ បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គ​សនិ្នសីទ​កាសែត​ថា​ ​ដំណោះ​ស្រាយ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ យើង​មិន​ អាច​ទទួល​យក​បាន​ទេ។

"មិន​អាច​ទទួល​យក​បាន​ទេ។ ​គេ​ចោទ​ថា​ ​តំបន់​បឹងកក់​សុទ្ធតែ​ជា​តំបន់​ផ្ទុក​ទៅ​ដោយ​ចោរ​ ផ្ទុក​ទៅ​ ដោយ​លក់​គ្រឿង​ញៀន​ ​បើ​ស្រី​វិញ​ជា​ស្រី​មិន​ល្អ​ ​ស្រី​ខូច​រស់​នៅ​អត់​ស្រប​ច្បាប់"។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេទិកា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តីពី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​នៅ​ក្នុង​ឆ្នាំ​២០០៩​ នេះ​ មាន​៦៧,៤%​ នៃ​ករណី​វិវាទ​ទាំងអស់​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ ​ខណៈ​ពេល​មាន​តែ​១៧,៤% ​កំពុង​តែ​ដំណើរ​ការ​ដោះស្រាយ​ ចំណែក​ឯ​១៥,២%​ផ្សេង​ទៀត​មិនទាន់​មាន​ព័ត៌មាន​អំពី​ការ​ដោះស្រាយ​នៅ​ឡើយ​ទេ។

ពី​ទី​ក្រុង​ភ្នំពេញ ​ខ្ញុំ ​ហេង​ រស្មី ​VOA ​សំឡេងស​ហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG