ចាប់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃច័ន្ទនេះ អ្នកភូមិបឹងកក់ ក្មេងចាស់ ប្រុសស្រីជាច្រើននាក់ បានអង្គុយនៅតាមផ្ទះរបស់ខ្លួនរៀងៗខ្លួនដើម្បីចាំឃ្លាំមើល មន្ត្រីប៉ូលីស និងក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជាដឹកគ្រឿងចក្រមកកម្ទេចផ្ទះរបស់អ្នកភូមិ។
ក៏ប៉ុន្តែពេញមួយថ្ងៃនេះ សកម្មភាពរបស់ប៉ូលីស និងក្រុមហ៊ុនស៊ូកាគូអ៊ីន ពុំមានសកម្មភាពទេ បន្ទាប់ពីបានផ្ទុះអំពើហឹង្សាមួយ ជាមួយនឹងប្រជាពលរដ្ឋ កាលពីថ្ងៃសុក្រ ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋមួយរូប ដែលជាសកម្មជនគណបក្សសម រង្ស៊ី ម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
ការផ្ទុះអំពើហឹង្សានេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនស៊ូកាគូអ៊ីនបានដឹកគ្រឿងចក្រមកវាយកម្ទេចផ្ទះរបស់អ្នកភូមិបឹងកក់នៅភូមិ២២ចំនួន៨ខ្នងផ្ទះយ៉ាងខ្ទេចខ្ទីរាបដល់ដី ហើយត្រូវបានប្រឆាំងជំទាស់មកវិញពីអ្នកភូមិ ប៉ុន្តែប៉ូលីសប្រដាប់ដោយខែល នឹងដំបងឆក់បានបង្ក្រាបពួកគាត់។
រូបភាពនៃការប៉ះទង្គិចហិង្សាកាលពីថ្ងៃសុក្រទី១៦ខែកញ្ញាឆ្នាំ២០១១៖
កំពុងតែអង្គុយនៅពីមុខផ្ទះខ្ទមឈើតូចមួយនៅភូមិ២២ អ្នកស្រី ផាន់ ឈានរ៉េត អាយុ៥៤ឆ្នាំ បាននិយាយថា អ្នកស្រុកបានត្រៀមដុំថ្ម កាំបិត និងដំបងជាស្រេច ប្រសិនណាក្រុមហ៊ុនដឹកគ្រឿងចក្រមកកម្ទេចផ្ទះម្តងទៀត។
«ត្រៀមចាំ បើគេមកឈូសទៀតប្រើអំពើហឹង្សាដាក់វិញ។ មានដុំថ្ម គប់ដុំថ្ម មានស្អីដាក់ហ្នឹង! ឥតមិនបណ្តោយឲ្យឈូសទៀតទេ។ ត្រៀមមានដំបង មានដុំថ្មអញ្ចឹងទៅ។ ច៎ា! កាំបិត ពូថៅ»។
ប្រជាពលរដ្ឋនៅភូមិ២២ ប្រមាណ២៤គ្រួសារ ត្រូវបានសាលាក្រុងបដិសេធមិនចេញប្លង់ស្របច្បាប់ទេ ហើយផ្ទះដែលនៅសេសសល់ ក្រុមហ៊ុនស៊ូកាគូអ៊ីនមានបំណងវាយកម្ទេចចោល។
អ្នកស្រី ឆេង លាភ រស់នៅភូមិ២២ បានមានប្រសាសន៍ថា យើងនឹងធ្វើការតវ៉ាមិនអនុញ្ញាតឲ្យក្រុមហ៊ុនចូលមកឈូសឆាយផ្ទះអ្នកភូមិទៀតទេ។ អ្នកស្រីបាននិយាយទៀតថា យើងនឹងវាយឆ្នាំចាន ជាសញ្ញាដើម្បីប្រមូលផ្តុំអ្នកភូមិ ប្រសិនណាបើមានក្រុមហ៊ុនចូលមកកម្ទេសផ្ទះអ្នកស្រុកដោយគ្មានការជូនដំណឹង។
«ទប់ទល់វិញ ព្រោះអីកន្លងមកៗប្រើអំពើហឹង្សាដ៏ថោកទាបមកលើប្រជាពលរដ្ឋនេះ ដោយគ្នានជូនដំណឹង ដោយគ្មានឱសានវាទដីកាចេញពីតុលាការ ហើយក៏គ្មានជូនដំណឹងប្រជាពលរដ្ឋមុនដែរ។ ស្រាប់តែស្ងៀមៗ មកឈួសឆាយផ្ទះប្រជាពលរដ្ឋ ដល់ពេលហៅប្រជាពលរដ្ឋទៅដោះស្រាយ មានគំនាបឲ្យប្រជាពលរដ្ឋបន្តិចបន្តួច សំណងពុំត្រឹមត្រូវ»។
ផ្ទះរបស់ប្រជាពលរដ្ឋ ដែលបានត្រូវក្រុមហ៊ុនស៊ូកាគូអ៊ីន វាយកម្ទេចបានចងតង់កៅស៊ូ នឹងបានសរសេរជាអក្សរខ្មែរ និងភាសាអង់គ្លេសដែលមានន័យថា៖ «ហេតុអ្វីបានជាវាយផ្ទះអ្នកស្រុកដោយគ្មានដំណោះស្រាយ» និងសរសេរអំពីការទាមទាររកយុត្តិធម៌ជាដើម។
ព្រះតេជគុណ ស៊ីង តុងលី ព្រះជន្ម៧៧ព្រះវស្សា គង់នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ័រ សហរដ្ឋអាមេរិក ដែលបាននិមន្តមកផ្តល់ភួយមួយចំនួនដល់ក្រុមគ្រួសារជនរងគ្រោះ។ ដោយសារតែអាជ្ញាធរវាយកម្ទេច ព្រះអង្គបានមានសង្ឃដីកាថា ការវាយកម្ទេចនេះគឺជាអំពើអយុត្តិធម៌។
«ក្នុងពិភពលោក យើងឥតដែលឃើញ ឥតដែលឃើញ អ្នកដឹកនាំប្រទេសណាដែលប្លន់ប្រជាជនអញ្ចឹង»។
មន្ត្រីសាលាក្រុង និងមន្ត្រីក្រុមហ៊ុនស៊ូកាគូអ៊ីន មិនទាក់ទងបានទេនៅថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែសប្តាហ៍មុន លោក កែប ជុតិមាអភិបាលក្រុងភ្នំពេញ ធ្លាប់បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិដផ្នែកភាសាខ្មែរថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅមាត់បឹង សាលាក្រុងភ្នំពេញមិនចេញប្លង់កម្មសិទ្ធិឲ្យទេ ក៏ប៉ុន្តែនឹងពិចារណានឹងផ្តល់ជាសំណង៕