ភ្នំពេញ៖ អ្នកភូមិនៅក្នុងសហគមន៍បឹងកក់ បានស្វះស្វែងរកការជួបជាមួយលោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសម្តែងទុក្ខកង្វល់ និងការព្រួយបារម្ភអំពីការបណ្តេញចេញដោយបង្ខំ ខណៈពេលដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ។
នៅថ្ងៃច័ន្ទនេះ ប្រជាពលរដ្ឋសហគមន៍បឹងកក់ចំនួនជាង១០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យ UNDP ដើម្បីស្នើសុំជួបជាមួយលោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យជួយធ្វើអន្តរាគមន៍ចំពោះ ការបណ្តេញចេញដោយបង្ខំ។
សំណើនេះ បានធ្វើឡើងពីរថ្ងៃមុនពេលលោក Ban Ki-moon នឹងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ផ្តើមពីថ្ងៃពុធនេះ ដែលលោកនឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រជាពលរដ្ឋនៅក្នុងសហគមន៍បឹងកក់ បានបញ្ជាក់នៅក្នុងញត្តិជូនលោកអគ្គលេខាធិការ Ban Ki-moon ថា ប្រជាពលរដ្ឋចំនួន៣.២០០គ្រួសារនៅក្នុងសហគមន៍បឹងកក់ស្នើសុំឯកឧត្តមជួយអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន និងដីធ្លីដោយបំពាន។
ញត្តិនេះ បានអំពាវនាវដល់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិឲ្យជួយអន្តរាគមន៍ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងច្បាប់អន្តរជាតិនានា ជាពិសេសសន្ធិសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងអនុសាសន៍រួមស្តីពីសិទ្ធិលំនៅដ្ឋាន និងការបណ្តេញចេញដោយបង្ខំ។
មន្ត្រីអង្គការ UNDP បានទទួលយកសំណើរបស់ប្រជាពលរដ្ឋសហគមន៍បឹងកក់និងបានថ្លែងថា សំណើនេះ នឹងបញ្ចូនទៅការិយាល័យរបស់លោក Ban Ki-moon។
អ្នកស្រី គង់ ចាន់ថា អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ២៤ នៃសហគមន៍បឹងកក់ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ទាំងអស់ចង់ជួបជាមួយលោក Ban Ki-moon ឲ្យជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបឹងកក់ ដែលរងគ្រោះពីការបណ្តេញចេញដោយបង្ខំ។
«ខ្ញុំយកញាត្តិមកដាក់នេះ មានគោលបំណង (ពួកខ្ញុំមានគំរាមគំហែងការបណ្តេញចេញពីមូលដ្ឋាន) សំណូមពរឱ្យឯកឧត្តម Ban Kimoon ជួយរកយុត្តិធម៌ឱ្យពួកខ្ញុំ»។
អ្នកស្រី អ៊ឹង ណាវី អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិ២៤នៃសហគមន៍បឹងកក់ បានបញ្ជាក់ថា ប្រជាពលរដ្ឋ នៅសហគមន៍បឹងកក់កំពុងតែជួបប្រទះនូវការរងគ្រោះ និងការបណ្តេញចេញព្រមទាំងចង់ជួបជាមួយ លោក Ban Ki-moon ដើម្បីឱ្យលោកជួយប្រជាពលរដ្ឋទាំងអស់ឱ្យរួចផុតពីការបណ្តេញចេញដោយបង្ខំ។
«ខ្ញុំនឹងមានលទ្ធភាពជួបជាមួយលោកអគ្គលេខាធិការ Ban Ki-moon ផ្ទាល់តែម្តង ដើម្បីផ្តល់ឯកសារ មួយចំនួនជូនលោក និងរៀបរាប់ប្រាប់លោកអំពីបញ្ហាដែលខ្ញុំប្រឈមមុននឹងទុក្ខវេទនា ត្រូវបានគេរំលោភបំពាន និងការបណ្តេញចេញពីដីលំនៅដ្ឋានរបស់ពួកខ្ញុំ»។
ប្រជាពលរដ្ឋ បានលើកបដាដោយបញ្ជាក់ថា ប្រជាពលរដ្ឋនៅសហគមន៍បឹងកក់ស្ថិតនៅក្រោមការគំរាមគំហែងទាមទារសុំជួបជាមួយលោក Ban Ki-moon។
បដានេះ បានបន្ថែមថា សូមលោកជួយធ្វើអន្តរាគមន៍ទៅលោកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបញ្ឈប់ការបណ្តេញ និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំពីផ្ទះសម្បែង។
លោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃពុធ ដើម្បីជួបជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនឹងទស្សនាសាលាក្តីខ្មែរក្រហម សារៈមន្ទីរប្រល័យពូជ សាសន៍ទួលស្លែង និងមន្ទីរទេព្យមិត្តភាពកម្ពុជា-សូរៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍៕