ភ្នំពេញ៖ អ្នករស់នៅតំបន់បឹងកក់បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយធ្វើអន្តរាគមន៍ដោះស្រាយទឹកលិចផ្ទះសម្បែងរបស់ពួកគាត់ ដោយសារការបូមខ្សាច់ចាក់បំពេញបឹងកក់សម្រាប់ធ្វើការអភិវឌ្ឍន៍ទីក្រុងទំនើប។ ចំពោះការប្រឈមនឹងទឹកជំនន់លិចផ្ទះនេះ ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ជាឲ្យក្រុមហ៊ុនផ្អាកការបូមខ្សាច់ និងបូមទឹក ដើម្បីជៀសវាងការលិចលង់នេះ។ អាជ្ញាធរបានយកសំណើនេះទៅពិនិត្យ និងដោះស្រាយហើយ។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ប្រមាណ១៥០នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខសាលារាជធានីភ្នំពេញនៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យអាជ្ញាធរផ្អាកបូមខ្សាច់ចាក់បំពេញបឹង និងបូមទឹកចេញពីបឹង ដើម្បីជៀសវាងទឹកជន់លិចផ្ទះសម្បែងរបស់ពួកគាត់។
នៅក្នុងឆ្នាំ២០០៧ អាជ្ញាធររាជធានីភ្នំពេញបានផ្តល់កិច្ចសន្យារយៈពេល៩៩ឆ្នាំ ដែលមានទឹកប្រាក់ចំនួន៧៩លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុន Shukaku Inc របស់លោកឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់បឹងកក់ឱ្យក្លាយជាទីក្រុងទំនើប ដូចជាកសាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលរួមមានរមណីយដ្ឋាន ហាងលក់ទំនិញ សណ្ឋាគារ ផ្ទះទំនើបៗ សាកលវិទ្យាល័យ មន្ទីរពេទ្យ និងតំបន់បៃតង់។
ក្រុមហ៊ុនShukaku Inc បានបូមខ្សាច់ចាក់បំពេញបឹងកក់លើដីទំហំ១៣៣ហិចតា ដែលបានប៉ះពាល់ ដល់ភូមិនានានៅជុំវិញបឹងកក់ បានធ្វើឱ្យបាត់បង់មុខរបរ និងបង្កឲ្យមានទឹកជំនន់សម្រាប់ប្រជាពលរដ្ឋជាង៣០០០គ្រួសារ។
ប្រជាពលរដ្ឋនៅតំបន់បឹង ដែលរួមមានកូនក្មេងជាច្រើន បានលើករូបថតរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងរូបថតរបស់លោកជំទាវប៊ុនរ៉ានី ហ៊ុន សែន ដោយស្រែកសុំឱ្យជួយអន្តរាគមន៍ចំពោះទឹកជំនន់លិចផ្ទះរបស់ពួកគាត់។
លោកស្រីលី មុំ អាយុ៤៦ឆ្នាំ ដែលមានកូនបីនាក់ និងរស់នៅក្នុងភូមិ២៤ បាននិយាយថា អ្នករស់នៅតំបន់បឹងកក់កំពុងតែទទួលរងនូវទឹកជន់លិចចូលទៅក្នុងផ្ទះជម្រៅត្រឹមជង្គង់ និងការរស់នៅគ្មានអនាម័យ ដោយសារបង្គន់ និងលូបានស្ទះ។
«ផ្ទះចំនួនជាង២០០០គ្រួសារត្រូវទឹកលិច ហើយឥឡូវ យើងមកទាមទារឱ្យសាលាក្រុងផ្អាកបូមខ្សាច់បំពេញបឹង ហើយសុំឲ្យបូមទឹកចេញពីបឹង ពីព្រោះឥឡូវ យើងដេកអត់បានទេ។ ទឹកចូលមកដល់ក្នុងផ្ទះត្រឹមជង្គង់ និងរបស់របរសើមអស់ហើយ។ ទឹកឡើងដូចទន្លេអញ្ចឹងនៅក្នុងផ្ទះ»។
លោកស្រីទី ពិសី អាយុ៣២ឆ្នាំ មានកូនបីនាក់រស់នៅក្នុងភូមិមួយ បានបញ្ជាក់ថា លោកស្រីកំពុងប្រឈមនឹងការរស់នៅយ៉ាងលំបាក ដូចជាការស្ទះបង្គន់ និងលូ ជាពិសេសកូនតូចៗរបស់លោកស្រីប្រឈមនឹងការកើតជម្ងឺសើរស្បែក និងលទ្ធភាពនៃការលង់ទឹក និងការឆក់ខ្សែភ្លើង។
«ទឹកបានជន់លិចក្នុងផ្ទះរបស់លោកស្រីជម្រៅកន្លះម៉ែត្រ ហើយអ្នកស្រីមិនអាចប្រកបរបរ គ្មានកន្លែងដេក ដើរលុយទឹកត្រឹមជង្គង់ បង្គន់ស្ទះ និងកើតរមាស់។ ទឹកជន់លិចផ្ទះនេះបានធ្វើឱ្យយើងពិបាករស់នៅ»។
លោកស្រីហួត ប៊ុតឌី អាយុ៤៤ឆ្នាំ មានកូនបួននាក់ និងរស់នៅក្នុងភូមិ២០ បានថ្លែងថា អ្នកភូមិបឹងកក់គ្រប់រូបត្រូវការជំនួយ និងអន្តរាគមន៍ពីអាជ្ញាធររាជធានីភ្នំពេញ ដើម្បីជួយបូមទឹកចេញពីបឹងកក់កុំឱ្យលិចផ្ទះ។
«ផ្ទះរបស់ខ្ញុំជន់លិចត្រឹមជង្គង់ ទឹកចូលក្នុងផ្ទះត្រឹមជង្គង់។ យើងមានការព្រួយបារម្ភខ្លាចក្អែប ខ្ទួយ និងពស់។ ពេលទឹកជន់លិចនេះ យើងប្រឈមនឹងការស្ទះលូ និងបង្គន់ ដែលធ្វើឱ្យយើងពិបាកបទដៃបទជើង។ សាលាក្រុងជាម៉ែជាឪជួយប្រជាពលរដ្ឋផង។ កុំគិតគូរតែរឿងប្រយោជន៍ក្រុមហ៊ុនខ្លាំងពេក ព្រោះប្រជាពលរដ្ឋរស់នៅពឹងផ្អែកលើអាជ្ញាធរដែនដី»។
លោកសែន សុខកុសល នាយរងនៃទីចាត់ការច្បាប់ និងសិទ្ធិមនុស្សនៅសាលារាជធានីភ្នំពេញ បាន ថ្លែងថា យើងបានទទួលយកសំណើរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ទៅជូនលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ដើម្បីពិនិត្យ និងដោះស្រាយ៕