ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ភូមិ​បឹង​កក់​ទាមទារ​សំណង​បន្ថែម


បុរស​ម្នាក់​ឈរ​នៅ​​​សំណល់​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​រុះរើ​ចោល​នៅ​ក្បែរ ​បឹងកក់​ក្នុង​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១។ រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្រោម​សម្ពាធ​ពី​ធនាគារ​ពិភពលោក បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​​ទុក​បម្រុង​ដី​ទំហំ​១
បុរស​ម្នាក់​ឈរ​នៅ​​​សំណល់​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​រុះរើ​ចោល​នៅ​ក្បែរ ​បឹងកក់​ក្នុង​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១។ រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្រោម​សម្ពាធ​ពី​ធនាគារ​ពិភពលោក បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​​ទុក​បម្រុង​ដី​ទំហំ​១

អតីត​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹង​កក់​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​ការ​តវ៉ា​លើក​មុន​មិន​បាន​សម្រេច។ ការ​តវ៉ា​លើក​នេះ​បាន​ប្រើ​ប្រាស់​ពេល​វេលា​ចំនួន​បី​ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដើម្បី​ទាម​ទារ​សាលា​ក្រុង​ភ្នំពេញ និង​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​ផ្តល់​សំណង​បន្ថែម​ចំនួន​២០.០០០ដុល្លារ​ក្នុង​មួយ​គ្រួសារ។ ពួក​គេ​និយាយ​ថា គេ​ព្រម​ទទួល​សំណង​លើក​មុន​ដោយសារ​ការគំរាម​កំហែង និង​បង្ខិត​បង្ខំ។

នៅ​ក្នុង​រង្វង់​ខ្សែ​មួយ​ដែល​ចង​ព័ទ្ឋ​ជុំ​វិញ​ក្រោម​ម្លប់​ដើម​ឈើ​តូចៗ និង​មាន​ការ​តាម​ឃ្លាំ​មើល​ពី​កម្លាំង​សម្ថកិច្ច​ប្រមាណ​ជាង​២០​នាក់​ក្រុម​អ្នក​ស្រុក​បាន​ឈរ​កាន់​បដារូប​ថត​លោក​នាយរដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​ភរិយា​របស់​លោក និង​រូប​ព្រះឆាយាល័ក្ខណ៍​សម្តេចឪ​សម្តេច​ម៉ែ​ព្រម​ទាំង​ពាក្យ​ស្លោក​ដែល​រិះ​គន់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

«ត្រូវ​តែ​មាន​តម្លាភាព និង​យុត្តិ​ធម៌​ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​នៅ​តំបន់​បឹង​កក់»។

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៤.០០០​គ្រួសារ​កាល​ពី​អំឡុង​ឆ្នាំ​២០០៨​បាន​ចាក​ចេញ​ពី​តំបន់​បឹង​កក់​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ខុសៗ​គ្នា​ដោយ​គ្រួសារ​ខ្លេះ​ទទួល​សំណង​១.០០០​ដុល្លារ​ ហើយ​គ្រួសារ​ខ្លះ​ទទួល​បាន​៨.០០០​ដុល្លារ និង​ទឹក​ប្រាក់​ចំនួន​២​លាន​រៀល។

លោក​ស្រី​ សំ វណ្ណា​អាយុ​៥០​ឆ្នាំ​ដំណាង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​និយាយ​ថា​សំណង​ដែល​ផ្តល់​កន្លង​មក​បាន​ធ្វើ​ឡើង​តាម​ការ​បង្ខិត​បង្ខំ​និង​គំរាម​កំហែង។ លោក​ស្រី​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​មិន​អាច​យក​ប្រាក់​ទាំង​នេះ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជី​វិត​បាន​ទេ​ហើយ​ការ​តវ៉ា​របស់​ពួក​យើង​នៅ​ថ្ងៃ​នេះ​គឺ​ចង់​ទាមទារ​ដល់​សាលា​ក្រុង​និង​ក្រុម​ហ៊ុន​ស៊ូការគូអ៊ីន​ឲ្យ​ផ្តល់​សំណង​បន្ថែម​រហូត​ដល់​២.០០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ។

«អ្នក​ខ្លះ​បាន​ត្រឹម​៤.០០០ អ្នក​ខ្លះ​រុះ​រើ​ទៅ​ក៏​អត់​បាន​លុយ​ដែរ។ អញ្ចឹង​ហើយ​ពួក​យើង​ខ្ញុំ​មក​នេះ​ដើម្បី​ឲ្យ​រាជរដ្ឋា​ភិបាល​ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​ចំពោះ​អ្នក​ចាក​ចេញ»។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​ពី​តំបន់​បឹង​កក់​បាន​ទៅ​រស់​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ជាយ​ក្រុង​ភ្នំពេញ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​និង​មាន​អ្នក​ខ្លះ​ទៅ​រស់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

អ្នក​ស្រី​ដួង ម៉ារីន អាយុ​៥៩​ឆ្នាំ​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើម​ឈើ​មួយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ហើយ​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​បូរី​សន្តិភាព​ពីរ​ក្នុង​ខ័ណ្ឌ​ដង្កោ​បាន​និយាយ​ថា​ប្រជា​ពលរដ្ឋ​មាន​ជី​វភាព​ដុនដាប​បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​តំបន់​បឹងកក់។​ អ្នក​ស្រី​បាន​និយាយ​ថា អ្នក​ស្រី​បាន​ទទួល​សំណង​ជា​ផ្ទះ​មួយ​ល្វែង​៤មគុណ​នឹង​១២​ក៏​ប៉ុន្តែផ្ទះ​នេះ​គ្មាន​គុណភាព។

«ផ្ទះ​ហ្នឹង​វា​ពុក​ឥឡូវ​ដំបូល​វាផ្ទុះ​ហើយ។ ដូច​ជ្រាប​ស្រាប់​ហើយ​សុទ្ឋ​តែ​កម្មករ​អ្នក​ទូល​កញ្ច្រែង​គ្មាន​លុយ​ជួស​ជុល​ទេ។ មួយ​រដូវ​ភ្លៀង​ហ្នឹង​វា​លិច​ហើយ​ឡើង​ប្រេះ​ខ្មៅៗ​អស់​ហើយ»។

លោក កើត ឆែ​ នាយក​រង​រដ្ឋបាល​សាលា​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​អតិត​រស់​នៅ​តំបន់​បឹង​កក់​ទេ។

«ខ្ញុំ​សួរ​បង​ឯង​វិញ បើ​បង​ឯង​អត់​ដឹង​រឿង បង​ឯង​ឆ្លើយ​យ៉ាង​ម៉េច​ដែរ។ រឿង​ហ្នឹង​គាត់​ប្រគល់​ឲ្យ​សាលា​ខ័ណ្ឌ​ប្រជុំ​ធ្វើ​ម៉េច​ខ្ញុំ​ដឹង​ទៀត»។

លោក​ សុខ ពេញ​វុធ អភិបាល​រង​ខ័ណ្ឌ​ដូន​ពេញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​បាន​និយាយ​ថា ​កំពុង​ជាប់​រវល់​ប្រជុំ។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ដែល​បាន​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទាំង​អាជ្ញាធរ ទាំង​ក្រុម​ហ៊ុន​ ទោះ​បី​ជា​ពួក​គេ​រស់​នៅ​តំបន់​ណា​ក៏​ដោយ​ត្រូវ​តែ​ផ្តល់​ជីវភាពឲ្យ​ដលើ​កម្រិតដើម​របស់​ពួកគេ​វិញ​នៅ​ពេល​មាន​ការ​បណ្តេញ​ចេញ​ពី​កន្លែង​ចាស់។

«គេ​ធ្លាប់​រស់​នៅ​ស្រួល​ត្រឹម​ណា​គឺ​ប្រញាប់​ប្រញាល់​អភិវឌ្ឃន៍​កន្លែង​ហ្នឹង​ដើម្បី​ឲ្យ​ជី​វភាព​រស់​នៅ​របស់​ពួកគេ​រស់​នៅ​ឲ្យ​បាន​ស្រួល​ដូច​ដើម​វិញ​បើ​មិន​បាន​ប្រសើរ​ជាង​ទេ។ នេះ​គោលការណ៍​សុភមង្គល​របស់​ប្រជា​ពលរដ្ឋ»។

ក្រុម​ហ៊ុន​ស៊ូ​ការ​គូអ៊ីន​បាន​ជួល​ដី​បឹងកក់​ពី​សាលា​ក្រុង​ភ្នំពេញ​រយៈ​ពេល​៩៩​ឆ្នាំ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឃ​ឲ្យ​ទៅ​ជា​មជ្ឃមណ្ឌល​ពាណិជ្ជ​កម្ម​សណ្ឋាគារ និង​ផ្ទះ​សម្បែង​ក៏​ប៉ុន្តែការ​អភិវឌ្ឃ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​ពួកគេ​ដែល​ធ្លាប់​រស់​នៅ​បឹងកក់​បាន​ធ្លាក់​ខ្លួន​ក្រ​និង​ខ្វះ​ទី​ជម្រក​សមរម្យ៕

XS
SM
MD
LG