ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​មេដឹកនាំ​អ្នក​ភូមិ​បឹងកក់


អ្នក​ភូមិ​បឹងកក់​ប្រមាណ​ជា​៣០០​នាក់​ បាន​បិទ​ផ្លូវ​ចរាចរណ៍​ដ៏​មមា​ញឹក​មួយ​នៅ​ពី​មុខ​សាលាក្រុង​ភ្នំពេញ​ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​សាលា​ក្រុង​ភ្នំពេញ ​ដែល​មិន​បាន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​ចុះ​វាស់​កំណត់​ព្រំ​ដី​ចំនួន​ជាង​១២,៤៤​ហិកតា​ដែល​លោក​
អ្នក​ភូមិ​បឹងកក់​ប្រមាណ​ជា​៣០០​នាក់​ បាន​បិទ​ផ្លូវ​ចរាចរណ៍​ដ៏​មមា​ញឹក​មួយ​នៅ​ពី​មុខ​សាលាក្រុង​ភ្នំពេញ​ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​សាលា​ក្រុង​ភ្នំពេញ ​ដែល​មិន​បាន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​ចុះ​វាស់​កំណត់​ព្រំ​ដី​ចំនួន​ជាង​១២,៤៤​ហិកតា​ដែល​លោក​

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្រេច​ដោះលែង​អ្នក​ភូមិ​បឹងកក់​ចំនួន​បួន​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក៏​ប៉ុន្តែ​ដោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។

អ្នក​ភូមិ​បឹងកក់​ចំនួន​បួន​នាក់​ដែល​រួម​មាន​អ្នកស្រី ​ទេព ​វណ្ណី ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ អ្នកស្រី​ ហេង​ មុំ ​អ្នកស្រី ​គង់ ​ចាន់ថា ​និង​បូ ​ឆវី ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​រួច​ហើយ​បាន​យក​ទៅ​ឃុំឃាំង​នៅ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ។

ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់​ប្រមាណ​ជា​៣០០​នាក់​ បាន​បិទ​ផ្លូវ​ចរាចរណ៍​ដ៏​មមា​ញឹក​មួយ​នៅ​ពី​មុខ​សាលាក្រុង​ភ្នំពេញ​ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​សាលា​ក្រុង​ភ្នំពេញ ​ដែល​មិន​បាន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​ចុះ​វាស់​កំណត់​ព្រំ​ដី​ចំនួន​ជាង​១២,៤៤​ហិកតា​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​ធ្វើ​ប្រទានកម្ម​ដល់​ប្រជាពលដ្ឋ​ចំនួន​៧៩៤​គ្រួសារ​ រស់​នៅ​តំបន់​បឹង​កក់​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ។

លោក ​ឆែ ​វីរៈ ​ចៅក្រម​នៃ​តុលាការ​ក្រុងភ្នំពេញ ​បាន​និយាយ​ថា​តុលាការ​បាន​សម្រេច​ដោះលែង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ទាំង​បួន​នាក់​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​ហើយ​ ក៏ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ទេ។

លោក​ ឯក​ ឆេងហួត ​ព្រះរាជអាជ្ញារង​នៃ​តុលាការ​ក្រុង​បាន​និយាយ​ថា ​ប្រជាពលរដ្ឋ​ទាំង​បួន​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជេរប្រមាថ ​តាម​មាត្រា​ទី​៥០២ ​និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ​តាម​មាត្រា​ទី​៥០៤ ​នៃ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី។

«គេ​ដាក់​គាត់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ ​តាម​ដាន​របស់​តុលាការ»។

ស្ត្រី​អ្នក​ភូមិ​បឹងកក់ម្នាក់​ស្រែក​យំ​ក្នុង​អំឡុងការ​តវ៉ា​កាល​ពី​ថ្ងៃ​ច័ន្ទ។
ស្ត្រី​អ្នក​ភូមិ​បឹងកក់ម្នាក់​ស្រែក​យំ​ក្នុង​អំឡុងការ​តវ៉ា​កាល​ពី​ថ្ងៃ​ច័ន្ទ។

ប្រជាពលរដ្ឋ​ទាំង​បួន​រូប​ បន្ទាប់​ពី​បាន​ដោះលែង​ឲ្យ​នូវ​ក្រៅ​ឃុំ​ ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រជាពលរដ្ឋ​ដែល​ឈរ​ចាំ​រួច​ជា​ស្រេច​នៅ​ពី​មុខ​តុលាការ​ក្រុង។ ស្វាមី​របស់​អ្នក​ភូមិ​ទាំង​បួន​រូប​ បាន​បំពាក់​កំរង​ផ្កា​ដល់​ភរិយា​របស់​ពួក​គេ ​បន្ទាប់​ពី​បាន​ដើរ​ចេញ​ពី​អគារ​តុលាការ​ និង​មាន​ការ​ប្រោះ​ទឹក​មន្ត​ដោយ​ព្រះតេជគុណ ​លួន សាវ៉ាត។

អ្នកស្រី ​ទេព វណ្ណី ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ថ្វី​បើ​អ្នកស្រី​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ក៏​ពិត​មែន ​ក៏ប៉ុន្តែ​មិន​អាច​បន្ទុច​បង្អាក់​ដល់​ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់​ ដើម្បី​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ក្នុង​ដី​ទំហំ​ជាង​១២​ហិកតា​នោះ​បាន​ទេ។

«ចា! ​ប្រជាពលរដ្ឋ​គាត់​នៅ​តែ​មាន​គម្រោង​រហូត​ប្រសិន​បើ​មន្ត្រី​អាជ្ញាធរ​មិន​ផ្តល់​ភាព​យុត្តិធម៌​ដល់​គាត់។ ហើយ​គាត់​មាន​សិទ្ធិ​រស់​នៅ​លើ​ដី​១២​ហិកតា​ទាំង​អស់​គ្នា​ហ្នឹង​ គាត់​មិន​បញ្ឈប់​ឡើយ។​ គាត់​មិន​ខ្លាច​ស្លាប់​ទេ។ គាត់​មិន​ខ្លាច​ទុក្ខ​ទេ។ ​អ្វី​ដែល​គាត់​ខ្លាច​នោះ​គឺ​ខ្លាច​បាត់បង់​ផ្ទះ​របស់​គាត់។​ គាត់​ខ្លាច​បាត់បង់​សិទ្ធិ​សេរីភាព​រស់​នៅ​របស់​ពួក​គាត់»។

មន្ត្រី​នគរបាល​មួយ​ក្រុមរក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៍និងអ្នកតវ៉ា​នៅ​តាម​បណ្តាយ​មហាវិថី​ព្រះមុន្នីវង្ស​នៅ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ។
មន្ត្រី​នគរបាល​មួយ​ក្រុមរក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៍និងអ្នកតវ៉ា​នៅ​តាម​បណ្តាយ​មហាវិថី​ព្រះមុន្នីវង្ស​នៅ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ។

លោក ​ជីង​ លីដា ​មេធាវី​ការពារក្តី​ប្រជាពលរដ្ឋ​ទាំង​បួន​រូប ​បាន​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​នេះ​ ក៏ប៉ុន្តែ​លោក​នឹង​តាម​ឃ្លាំ​មើល​រឿង​ក្តី​នេះ​បន្ត​ទៅ​ទៀត។

«ប្រសិន​បើ​មាន​ការ​ឃាត់​ខ្លួន ​មាន​ការ​វាយដំ​ប្រើ​ហិង្សា​ទៅ​លើ​គាត់ អាហ្នឹង​រំលោភ​ទៅ​លើ​សិទ្ធិ​ការ​បញ្ចេញ​មតិ​របស់​គាត់​ហើយ»។

លោក ​អំ ​សំអាត ​មន្ត្រី​ផ្នែក​ស៊ើប​អង្គេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​មាន​ប្រសាសន៍​ថា​ ការ​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​របស់​ប្រជាពលរដ្ឋ ​ក៏ប៉ុន្តែ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នេះ​ គឺ​ជា​សម្ពាធ​មួយ​ទៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ទាំង​បួន​រូប​នៅ​ពេល​ដែល​ពួក​គេ​ហ៊ាន​តស៊ូ​មតិ​នៅ​ពេល​ក្រោយ ​ដោយសារ​តែពួក​គេ​បាន​បំពេញ​លក្ខខណ្ខ​នៅ​ក្នុង​តុលាការ។

«ខ្ញុំ​គិត​ថា​នេះ​ហើយ​ វា​តែង​តែ​ការ​រិះគន់​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញមតិ ​នៅ​ប្រទេស​កម្ពុជា​យើង។ វា​មាន​ភាព​រឹតត្បិត​បាទ! ដោយ​ការ​តស៊ូ​មតិ​ខ្លះ​ត្រូវ​បាន​រង​នូវ​ការ​ប្រើប្រាស់​នូវ​អំពើ​ហិង្សា»។

មុន​ពេល​ដែល​តុលាការ​សម្រេច​ដោះលែង​ប្រជាពលរដ្ឋ​ទាំង​បួន​រូប​ អ្នក​ភូមិ​បឹងកក់​ ប្រមាណ​ជា​ជិត​១០០​នាក់​នៅ​ថ្ងៃ​អង្គារ​នេះ ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​បាន​ប៉ះ​ទង្គិច​គ្នា​សារ​ជាថ្មី​ម្តង​ទៀត​ ជាមួយ​នឹង​អាជ្ញាធរ​ប៉ូលិស​ ដែល​ប្រដាប់​ដោយ​អាវុធ ​និង​ខែល​ ក៏ប៉ុន្តែ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ៕

XS
SM
MD
LG