ភ្នំពេញ៖ អ្នកភូមិបឹងកក់បានបន្ដការតស៊ូរបស់ខ្លួនទៀតនៅថ្ងៃច័ន្ទនេះ ដើម្បីស្វែងរកការដោះស្រាយមួយសមស្របសម្រាប់ការបណ្ដេញពួកគេចេញពីលំនៅដ្ឋាន។ ពួកគាត់បានចាប់ផ្ដើមធ្វើការតវ៉ារយៈពេលមួយសប្ដាហ៍ដោយទាមទារឲ្យមានការចរចាឡើងវិញជាមួយក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍តំបន់បឹងកក់នេះ។
ការតវ៉ានេះធ្វើឡើងដោយអ្នកភូមិប្រមាណ២០០នាក់នៃតំបន់បឹងកក់ ទីដែលមានទំនាស់ដ៏ល្បីល្បាញដោយបានប្រមូលផ្តុំគ្នាធ្វើការតវ៉ាជាលើកដំបូងនៅលើទីលានប្រជាធិបតេយ្យក្រុងភ្នំពេញ។
ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ទទួលសិទ្ធិវិនិយោគនៅតំបន់បឹងកក់ដែលមានទំហំសរុប១៣៣ហិកតាដើម្បីអភិវឌ្ឍតំបន់ស្រូបទឹកជំនន់ដ៏ធំរបស់ក្រុងភ្នំពេញនេះឲ្យទៅជាមណ្ឌលពាណិជ្ជកម្មនិងសំណង់ទំនើប។
ប្រជាពលរដ្ឋចំនួនជាង៤.០០០គ្រួសារតម្រូវឲ្យចាកចេញពីតំបន់ដែលពួកគេកំពុងរស់នៅដោយផ្តល់សំណងដែលពួកគេអះអាងថាមិនសមស្របទៅតាមតម្លៃទីផ្សារនោះទេ។
ការតវ៉ានឹងត្រូវអូសបន្លាយរយៈពេលពេញមួយសប្តាហ៍នេះដើម្បីស្វែងរកដំណោះស្រាយមួយសមរម្យដែលក្រុមប្រជាពលរដ្ឋចង់ឲ្យក្រុមហ៊ុនទិញដីរបស់ពួកគេនៅក្នុងតម្លៃ១.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬក៏ត្រូវផ្តល់ឲ្យពួកគេនូវដីទំហំ១៥ហិកតាសម្រាប់ចែកគ្នារស់នៅដើម្បីជៀសវាងការចាកចេញពីតំបន់ជម្លោះនេះ។
អ្នកស្រីសំ វណ្ណា តំណាងសហគមន៍បឹងកក់មួយបាននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មានដោយទទូច ឲ្យមានការចរចារកដំណោះស្រាយសម្រាប់ក្រុមប្រជាពលរដ្ឋ។
«សូមឲ្យគាត់ចុះមកចរចាជាមួយប្រជាពលរដ្ឋយើងក្នុងតំបន់បឹងកក់។ ចំណុចទីមួយបើសិនជាគាត់មិន ចរចាតម្លៃក្នុងមួយម៉ែត្រក្រឡា ១.៥០០ ដុល្លារទេ ពួកយើងខ្ញុំនឹងសុំ១៥ ហិកតា ដើម្បីធ្វើការអភិវឌ្ឈន៍ ដោយខ្លួនឯង។ យើងខ្ញុំនឹងសុខចិត្តស្លាប់នៅក្នុងតំបន់បឹងកក់នេះតែម្ដង»។
តំបន់បឹងកក់មានភូមិចំនួនប្រាំពីរ ប្រជាពលរដ្ឋប្រមាណជា២.០០០គ្រួសារនៅក្នុងចំណោមជាង ៤.០០០គ្រួសារបានយល់ព្រមចាកចេញថ្វីបើពួកគេអះអាងថាសំណងសម្រាប់ពួកគេមិនបានសមរម្យគឺពួកគេទទួលបានផ្ទះល្វែងទំហំ បួន គុណនឹងដប់ពីរម៉ែត្រ ឬក៏ទទួលបានជាប្រាក់សំណងចំនួន៨.០០០ និង ២.០០០.០០០រៀល ។
ក្រុមអ្នកភូមិដែលក្រាញននៀលបានលើកឡើងថាពួកគេចង់បន្តរស់នៅទីនេះដោយសារតែទីតាំងថ្មីមានចម្ងាយរហូតទៅដល់ជាង២០គីឡូម៉ែត្រពីទីតាំងសព្វថ្ងៃ។
អ្នកភូមិលើកឡើងថាទីតាំងថ្មីពុំមានសាលារៀន គ្មានមន្ទីរពេទ្យនិងធ្វើឲ្យពួកគេពិបាកនិងស្វែងរកមុខរបបសម្រាប់ចិញ្ចឹមជីវិត។
ក្រមអ្នកតវ៉ាបានស្រែកដាក់ឧបករណ៍បំពងសំឡេងស្វែងរកជំនួយពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលនេះ គឺជាការដង្ហោយហៅដោយពុំមានការធ្វើអន្តរាគមន៍ណាមួយនោះទេ។ ពួកគេអំពាវនាវស្វែងរកជំនួយពីអតីតព្រះមហាក្សត្រនរោត្តម សីហនុ និងមេដឹកនាំពីបណ្តាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ជប៉ុន វៀតណាម ចិន និងប្រទេសមួយចំនួនទៀតដើម្បីជួយដល់ពួកគេតាមរយៈការលើកត្រដាងទង់ជាតិនៃប្រទេសទាំងនោះ។
លោកប៉ា សុជាតិវង្ស អភិបាលរងក្រុងភ្នំពេញ ដែលទទួលបន្ទុកកិច្ចការនេះ មិនអាចទាក់ទងសុំសេចក្តីបំភ្លឺបានទេ។ដោយឡែកលោកឡៅ វ៉ាន់ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ស៊ូកាគូ អ៊ីន មានប្រសាសន៍ថា នេះជាការទូរស័ព្ទច្រឡំលេខ។
ប្រជាពលរដ្ឋនៅតំបន់បឹងកក់បានលើកឡើងថា ពួកគេនឹងព្យាយាមស្វែងរកការចរចាជាមួយក្រុមហ៊ុន និងរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបណ្តេញចេញនេះនិងដើម្បីទទួលបានការអភិវឌ្ឍមួយនៅហ្នឹងកន្លែង។
ក៏ប៉ុន្តែលោកអ៊ុច ឡេង មន្រ្តីកម្មវិធីដីធ្លីរបស់អង្គការការពារសិទ្ធិមនុស្សADHOC អះអាងថា លោកមិនមានជំនឿថា ក្រុមហ៊ុន និងរដ្ឋាភិបាល នឹងធ្វើអន្តរាគមន៍សម្រាប់ដោះស្រាយបញ្ហានេះទេ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ស្តីអំពីបញ្ហាដីធ្លីរបស់អង្គការADHOC បង្ហាញថាប្រជាពលរដ្ឋជិត៣០.០០០គ្រួសារ បានទទួលរងគ្រោះដោយសារតែទំនាស់ដីធ្លីនៅទូទាំងប្រទេសកម្ពុជា៕