វ៉ាស៊ីនតោន៖ ការសិក្សាថ្មីមួយបានបង្ហាញថា ក្នុងរយៈពេល២០ឆ្នាំខាងមុខ ការខ្វះខាតទឹក អាចបង្កឲ្យមានភាពចលាចលនៅក្នុងប្រទេសជាជាងរវាងប្រទេសនិងប្រទេសនៃតំបន់មជ្ឈឹមបូព៌ា។ ទោះបីជាជម្លោះលើបញ្ហាទឹកស្ទើរតែបណ្តាលឲ្យកើតមានសង្រ្គាម រវាងប្រទេសនៅក្នុងតំបន់នេះ កាលពីអតីតកាលក៏ដោយ ក៏ក្រុមអ្នកការទូតបានធ្វើអន្តរាគមន៍ ដើម្បីរក្សាភាពតានតឹងឲ្យស្ថិតក្នុងកម្រិតអប្បរមា។
កាលពីអតីតកាល ក្រុមអ្នកសិក្សាស្រាវជ្រាវស្តីពីកិច្ចការមជ្ឈឹមបូព៌ា ជាញឹកញយបាន ចង្អុលបង្ហាញថា ការប្រើប្រាស់អាងទន្លេស្តុកទឹករួម និងជម្លោះអំពីសិទ្ធិកាន់កាប់ប្រភពទឹកក្រោមដី គឺជាមូលហេតុនៃសក្តានុពលជម្លោះរវាងប្រទេសនិងប្រទេស។ រឿងនេះមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថា ប្រទេសចំនួន១០ក្នុងចំណោមប្រទេសចំនួន១៥ ដែលខ្សត់ខ្សោយទឹកខ្លាំងបំផុតនៅលើពិភពលោកស្ថិតនៅក្នុងតំបន់នេះ។ ប៉ុន្តែ យោងតាមការសិក្សាថ្មីមួយដោយមជ្ឈមណ្ឌលសិក្សាកិច្ចការអន្តរជាតិ និងយុទ្ធសាស្ត្រ CSIS ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី វ៉ាស៊ីនតោនការផ្គត់ផ្គង់ទឹកក្រោមដីដែលមានកំណត់នៅក្នុងប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា គឺជាការប្រឈមបន្ទាន់មួយ។ លោក ចន អលធ័រមែន (Jon Alterman) នាយកកម្មវិធីកិច្ចការតំបន់មជ្ឈឹមបូព៌ា នៅឯមជ្ឈមណ្ឌល CSIS និងជាអ្នកនិពន្ធនៃការសិក្សាថ្មីនេះនិយាយថា ទឹកគឺជាផ្នែកជាមូលដ្ឋានមួយនៃកិច្ចសន្យាក្នុងសង្គមក្នុងបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា។
«ទឹកគឺជាចំណុចចងដ៏សំខាន់នៅក្នុងកិច្ចការរដ្ឋាភិបាលនៃប្រទេសទាំងនោះ។ ទឹកគឺជាវិធីមួយដើម្បីផ្តល់រង្វាន់ដល់ប្រជាពលរដ្ឋ។ ទឹកគឺជាវិធីមួយក្នុងការកសាងភក្តីភាព ហើយទឹកគឺជាសញ្ញាមួយដែលបង្ហាញថា រដ្ឋាភិបាលពិតជាអាចសម្រេចកិច្ចការ។ ប្រសិនបើបាត់បង់ទឹក បញ្ហាគ្រប់បែបយ៉ាងដែលរក្សារដ្ឋាភិបាលឲ្យនៅស្ថិតស្ថេរ ក៏នឹងត្រូវបាត់បង់ផងដែរ។ នេះគឺជាបញ្ហាជាមូលដ្ឋានសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋដែលរស់នៅក្រោមរដ្ឋាភិបាលទាំងនេះ»។
លោក អលធ័រមែន បានអះអាងថា បញ្ហាទឹកនៅក្នុងតំបន់មជ្ឈឹមបូព៌ាកើតចេញមកពី «បដិវត្តន៍បៃតង» ដែលបានវាយប្រហារតំបន់នេះក្នុងចន្លោះឆ្នាំ១៩៨០ និង១៩៩២។ នៅក្នុងរយៈកាលនោះ ទឹកក្រោមដីត្រូវបានប្រើប្រាស់យ៉ាងសម្បើម ដើម្បីទ្រទ្រង់កសិកម្ម ចិញ្ចឹមប្រជាពលរដ្ឋដែលកំពុងតែកើនឡើង និងដើម្បីស្រោចស្រពវាលខ្សាច់ ដែលជាទម្រង់មួយនៃមោទនភាពជាតិ។ លោកមានប្រសាសន៍ថា ការថយចុះនៃធនធានទឹកក្រោមដីនេះ នឹងបង្កផលលំបាកដែលគ្មានទីបញ្ចប់ សម្រាប់របៀបដែលរដ្ឋាភិបាលទាំងឡាយនៅក្នុងតំបន់មជ្ឈឹមបូព៌ាដំណើរការ និងដោះស្រាយជាមួយប្រជាពលរដ្ឋរបស់ខ្លួន។ លោក អលធ័រមែន មានប្រសាសន៍ថា បញ្ហាមួយទៀតដែលទាក់ទងទៅនឹងការផ្គត់ផ្គង់ទឹក គឺការផ្លាស់ប្តូរទីកន្លែងរបស់ប្រជាពលរដ្ឋពីតំបន់ជនបទមកទីក្រុង។ លោកមានប្រសាសន៍ថា ការធ្វើចំណាកស្រុកនេះ នឹងធ្វើឲ្យប្រភពទឹកក្រោមដីបន្តធ្លាក់ចុះថែមទៀត ហើយនឹងបង្កើនភាពតានតឹងរវាងក្រុមជនជាតិផ្សេងៗ។
«រឿងទីមួយគឺការយល់ដឹងថា មានបញ្ហា។ បញ្ហាចម្បង បញ្ហាពិតប្រាកដ គឺការអាចទទួលបានទឹកប្រើប្រាស់នៅក្នុងប្រទេស។ ធនធានទឹកនៅក្នុងប្រទេសទាំងនេះនឹងរីងហួត។ វាតម្រូវឲ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗធ្វើការពិចារណា មិនមែនត្រឹមតែការផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិធីក្នុងការកាត់បន្ថយតម្រូវការទឹកទៀតផង»។
ដើម្បីជួយដល់ការផ្គត់ផ្គង់ទឹក មជ្ឈមណ្ឌលសិក្សាកិច្ចការអន្តរជាតិ និងយុទ្ធសាស្រ្តឲ្យ យោបល់ថា រដ្ឋាភិបាលទាំងឡាយគួរតែពិចារណាក្នុងការប្រើប្រាស់ទឹកសំណល់ដែលត្រូវបានបន្សុតរួច សម្រាប់ធារាសាស្ត្រ។ ចំពោះផ្នែកតម្រូវការ ការសិក្សាបានផ្តល់អនុសាសន៍ថា ប្រទេសទាំងនេះគួរតែធ្វើការរឹតបន្តឹងប្រព័ន្ធកម្រិតតម្លៃទឹក ហើយផ្តល់ការលើកទឹកចិត្តដល់ការអភិរក្ស។ វាក៏នឹងមានសារៈសំខាន់ផងដែរ ក្នុងការអប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់ទឹកឲ្យបានសមរម្យ។
លោកអលធ័រមែនបានព្រមានថា ប្រសិនគ្មានវិធានការម៉ឹងម៉ាត់ទេនោះ ឧទាហរណ៍ រដ្ឋធានី សានាអា (Sana’a) របស់ប្រទេសយ៉េមែន នឹងអស់ទឹកក្រោមដីនៅឆ្នាំ២០១៧ ដែលនឹងបង្កឲ្យមានចលាចលនយោបាយនិងសង្គម។ លោកឧត្តមសេនីយ៍ អ៊ែនថូនី ហ្ស៊ីននី (Anthony Zinni) អតីតអគ្គមេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលអាមេរិក បានអះអាងថា កិច្ចសហប្រតិបត្តិការសកលគឺត្រូវការទប់ស្កាត់អស្ថេរភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ាជុំវិញបញ្ហាខ្វះទឹកនេះ។
«វាត្រូវតែជាបញ្ហាសកល មិនមែនគ្រាន់តែជាបញ្ហារបស់ប្រទេសនីមួយៗនោះទេ។ ខ្ញុំគិតថា វាត្រូវតែមានដំណោះស្រាយ និងយុទ្ធសាស្ត្រថ្នាក់តំបន់។ ខ្ញុំដឹងថា មនុស្សមួយចំនួនគាំទ្រយុទ្ធសាស្រ្តជាក់លាក់មួយចំនួន គឺប្រហែលជាយុទ្ធសាស្រ្តសម្រាប់ប្រទេសឬសង្គម។ ខ្ញុំគិតថា យុទ្ធសាស្រ្តនេះមិននឹងអាចដំណើរការទៅបានទេ។ ធនធានទឹកទាំងនេះមាននៅក្នុងសង្គមជាច្រើន។ ទាំងនេះគឺបញ្ហាក្នុងតំបន់ ហើយប្រហែលជាបញ្ហាក្នុងមហាតំបន់ទៀតផង»។
ឧទាហរណ៍ Zinni បានចង្អុលបង្ហាញថា ការចែករំលែកធនធានទឹកនឹងជាបញ្ហាចម្បងមួយក្នុងដំណោះស្រាយប្រកបដោយសន្តិភាពនៃជម្លោះរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីន។ អតីតបេសកជនអាមេរិកប្រចាំនៅតំបន់មជ្ឈឹមបូព៌ា ក៏បានលើកឡើងពីជម្លោះនៅក្នុងអតីតកាលរវាងប្រទេសស៊ីរី និងទួរគីលើបញ្ហាទឹកពីទន្លេ យូហ្វ្រេតស៍ (Euphrates) និងភាពតានតឹងរវាងអេហ្ស៊ីប និងប្រទេសមួយចំនួននៅក្នុងទ្វីបអាហ្រ្វិក លើបញ្ហាទឹកពីអាងទន្លេនីល។
«ដោយផ្អែកទៅលើភាពតានតឹងផ្សេងៗ ខ្ញុំគិតថា បញ្ហាខ្វះទឹកអាចផ្ទុះឡើង ហើយអាចជាការបោះឈើមួយដុំទៀតទៅលើភ្លើង នៅក្នុងករណីជាច្រើន ដែលបង្កឲ្យមានបញ្ហាបន្ថែមទៀត។ ខ្ញុំគិតថា តួនាទីរបស់អាមេរិកក្នុងការព្យាយាមជួយអភិវឌ្ឍយុទ្ធសាស្រ្តក្នុងតំបន់ នាំភាគីផ្សេងៗមកជួបគ្នា ដើម្បីចែករំលែកបច្ចេកវិជ្ជា និងធ្វើឲ្យមានចំណាប់អារម្មណ៍សកល អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដែលដោះស្រាយបញ្ហាទឹក ដើម្បីទទួលបាននូវការសហការពីពួកគេ និងការចូលរួមនៅក្នុងដំណើរការនេះផងដែរ»។
លោកឧត្តមសេនីយ៍ Zinni បានយល់ស្របនឹងសេចក្តីសន្និដ្ឋាននៃរបាយការណ៍ថ្មីរបស់មជ្ឈមណ្ឌលសិក្សាពីកិច្ចការអន្តរជាតិ និងយុទ្ធសាស្រ្តថា អភិបាលកិច្ចជំនាញ និងការទូតនឹងត្រូវការជាចាំបាច់ ដើម្បីទប់ស្កាត់ការខ្វះទឹកនៅក្នុងតំបន់មជ្ឈឹមបូព៌ា មិនឲ្យបង្កជម្លោះរាលដាល៕៚
ប្រែសម្រួលដោយ ឌី ខាំបូលី៕