ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​ជំនាញៈ ការ​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​នាំ​ឱ្យ​សហគ្រាស​មិន​ដំណើរការ


អតិថិជន​នៃ​ធនាគារ​អេអិនហ្សិត​ (ANZ) បើក​ប្រាក់​ពី​ម៉ាស៊ីន​បើក​ប្រាក់​ស្វ័យ​ប្រវត្តិ​ (ATM) នៃ​ធនាគារ​អេអិនហ្សិត​នៅ​កម្ពុជា​។
អតិថិជន​នៃ​ធនាគារ​អេអិនហ្សិត​ (ANZ) បើក​ប្រាក់​ពី​ម៉ាស៊ីន​បើក​ប្រាក់​ស្វ័យ​ប្រវត្តិ​ (ATM) នៃ​ធនាគារ​អេអិនហ្សិត​នៅ​កម្ពុជា​។

ភ្នំពេញៈ សហគ្រាស​ធុនតូច​ និង​មធ្យម​នៅ​កម្ពុជា ​បាន​ប្រឈមនឹង​កង្វះ​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​ពង្រីកអាជីវកម្ម ​ដោយសារ​សេវា​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ​មាន​ការប្រាក់ខ្ពស់​ និង​រយៈពេល​ខ្ចី។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​បាន​ទទួល​ស្គាល់​ថា​សហគ្រាស​ធុនតូច​ និង​មធ្យម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ​និង​បង្កើតការងារ​ ហើយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ការប្តេជ្ញាចិត្តរយៈពេល​វែង ​ដើម្បី​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រុម​មន្ត្រីបាន​ថ្លែង​នៅថ្ងៃពុធ​នេះ​ថា​ សហគ្រាស​ធុនតូច​ និង​មធ្យម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ដើមទុន​សម្រាប់​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​និង​ កង្វះ​លទ្ធភាព​ទទួល​បាន​ឥណទាន​អត្រាការ​ប្រាក់​ទាប​។

មនុស្ស​ជាង​ ៣០០​នាក់​មក​ពី​រដ្ឋាភិបាល​កម្ពុជា ​វិស័យ​ឯកជន ​ម្ចាស់​សហគ្រាស​ធុនតូច ​និង​មធ្យម​ និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​បាន​ចូលរួម​នៅក្នុង​វេទិកា​ថ្នាក់ជាតិ​ ដើម្បី​ពិភាក្សា​ពី​ការប្រឈម​នានារបស់​សហគ្រាស​ធុនតូច ​និង​មធ្យម​នៅ​កម្ពុជា។

លោក ​តែ តាំងប៉រ​ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច ​និង​មធ្យម​កម្ពុជា​បាន​ថ្លែង​នៅក្នុង​វេទិកា​ថា​ បញ្ហាប្រឈម​របស់​សហគ្រាស​ធុនតូច​ និង​មធ្យម​នៅ​កម្ពុជា​ គឺ​កង្វះ​ដើមទុនដើម្បី​ពង្រីក​ប្រតិបត្តិការ​ អាជីវកម្ម ​កង្វះ​លទ្ធភាព​ទទួល​បាន​ឥណទាន​ក្នុង​អត្រា​ការប្រាក់​ទាប​ និង​រយៈពេល​វែង ​វត្ថុ​ធានា​ដើម្បី​ទទួល​បាន​ឥណទាន​នៅ​មាន​កម្រិត​ និង​ប្រាក់​កម្ចី​មាន​ទំហំ​តូច ​ហើយ​ថ្លៃ​រត់ការ​ខ្ពស់។

លោក ​តែ តាំងប៉រ​ បាន​បញ្ជាក់ថា​ សហគ្រាស​ធុនតូច ​និង​មធ្យម​នៅ​កម្ពុជា​មាន​ចំនួន​៣២០ ១២៣​ នៅ​ទូទាំង​ប្រទេស​ និង​មាន​កម្លាំង​ពលកម្ម​ប្រមាណ​១,៤លាន​នាក់់ ​ដូចជា ​កសិកម្ម ​សេវាកម្ម ​សិប្បកម្ម និង​ឧស្សាហកម្ម​ធុនតូច ​និង​មធ្យម​គ្រប់​ប្រភេទ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន ​បាន​អះអាង​ថា សហគ្រាស​ធុនតូច​ និង​មធ្យម​បាន​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើត​ការងារ​ និង​បង្កើន​ថវិកា​ជាតិ​តាមរយៈ ពន្ធដា​ផ្គត់ផ្គង់​សេវា ​និង​ផលិតផល​ជំនួស​ទំនិញ​នាំចូល​ពី​បរទេស។

លោក​ ម៉ាធ្យូ ហ្កាមសឺរ (Matthew Gamser) ​ប្រធាន​ផ្នែក​សេវាកម្ម​ប្រឹក្សា​យោបល់​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំ អាស៊ីបូព៌ា ​និង​ប៉ាស៊ីហ្វីក ​បាន​ថ្លែងថា​ ម្ចាស់​សហគ្រាស​អាច​ផ្តល់​ជាដី​ និង​អាគារ​ដែល​មាន​តម្លៃ​យ៉ាង​តិច​ទ្វេដង​នៃ​តម្លៃ​កម្ចី​ ធនាគារ​នឹង​មិនផ្តល់​កម្ចី​ធំ ​និង​រយៈពេល​វែង​ដែល​ក្រុមហ៊ុន​ត្រូវការ​ដើម្បី​ពង្រីកអាជីវកម្មរបស់​ខ្លួន​នោះទេ ​បើ​ម្ចាស់​ក្រុមហ៊ុន​មិនអាច​ផ្តល់​ជា​វត្ថុបញ្ចាំ​បន្ថែម​ទៀត។

«ក្រុមហ៊ុន​ មិន​បាន​លូតលាស់​លឿន​គ្រប់គ្រាន់ ​ដើម្បី​ផ្តល់​ការងារ​ដែល​កម្លាំង​ការងារ​របស់​កម្ពុជា កំពុង​ត្រូវការ​យ៉ាងខ្លាំង​នោះ​ឡើយ​។ ជារៀងរាល់​ឆ្នាំ​ ក្មេងៗ​កម្ពុជា​ប្រមាណ​២៥០ ០០០នាក់ ​ដែល​ភាគ​ច្រើន​រស់នៅ​ជនបទ​ ឈាន​ដល់​អាយុ​ធ្វើការ​ និង​ត្រៀមចូល​បម្រើ​ការងារ​»។

លោក​ ម៉ាធ្យូ ហ្កាមសឺរ (Matthrew Gamser)​ បាន​បន្ថែម​ថា នៅពេល​អាជីវកម្ម​មិនអាច​ទទួល​បាន​ហិរញ្ញវត្ថុ​រយៈពេល​វែង ពួកគេ​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ ​មុននឹង​ពួកគេ​អាច​សន្សំ​ប្រាក់​បាន​គ្រប់គ្រាន់​ ដើម្បី​ហិរញ្ញប្បទាន​អាគារ បរិក្ខា​ធំ​ជាងមុន​ និងបច្ចេកទេស​ប្រសើរ​ជាង​មុន​ដោយ​ខ្លួនឯង។

លោក​ ម៉ាធ្យូ ហ្កាមសឺរ (Matthrew Gamser) ​បាន​បញ្ជាក់​ថា ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ការប្តេជ្ញាចិត្ត​រយៈពេល​វែង ដើម្បី​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​ អ៊ុក ម៉ាលី ​ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​ថា ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​មានកង្វះទំនុក​ចិត្ត​លើ​និរន្តរភាព ​និង​ភាពរីកចម្រើន​របស់​សហគ្រាស​ធុនតូច ​និង​មធ្យម ​ដោយសារ​គ្មាន​ព័ត៌មាន​ ភាព​មិនច្បាស់លាស់​នៃ​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ការចុះបញ្ចីការ​ គណនេយ្យ ​ការត្រួត​ពិនិត្យ​ទិន្នន័យ ​និង​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ជាដើម។

«ប្រភពទុន​ទាំងនោះ​មាន​តម្លៃ​ខ្ពស់ ​និង​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ដែល​មិនអាច​បំពេញ​បាន​ដោយ​ទូលាយ​ ពី​ម្ចាស់​សហគ្រាស​ត្រូវ​បំពេញ។​ ប្រភពទុន​ទាំងនេះ​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​ឱ្យបាន​ចំ​គោលដៅ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព»។

លោក​ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​បាន​ថ្លែងថា​គ្រឹះស្ថាន​ធនាគារ ​និង​សហគ្រាស ​ត្រូវតែ​សហការ​គ្នា​ឱ្យ​បានល្អ ​ដើម្បីផល​ប្រយោជន៍​ទៅវិញ​ទៅមក​។

សហគ្រាស​ធុនតូច​ និ​ងធម្យម​ជាច្រើន​ប្រឈមនឹង​ការខ្វះខាត​ថវិកា ​ដើម្បី​យក​មក​វិនិយោគ​ និង​ពង្រីក​អាជីវកម្ម​។ ​សហគ្រាស​៩០ភាគរយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ ឬកម្ចី​ពី​ក្រុម​គ្រួសារ ​និង​មិត្ត​ភ័ក្ត្រ​ ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម ​និងជំរុញ​ដំណើរ​ការអាជីវកម្ម​។

ការសិក្សា​របស់​ធនាគារ​ពិភព​លោក​ និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ បាន​បង្ហាញ​ថា ​សហគ្រាស​មីក្រូ​ តូច​ និង​មធ្យម​រហូតដល់​៩០ភាគរយ​នៃ​វិស័យ​ឯកជន​ត្រូវបាន​វាយតម្លៃ​ថា ខ្វះខាត​ហិរញ្ញវត្ថុ​ ដែលជា​បញ្ហា​ប្រឈម​ និង​គន្លឹះ​មួយ។

អ្នកស្រី ​គ្រី កៅនី​ ម្ចាស់​ក្រុមហ៊ុន​ គ្រី កៅនី ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ឃុំ​ព្រែក​តាម៉ាក់​ ស្រុក​ខ្សាច់​កណ្តាល ​ខេត្តកណ្តាល ​បាននិយាយថា ​អ្នក​ស្រី​ត្រូវការ​កម្ចី​រយៈពេល​វែង​ពី​ធនាគារ​សម្រាប់​ពង្រីកអាជីវកម្ម​របស់​អ្នកស្រី​ ប៉ុន្តែ​ដំណើរការ​នីតិវិធី​មាន​លក្ខណៈ​ស្មុគស្មាញ​ និង​ការប្រាក់​ខ្ពស់។

អ្នកស្រី​ សូ ផនណារី​ តំណាង​សមាគម​ធនាគារ​នៅ​កម្ពុជា ​បាន​ថ្លែងថា សេវា​ឥណទាន​ផ្តល់​ជូន ដោយ​ផ្អែក​លើការវិនិច្ឆ័យ​ផ្ទាល់​របស់​ខ្លួន ​និង​ការផ្តល់​ទំនុកចិត្ត​ឱ្យ​គ្នា​ទៅវិញ​ទៅមក ​ដែល​ទាមទារ​ជា​ចាំបាច់​នូវ​ភាព​ស្មោះត្រង់​រវាង​ភាគី​ទាំង​សង្ខាង​៕

XS
SM
MD
LG