ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូង និងអង្គភាពគាំពារការការពារក្ដីរបស់សាលាក្ដីខ្មែរក្រហម បានសម្រេចដកលោកហ្រ្វង់ស័រ រូ (François Roux) ចេញពីក្រុមមេធាវីការពារក្ដីរបស់ឌុច កាលពីថ្ងៃសុក្រ តាមសំណើរបស់ឌុច ដោយឌុចមិនពេញចិត្តនឹងមេធាវីសញ្ជាតិបារាំងរូបនេះ ហើយចង់បានមេធាវី និងចៅក្រមជនជាតិចិនសម្រាប់ការការពារក្ដី និងការកាត់ទោសក្នុងសំណុំរឿងរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សាលាក្ដីខ្មែរក្រហម និងមេធាវីជាតិរបស់ឌុច។
លោកឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរ ក្រហមមានប្រសាសន៍ថា សំណើសុំដកមេធាវីអន្ដរជាតិរបស់ឌុចកើតឡើងដូចករណីជាទូទៅដែរ គឺការបាត់បង់ទំនុកចិត្តរបស់កូនក្ដីចំពោះមេធាវី និងគម្លាតរវាងមេធាវី និងកូនក្ដី។ លោកអលសិន ថ្លែងដូច្នេះថា៖
«នេះមានន័យថាលោកហ្វ្រង់ស័រ រូ ត្រូវបានដកចេញពីក្រុមមេធាវីការពាររបស់ឌុច ហើយឌុច ឥឡូវនេះ កំពុងតំណាងដោយមេធាវីកា សាវុធ តែម្នាក់ឯង»។
កាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ អតីតប្រធានគុកទួលស្លែងបានប្ដឹងទៅកាន់អង្គភាពគាំពារការការពារក្ដី ដើម្បីសុំដកសហមេធាវីរបស់ខ្លួនគឺលោកហ្វ្រង់ស័រ រូ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ លោករីឆាត រ៉ចជ័រ (Richard J Rogers) បានបញ្ជាក់ថា អង្គភាពគាំពារការការពារក្ដីរបស់លោក និងអង្គជំនុំជម្រះសាលាដំបូងបានគាំទ្រការដកលោកហ្វ្រង់ស័រ រូ ដោយបានសម្រេចតាមសំណើ កាលពីថ្ងៃចន្ទ័ និងថ្ងៃសុក្រ។
លោកកា សាវុធ សហមេធាវីកម្ពុជារបស់ ឌុច មានប្រសាសន៍ថា ឌុចបានអាក់អន់ចិត្តនឹងមេធាវីបារាំងរបស់ខ្លួន ដោយសារតែជនជាប់ចោទរូបនេះមិនសូវបានជួបមុខមេធាវីបរទេសរបស់ខ្លួនឡើយ។ លោកបានបង្ហើបថា ប្រហែលជាពេលនេះក្រុមរបស់លោកត្រូវការសហមេធាវីខ្មែរមកជំនួសវិញ។ លោកសាវុធថ្លែងដូច្នេះថា៖
«អត់មានបរទេសក៏ហីទៅ មិនមែនបរទេសនោះចេះជាងខ្មែរយើងប៉ុន្មានទេ ច្បាប់តែមួយទេ »។
លោកសហមេធាវីកា សាវុធ បញ្ជាក់ថា ឌុចចង់បានមេធាវីជាជនជាតិចិន និងចៅក្រមជាជនជាតិចិន ដោយសារសំណុំរឿងរបស់ខ្លួនជាប់ពាក់ពន្ធ័នឹងរបបកុម្មុយនិស្ដ។ ប៉ុន្ដែផ្នែកគាំពារការការពារក្ដីអាចរកមិនបាននូវមេធាវី និងចៅក្រមជនជាតិចិនតាមការស្នើសុំនោះឡើយ។
កាំង ហ្គិចអ៊ាវ ហៅឌុច ជាប់ចោទក្នុងសំណុំរឿងលេខ ០០១ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និងមនុស្សឃាត។ បន្ទាប់ពីសវនការអស់រយៈពេល៧៧ថ្ងៃកាលពីឆ្នាំ២០០៩ សាលក្រមដើម្បីកំណត់ទោសឌុចនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ខែកក្កដានេះ។ ការប្រកាសសាលក្រមនោះនឹងមិនមានវត្តមានសហមេធាវីបរទេសនោះទេ។ លោក រីឆាត រ៉ចជ័រ ប្រធានអង្គភាពគាំពារការការពារក្ដីក្នុងសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា ការពិចារណាក្នុងការតែងតាំងសហមេធាវីបរទេសរបស់ឌុច នឹងត្រូវធ្វើឡើងនៅក្រោយពីការប្រកាសសាលក្រមឌុច៕