បន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្នាក់នៅឯក្រៅប្រទេស មានឈ្មោះនៅក្នុងលិខិតអញ្ជើញឲ្យចូលរួមកម្មវិធីចម្រើនព្រះជន្មសម្តេចឪនរោត្តមសីហនុ និងខួបលើកទី២០ឆ្នាំនៃការយាងនិវត្តន៍មកកាន់មាតុប្រទេសវិញនោះ ខុទ្ទកាល័យសម្តេចឪនរោត្តមសីហនុបានចេញលិខិតបដិសេធភ្លាមៗ កាលពីថ្ងៃទី៣កន្លងទៅនេះថា មិនមានការអញ្ជើញលោកសម រង្ស៊ីឲ្យមកចូលរួមទេ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ ព្រះរាជលេខាផ្ទាល់របស់សម្តេចឪនរោត្តមសីហនុ បានមានបន្ទូលកាលពីថ្ងៃសៅរ៍នេះថា កម្មវិធីកាលពីថ្ងៃទី៣០ ខែតុលាកន្លងទៅនេះ គឺរៀបចំដោយរដ្ឋាភិបាល ហើយខាងព្រះបរមរាជវាំងឥតជាប់ពាក់ព័ន្ធនឹងកម្មវិធីនេះទេ។ ព្រះអង្គម្ចាស់បានមានព្រះបន្ទូលថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចឪសម្តេចម៉ែ ព្រះអង្គបានយាងទៅចូលរួមតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលនៅក្នុងឋានៈជាភ្ញៀវ មិនមែនចេញលិខិតអញ្ជើញឥស្សរៈជនណាមួយម្នាក់ឲ្យទៅចូលរួមនោះទេ។
«ក្នុងបទសម្ភាសន៍របស់ឯកឧត្តមសម រង្ស៊ី លោកបានមានប្រសាសន៍ច្បាស់ណាស់ថា ព្រះរាជករុណា។ ហើយខ្ញុំសុំបដិសេធថា ខុទ្ទកាល័យឥតមានបញ្ចេញលិខិតអញ្ជើញបញ្ជូនឥស្សរជនជាន់ណាមួយឲ្យចូលរួមនៅក្នុងកម្មវិធីបុណ្យណាមួយទេ»។
យោងតាមលិខិតអញ្ជើញមួយច្បាប់របស់គណៈកម្មាធិការបុណ្យជាតិ ដែលVOA សម្លេងសហរដ្ឋអាមេរិកទទួលបាន បានឲ្យដឹងថា តាមរយៈព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ សម្តេចជវាវាំង រដ្ឋមន្ត្រីព្រះបរមរាជវាំងបានអញ្ជើញលោកសម រង្ស៊ីឲ្យចូលរួមមីទ្ទីញមហាជនខួបលើកទី៩០នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម និងខួបលើកទី២០នៃការយាងនិវត្តមកកាន់មាតុប្រទេសវិញរបស់សម្តេចឪនរោត្តមសីហនុ។
លោកឈិន ចេតនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានបញ្ជាក់ថា គណៈកម្មាធិការជាតិបានអញ្ជើញសមាជិកសភារបស់គណបក្សសម រង្ស៊ីតែ២៥រូបតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា សម្រាប់លោកសម រង្ស៊ី គណៈកម្មាធិការបុណ្យជាតិមិនបានអញ្ជើញទេ។
«ឥតមានផង! ពីបុណ្យជាតិ ឥតមានផង! ឥតមានចេញលិខិតអញ្ជើញលោកសម រង្ស៊ីផង! គាត់បានលិខិតមកពីណា?»
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយថា គណបក្សរបស់លោកបានទទួលលិខិតអញ្ជើញលោកសម រង្ស៊ី ឲ្យចូលរួមតាមរយៈរដ្ឋសភា។ លោកបានបញ្ជាក់ថា ការបដិសេធថា មិនបានចេញលិខិតអញ្ជើញលោកសម រង្ស៊ី ទំនងជាទទួលរងសម្ពាធពីនរណាម្នាក់។
«តំណាងរាស្ត្ររបស់គណបក្សសម រង្ស៊ីទាំង២៦រូប រួមទាំងលោកប្រធានសម រង្ស៊ីផង ត្រូវបានការអញ្ជើញ។ មានលិខិតអញ្ជើញអីត្រឹមត្រូវ។ មិនមែនតែចេះតែនិយាយគ្មានភស្តុតាងទេ»។
ព្រះអង្គម្ចាស់ស៊ីសុវត្តធម្មិកោបានមានព្រះបន្ទូលថា ព្រះអង្គមិនដែលទទូលរងសម្ពាធពីបុគ្គលណាម្នាក់ទេ។ ព្រះអង្គបានបញ្ជាក់ថា គឺព្រះអង្គអង្គឯងតែប៉ុណ្ណោះជាអ្នកសម្រេចក្នុងការធ្វើសេចក្តីសម្រេចព័ត៌មាន រួចហើយបានសុំសេចក្តីសម្រេចពីព្រះមហាវីរៈក្សត្រ នរោត្តមសីហនុ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកំពុងតែស្នាក់នៅបរទេស បន្ទាប់ពីតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំពីបទដកបង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងពីបទប្រើប្រាស់ឯកសារក្លែងក្លាយ។ ក្នុងពេលស្នាក់នៅឯក្រៅប្រទេស លោកសម រង្ស៊ីបានបន្តវាយប្រហារយ៉ាងខ្លាំងៗមកលើរដ្ឋាភិបាលលោកហ៊ុន សែន ឬបញ្ហាព្រំដែន និងចុងក្រោយគេគឺការដួលរលំនៃរបបផ្តាច់ការនៃប្រទេសអារ៉ាប់ ដោយលោកបានប្រដូចមេដឹកនាំកម្ពុជាទៅនឹងមេដឹកនាំបណ្តាប្រទេសនៃពិភពអារ៉ាប់ ដែលបានដួលរលំកន្លងមក៕