ព្រះមហាក្សត្រកម្ពុជាបានយាងចេញពីទីក្រុងភ្នំពេញនៅថ្ងៃច័ន្ទឆ្ពោះទៅទីក្រុងប៉េកាំង ទីដែលព្រះអង្គនឹងទទួលការពិនិត្យព្រះរាជសុខភាពពីក្រុមគ្រូពេទ្យចិន។ ក៏ប៉ុន្ដែគេមិនទាន់ដឹងថា តើព្រះអង្គនឹងចំណាយពេលគង់នៅប្រទេសចិនយូរប៉ុណ្ណានោះទេ។
ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានយាងទៅទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទនេះដែលព្រះអង្គបានអះអាងថា គឺជាព្រះរាជដំណើរសម្រាប់ពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។
នៅក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ដែលត្រូវចែកចាយដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះ ព្រះមហាក្សត្រខ្មែរបានបញ្ជាក់ថា ព្រះអង្គនឹងព្រះរាជអវត្តមានពីប្រទេសចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្ដែព្រះអង្គមិនបានបង្ហាញថា ព្រះអង្គនឹងយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញនៅពេលណានោះទេ។
សម្ដេចព្រះបរមនាថ នរោមត្តម សីហមុនីត្រូវយាងទៅពិនិត្យព្រះសុខភាពនៅទីក្រុងប៉េកាំងប្រទេសចិនជាទៀតទាត់ ដូចសម្តេចឪនរោត្តមសីហនុ ដែលជាព្រះរាជបិតារបស់ព្រះអង្គដែរ។ ព្រះអង្គបានយាងទៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈឆ្នាំ២០១០ដើម្បីពិនិត្យព្រះរាជសុខភាព និងដើម្បីឆ្លៀតពេលគាល់ព្រះរាជបិតា និងព្រះរាជមាតាព្រះអង្គដែលគង់នៅទីនោះ។
លោក កែវ ពុធរស្មី មគ្គុទេសគណបក្សហ៊្វុនស៊ីនប៉ិចនិងជាសមាជិករាជវង្សានុវង្សមួយរូប មានប្រសាសន៍ថា ព្រះមហាក្សត្រអាចគង់នៅទីក្រុងប៉េកាំងក្នុងរង្វង់មួយសប្ដាហ៍។
«ខ្ញុំបានគាល់ព្រះអង្គពីថ្ងៃទី១៤ដែលជាថ្ងៃចូលឆ្នាំ។ លោកបានមានព្រះរាជបន្ទូលប្រាប់ខ្ញុំថា លោកយាងទៅដើម្បីធ្វើការពិនិត្យជំងឺជាទូទៅទេ។ លោកអត់មានអីគួរឲ្យបារម្ភទេ។ បើតាមលោកមានបន្ទូល គឺមិនយូរទេ។ ធម្មតាលោកសម្រាកមួយថ្ងៃ ឬពីរថ្ងៃ ហើយបន្ទាប់មកយាងទៅមន្ទីរពេទ្យធ្វើការពិនិត្យជំងឺ ហើយមិនដល់មួយសប្ដាហ៍ទេ តែលោកមិនអាចបញ្ជាក់ថ្ងៃច្បាស់លាស់»។
លោកជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រួមទាំងមន្ដ្រីរដ្ឋាភិបាលនិង សមាជិកសភា និងព្រឹទ្ធសភា បានទៅជូនព្រះរាជដំណើររបស់ព្រះមហាក្សត្រនៅអាកាសយានដ្ឋានអន្ដរជាតិក្រុងភ្នំពេញ។
ក្រុមមន្ដ្រីរដ្ឋាភិបាលនិងមន្រ្តីក្រៅរដ្ឋាភិបាលធ្លាប់បានបង្ហាញការយល់ឃើញថា ការយាងទៅពិនិត្យព្រះរាជសុខភាពរបស់អតីតព្រះមហាក្សត្រ និងព្រះមហាក្សត្របច្ចុប្បន្ននេះបានជួយពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិនមួយកម្រិតបន្ថែមទៀត។ ប្រទេសទាំងពីរបានស្ថិតក្នុងទំនាក់ទំនងជាប្រវត្តិសាស្ដ្រជាមួយគ្នាជាយូរមកហើយ៕