ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍ទាក់ទងនឹងការចាប់ខ្លួនជនជាតិថៃឆ្លងដែនប្រាំពីរនាក់ថា៖ «គ្មាននរណាមួយមកអាចធ្វើអន្តរាគមន៍បានទេ។ រឿងនេះជារឿងតុលាការហើយ បន្ទាប់ពីនោះចាំនិយាយគ្នាទៀត ប៉ុន្តែច្បាប់គឺច្បាប់។ តុលាការគឺតុលាការ។ មិន អាចរដ្ឋាភិបាលទៅបង្គាប់បញ្ជាអញ្ចេះអញ្ចុះសម្រួលគ្នាជានយោបាយអញ្ចេះដើម្បីបង្គាប់តុលាការអញ្ចុះគឺអត់ទេ»។
ទោះបីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានថ្លែងយ៉ាងដូច្នេះ ដោយទំនងជាបិទផ្លូវអន្តរាគមន៍មួយអន្លើចំពោះការដោះលែងជនជាតិថៃ៧ នាក់ដែលត្រូវចាប់ខ្លួនពីបទលបឆ្លងដែនខុសច្បាប់ក៏ពិតមែន តែក្រុមអ្នកវិភាគ ក្នុងប្រទេសកម្ពុជាសម្លឹងឃើញថាការលើកលែងទោសដោយព្រះមហាក្សត្រ ខ្មែរតាមរយៈសំណើរ នាយករដ្ឋមន្ត្រីខ្មែរក្រោយ ពេលតុលាការកាត់ទោសអាច ជាច្រកផ្លូវមួយដែលអាចមានការចរចាគ្នារវាងប្រទេសទាំងពីរជាថ្មី។
នាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត វីចាជីវ៉ាបានទទូចឱ្យកម្ពុជាដោះលែងជនជាតិថៃ៧នាក់មានតំណាងរាស្រ្តថៃម្នាក់ទទួលបន្ទុកកិច្ចការព្រំដែនគឺលោក ផានីច វីគិតស្រេត ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃ២៩ធ្នូក្រោយពីបានចូលមកក្នុង ទឹកដីកម្ពុជាខុសច្បាប់ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ តែអន្តរាគមន៍ ទាំងឡាយរាប់ទាំងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃ កាសិត ភីរម្យ ផងត្រូវបរាជ័យដោយសារមេដឹកនាំកម្ពុជាអះអាងថារឿងក្តីនេះត្រូវសម្រេចដោយ តុលាការ។
លោក បណ្ឌិត រស់ ចន្ត្រាបុត្រ នៃរាជបណ្ឌិតសភាកម្ពុជានិងជាអ្នកប្រវត្តិសាស្រ្តខ្មែរមួយរូបបានអះអាងថា ការចរចាពីរឿងដោះលែងជនជាតិថៃ ឬដើម្បីភ្ជាប់ទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសទាំងពីរ អាចធ្វើទៅបានសម្រេច ទំនងជាក្រោយពេលដែលតុលាការកាត់ទោសរួច។
«តាមទស្សនៈខ្ញុំគឺថា ដំណាក់កាលទីមួយត្រូវតែឆ្លងកាត់តុលាការ។តុលាការ កាត់ទោសហើយ នៅពេលនោះហើយដែលតាមសេចក្តីស្នើ ដើម្បីគេហៅថា មិត្តភាពនៃប្រទេសទាំងពីរហ្នឹងគឺសម្តេចតេជោហ៊ុន សែនលោក ជានាយក រដ្ឋមន្ត្រី លោកនឹងធ្វើការស្នើសុំដើម្បីស្នើសុំព្រះមហាក្សត្រ ដើម្បីសុំឱ្យលោក លើកលែងទោសឱ្យរួចខ្លួនទៅវិញ»។
លោក បណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានអះ អាង ដែរថាកម្ពុជាគួរបញ្ចប់ការកាត់ទោសជនជាតិថៃជាមុនតាមផ្លូវតុលាការ មុន នឹងបើកកិច្ចចរចាការទូតណាមួយទាក់ទងនឹងការលើកលែងទោស។
«ប៉ុន្តែកម្ពុជាក៏គួរបង្ហាញអំពីឆន្ទៈរបស់ខ្លួនដោយយកប្រព័ន្ធតុលាការដើរដោយ សុក្រិតភាព ក្រោយមកសុំយើងបើកកិច្ចចរចាក្នុងភាពនយោបាយការទូត ដែល យើងដឹងហើយថាព្រះករុណា លោកមានរាជានុសិទ្ធិលើកលែងទោស»។
អ្នកវិភាគទាំងពីរបានអះអាងថាការចាប់ខ្លួនមកជម្រះទោសគឺជាការអនុវត្តច្បាប់។ អ្នកវិភាគទាំងពីរបានរិះគន់ដល់អាជ្ញាធរ ថៃថាមិនបានប្រើប្រព័ន្ធ តុលាការដូចកម្ពុជាទេ តែបានប្រើប្រាស់អាវុធបាញ់សម្លាប់ពលរដ្ឋខ្មែរជារឿយៗនៅពេលគេឆ្លងដែនទោះខុសច្បាប់ក្តី»។
ក្រុមអ្នកវិភាគខ្លះទៀតនិយាយថាការចាប់ខ្លួនជនជាតិថៃប្រាំពីរនាក់អាចជាការព្រមានដល់ជនជាតិថៃមួយចំនួនដែលប៉ុនប៉ងប្រមូលផ្តុំធ្វើការតវ៉ានៅតាមព្រំដែនជាពិសេសពេលកម្ពុជាប៉ុនប៉ងបើកច្រកព្រះវិហារឡើងវិញកាលពីខែមុន។ គេបានរាយការណ៍មកដែរថា ភាគីថៃបរាជ័យក្នុងការទាមទារឱ្យកម្ពុជាយល់ព្រមលើការគ្រប់គ្រងរួមលើផ្ទៃដីប្រទាញ ប្រទង់នៅក្បែរតំបន់ប្រាសាទ ព្រះវិហារ។
ទោះជាយ៉ាងណាក៏ដោយអ្នកវិភាគខ្លះទៀតនិយាយថាការចាប់ខ្លួនសមាជិក សភាថៃម្នាក់នេះអាចឱ្យសភាថៃមានលេសពន្យាពេលកាន់តែយូរទៀតក្នុងការផ្តល់សច្ចាប័នយល់ព្រមលើឯកសារព្រំដែនចំនួន៣រវាងគណៈកម្មាការចម្រុះព្រំ ដែននៃប្រទេសទាំងពីរ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែននិងបញ្ចប់ការបោះ បង្គោល ព្រំដែនដែលមានជម្លោះជាច្រើនទសវត្សរ៍មកហើយនោះ។
លោក រស់ ចន្ត្រាបុត្រ និងលោក សុខ ទូចបានចាត់ទុកថា ករណី វិវាទ ព្រំដែនរវាងថៃនិងកម្ពុជាគឺជាចំណាប់ខ្មាំងនយោបាយ របស់អ្នកនយោបាយ ថៃ ឬរវាងក្រុមអាវលឿងនិងក្រុមអាវក្រហមដែលយក បញ្ហាព្រំដែនជាការឃោសនា យកការចំណេញនយោបាយមុនការបោះឆ្នោត ជាសកលនៅចុងឆ្នាំនេះទៅ វិញ។
លោក រស់ ចន្ត្រាបុត្រ និងលោក សុខ ទូចពុំបានបង្ហាញជំនឿថាទំនាក់ទំនង ប្រទេសទាំងពីរ នឹងរងផលប៉ះពាល់ ដោយសារករណីជនជាតិថៃ ទាំងប្រាំពីរ នាក់នេះទេ ដោយបានបញ្ជាក់ដូចលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរថា រឿង ជនជាតិថៃ៧នាក់នេះគឺជារឿងនៃក្រុមមួយនិងជារឿងបុគ្គល។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា រឿងជនជាតិថៃ៧នាក់នេះ មិន គួរនាំឱ្យខូចទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។
«ខ្ញុំមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលជះឥទ្ធិពលដល់ការកាត់ក្តីរបស់តុលាការទេ សុំមេត្តាយោគយល់ ហើយក៏សុំកុំឱ្យមានបញ្ហាអីដល់ទំនាក់ ទំនងផ្សេងទៀត។ រឿងនេះគឺជារឿងបុគ្គលដែលបំពានតែប៉ុណ្ណោះ»។
ស្ថានការណ៍យោធាខ្មែរ-ថៃនិង ទំនាក់ទំនង ការទូតពុំត្រូវគេឃើញថា មានការ តានតឹង ឬប្រែប្រួល ធ្ងន់ធ្ងរនៅឡើយទេ។
ឧត្តមសេនីយ៍ ជាន់ខ្ពស់មួយរូបប្រចាំការនៅជួរមុខបានអះអាង ប្រាប់វីអូអេថា បញ្ហាយោធា មានការមិនចុះសម្រុងគ្នាតិចតួចប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយ សារយោធាកម្ពុជាមិនអនុញ្ញាតឱ្យទាហានថៃនាំអ្នកកាសែតចូលមកថតរូបភាព ក្នុងទឹកដីកម្ពុជានៅតំបន់វត្តមួយកន្លែងក្បែរប្រាសាទព្រះវិហារ ហើយស្ថានភាពប្រុងប្រយ័ត្នផ្នែកយោធាមានសភាពខ្ពស់ជាងមុន៕