ភ្នំពេញ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃប្រទេសកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានបើកសម្ពោធអគារទីស្ដីការគណៈរដ្ឋមន្ដ្រីថ្មីមួយ ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។ នៅក្នុងឱកាសនោះ ព្រះមហាក្សត្របានមានព្រះរាជឱង្កាកោតសរសើរ និងអរគុណប្រទេសចិនដែលបានផ្ដល់ជំនួយយ៉ាងច្រើនដល់ប្រទេសកម្ពុជា។ ក៏ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់ធ្លាប់បានរិះគន់ជាច្រើនអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិន។
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអរគុណចំពោះប្រទេសចិនដែលបានផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់សាងសង់អគារទីស្ដីការគណៈរដ្ឋមន្ដ្រី។ អគារនេះត្រូវដាក់ឈ្មោះថា ជាអគារមិត្តភាព។
ព្រះរាជឱង្ការបស់ព្រះមហាក្សត្រខ្មែរធ្វើឡើងនៅក្នុងពិធីសម្ពោធអគារកម្ពស់ប្រាំពីរជាន់នេះ ដែលជាការសម្ពោធដំណាលគ្នាជាមួយនឹងការសម្ពោធអគារទីស្ដីការនាយករដ្ឋមន្ដ្រីកាលពីព្រឹកថ្ងៃអង្គារ៍នេះ។
“ខ្ញុំសុំអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងអស់លោក លោកស្រីជាស្ថាបត្យករ និងវិស្វករទាំងអស់ដែលបានផ្ដល់ជំនួយ និងបានកសាងអគារមិត្តភាពដ៏ល្អនេះសម្រាប់ជាទីស្ដីការគណៈរដ្ឋមន្ត្រី"។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទើបតែបានយាងនិវត្តន៍ពីប្រទេសចិនកាលពីថ្ងៃទី ១០ខែ តុលា បន្ទាប់ពីព្រះអង្គបានគង់នៅទីនោះអស់រយៈពេលពីរសប្ដាហ៍។ ព្រះអង្គមានព្រះរាជឱង្កាបន្ថែមថា ជំនួយរបស់ប្រទេសចិននេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសចិនចំពោះកម្ពុជា។
“ជានិច្ចកាលមហាប្រជាជនចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជាលើគ្រប់វិស័យ ជាពិសេស អគារទីស្ដីការគណៈរដ្ឋមន្ដ្រីថ្មីនៅចំពោះមុខនេះ ជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលជាច្រើន ដែលជាជំនួយដ៏ឧត្តុង្គឧត្តមរបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះព្រះរាជាណាចក្រកម្ពុជា"។
ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាជាយូរយាណាស់មកហើយ។ អតីតព្រះមហាក្សត្រ បានយាងទៅព្យាបាលព្រះរោគជាទៀងទាត់នៅក្នុងក្រុងប៉េកាំង ដោយមានការថែទាំ ពីក្រុមគ្រូពេទ្យឯកទេសរបស់ប្រទេសចិន។
កាលពីខែ មិថុនា ទីក្រុងប៉េកាំង បានផ្ដល់រថយន្ដយោធាចំនួន ២៥៧ គ្រឿង ដល់កម្ពុជាស្របពេលដែលសហរដ្ឋអាមេរិក បានព្យួរជំនួយយោធាសម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញបន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញ បានបញ្ជូនជនជាតិដើមភាគតិចហ្វ៊ីហ្គើ ទៅកាន់ស្រុកកំណើតរបស់ពួកគេ តាមការទាមទាររបស់ប្រទេសចិន។
ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា លោក ប៉ាង ក្វាង ស៊ូ ( Pang Guang Xue ) បានអះអាងតាមរយៈអ្នកបកប្រែថា ប្រទេសចិននឹងបន្ដជំនួយសម្រាប់កម្ពុជាទៀត ដោយប្រទសចិនចាត់ទុកប្រទេសកម្ពុជាគឺជាប្រទេសជិតខាងដែលអាចជឿទុកចិត្តបាន។
“រដ្ឋាភិបាលចិន ចាត់ទុកប្រទេសកម្ពុជា ជាមិត្តល្អ អ្នកជិតខាងល្អ បងប្អូនល្អ ដៃគូល្អ ដែលអាចជឿទុកចិត្តបាន"។
មន្ដ្រីគណបក្សជំទាស់របស់ប្រទេសកម្ពុជា ធ្លាប់បានទាញការចាប់អារម្មណ៍លើទំនាក់ទំនងជាមួយប្រទេសចិន ដោយលើកឡើងថា ទំនាក់ទំនងនេះ នឹងមិនបម្រើផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចច្រើនដល់ប្រទេសកម្ពុជានោះទេ៕