ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើម​បណ្តឹង​រដ្ឋប្បវេណី​ជួប​ជុំគ្នា​មុន​សវនាការ​កាត់​ទោស​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចាប់​ផ្តើម​


អតីត​អ្នកទោស និង​ជា​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម គឺ​លោក​ជុំ ម៉ី និង​អ្នកស្រី នៅ សារីម ពិភាក្សា​អំពី​​ករណី​ ០០២ ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១១។
អតីត​អ្នកទោស និង​ជា​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម គឺ​លោក​ជុំ ម៉ី និង​អ្នកស្រី នៅ សារីម ពិភាក្សា​អំពី​​ករណី​ ០០២ ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១១។

សាលាក្តី​ប្រល័យ​ពូជសាសន៍​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ចាប់ផ្តើម​ដំណើរ​ការ​កាត់ទោស​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ពួក​មេ​ខ្មែរ​ក្រហម​ក្នុង​សំណុំរឿង​០០២ ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ​ទន្ទឹង​រងចាំ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ។

សំណុំរឿង​០០២​មាន​មេដឹកនាំ​ខ្មែរក្រហម​ចំនួន​បួន​រូប​គឺ​លោក​នួន​ ជា ​អតីត​ប្រធាន​សភា ​លោក​ខៀវ​ សំផន ​អតីត​ប្រមុខរដ្ឋ ​លោក​អៀង ​សារី ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​អ្នកស្រី​អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច។ ​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​បួន​រូប ​តុលាការ​បានសម្រេច​យក​ជន​ជាប់ចោទ​តែ​បី​រូប​តែ​ប៉ុណ្ណោះ ​គឺ​លោក​នួន​ ជា ​ខៀវ ​សំផន​ និង​អៀង ​សារី។ ​ចំណែក​អ្នកស្រី​អៀង ​ធីរិទ្ធ ​មិន​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​នឹង​ចូល​រួម​សវនាការ​ទេ។

រយៈពេល​មួយ​ថ្ងៃ​មុន​ពេល​ដំណើរ​ការកាត់ទោស ​មេដឹកនាំ​ខ្មែរក្រហម​ជា​ប្រវត្តិសាស្ត្រ​នេះ​ក្រុម​ជន​រងគ្រោះ​ខ្មែរក្រហម ​និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំរឿង​០០២​បាន​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​មួយ​នៅ​វាល​ពិឃាដ​បឹងជើងឯក​ដើម្បី​ប្រារព្ធ​ពិធី​រលឹក​ខួប​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ជីវិត​នៅ​ក្នុង​របប​ខ្មែរក្រហម។ ក្រុម​អ្នក​ចូលរួម​មាន​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​មន្ទី​ឃុំឃាំង​គុក​ទួលស្លែង ​និង​ជន​រងគ្រោះ​ដែល​បាន​រស់​នៅ​ក្រៅ​ប្រទេស​ព្រមទាំង​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល ​និង​មន្ត្រី​ការទូត​ប្រមាណ​ជាង​២០០​នាក់។

លោក ​ជុំ ​ម៉ី ​អាយុ​៨០​ឆ្នាំ ​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង ​ឬ​ស​២១​ បាន​និយាយ​ថា ​សាលាក្តី​ខ្មែរក្រហម​គួរតែ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​វ៉ាន់ណាត ​អតីត​អ្នក​រស់រាន​មាន​ជីវិត​ មួយ​រូប​ពី​មន្ទីរ​ឃុំឃាំង ​ឬ​គុក​ទួលស្លែង​បាន​ស្លាប់​បាត់បង់​ជីវិត​ដែល​មិន​ទទួល​បាន​យុត្តិធម៌។ ​ដូច្នេះ ​តុលាការ​គួរ​តែ​ពន្លឿន​ការកាត់ទោស​របស់​ខ្លួន ​កុំ​ឲ្យ​ដូច​សំណុំរឿង​០០១។

«សុំ​ឲ្យ​តុលាការ​ហ្នឹង​គាត់​ពិចារណា​ឡើង​វិញ។ ​កុំ​ឲ្យ​ដូច​០០១។ ០០២​ហ្នឹង ​កុំ​ឲ្យ​ដូច​០០១។ ​អញ្ចឹង​ យើង​ខ្លាច​សាក្សី​បាត់បង់​ជីវិត ​ហើយ​ឥត​មាន​ពន្លឺ​យុត្តិធម៌​ហ្នឹង»។

សំណុំរឿង​០០១ ​មាន​ជន​ជាប់ចោទ​តែ​មួយ​នាក់​ប៉ុណ្ណោះ ​លោក​កាំងហ្គិគាវ ​ហៅ​ឌុច ​អតីត​មេ​គុកទួលស្លែង។ ​តុលាការ​បាន​ប្រើ​ពេលវេលា​ចំនួន​៧៧​ថ្ងៃ ​សម្រាប់​ដំណើរការ​កាត់​ទោស​០០១​ ហើយ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២ ​ខាង​មុខ​នេះ ​សាលាក្តី​គ្រោង​នឹង​ប្រកាស​សាលដីកា​ស្ថាពរ ​ចំពោះ​សំណុំរឿង​០០១។

លោកស្រី ​នៅ ​សារឹម ​អតីត​បុគ្គលិក​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា ​មក​ពី​សហរដ្ឋ​អាមេរិក ​ដែល​ជា​អ្នក​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​មិន​រំពឹង​ថា​នឹង​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​ទេ ​ក៏ប៉ុន្តែ​ការដាក់​ដើម​បណ្តឹង​ជា​រដ្ឋប្បវេណី​នេះ​គឺ​ដើម្បី​ឲ្យ​អារម្មណ៍​អ្នកស្រី​ បាន​ស្ងប់​ចិត្ត។

«ចា៎! ​យុត្តិធម៌​ហ្នឹង​គឺ​យើង​រងចាំ​យូរ​មក​ហើយ ​គឺ​ថា​ឥឡូវ​នេះ​យើង​សង្ឃឹម​ថា​ដូច​ជា​មិន​បាន​យុត្តិធម៌ ​អី​ប៉ុន្មាន​ទេ។ ​ប៉ុន្តែ​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តិ​នូវ​អំពើ​បាប​ហ្នឹង​លើ​មនុស្ស​នោះ ​ដឹង​ថា​ខ្លួន​ឯង​ប្រព្រឹត្តិ​អំពើ​បាប ​និង​មិន​អាច​ជៀស​បាន​ទេ ​ព្រោះ​ថា​ខ្មែរ​ក្រហម​គាត់​ប្រព្រឹត្តិ​អំពើ​បាប​ដើម្បី​ទទួល​ឃើញ​លទ្ធផល​រងកម្ម​នែ​ការប្រព្រឹត្តិ​របស់​គាត់​ហ្នឹង​។ ​ចា៎!”​។

លោក ​ធន់ ​សារ៉ាយ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​និយាយ​ថា សាលាក្តី​ខ្មែរក្រហម​ តែង​តែ​ជួប​ឧបសគ្គ​របស់​ខ្លួន​កន្លង​មក​ ក៏ប៉ុន្តែ​លោក​សង្ឃឹម​ថា​សាលាក្តី​នេះ ​នឹង​អាច​រក​យុត្តិធម៌​បាន​ដល់​ជន​រងគ្រោះ ​បើ​ទោះ​បី​ជា​ជួប​ឧបសគ្គ​មួយ​ចំនួន​ក៏​ដោយ។

«ឧបសគ្គ​នៅ​ពេល​បច្ចុប្បន្ន​ ក៏​ដូច​ជា​ឧបសគ្គ​ដែល​កើត​មាន​នៅ​ពេល​ខាង​មុខ​នេះ ​ក៏​នឹង​អាច​កើត​មាន​ទៀត ​អញ្ចឹង​ថា នឹង​អាច​ដោះស្រាយ​បាន​ទៀត ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​សវនាការ​នេះ ​បាន​ទៅ​ដល់​ចប់​ចុង​ជាប់​ដើម ​ដើម្បី​ផ្តល់​នូវ​សេចក្តី​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទាំងអស់»។

លោក ​ហ៊ុយ ​វណ្ណៈ ​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​បាន​មាន​ប្រសាសន៍​ថា ​ដើម្បី​ផលប្រយោជន៍​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ ​ចៅក្រម​បាន​បំបែប​សំណុំរឿង​នេះ​ទៅ​ជា​តូចៗ ​ហើយ​លោក​សង្ឃឹម​ថា ពេល​វេលា​នៃ​ការកាត់ទោស​នេះ ​នឹង​អាច​ដំណើរការ​ទៅ​យ៉ាង​លឿន ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរងចាំ​របស់​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម។

«អ្វី​ដែល​យើង​កំណត់​ថា យុត្តិធម៌ ​គឺ​ការអនុវត្ត​នៅ​តាម​ច្បាប់ ​ហើយ​នឹង​ការ​អនុវត្ត​ទៅ​តាម​ពេល​វេលា ​ស្មើ​ភាព ​ហើយ​ដូច្នេះ​ហើយ​ប្រធាន​ចៅក្រម​នៃ​តុលាការ​សាលាដំបូង ​លោក​បាន​រៀបចំ​កាលវិភាគ​ ក៏​ដូចជា​ផ្តល់​ឲ្យ​ការស្មើរ​គ្នា។ ​នៅ​ពេល​ដែល​យើង​កំណត់​រួចរាល់ ​គឺ​កំណត់​ទៅ​លើ​នីតិ​វិធី​គឺ​ថា​អនុលោមទៅ​តាម​វិធាន​ផ្ទែក្នុងក៏​ដូច​ជា​ច្បាប់»។

XS
SM
MD
LG