លោក វ៉ាន់ ណាត អាយុ៦៦ឆ្នាំ អតីតអ្នករស់រានមានជីវិតមួយរូបពីមន្ទីរឃុំឃាំងគុកទួលស្លែង និងជាសាក្សីដ៏សំខាន់មួយរូបនៅក្នុងសំណុំរឿង០០១ របស់សាលាក្តីខ្មែរក្រហម រហូតមកដល់ថ្ងៃអង្គារនេះ ស្ថានភាពជំងឺរបស់លោកនៅតែមានសភាពធ្ងន់ធ្ងរដដែល បន្ទាប់ពីសម្រាកព្យាបាលរយៈពេលប្រាំថ្ងៃនៅគ្លីនិកឯកជនមួយនៅភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ និងក្រុមគ្រួសាររបស់លោកវ៉ាន់ ណាត។
លោក វ៉ាន់ ណាត ត្រូវបានដាក់ឲ្យសម្រាកនៅលើគ្រែពេទ្យមួយដាច់ដោយឡែកពីអ្នកជំងឺដទៃផ្សេងទៀត ក្រោមការមើលថែទាំពីសមាជិកគ្រួសាររបស់លោក។
លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ អនុប្រធានមន្ទីរពេទ្យព្រះកុសមៈ និងជាប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ បាននិយាយថា រហូតមកដល់ថ្ងៃអង្គារនេះ ចង្វាក់បេះដូងរបស់លោកវ៉ាន់ ណាត អាចដំណើរការឡើងវិញបានតិចៗ ក៏ប៉ុន្តែលោកមិនអាចដកដង្ហើមដោយខ្លួនឯងបានដោយមិនមានខ្យល់អុកស៊ីសែនជួយនោះទេ។
«បេះដូងគាត់ដើរស្មើល្អ ប៉ុន្តែផ្នែកស្មារតីរបស់គាត់ គឺតិចបំផុត។ ដឹងតិចបំផុត ប៉ិនទោះបីជាយ៉ាងណាក៏ដោយ ពីថ្ងៃដែលចូលមកដល់ឥឡូវគឺមានភាពល្អប្រសើរបានតិចតួចដែរ។ ប៉ិនគ្រាន់ថា សភាពគាត់គឺនៅតែធ្ងន់»។
លោក វាន់ ណាត បានធ្លាក់ខ្លួនឈឺជាទម្ងន់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា លោកមានជំងឺបេះដូង។
អ្នកស្រី គិត អេង អាយុ៦២ឆ្នាំ ភរិយារបស់លោកវ៉ាន់ ណាត បាននិយាយថា លោករិទ្ធី ប៉ាន ប្រធានមជ្ឈមណ្ឌលសោតទស្សន៍ មានបំណងយកលោកវ៉ាន់ ណាត ទៅព្យាបាលនៅឯក្រៅប្រទេស ប៉ុន្តែស្ថានភាពជំងឺរបស់លោក មិនអាចបញ្ជូនចេញទៅព្យាបាលនៅឯខាងក្រៅបាននោះទេ។
«គាត់ថាបម្រុងយកគាត់ទៅស្រុកគេដែរ ប៉ុន្តែជំងឺគាត់យកទៅឥតបាន ពីព្រោះជំងឺគាត់ធ្ងន់ហើយ។ ទៅណា ក៏អត់បានដែរ។ គាត់បម្រុងយកទៅមើលនៅស្រុកបារាំងអីដែរ ប៉ុន្តែខាងបារាំងគេថា ទៅមិនបានទេ»។
លោក នេត ភត្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា សាលាក្តីកំពុងតែតាមដានស្ថានភាពជំងឺរបស់លោកវ៉ាន់ ណាត ដោយសារតែលោកគឺជាសាក្សីដ៏សំខាន់មួយរូប នៅក្នុងសំណុំរឿង០០១។ លោកបានបញ្ជាក់ថា យើងសង្ឃឹមថា លោកវ៉ាន់ ណាត នឹងជាសះស្បើយដើម្បីស្តាប់ការប្រកាសសាលក្រមសំណុំរឿង០០១។
«ធ្វើម៉េចឲ្យគាត់បានជាសះស្បើយឡើងវិញ ដើម្បីស្តាប់ការប្រកាសសាលដីកា លើករណីរបស់ឌុច ដែលលោកវ៉ាន់ ណាត គឺជាសាក្សីដ៏សំខាន់ម្នាក់ ដែលរួចចេញពីគុកទួលស្លែង។ គាត់បានធ្វើជាសាក្សីនៅក្នុងសំណុំរឿង០០១»។
សាលាក្តីខ្មែរក្រហមមិនទាន់បានកំណត់ថា ពេលណានឹងប្រកាសសាលក្រមចំពោះសំណុំរឿង០០១ ទេ ក៏ប៉ុន្តែបានបញ្ជាក់ថា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងតិចមានអ្នករស់រានមានជីវិតចំនួនប្រាំពីររូបប៉ុណ្ណោះ ពីមន្ទីរឃុំឃាំងទួលស្លែង ហើយនៅក្នុងចំណោមអ្នករស់រានមានជីវិតទាំងនោះ មានតែបីរូបប៉ុណ្ណោះ គឺលោកវ៉ាន់ ណាត លោកជុំ ម៉ី និងលោកប៊ូ ម៉េង ដែលជាសាក្សីសំខាន់បំផុតក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងសាលាក្តីខ្មែរក្រហម៕