អតីតជនរងគ្រោះនៃរបបខ្មែរក្រហមគ្រប់រូបផ្តល់ប្រតិកម្មស្រដៀងគ្នាថា ត្រូវមានការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតដល់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលបានធ្វើឲ្យបាត់បង់ជីវិតមនុស្សប្រហែល១ភាគ៤នៃប្រជាពលរដ្ឋកម្ពុជាសរុប។
អ្នកស្រី វ៉ា លឹមផាន់ អាយុ៥៥ឆ្នាំមកពីភូមិគោកគ្រាម ឃុំសុរិយាធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានស្រែកទ្រហោយំ នៅពេលអ្នកស្រីជា លាង សហព្រះរាជអាជ្ញាខាងភាគីកម្ពុជា បានអានរឿងរ៉ាវអំពីដំណើរការសាលាក្តីខ្មែរក្រហមមុននឹងឈានដល់សវនាការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។
នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ សាលាក្តីប្រល័យពូជសាសន៍ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ បានចាប់ផ្តើមដំណើរកាត់ទោសមេដឹកនាំខ្មែរក្រហមនៅថ្ងៃដំបូង ទៅលើសំណុំរឿង០០២។ សំណុំរឿង០០២ មានជនជាប់ចោទចំនួនបួនរូប ក៏ប៉ុន្តែអ្នកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អវត្តមានដោយសារតែអ្នកស្រីមិនមានសុខភាពល្អគ្រប់គ្រាន់។ ដូច្នេះ មានតែជនជាប់ចោទតែបីរូបប៉ុណ្ណោះ គឺលោកនួន ជា អតីតប្រធានរដ្ឋសភា លោកខៀវ សំផន អតីតប្រមុខរដ្ឋ និងលោកអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសបានមកបង្ហាញមុខនៅថ្ងៃអង្គសវនាការដំបូងនេះ។
អ្នកស្រី វ៉ា លឹមផាន់ ដោយទប់ទឹកភ្នែកមិនបាន អ្នកស្រីបានដើរចេញពីបន្ទប់សវនាការ មកយំនៅបន្ទប់ខាងក្រោយតុលាការវិញ នៃសាលាក្តីខ្មែរក្រហម នៅពេលដែលអ្នកស្រីបាននឹកឃើញ ដល់របបគ្រប់គ្រងដោយពួកខ្មែរក្រហម។
«គេយកបងខ្ញុំសម្លាប់ចោលអស់ ហើយគេយកពួកខ្ញុំ នៅឆ្នាំ៧៥ហ្នឹង យកទៅចង ដែលគេច្រានចេញពីរណ្តៅមក សល់តែខ្ញុំម្នាក់ហ្នឹង»។
អ្នកស្រីបាននិយាយទៀតថា អ្នកស្រីបានបាត់បង់សមាជិកគ្រួសារ អស់ចំនួនប្រាំគ្រួសារ គឺស្មើនឹងចំនួន៤៨នាក់ ដោយសារតែពួកខ្មែរក្រហម បានសម្លាប់។ ទាំងអ្នកស្រី វ៉ា លឹមផាន់ ក៏ដូចប្រជាពលរដ្ឋដទៃទៀតដែរ ដែលរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រាថ្នាចង់ឃើញមេដឹកនាំខ្មែរក្រហមទទួលទោសយ៉ាងធ្ងន់ធ្ងរដើម្បីឲ្យសមនឹងទោសដែលខ្លួនបានប្រព្រឹត្តិកន្លងមក។
អ្នកស្រី ខឹម វ៉ាធី អាយុ៥២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បាននិយាយថា អ្នកស្រីបានទន្ទឹងរង់ចាំថ្ងៃនេះ ជាយូរមកហើយក្នុងការរកយុត្តិធម៌ដល់បងប្អូន ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ អ្នកស្រីបាននិយាយថា តុលាការគួរតែដាក់ទោសពួកដឹកនាំខ្មែរក្រហមឲ្យទទួលទោសអស់មួយជីវិត។
«សឹងថាបើនៅក្បែរ វ៉ៃតែម្តង។ ដោះស្បែកជើងដាក់តែម្តងពីព្រោះអាពួកហ្នឹង វាធ្វើឲ្យពួកយើងមានវាសនាបែកបាក់ក្រុមគ្រួសារដូចរាល់ថ្ងៃហ្នឹង។ គឺអាពួកហ្នឹងហើយលើភពផែនដីនេះ ឥតមានអ្នកណាសាហាវដូចពួកវា សូម្បីតែហ៊ីត្លែ គេឥតសម្លាប់ប្រជាជនគេដែរ»។
ផ្ទុយនឹងការលើកឡើងរបស់ជនរងគ្រោះ មន្ត្រីជាន់ខ្ពស់របស់អតីតមេដឹកនាំខ្មែរក្រហមមួយរូប ដែលរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានជំទាស់នឹងដំណើរការកាត់ទោសរបស់សាលាក្តីខ្មែរក្រហម។
លោក ភី ភូទ អាយុ៦៤ឆ្នាំ មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលលោកជាអតីតអ្នកនាំសាររបស់លោកអៀង សារីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបាននិយាយថា លោកមិនចង់ឲ្យសាលាក្តីខ្មែរក្រហមកាត់ទោសមេដឹកនាំខ្មែរក្រហមទេ។ លោកបានមានប្រសាសន៍ថា នៅពេលដែលលោកបានឃើញលោកអៀង សារី លោកមានការឆ្អែតចិត្តដោយមិននឹកស្មានថា តុលាការ បាននាំលោកអៀង សារី យកមកកាត់ទោសទេ។
«វានៅក្នុងរបបហ្នឹង។ វាអញ្ចឹងទោសហើយមិនដឹងជាថាម៉េចទេ? ខ្ញុំមិនគាំទ្រទេ។ ខ្ញុំយល់ឃើញថា ពិភពលោក គ្មានអីយុត្តិធម៌ទេ។ នៅក្បែរខ្ញុំ ក៏គ្មានអីយុត្តិធម៌ទេ»។
លោក តូច សុផាន់ អាយុ៦៥ឆ្នាំ មកពីស្រុកក្រវ៉ាញខេត្តពោធិសាត់ បានមានប្រសាសន៍ថា លោកចង់ឲ្យមេដឹកនាំខ្មែរក្រហមទាំងអស់ទទួលទោសទៅតាមផ្លូវច្បាប់។
«វាយូរណាស់មកហើយ។ យើងវាអាចលុបបំបាត់ខ្លះ។ អានេះ វាយូរមកហើយ ឲ្យគេធ្វើទៅតាមផ្លូវច្បាប់ទៅ»។
លោក ហ៊ុយ វណ្ណៈ មន្ត្រីទំនាក់ទំនងកិច្ចការសារធារណៈរបស់សាលាក្តីខ្មែរក្រហម បាននិយាយថា គោលបំណងរបស់សាលាក្តីខ្មែរក្រហមគឺដើម្បីផ្តល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយលោកសង្ឃឹមថា ដំណើរការតាមផ្លូវច្បាប់ជានីតិវិធីតែមួយគាត់ដើម្បីឲ្យកម្ពុជាអាចបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ខ្លួនបាន។
«ដូច្នេះនីតិវិធី ជាបន្តប្រសិនបើភាគីតំណាងឲ្យជនរងគ្រោះ តំណាងឲ្យជនជាប់ចោទមិនពេញចិត្តគឺការប្តឹងឧទ្ធរណ៍នឹងធ្វើឡើង ហើយយើងមានតុលាការមួយថ្នាក់ទៀតដើម្បីកំណត់។ ដូច្នេះហើយដើម្បីកំណត់នឹងបង្កើតប្រសិទ្ធ និងគុណភាពនៅក្នុងការផ្តល់យុត្តិធម៌ និងស្វែងរកយុត្តិធម៌»។
ពួកមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម ដែលត្រូវបាននាំយកមកកាត់ទោសនៅថ្ងៃនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕