សាលាក្តីគាំទ្រដោយអ.ស.ប.កាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នៅប្រទេសកម្ពុជាដើម្បីរកយុត្តិធម៌ខ្លះៗ ក្រោមពីពួកគេរូចពីការកាត់ទោសច្រើនទសវត្សទាក់ទងនឹងបដិវត្តន៍ដ៏បង្ហូរឈាមរបស់គេ។ ចំពោះជនរងគ្រោះខ្លះ ការកាត់ទោសនេះឆ្កឹះដំបៅនេះឡើងវិញ តែវាក៏ព្យាបាលរបួសនេះផងដែរ។
អ្នកស្រីកូប អៃសះ ជាជនជាតិភាគតិចខ្មែរឥស្លាម។ អ្នកស្រីមានគម្ពីរគូរ៉ាននេះតាំងអាយុ១២ឆ្នាំ។ ពេលរបបខ្មែរក្រហម អំឡុងទសវត្សរ៍១៩៧០ រំលាយសាសនានោះ អ្នកស្រីជីករណ្តៅលាក់គម្ពីរនេះក្រោយផ្ទះ។ ខ្មែរក្រហមបង្ខំឲ្យអ្នកស្រីហូបសាច់ឆ្កែនិងសាច់ជ្រូក។
អ្នកស្រីពិបាកនិយាយអំពីពួកកុម្មុយនិស្តជ្រុលនិយម ដែលអួតអាងបង្កើតកសិកម្មមហាលោតផ្លោះមហាអស្ចារ្យនោះ។ គេសម្លាប់គ្រួសាររបស់អ្នកស្រីជាច្រើន។
«បើគេសម្លាប់គ្រួសារមេដឹកនាំទាំងនេះវិញយ៉ាងម៉ុចដែរ? គាត់គ្មានសាច់ញាតិទេឬ?»
អ្នកស្រីបានចូលរួមការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នៅភ្នំពេញពីបទឩក្រិដ្ឋកម្មសង្គ្រាម។ អ្នកស្រី និងជនរងគ្រោះជាច្រើនទៀតនិយាយថា ពួកគេដឹកនាំនយោបាយសម្លាប់ខ្មែរជិត២លាននាក់។
អ្នកទាំងនេះមានខៀវ សំផន កាលណោះជាប្រមុខរដ្ឋ អៀងសារី រដ្ឋមន្ត្រីការបរទេស និងភរិយារបស់គាត់គឺអៀង ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច និងនួន ជា បងធំទី២។ ចុងចោទនិយាយថា ខ្លួនគ្មានកំហុសដូចបទចោទប្រកាន់ទេ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាអតីតខ្មែរក្រហម បាននិយាយថា ករណី០០២នេះជាការកាត់ទោសចុងក្រោយ។
កញ្ញាសេង ធារី ប្រធានសមាគមជនរងគ្រោះខ្មែរក្រហមនៅកម្ពុជា និយាយថា តុលាការគាំទ្រដោយអ.ស.ប.រណបតាមការគាបសង្កត់របស់រដ្ឋាភិបាល។
«នេះជារឿងមិនអាចទទួលយកបាន និងគួរឲ្យស្អប់ខ្ពើម។ អ.ស.ប.រំលោភគោលការណ៍ជាមូលដ្ឋានរបស់ខ្លួន គឺឯករាជ្យភាពនៃតុលាការ។ យើងមិនមានជំនឿលើមន្ត្រីកម្ពុជាទេ តែសង្ឃឹមលើអ.ស.ប.»។
បុគ្គលិកបរទេសមួយចំនួនឈប់ធ្វើការនៅតុលាការនេះដោយសារជម្លោះ។លោកឌឹម សុវណ្ណារុំ មន្ត្រីកិច្ចការសាធារណៈនៃតុលាការនេះ បានបដិសេធថា គ្មានការជ្រៀតជ្រែកពីនយោបាយទេ។
«តាំងពីពេលខ្ញុំធ្វើការនៅតុលាការនេះ២ឆ្នាំនេះមានការកែប្រែច្រើន។ ពេលអ្នកនិយាយពីប្រសាសន៍លោកនាយករដ្ឋមន្ត្រី ខ្ញុំចង់និយាយថា តុលាការឯករាជ្យ ជាស្ថាប័នឯករាជ្យ»។
ទោះជាកាត់ទោស ឬមិនកាត់ទោសមេដឹកនាំថែមទៀតក៏ដោយ គឺប្រាកដណាស់ថា ខ្មែរក្រហមថ្នាក់ទាបច្រើនពាន់នាក់ដែលទទួលខុសត្រូវការសម្លាប់មនុស្ស នឹងមិនត្រូវកាត់ទោសទេ។
អ្នកទិតៀនយល់ស្របថា ការកាត់ទោសមេខ្មែរក្រហមក្រោយពីពួកគេមានសេរីភាពច្រើនឆ្នាំនេះ គឺជាជំហានផ្សះផ្សារបួសជនរងគ្រោះ។
ប៉ុន្តែចំពោះកូប អៃសះ គាត់យល់ថា មានយុត្តិធម៌លុះត្រាមេខ្មែរក្រហមទាំងអស់មានទោសជាប់គុករហូតដល់ស្លាប់៕
នាងលី ម៉ូរីវ៉ាន់ ប្រែសម្រួល