ភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេតទើបតែបានបញ្ជូនឯកសារសំណុំរឿង០០២ទៅកាន់សហព្រះរាជអាជ្ញា ប្រយោជន៍គឺដើម្បីរៀបចំដំណើរការឆ្ពោះទៅរកការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ ដែលកំពុងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នដោយសាលាក្ដីខ្មែរក្រហម។
សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃច័ន្ទ បានបញ្ជូនសំណុំឯកសារក្នុងករណី០០២ ទៅកាន់សហព្រះរាជអាជ្ញា ដើម្បីធ្វើសេចក្ដីសន្និដ្ឋានជាសា្ថពរមួយ ឆ្ពោះទៅរកការកាត់ទោសជនសង្ស័យដ៏មានសារៈសំខាន់ចំនួនប្រាំនាក់ដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ន។
លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃអង្គារថា នេះគឺជានីតិវិធីចុងក្រោយដែលនឹងអនុញ្ញាតឲ្យសហចៅក្រមស៊ើបអង្កេតធ្វើដីកាបញ្ជូនរឿងទៅជំនុំជម្រះ ទៅអង្គជំនុំជម្រះសាលាដំបូងដើម្បីកំណត់ថ្ងៃកាត់ទោសជនសង្ស័យទាំងប្រាំនាក់។
"នេះគឺជាតំណាក់កាលចុងក្រោយ មុននឹងដីកាបញ្ជូនរឿងទៅជំនុំជម្រះក្នុងសំណុំរឿង០០២។ សហព្រះរាជអាជ្ញានឹងផ្ដល់អនុសាសន៍របស់ខ្លួនទៅកាន់ចៅក្រមស៊ើបអង្កេតថា តើជនសង្ស័យណាខ្លះមិនជាប់បទចោទប្រកាន់ ឬក៏ជនសង្ស័យណាខ្លះត្រូវជាប់បទចោទប្រកាន់ក្នុងចំណោមពួកគេ"។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា សហព្រះរាជអាជ្ញាមានពេល៤៥ថ្ងៃក្នុងការផ្តល់អនុសាសន៍ ឬសេចក្ដីសម្រេចរបស់ខ្លួនទៅកាន់សហចៅក្រមស៊ើបអង្កេតវិញ។
ជនជាប់ចោទទាំង៥នាក់ រួមមានបងធំទី២ បន្ទាប់ពីប៉ុល ពត ជាមេស្ថាបនិកនៃរបបខ្មែរក្រហម គឺនួន ជា ខៀវ សំផន អៀង សារី អតីតបងធំទីបីក្នុងរបបខ្មែរក្រហម អៀង ធីរិទ្ធ និងឌុច អតីតប្រធានគុកទួលស្លែង។ ឌុចត្រូវបានកាត់ទោសក្នុងសំណុំរឿងលេខ០០១ រួចម្ដងហើយ ហើយសាលក្រមដែលនឹងកំណត់ទោសជនជាប់សង្ស័យរូបនេះ នឹងត្រូវប្រកាសនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។
ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថា បានបង្កឲ្យជនរងគ្រោះខ្មែរស្លាប់បាត់បង់ជីវិត យ៉ាងតិចចំនួន១,៧លាននាក់ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក យល់ឃើញថា ការបញ្ជូនសំណុំឯកសាររបស់សហចៅក្រមស៊ើបអង្កេតទៅឲ្យសហព្រះរាជអាជ្ញានោះ បង្ហាញអំពីដំណើរការកាន់តែខិតចូលជិតដំណើរការកាត់ទោសជនជាប់សង្ស័យទាំងប្រាំនាក់ដែលកំពុងជាប់ឃុំឃាំងនេះ។
"វាជាជំហានវិជ្ជមានមួយហើយ ដែលបានបញ្ជូន(សំណុំរឿង០០២) ទៅដល់សហព្រះរាជអាជ្ញា ព្រោះការកាត់ក្ដីរឿង០០២នេះ មានសារៈសំខាន់ណាស់។ វាពាក់ព័ន្ធជាមួយនឹងបញ្ហានៅកម្ពុជាផង ហើយវាជាលក្ខណៈប្រវត្តិសាស្ដ្រផង"។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនសហចៅក្រមស៊ើបអង្កេតបានបិទបញ្ចប់ការស៊ើបអង្កេតជាស្ថាពរ ក្នុងសំណុំរឿងលេខ០០២នេះ បន្ទាប់ពីអង្គបុរេជំនុំជម្រះបានទាត់ចោលនូវបណ្ដឹងឧទ្ធរណ៍ពីភាគីនានា ដែលបានទាមទារឲ្យមានការស៊ើបអង្កេតបន្ថែមនោះ។
សហចៅក្រមស៊ើបអង្កេតបានគ្រោងទុកកាលពីដើមឆ្នាំ២០១០នេះថា ក្រោយពីការបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿងលេខ០០២ ខ្លួននឹងធ្វើដីការដំណោះស្រាយ ឬដីការបញ្ជូនរឿងទៅជំនុំជម្រះ ទៅកាន់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១០នេះ ហើយការកាត់ទោសក្នុងសំណុំរឿង០០២នេះ ត្រូវគេគ្រោងធ្វើនៅក្នុងអំឡុងខែមិនា ឆ្នាំ២០១១៕