ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវការ​ព័ត៌មាន​បន្ថែម​អំពី​សាក្សីនិង​អ្នក​ជំនាញ​សម្រាប់​ករណី​០០២


លោក​ភឺធើ អ៊ូច ​​អ្នក​រួច​​ជីវិត​ពី​របប​ខ្មែរក្រហម​​កំពុង​គូរ​រូប​លោក​ជាប់​ចំណង​​ក្នុង​​របប​​នេះ។​​
លោក​ភឺធើ អ៊ូច ​​អ្នក​រួច​​ជីវិត​ពី​របប​ខ្មែរក្រហម​​កំពុង​គូរ​រូប​លោក​ជាប់​ចំណង​​ក្នុង​​របប​​នេះ។​​

លោក​និល ណុន​ ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងអស់ផ្តល់ព័ត៌មានបន្ថែម​ទៀត​ចំពោះ​សាក្សី​និង​អ្នក​ជំនាញ​ដែល​ត្រូវដាក់​បញ្ចូល​នៅក្នុង​សំណុំរឿង​០០២​ ឲ្យ​បាន​ត្រឹមថ្ងៃ​ទី២០​ ខែ​មិថុនា​ ខាងមុខ​នេះ។

សាលាក្តី​សម្រាប់​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​សវនាការ​ជា​បឋម​ចំពោះ​សំណុំរឿង​០០២ ​ដែល​មាន​ជន​ជាប់ចោទ​ចំនួន​បួនរូប ​គឺ​លោក​ខៀវ សំផន ​លោក​នួន ជា​ លោក​អៀង សារី​ និង​អ្នកស្រី​អៀង ធីរិទ្ធ ​នៅ​ថ្ងៃទី​២៧ ​រហូត​ដល់ថ្ងៃ​ទី​៣០ ​ខែ​មិថុនា។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បង្គាប់​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ធ្វើការ​ពន្យល់បន្ថែម​ និង​សង្ខេប​ឲ្យ​បាន​ខ្លីៗ ​តាម​ដែល​អាច​ធ្វើទៅ​បាន​ ចំពោះ​សាក្សី ​និង​អ្នក​ជំនាញ។

ចំពោះ​បញ្ជី​ឈ្មោះ​ បុគ្គល​ដែល​ជាសាក្សី​និង​អ្នកជំនាញ​ ដែល​ត្រូវ​ដាក់​ពិចារណា​មា​នបួន​ចំណុច​ ដែល រួមមាន​រចនា​សម្ព័ន្ធ​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ តួនាទី​របស់​ជនជាប់ចោទ​ម្នាក់​នៅ​ក្នុងអំឡុង​ពេល​មុនការបង្កើត​កម្ពុជា​ប្រជាធិបតេយ្យ​ រួមទាំ​ងពេល​ដែល​ជនជាប់ចោទ​ បាន​ទទួល​តួនាទី​នោះ​ តួនាទី​ជា​ជន​ជាប់ចោទ​ ម្នាក់ៗក្នុង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ ការទទួលខុស​ត្រូវ​របស់​ជនជាប់ចោទ​ តាមការ​ចាត់តាំង​ និង​គោលនយោបាយ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្តីពី​បញ្ហា​នានា​ ដែល​បាន​លើកឡើង​នៅក្នុង​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។

លោក​ឌឹម សុវណ្ណារុំ ​មន្រ្តី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​ បាន​មានប្រសាសន៍​ថា​សាលាក្តី​ខ្មែរក្រហម​បាន​ទទួល​សាក្សី ​អ្នកជំនាញ​និង​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ដែល​បាន​ដាក់​គ្រប់​ភាគី​មាន​ចំនួន​១.០៩២នាក់។

លោក​បាន​មាន​ប្រសាសន៍​ថា ​យើង​មិនទាន់​សម្រេច​ចុងក្រោយ​ថាតើ​នឹង​ត្រូវ​ជ្រើសរើស​សាក្សី ​និង​ អ្នក ជំនាញ​ប៉ុន្មាន​នាក់​ទេ​ ដែល​ត្រូវ ​នឹង​ដាក់​បញ្ចូល​នៅក្នុង​សំណុំរឿង​០០២​នោះ។

«តើ​ចុងក្រោយ​និង​សម្រេច​ប៉ុន្មាន​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ដោយសារ​តែ​អង្គជំនុំជម្រះ​សាលាក្តី​ ដំបូង​ នឹង​ពិភាក្សា​នៅលើ​ចំណុច​ហ្នឹង ក្នុងពេល​ដែល​មាន​សវនាការ​ជា​បឋម ​ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​២៧ ខែ​មិថុនា​ឆ្នាំ២០១១​នេះ​តទៅ។ អញ្ចឹង​សវនាការ​បឋម​ នឹង​ពិភាក្សា​ជុំវិញ​បញ្ជី​ឈ្មោះ​របស់​សាក្សី ​អ្នកជំនាញ​ និង ​ដើមបណ្តឹង​រដ្ឋប្បវេណី​ ដែល​មាន​ចំនួន​ច្រើន​ ហើយ​យើង​ជឿជាក់​ថា​ ចំពោះ​(ចំនួន) ដ៏​ច្រើន​លើសលប់​នេះ​មិន អាច​អង្គជំនុំជម្រះ​សាលាដំបូង ​និង​សម្រេច​យក​ទាំងអស់​បាន​ទេ»។

លោក​ហុង គឹមសួន ​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី ​បាន​មាន​ប្រសាសន៍​ថា​ នាពេល​ឆាប់ៗ​ខាងមុខ​នេះ​ក្រុម​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​ទាំងអស់​នឹង​បើក​កិច្ចប្រជុំ​គ្នា​មួយ​ដើម្បី​ប្រមូល​មតិ​រៀងៗ​ខ្លួន​ ចំពោះ​សាក្សី និង​អ្នក​ជំនាញ ​ដែល​ត្រូវដាក់​បញ្ចូល​ធ្វើ​សក្ខីកម្ម។

«ប្រភេទ​នៃ​ការទាមទារ​សំណង ​គឺជា​រឿង​ចម្បង​សម្រាប់​ដើមបណ្តឹង​រដ្ឋប្បវេណី ​ប៉ុន្តែ​វា​មិនទាន់​ដល់​ថ្នាក់​លម្អិត​ ដូច​នៅ​បញ្ចប់ទេ។ តុលាការ​នឹង​សួរថា​យើង ​មាន​ប្រភេទ​យ៉ាងម៉េច​ដាក់​ឲ្យ​គេ។ ទីពីរ​ទៀត ​យើង បង្ហាញ​អំពី​ថាតើ​យើង​មាន​ដើម​បណ្តឹង​ប៉ុន្មាន​នាក់​ឡើង​ធ្វើ​សក្ខី​កម្ម ​ដែល​ទាក់ទិន​ទៅ​ជាមួយ​អង្គហេតុ​នីមួយៗ តើ​យើង​មាន​សាក្សី​ប៉ុន្មាន ​ដែល​បង្ហាញ​គាំទ្រ​អង្គហេតុ​យើង​ និង​អ្នកជំនាញ​ថែមទៀត»។

លោក​ឡាត់ គី ​អ្នកសម្រប​សម្រួល​សាលាក្តី​ខ្មែរ​ក្រហម​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​មាន ប្រសាសន៍​ថា សាក្សី​ និង​អ្នកជំនាញ​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅក្នុង​សំណុំរឿង​០០២។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ អ្នកជំនាញ​ គួតែ​ទៅដាក់​ឲ្យបាន​ច្រើន ​ដើម្បី​លាតត្រដាង​ពី​ការណ៍ពិត។

«ដោយសារ​តែ​សំណុំរឿង​នេះ​ គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​សំណុំរឿង​របស់​មេដឹកនាំ​នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ​ជា​សំណុំរឿង​មួយ ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ។ បើសិន​ណា​ជំនាញ​អាច​យក​បាន​ច្រើន កាល​ណា​ គឺល្អ​កាលហ្នឹង ​ដើម្បី​ធ្វើ​យ៉ាងម៉េច​គឺ​លាតត្រដាង​ការណ៍ពិត​ បង្ហាញ​នូវ​ការណ៍ពិត​ឲ្យ​ជន​ជាប់ចោទ​គាត់​អាច​ទទួល​យក​នូវ​ទឡ្ហីករណ៍​ ឬក៏​ហេតុការណ៍​ដែល​កើតឡើង​នៅ​កាល​ហ្នឹង»។

XS
SM
MD
LG