ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​ប្រកាស​សាល​ក្រម​ដាក់​ទោស​ ឌុចក្នុង​ពេល​ពីរ​ខែ​ទៀត


សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​ប្រកាស​សាល​ក្រម​ ដែល​នឹង​កំណត់​ពី​ការ​ដាក់​ទោស​ ឌុច​ នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត។ ​ឌុច​ត្រូវ​កាត់​ទោស​ដោយ​អង្គ​ជំ​នុំជម្រះ​សាលា​ដំបូង​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។

លោក ​គង់ ​សុឋានរិទ្ធ​ រាយ​ការណ៍​ជូន​ពី​ទីក្រុង​ ភ្នំពេញ​ដូច​ត​ទៅ៖

ការ​កំណត់​ពី​ការ​ដាក់​ទោស​ ឌុច​ ដែល​គេ​កំពុង​រង់​ចាំ​បំផុត​នោះ​ នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ ក្នុង​ពេល​ឆាប់ៗ​នេះ។​ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​កំណត់​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​ ការ​ប្រកាស​សាលក្រម​ក្នុង​ការ​កាត់ទោស​ អតីត​ប្រធាន​គុក​ទួលស្លែង​ដ៏​ទារុណ​កម្ម​រូប​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ​ខែកក្កដា​ គឺ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត។

កាំង​ ហ្គិចអ៊ាវ ​ហៅ​ ឌុច​ អាយុ៦៧​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​លេខ​០០១​ពី​បទ​ឧក្រិដ្ឋ​ កម្ម​សង្រ្គាម ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​នៃ​ការធ្វើ​ទារុណ​កម្ម ​និង​មនុស្ស​ឃាត​ ដែល​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​សម្លាប់​អ្នកទោស​យ៉ាង​តិច​ចំនួន​១២​៣៧៣​នាក់។​ ឌុច ត្រូវ​កាត់​ទោស​អស់​រយៈពេល​ចំនួន​៧៧​ថ្ងៃ ​ចាប់​តាំង​ពី​ខែ​មិនា​មក​ម៉្លេះ។

លោក ​ឡាស​ អលសិន ​មន្រ្ដី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហមមាន​ប្រសាសន៍​ថា​ ​ពេល​ម៉ោង​ជាក់​លាក់​នៃ​ការ​ប្រកាស​សាលក្រម​ឌុច​នោះ ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ ហើយ​ក្នុង​ពេល​នេះ​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កំពុង​ធ្វើ​កិច្ច​ការ​បញ្ចប់​លើ​សាលក្រម​ឌុច។

“យើង​កំពុង​ធ្វើ​ការ​បញ្ចប់​នូវ​អ្វីៗ​ទាំង​អស់ ​ ​ប៉ុន្ដែ​យើង​រំពឹង​ថា ​រហូត​ដល់​ថ្ងៃ​ទី២៦ ​ខែ​កក្កដា​ អ្វីៗ​នឹង​រៀប​រយ​ជា​ ស្រេច​ ដើម្បី​ប្រកាស​សាលក្រម​បាន"។

ដូច្នេះ​ការ​ប្រកាស​សាលក្រម​ ឌុច​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ ​៨​ខែ​ ក្រោយ​ពី​ការ​កាត់ទោស។​ លោក​ រាជ​ សម្បត្តិ ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យ​សាលក្រម​ ដែល​កំណត់​ទោស​ឌុច​នោះ​ នឹង​អាច​ ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំងអស់។​ ហើយ​គម្រោង​ការ​នៃ​ការ​ប្រកាស​សាលក្រម ​ឌុច ​នេះ​នឹង​ ក្លាយ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ជន​រងគ្រោះ​ ដោយ​របប​ខ្មែរក្រហម។

“កិច្ចការ​នេះ ​គឺ​ជា​កិច្ចការ​ប្រវត្តិ​សាស្រ្ដ ​ដែល​ទាម​ទារ​ឲ្យ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ហ្នឹង​ឲ្យ​ គេ​ទទួល​ស្គាល់។​ ដោយ​ឡែក ​យើង​យល់​ថា ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ ទាក់ទង​នឹង​កាល​ បរិច្ឆេទ​ហ្នឹង​ វា​នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​បាន​រង់ចាំ​ព័ត៌មាន​ហ្នឹង​នឹង​មាន​សេចក្ដី​សប្បាយ​ រីក​រាយ "។

ឌុច​គឺ​ជា​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​ពួក​ខ្មែរក្រហម​ម្នាក់​ដែល​ត្រូវ​កាត់ទោស​មុន​គេ​ ក្នុង​ចំ ណោម​ជន​សង្ស័យ​ចំនួន​៥នាក់ ​ដែល​ត្រូវ​ចាប់​ខ្លួន​ទាក់​ទង​នឹង​ការ​បង្ក​ឲ្យ​ប្រជាជន​ខ្មែរ​ស្លាប់​អស់​ជិត​២​ លាន​នាក់។

សេចក្ដី​ជូន​ដំណឹង​ពី​ការ​ប្រកាស​សាលក្រម​ ឌុច ​នេះ ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​មុន​ការ​បើក​កិច្ច​ប្រជុំ​ ក្នុង​ទី​ក្រុង​ញូយ៉ក​ ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​ ដើម្បី​រៃ​អង្គាស​ប្រាក់ ​សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​ របស់​សាលាក្ដី​ខ្មែរក្រហម​ ខណៈ​ដែល​ខាង​ភាគី​សហ​ប្រជាជាតិ​នៅ​ក្នុង​សាលាក្ដី ​នឹង​ត្រូវ​អស់​លុយ​ នៅ​ក្នុង​រង្វង់​ខែ ​កញ្ញា​ខាង​មុខ ​រី​ឯ​ភាគី​កម្ពុជា​បាន​អស់​លុយ​សម្រាប់​បំពេញ​ប្រតិបត្តិការ​របស់​ខ្លួន​ ទៅ​ហើយ។

សហគមន៍​អន្ដរជាតិ​បាន​សម្រេច​ផ្ដល់​នូវ​ទឹក​ប្រាក់​ចំនួន​ជាង​៨៧​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ បន្ដ​ប្រតិបត្តិការ​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​២០១១​ ក៏ប៉ុន្ដែ​ប្រទេស​ជាច្រើន​ពុំ​ទាន់​បាន​សន្យា​ផ្ដល់​នូវ​ទឹក​ប្រាក់​ប៉ុន្មាន​នៅ​ឡើយ​នោះ​ទេ។

លោក​ ឡាស ​អលសិន ​មន្រ្ដី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម ​បញ្ជាក់​ថា ​ការ​ជូន​ដំណឹង​ពី​ប្រកាស​សាលក្រម​ ឌុច​មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​កិច្ច​ប្រជុំ​នេះ​ទេ​ គឺ​ជា​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។

សហ​ព្រះ​រាជ​អាជ្ញា​ទាំង​ពីរ​រូប​របស់​សាលាក្ដី​ខ្មែរ​ក្រហមធ្លាប់​បាន​ទាមទារ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ ដំបូង​ផ្ដន្ទា​ទោស​ ឌុច​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជា​ទីបំផុត​ ហើយលោក​វីលាម ​ស៊្មីត ​សហ​ព្រះ​រាជ​អាជ្ញា​បរទេស​ បាន​ទទូច​ថា ​ឌុច​គួរ​តែ​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក ​យ៉ាង​តិច​ចំនួន​៤០​ឆ្នាំ​ដែរ។​ ក៏​ប៉ុន្ដែ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​កាត់​ទោស ​កាល​ពី​ខែ​វិច្ឆិកា​ ​ឌុច​បាន​អង្វរ​ឲ្យ​សាលាដំបូង​ធ្វើ​ការ​ដោះលែង​ ឲ្យ​ខ្លួន​មាន​សេរីភាព​ឡើង​វិញ៕

XS
SM
MD
LG