ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សន​កិច្ច​ព្រះ​រាជ​អាជ្ញា​សាលាក្តី​ខ្មែរ​ក្រហម​ធ្វើ​ឱ្យ​ខ្មែរ​អ៊ិស្លាម​មាន​ទឹក​ចិត្ត


អ្នក​ភូមិ​ចាម​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ហាក់​មាន​សង្ឃឹម​ឡើង​វិញ​ថា​ ពួក​គេ​នឹង​អាច​ទទួល​បាន​យុត្តិ​ធម៌​ពី​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ បន្ទាប់​ពី​ការ​ធ្វើ​ទស្សន​កិច្ច​របស់​សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​ខេត្ត​នោះ​កាល​ពី​ខែ​មុន។

លោក​ ពេជ្រ ​សំណាង ​រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ពី​ខេត្ត​ព្រះ​សីហនុ​ជូន​ដូច​ត​ទៅ៖

ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​នៅ​ក្នុង​ភូមិ​ព្រែក​ទាល់ ​ឃុំ​ទឹក​ថ្លា​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូ​ម៉ែត្រពី​ទី​រួម​ស្រុក​ព្រៃ​នុប ​ខេត្ត​ព្រះ​សីហនុ ​បាន​ប្តូរ​អារម្មណ៍​ទៅ​ជា​វិជ្ជ​មាន​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​វិញក្រោយ​ពី​បាន​ជួប​ផ្ទាល់​ជា​មួយ​សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​លោក ​Andrew​ Cayley។

លោក ​Andrew ​Cayley ​សហ​ព្រះ​រាជ​អាជ្ញា​ថ្មី​ខាង​ភាគី​អន្តរ​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​បាន​មក​ជួបជា​មួយ​អ្នក​ភូមិ​ព្រែក​ទាល់​ដែល​ជា​ភូមិ​តូច​មួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ​កាល​ពី​ខែ​មេសា​ នៅ​ក្នុង​ផ្នែកមួយ​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ទី​ជន​បទ​ដើម្បី​ជួប​ជា​មួយ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហមនិង​ដើម្បី​សិក្សា​ពី​ពួក​គេ​អំពី​ទំហំ​នៃ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​ឡើង​នៅ​ទី​នោះ។

ក្រុម​អ្នក​ភូមិ​ព្រែក​ទាល់​នេះ​សង្ឃឹម​ថា ​សហ​ព្រះ​រាជ​អាជ្ញា​រូប​នេះ​នឹង​អាច​នាំ​យក​អតីត​មេ​ដឹក​នាំ​នៃ​របប​ខ្មែរ​ក្រហម​មក​កាត់​ទោស​ឱ្យ​បាន​ឆាប់​ មុន​ពេល​ដែល​អតីត​មេ​ដឹក​នាំ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ទាំង​នោះ​ ស្លាប់​បាត់​បង់​ជីវិត​ទៅ។

លោក​ ឡិប​ សារ៉េម​ វ័យ​៦៧​ឆ្នាំ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បរិវេណ​ផ្ទះ​មួយ​ដែល​អ្នក​ភូមិ​បាន​ជួបប្រជុំ​ជា​មួយ​សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​នោះ​ថា​ លោក​ចាប់​ផ្តើម​មាន​សង្ឃឹម​ឡើង​វិញ​ក្នុង​ការ​ទទួលបាន​យុត្តិ​ធម៌​សម្រាប់​ខ្លួន​លោក​និង​កូន​ចៅ ​សាច់​ញាតិ​របស់​លោក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ បន្ទាប់​ពី​មាន​ការ​ធ្វើ​ទស្សន​កិច្ច​របស់​សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​នៅ​ក្នុង​ភូមិ​របស់​លោក​មក។

កាល​ពី​មុន ​លោក​ឡិប ​សារ៉េម​ បាន​បាត់​បង់​ការ​ជឿ​ជាក់​ទៅ​លើ​សាលាក្តី​ខ្មែរ​ក្រហម​ ដោយ​សារ​តែ​ ការ​អូស​បន្លាយ​ពេល​យ៉ាង​យូរ​ក្នុង​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម។

“ពេល​ដែល​គាត់​មិន​ទាន់​មក​ គឺ​អារម្មណ៍​ ខ្ញុំ​គឺ​នៅ​ជួប​ប្រទះ​នូវ​ការ​ស្មុគ​ស្មាញ​ច្រើន។​ ពេល​ដែល​ឃើញ​ គាត់​មក​ហ្នឹង​ អារម្មណ៍​ខ្ញុំ​គ្រាន់​ធូរ​ស្រាល។​ ហេតុ​អី​បាន​ថា​ ធូរ​ស្រាល?​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ ពិត​ជា​ដោះ​ស្រាយ​ដល់​ប្រជា​ពល​រដ្ឋ​យើង​ខ្ញុំ ​ដោះ​ស្រាយ​រឿង​កាត់​ទោស​ដល់​របប​ខ្មែរ​ក្រហម​ហ្នឹង។​ ខ្ញុំ​សង្ឃឹម​ថា​ ពិត​ជា​រក​យុត្តិ​ធម៌ ​ពិត​ជា​ដោះ​ស្រាយ​កន្លែង​ហ្នឹង​ឱ្យ​ប្រជា​ជន​សុខ​ចិត្ត”។

លោក​ Andrew​ Cayley​ ត្រូវ​បាន​តែង​តាំង​ជា​សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​ជំនួស​លោក​ Robert​ Petit​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩។​ បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជា​មួយអ្នក​ភូមិ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀម​រាប​ កំពង់​ចាម ​ព្រម​ទាំង​ខេត្ត​ព្រះ​សីហនុ​នេះ​ផង​ដែរ​ ដើម្បី​ស្តាប់កង្វល់​របស់​អ្នក​ភូមិ​ និង​ពន្យល់​ពួក​គេ​អំពី​ដំណើរ​ការ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

លោក ​សើ ​យ៉ូប ​មេ​ភូមិ​ព្រែក​ទាល់​និង​ជា​ហាកឹម​ ឬ​មេ​ដឹក​នាំ​សាសនា​អ៊ិស្លាម​នៅ​ក្នុង​ភូមិ​នេះ​ផង​ដែរនោះ ​មាន​ប្រសាសន៍​នៅ​ក្រោម​ផ្ទះ​របស់​លោក​ថា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ចំនួន​១៧៨​គ្រួសារ​នៅ​ក្នុងភូមិ​នេះ​ បាន​យល់​ដឹង​កាន់​តែ​ប្រសើរ​ពី​ដំណើរ​ការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ បន្ទាប់​ពី​លោក ​Andrew​ Cayley ​ធ្វើ​ការ​ពន្យល់​ពួក​គេ​ដោយ​ផ្ទាល់​នោះ។

“កាល​មុន​អត់​ទាន់​មាន​ព្រះ​រាជ​អាជ្ញា​ចុះ​មក​ ដូច​ថា ​វា​មាន​ទាន់​ភ្លឺ​ស្វាង​ពី​បញ្ហា​ការ​ងារ​កាត់​ទោស​ហ្នឹង​ ទេ។ ​ក្រោយ​ពី​រាជ​អាជ្ញា​បាន​រ៉ាយ​រ៉ាប់​ពី​រឿង​រ៉ាវ​ហ្នឹង​ទៅ ​គឺ​ថា ​មហា​ជន​នៅ​ក្នុង​ភូមិ​នឹក​ថា​ ច្បាស់​ជា​ធ្វើ​ កើត ​ច្បាស់​ជា​ព្រះ​រាជ​អាជ្ញា​ហ្នឹង​ធ្វើ​កើត ​ព្រោះថា​ តាម​សំណូម​ពរ​គាត់​ឆ្លើយ​តប​ថា​ គាត់​អាច​ធ្វើ​កើត។​ គាត់​គិត​តែ​ធ្វើ​ទាល់​តែ​កើត។​ អញ្ចឹង​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​នេះ​សង្ឃឹម​១០០%​ហើយ”។

ជន​ជាតិ​ចាម​ប្រមាណ​៥​សែន​នាក់​បាន​ស្លាប់​នៅ​ក្នុង​របបកម្ពុជា​ប្រជាធិប​តេយ្យ​ ឬ​សម័យ​ខ្មែរ​ក្រហម។ នៅ​ក្នុង​របប​នោះ​ ប្រជា​ជន​ចាម​ ឬ​ខ្មែរ​អ៊ិស្លាម​នៅ​ក្នុង​ភូមិ​ព្រែក​ទាល់​នេះ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​កាប់សម្លាប់​និង​ជម្លៀស​ចេញ​អស់​ពី​ភូមិ​ទៅ​កាន់​ភូមិ​ផ្សេងៗ​ក្នុង​ខេត្ត​កំពត ​បន្ទាប់​ពី​បុរស​ចាម​មួយ​ចំនួននៅ​ក្នុង​ភូមិ​បាន​ចូល​រួម​នៅ​ក្នុង​ចលនា​តស៊ូ​មួយ​ដែល​ប៉ុន​ប៉ង​ងើប​ឡើង​បះ​បោរ​ប្រឆាំង​នឹង​ពួក​ខ្មែរក្រហម​នៅ​ពេល​នោះ។ ​ប៉ុន្តែ​ការ​ប៉ុន​ប៉ង​នោះ​ត្រូវ​បរាជ័យ​ដោយ​សារ​ពួក​ខ្មែរ​ក្រហម​បាន​ដឹង​ជា​មុននេះ​បើ​ផ្អែក​តាម​អ្នក​ភូមិ​ព្រែក​ទាល់​នេះ។

អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ចំនួន​៥​នាក់​ត្រូវ​បាន​តុលាការ​ពិសេស​ដែល​គាំទ្រ​ដោយ​ អង្គការ​សហ​ប្រជា​ជាតិ​នាំ​ខ្លួន​យក​មក​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​ឡើង​នៅ​ ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​៧៩ ​ដែល​បណ្តាល​ឱ្យ​ប្រជា​ជន​ប្រមាណ​ជិត​២​លាន​នាក់​ស្លាប់​បាត់​ជីវិត។

លោក​ កាំង​ ហ្គិច​អ៊ាវ​ ហៅ​ឌុច ​អតីត​មេ​គុក​ទួល​ស្លែង​ដ៏​សែន​ប្រល័យ​នៃ​របប​ខ្មែរ​ក្រហម​ ត្រូវ​បាន​កាត់​ ទោស​កាល​ពី​ឆ្នាំ​មុន​ចំពោះ​ការ​ស្លាប់​ប្រជា​ជន​ជាង​១២.០០០​ពាន់​នាក់​នៅ​ក្នុង​គុក​ដែល​គាត់​បាន​គ្រប់​គ្រង​នោះ។​ បច្ចុប្បន្ន​ គេ​នៅ​រង់​ចាំ​តែ​សាល​ក្រម​សម្រេច​របស់​តុលាការ​ប៉ុណ្ណោះ​ចំពោះ​សំណុំ​រឿង​លេខ​០០១​ ដែល​ទាក់​ទង​នឹង​ជន​ជាប់​ចោទ​កាំង​ ហ្គិចអ៊ាវ​ ហៅ​ឌុច​នេះ។

ចំណែក​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កំពូលៗ​ចំនួន​៤​នាក់​ទៀត​ ដែល​រួម​មាន​ នួន​ ជា​ ខៀវ​ សំផង​ អៀង​ សារី ​និង​អៀង ​ធីរិទ្ធ​កំពុង​រង់​ចាំ​ការ​កាត់​ទោស។ ​ការ​កាត់​ទោស​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជន​ជាប់​ចោទ​ទាំង​៤​នាក់​ ហើយ​អាច​រួម​បញ្ចូល​ទាំង​ឌុច​ផង​ដែរ​នោះ​ ត្រូវ​គេ​រំពឹង​ថា ​នឹង​អាច​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​ក្រោយ។

ជន​ជាប់​ចោទ​ទាំង​៤​នាក់​នឹង​ត្រូវ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​រួម​ទាំង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ផង​ដែរ​ ដោយ​សារ​តែ​មាន​ការ​សម្លាប់​ជន​ជាតិ​វៀតណាមនិង​ជន​ជាតិ​ចាម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ។

លោក​ សើ​ យ៉ូប​ មេ​ភូមិ​ និង​ជា​ហាកឹម​ភូមិ​ព្រែក​ទាល់ ​ដែល​ខ្លួន​លោក​ផ្ទាល់​បាន​តាំង​ខ្លួន​ជា​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​ដែរ​ប្រឆាំងនឹង​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២​នោះមាន​ប្រសាសន៍​ដោយ​រំពឹង​ថា ​តុលាការ​នឹង​រក​យុត្តិ​ធម៌​ដល់​លោក​និង​អ្នក​ភូមិ​ដ​ទៃ​ទៀត​ ដោយ​ការកាត់​ទោស​ជន​ជាប់​ចោទ​ឱ្យ​បាន​ឆាប់​ ហើយ​ឱ្យ​ជន​ជាប់​ចោទ​ទាំង​នោះ​សង​ជា​សំណង​ដោយ​ការសាង​សង់​ឡើង​វិញ​នូវ​វិហារ​ និង​សាលា​រៀន​អ៊ិស្លាម​នៅ​ក្នុង​ភូមិ​ដែល​ពួក​ខ្មែរ​ក្រហម​បាន​បំផ្លាញ​ចោល​អស់​នោះ។

ពី​ខេត្ត​ព្រះ​សីហនុ ​ខ្ញុំ​ ពេជ្រ​ សំណាង​ VOA​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG