ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ ការកាត់ទោស​មេ​ខ្មែរ​ក្រហម​ជា​សារ​សម្រាប់​ពិភពលោក


អ្នកនាំពាក្យ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម លោក​ហ៊ុយ វណ្ណៈ (ឆ្វេង) ផ្តល់​ឯកសារ​តុលការ​នៅ​ច្រកទ្វារ​ចូល​តុលាការ​កាត់ទោស​ខ្មែរក្រហម​។
អ្នកនាំពាក្យ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម លោក​ហ៊ុយ វណ្ណៈ (ឆ្វេង) ផ្តល់​ឯកសារ​តុលការ​នៅ​ច្រកទ្វារ​ចូល​តុលាការ​កាត់ទោស​ខ្មែរក្រហម​។

ការជំនុំ​ជម្រះទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃរបប​វាលពិឃាត​ខ្មែរក្រហម​ដែល​គេរង់ចាំ​យុត្តិធម៌​ជាង​បី​ទសវត្សរ៍​នេះ​ បានចាប់ផ្តើម​ហើយ​កាលពីថ្ងៃ​ច័ន្ទ។ ក្រៅពី​ការស្វែងរក​យុត្តិធម៌​និង​ការស្វែងរក​ការណ៍​ពិត​ ការកាត់ទោស​នេះ​ជា​សារ​មួយ​បញ្ជូន​ទៅ​ឧក្រិដ្ឋជន​ ជនទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ការកាប់​សម្លាប់​រួម​នឹង​បទល្មើស​ផ្សេងៗ​ឲ្យ​បាន​ដឹងថា​ នៅ​ទី​បំផុត​ត្រូវគេ​នាំខ្លួន​យក​មក​កាត់ទោស​ដែរ។ នេះ​ជា​ការបញ្ជាក់​អះអាង​របស់​លោក​សាស្ត្រាចារ្យ​ ស៊ូយ៉ា ស៊ូបេឌី ​(Surya P. Subedi )​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ដែល​ថ្លែង​មុន​ពេល​ចាប់ផ្តើម​ការកាត់ទោស​សំណុំរឿង​០០២។

«ជនទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុសត្រូវ ​ចំពោះ​សាធារណជន​ចំពោះ​សហគមន៍​អន្តរជាតិ។​ដូច្នេះ​ដូចខ្ញុំ​និយាយ​អញ្ចឹង​គឺ​ថា​ តុលាការ​គួរ​ត្រូវ​ដំណើរការ​នេះ​យូរ​ហើយ។​ ប៉ុន្តែ​អ្វី​ដែល​កើតឡើង​ឥឡូវ​នេះ​គឺជា​ការលើក​ទឹកចិត្ត​ហើយ​ជា​ការ​បញ្ជូន​សារ​ដ៏​វិជ្ជមាន​មិនគ្រាន់តែ​ដល់​ជនជាតិ​កម្ពុជា​ទេ​តែ​ពិភពលោក​ដ៏​ទូលំ​ទូលាយ​ផង​ដែរ។​ សារ​នោះ​គឺថា​ប្រសិនបើ​លោក ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ហើយ​ប្រសិនបើ​លោក​អ្នកប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង​ថ្ងៃ​ណា​មួយ​គេ​នឹង​នាំ​លោកអ្នក​ទៅ​កាត់ទោស​ជា​មិនខាន»។

លោក​ ស៊ូបេឌី​បានថ្លែង​យ៉ាង​ដូច្នេះ​ប្រាប់​វីអូអេ​សំឡេង​ស.រ.អា​នៅ​ឯ​សាកល​វិទ្យាល័យ​ Berkeley​ រដ្ឋកាលីហ្វ័រញ៉ា​កាលពី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ​បន្ទាប់​ពី​មានកិច្ច​ពិភាក្សា​អំពី​បញ្ហា​កេរដំណែល​ក្រោយ​រយៈពេល​២០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ​ចំ​ថ្ងៃ​ដែល​សាលាក្តី​កាត់ទោស​ខ្មែក្រហម​ដែល​ចូលរួម​ដោយ ​អ.ស.ប​កំពុង​រៀបចំ​ការកាត់ទោស​អតីត​មេដឹកនាំ​នៃ​របប​នេះ។

ទោះបីជា​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​៤នាក់​ គឺ​អ្នកស្រី​ អៀង ធីរិទ្ធ​ជា​អតីត​រដ្ឋមន្ត្រី​សង្គម​កិច្ចការងារ​ត្រូវ​តុលាការ​សម្រេច​ថា​មិនអាច​កាត់ទោស​បាន​ដោយសារ​ជំងឺ​បាត់​ការចងចាំ​ តែ​ជនជាប់ចោទ​ចំណាស់ៗ​បី​នាក់​នៃ​របប​ខ្មែរក្រហម​មាន ​នួន ជា​ បងធំទី២​ ខៀវ សំផន​ ប្រមុខរដ្ឋ​ អៀង សារី​រដ្ឋមន្ត្រី​ការបរទេស​ត្រូវ​តុលាការ​ដែលចូលរួម​ដោយ​អ.ស.ប​ ចាប់ផ្តើម​ជំនុំ​ជម្រះ​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម​ ដែល​មាន​ពលរដ្ឋ​ជិត​ពីរ​លាន​នាក់​ត្រូវស្លាប់​ដោយ​ទារុណកម្ម​ ការបង្អត់​អាហារ​ ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ ការរំលោភ​ផ្លូវភេទ​ ការសម្លាប់​រង្គាល​ក្រៅច្បាប់​និង​ឧក្រិដ្ឋ កម្ម​ផ្សេងៗ​ទៀត។​ ក្រុមខ្មែរ​ក្រហម​ទាំងនេះ​ត្រូវគេ​ចោទ​ថា​បានប្រព្រឹត្ត​ការសម្លាប់​រង្គាល​កាលពី​ចន្លោះ​ ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។​ ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ ស៊ូ បេឌី​ បាន​អះអាង​ថា​តុលាការ​កាត់ទោស​សំណុំរឿង​០០២​នេះ ​ទោះជា​រៀបចំ​យឺតមែន​ ទោះបី​គ្រាន់តែ​ជា​និមិត្តរូប​តែវា​ជា​ឧទាហរណ៍​មួយ​ដ៏​សំខាន់​ហើយ​ប្រសើរជាង​គ្មាន​ការ​កាត់ទោស។​ លោក​បាន​ពន្យល់​បន្ថែម​ថា៖

«បើទោះបី​ជា​យឺត​បន្តិច​មែន​ជារឿង​ប្រពៃ​ក្នុង​ការនាំ​ជនឧក្រិដ្ឋ​មកកាត់ទោស​ហើយ​ដាក់​អ្វី​គ្រប់យ៉ាង​លើ​ប្រព័ន្ធ​ទាក់ទង​សង្គម​ជា​សាធារណៈ​ ដូច្នេះ​ពលរដ្ឋ​នឹង​ដឹង​ មនុស្ស​ជំនាន់​ក្រោយ​នឹង​ដឹង​ថា​ប្រសិនបើ​គេ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ថ្ងៃ​ណា​មួយ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នឹង​នាំខ្លួន​គេ​មក​ឲ្យ​ទទួល​ខុស ​ត្រូវ​ពី​បទឧក្រិដ្ឋ​ដែលគេ​បាន​ប្រព្រឹត្ត»។

លោកស្រី​ ហេដឺ រ៉ាយអឹន(Heather Ryan)​ អតីត​អ្នកឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ សិទ្ធិ​មនុស្ស​របស់​ស.រ.អា​OSJI​ ដែលបាន​ចូលរួម​កិច្ចពិភាក្សា​នៅ​សាកល​វិទ្យាល័យ​ Berkeley​ ដែរ​បាន​ថ្លែង​ថា​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នេះ​នៅ​ទីបំផុត​ ត្រូវ​កាត់ទោស។​លោកស្រី​អះអាង​ថា​ ទោះជា​ពួកគេ​មិនបាន​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​នូវ​ឧក្រិដ្ឋកម្ម​ ការកាប់សម្លាប់​ដែល​កើតឡើង​ទូទាំង​ប្រទេស​ជំនាន់​នោះ​មែន​ តែ​វា​ស្ថិត​នៅ​ក្រោម​អំណាច​របស់​គេ​ ស្ថិត​ក្រោម​ការបង្គាប់​បញ្ជារ​របស់​ពួកគេ។​ លោកស្រី​ថ្លែង​ថា​ការកាត់ទោស​នេះ​ ទោះជា​មាន​លក្ខណៈ​ស្មុគស្មាញ​មែន​ តែ​ជា​រឿង​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​និង​គួរជាទី​រំភើប​រីករាយ​ណាស់​ដែល​លោកស្រី​បាន​តាម​ដាន។

«ជនជាប់ចោទ​ទាំងនេះ​គឺជា​អ្នក​ដែល​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ដ៏​ឃោរ​ឃៅ​របស់​ពួកខ្មែរ​ក្រហម​ឬ​ក៏​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ឃោរឃៅ​របស់​ខ្មែរក្រហម​ ហើយ​ខ្ញុំ​គិត​ថា​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​បានយល់ដឹង​ច្រើន»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ប្រឈមមុខ​នឹង​ការចោទ​ប្រកាន់​ពី​ការជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ទៅលើ​សំណុំរឿង​បន្ថែម​ដែល​គេ ​ហៅថា​០០៣​និង​០០៤។ ការជ្រៀតជ្រែក​នេះ​បានធ្វើឲ្យ​មាន​ការលាឈប់​ពី​មុខតំណែង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ម្នាក់​នៃ​ភាគី​អ.ស.ប​គឺលោក ​ស៊ីតហ្រ្វិក ប៊្លុង (Siegfried Blunk)។ មន្ត្រី​អ.ស.ប​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ក៏​ពិតមែន​ថ្មីៗ​នេះ​តែ​ក្រុមអ្នក​វិភាគ​បានអះអាង​ថា​ជារឿង​មិនគ្រប់គ្រាន់​ទេ​ដែល​ការគ្រាន់តែ​និយាយ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការជ្រៀតជ្រែក​នោះ។​ ការស៊ើបអង្កេត​មួយ​របស់​អសប​ គួរត្រូវ​ធ្វើឡើង។

លោក ​រីឆាដ សូឡូម៉ុង (Richard Solomon)​ ជា​អតីត​ឯកអគ្គរដ្ឋទូត​ ហើយ​ធ្លាប់ជា​អនុរដ្ឋមន្ត្រី ការបរទេស​សរអា​ពី​ឆ្នាំ​១៩៨៩ ​ដល់​ឆ្នាំ១៩៩២។​ បច្ចុប្បន្ន​លោកជា​នាយក​វិទ្យាស្ថាន​សន្តិភាព​របស់​សរអា​ USIP។​លោក​បាន​ចោទសំណួរ​ពី​ភាព​មិនច្បាស់លាស់​អំពី​លទ្ធផល​នៃ​ការកាត់ទោស​ខ្មែរក្រហម​ពេលមាន​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល។​ លោកបាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចំៗ​ថាជា​អ្នកធ្វើ​វិទ្ធង្សនា​សាលាក្តី​ខ្មែរក្រហម។

«លោក​ ហ៊ុន សែន​ជា​គោលការណ៍​បានធ្វើ​វិទ្ធង្សនា​ដំណើរការ​តុលាការ។​ រឿង​នេះ​គឺជា​ដំណើរការ​ដ៏គ្រោះថ្នាក់…»។

លោក​បាន​រិះគន់​ដល់​អ.ស.ប​ផងដែរ​ចំពោះ​ជំហរ​ទន់ជ្រាយ​អំពី​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា​នេះ។

«ខ្ញុំ​គិត​ថា​ពួកយើង​ជាច្រើន​មាន​ការស្រងាក​ចិត្ត​ដែល​អ.ស.ប​ មិនបាន​ចាត់វិធានការណ៍​ខ្លាំង​ថែម​ទៀត​ចំពោះ​វិទ្ធង្សនា​ទាក់ទង​នឹង​ដំណើរការ​សាលាក្តី​នេះ»។

លោក​ សូឡូម៉ុង​ បានថ្លែង​បន្ថែម​ថា​សម្ពាធ​ពី​លោកអគ្គ​លេខាធិការ​អ.ស.ប បាន គីមូន (Ban-Ki-Moon)​ ជារឿង​ដែល​លោក​ចង់ឃើញ៖

«ខ្ញុំ​ចង់ឃើញ​លោក​ បាន គីមូន​ ចាត់វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ដើម្បី​បង្កើត​ស្ថានភាព​សាលាក្តី​ខ្មែរក្រហម​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើងវិញ។​ ការធ្វើ​ដូច្នោះ​អាចជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ខាងក្រៅ​ដើម្បី​បើកឡើង​ដំណើរការ​នយោបាយ»។

លោក​ សូឡូម៉ុង ​ដែលធ្លាប់​ជាអ្នក​ចរចា​រឿង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្លែង​ដូច្នេះ​ប្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជនជាតិ​អាមេរិកាំង​ទាំង​និស្សិត​សាស្ត្រាចារ្យ​ជាង១០០នាក់​ នៅពេល​លោក​ត្រូវ​អញ្ជើញ​ជាភ្ញៀវ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​២០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឯ​សាកល​វិទ្យាល័យ ​Berkeley ​រដ្ឋ​កាលីហ្វ័រញ៉ា។ ការចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ​ មួយ​ផ្នែក​គឺ​លោក ​រីឆាដ សូឡូម៉ុង ​និយាយ​យោង​ទៅដល់​ការព្រមព្រៀង​ជា​សម្ងាត់​រវាង​លោក​ ហ៊ុន សែន​និង​ក្រុម​ខ្មែរក្រហម​ពេលធ្វើ​សមាហរណកម្ម​ ចាប់ផ្តើម​ឆ្នាំ​ ១៩៩៦​ ដែល​ការធានា​នោះ​រួមមាន​ទាំង​ការរារាំង​មិនឲ្យ​មាន​ការកាត់ទោស​ផង​ដែរ។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់ថ្លែង​ជា​សាធារណៈ​ជាច្រើនលើក​មិនឲ្យ​មានការ​នាំ​ខ្លួន​កម្មាភិបាល​ខ្មែរ​ក្រហម​បន្ថែម​លើសពី​៥នាក់​ទៅ​កាត់ទោស​ទេ​ដោយ​ឈរលើ​ហេតុផល​សន្តិភាព។ មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ធ្លាប់​បដិសេធ​ជារើយៗ​ថា​គ្មាន​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​ទេ។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចំណាយ​ថវិកា​អស់​ជិត​២០០លាន​ដុល្លារ​បាន​កាត់ទោស​កាំង ហ្កេកអ៊ាវ​ ហៅឌុច​អតីត​ប្រធានគុក​ទួលស្លែង​ខ្មែរក្រហម​រួច​ហើយ​និង​កំពុង​រង់ចាំ​សាលដីកា​ឧទ្ធរណ៍។​ ឌុច​បាន​ទទួលស្គាល់​ពី​ការពាក់ព័ន្ធ​នឹង​ការកាប់​សម្លាប់​អ្នកទោស​ជាង​១២.០០០​នាក់​សម័យ​ខ្មែរក្រហម៕

XS
SM
MD
LG