លោក វាន់ ណាត អាយុ ៦៦ឆ្នាំ អតីតអ្នករស់រានមានជីវិតមួយរូបនៃគុកទួលស្លែង ឬមន្ទីរស២១ និងជាសាក្សីមួយរូបដ៏សំខាន់ក្នុងរឿងក្តី០០១ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយកំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយឈ្មោះមជ្ឈមណ្ឌលលាងឈាមឡាសង់តេ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក។
ការធ្លាក់ខ្លួនឈឺរបស់លោកវាន់ ណាត បានកើតមានឡើងខណៈដែលលោកកំពុងរងចាំការប្រកាសសាលក្រមរបស់សាលាក្តីខ្មែរក្រហមលើសំណុំរឿង០០១ដែលមានជនជាប់ចោទតែមួយរូបប៉ុណ្ណោះ គឺលោកកាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរឃុំឃាំងទួលស្លែង។
អ្នកស្រី គិត អេង អាយុ៦២ឆ្នាំ ភរិយារបស់លោកវាន់ ណាត បានផ្តល់សម្ភាសន៍ជាមួយវីអូអេខ្មែរថា លោកវាន់ ណាត បានធ្លាក់ខ្លួនឈឺកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ អ្នកស្រីបានបញ្ជាក់ទៀតថា ស្វាមីរបស់អ្នកស្រីមានជំងឺលើសឈាម និងទឹកចូលសួត ហើយមកដល់ថ្ងៃច័ន្ទនេះ លោកមិនទាន់ដឹងខ្លួននៅឡើយ។
«ខ្ញុំនៅកៀកគាត់ នៅជាប់គាត់ហ្នឹង។ មកនៅជាមួយគ្នាទាំងអស់ ទាំងកូនមកជុំគ្នា។ គាត់ដូចអត់ស្រួលថាមកលាងឈាម។ គាត់ថាគាត់មកឥតរួចឥឡូវមកអត់រួច។ ឲ្យនាំគ្នាមកគ្រាគាត់។ គ្រាន់តែប្រាំនាទី មួយភ្លែតហ្នឹង គាត់ដូចឆ្លេឆ្លា។ គាត់ដូចអត់ស្រួលអញ្ចឹងហ្មង។ គាត់លែងដឹងខ្លួននៅលើដៃប្រពន្ធកូនទាំងអស់ហ្នឹង»។
លោក វាន់ ណាត យ៉ាងតិចមួយសប្តាហ៍ពីរដង គាត់ត្រូវមកលាងឈាមនៅមជ្ឈមណ្ឌលឡាសង់តេ ក៏ប៉ុន្តែការធ្លាក់ខ្លួនឈឺរបស់លោកជាទម្ងន់នេះ បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅបារាំងកាលពី បីខែមុន។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីគិត អេង។
«គាត់មានជំងឺលើសឈាមរាប់ឆ្នាំហើយ តាំងពីគាត់ចាប់ចេះលាងឈាមហ្នឹងមក។ ហើយពេលលាងឈាមម្តងៗ គាត់ច្រើនឡើងឈាម។ គាត់ ឡើងឈាម ជួនកាលឈាមឡើងជាមួយម្ភៃទៅ។ទៅ បានដាក់ថ្នាំទៅ វានេះមកវិញទៅណាស់»។
លោកវេជ្ជបណ្ឌិតតាន់ សុគន្ធ អនុប្រធានមន្ទីរពេទ្យព្រះកុសមៈ និងជាប្រធានផ្នែកបច្ចេកទេសនៃមជ្ឈមណ្ឌលលាងឈាមឡាសង់តេបានបញ្ជាក់ថា លោកវាន់ ណាត មានជំងឺបេះដូង។ លោកមានប្រសាសន៍ទៀតថា លោកវាន់ ណាត អាចដកដង្ហើមបានបន្តិច បន្ទាប់ពីលោកត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់។ ក៏ប៉ុន្តែ លោកមានសង្ឃឹមរស់តិចតួចណាស់។
«បេះដូងគាំងហើយ គឺថាស្អីៗ វាច្រាល មិនមែនជាទឹកទេដែលយើងបឺតទៅ។ ដូចជាស្លេសដែលគាត់លេបចូលទៅវិញ។ ហើយយើងសន្និដ្ឋានថា ប្រហែលជាបេះដូងគាត់មានបញ្ហា។ ជាទូទៅបើទឹកចូលសួតល្មមៗគឺថាគាត់អាចមកដល់មន្ទីរពេទ្យទាន់នៅក្នុងរយៈពេលប្រាំនាទី ឬដប់នាទីបាន។ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់ទន់ភ្លាមៗហ្នឹងគឺថានិយាយហើយគឺហត់ភ្លាម។ ករណីគឺច្រើនតែបេះដូងទេ ធ្វើឲ្យលឿន»។
ក្នុងចំណោមអ្នករស់រានមានជីវិតទាំងប្រាំពីររូបនៃគុកទួលស្លែងដែលត្រូវបានគ្រប់គ្រងដោយ ឌុច គឺមានតែបីរូបតែប៉ុណ្ណោះ គឺលោកជុំ ម៉ី លោកវាន់ ណាត និងលោកប៊ូ ម៉េង គឺជាសាក្សីដ៏សំខាន់ក្នុងសាលាក្កីខ្មែរក្រហម។
លោក ហ៊ុយ វណ្ណៈ មន្ត្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា លោកក្រាញ់ តូនី ប្រធានស្តីទីនៃរដ្ឋបាលសាលាក្តីខ្មែរក្រហម បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន៥០០ដុល្លារអាមេរិកដល់លោកវាន់ ណាត។ លោកហ៊ុយ វណ្ណៈ បានបញ្ជាក់ថា លោក និងសហការីលោកសូមបួងសួងឲ្យលោកវាន់ ណាត ឆាប់ជាសះស្បើយពីជំងឺពីព្រោះលោកជាមនុស្សដ៏សំខាន់ ទាំងផ្នែកប្រវត្តិសាស្ត្រ និងបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងសាលាក្តីខ្មែរក្រហម៕