ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ខ្មែរ​ក្រហម​ឡើង​សវនាការ​បាន​បន្តិច​ហើយ​ក៏​សុំ​ឈប់


លោក​នួន ជា អតីត​អគ្គលេខាធិការរង​នៃ​គណបក្ស​កុម្មុយនិស្ត​កម្ពុជា សម្រួល​វ៉ែនតា​ខ្មៅ​របស់​លោក​ក្នុង​​សវនាការ​ជាមួយ​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត​នៅ​ខាង​ក្រៅ​បរិវេណ​សាល​សវនាការ​របស់​​សាលាជំនុំ​ជម្រះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ដែល​គាំ​ទ្រ​ដោយ​
លោក​នួន ជា អតីត​អគ្គលេខាធិការរង​នៃ​គណបក្ស​កុម្មុយនិស្ត​កម្ពុជា សម្រួល​វ៉ែនតា​ខ្មៅ​របស់​លោក​ក្នុង​​សវនាការ​ជាមួយ​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត​នៅ​ខាង​ក្រៅ​បរិវេណ​សាល​សវនាការ​របស់​​សាលាជំនុំ​ជម្រះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ដែល​គាំ​ទ្រ​ដោយ​

នៅ​ថ្ងៃនេះ​ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​បើក​សវនាការ​ជា​សាធារណៈ​ ​ដើម្បី​សម្រេច​លើ​ការ​ទាមទារ​របស់​មេធាវី​ការពារក្ដី​ឲ្យ​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូល​ចំនួន​បី​នាក់​ ដែល​ទាមទារ​ឲ្យ​ដោះលែង​កូនក្ដី​របស់​ពួក​ខ្លួន។ ​ក៏ប៉ុន្ដែ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​មិន​ទាន់​ប្រកាស​លទ្ធផល​នៃ​ការ​សម្រេច​របស់​ខ្លួន​ភ្លាមៗ​នោះ​ទេ។

អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បីនាក់​ ​ក្នុង​ចំណោម​បួននាក់​ដែល​កំពុង​ជាប់​ឃុំឃាំងជា​បណ្ដោះ​អាសន្ន​ ​បាន​បង្ហាញ​មុខ​ព្រមគ្នា​ក្នុង​សវនាការ​ជា​សាធាណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម។ ​នេះជា​សវនាការ​ដើម្បី​សម្រេច​ថា​ ​តើ​ត្រូវ​ដោះលែង​ជន​ជាប់ចោទ​ទាំងបី​តាម​បណ្ដឹង​តវ៉ា​របស់​ក្រុម​មេធាវី​ឬ​យ៉ាងណា?

មេធាវី​របស់​អតីត​បងធំ​ទី២​ ​គឺ​នួន​ ជា​ ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ខៀវ សំផននិង​មេធាវី​របស់​លោក​ស្រី​ អៀង ​ធារិទ្ធ​ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ ​បាន​ស្នើ​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ដោះលែង​កូនក្ដី​របស់​ផង​ខ្លួន​ជា​បន្ទាន់​ ​បន្ទាប់​ពី​កូនក្ដី​របស់​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​ឃុំ​ទុក​ដោយ​ពុំមាន​ការ​កាត់ទោស​ ហើយ​នេះ​ជាការ​ឃុំខ្លួន​នេះ​លើស​រយៈ​ពេល​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រយៈពេល​បីឆ្នាំ​តាមច្បាប់។ ពួកគេ​ត្រូវ​ឃុំខ្លួន​ចំនួន​បួន​ខែ​លើស​កំណត់​គិត​មក​ត្រឹម​ថ្ងៃ​ទី១៦​ ​មករា​នេះ។ ​ហើយ​មុន​ការ​ផុត​រយៈ​ពេល​កំណត់​ការឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នេះ​ ​អង្គបុរេ​ជំនុំ​ជម្រះ​បាន​សម្រេច​បន្ដ​ការ​ឃុំខ្លួន​ជន​ជាប់​សង្ស័យ​ទាំងបី​ជាបន្ដ​ទៀត។

លោក​សហមេធាវី​ Jasper Pauw ដែល​ការពារ​ឲ្យ​លោកនួន ជា​ ​បាន​លើក​ឡើង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា​ ​ការ​បន្ដ​ឃុំឃាំង​កូនក្ដី​របស់​លោក​ទៀត​គឺ​ជា​រឿង​ខុស​ច្បាប់។

«អង្គ​បុរេ​ជំនុំ​ជម្រះ​ធ្វើការ​រំលោភ​លក្ខខណ្ឌ​នៅ​ក្នុង​វិធាន​ផ្ទៃក្នុង​ ​ដូច្នេះ​មិន​ចាំបាច់​ធ្វើការ​ឃុំ​ខ្លួន​លោក​នួន ជា ​នោះ​ទេ។​ ដូច្នេះ​នួន ជា​ត្រូវ​ដោះលែង​នៅក្នុង​ថ្ងៃ​នេះ»។

អៀង ធីរិទ្ធ ​អាយុ​៧៨​ឆ្នាំ​ ​បាន​ចាកចេញ​ពី​បន្ទប់​សវនាការ​ ​បន្ទាប់​ពី​ការ​បើក​សវនាការ​បាន​បន្ដិច​ ដោយ​លោក​ស្រី​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​មិន​ចូល​រួម​សវនាការ​នេះ​ទេ។​ ក៏ប៉ុន្ដែ​មេធាវី​ លោក​ស្រី​គឺ​លោក​ផាត់ ពៅស៊ាង​ធ្លាប់​អះអាង​កាល​ពី​សប្ដាហ៍​មុន​ថា​ ​កូនក្ដី​របស់​លោក​មិន​ចង់ជួប​តទល់​ជាមួយ​ជន​ជាប់​ចោទ​គឺ​លោក​នួន ជា​ទេ។

«ខ្ញុំ ​អៀង ធីរិទ្ធ​ ​សូម​បដិសេដ​សិទ្ធិ​ក្នុង​ការ​ចូលរួម​សវនាការ​ស្ដីពី​ការ​ឃុំខ្លួន​លើ​ពាក្យ​ស្នើ​សុំ​របស់​ខ្ញុំ​ ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ»។

នួន ជា ​អាយុ​៨៥​ឆ្នាំ​ ​បាន​ពាក់​វ៉ែនតា​ខ្មៅ​ការពារ​ភ្នែក​តាម​ការ​អនុញ្ញាត​របស់​លោក​ចៅក្រម​និល ណុន​ ​ប្រធាន​សវនាការ ​ប៉ុន្ដែ​ជន​ជាប់ចោទ​រូប​នេះ​បាន​ចាកចេញ​ពី​បន្ទប់​ជំនុំ​ជម្រះ​ ​បន្ទាប់​ពី​លោកស្រី​អៀង ធីរិទ្ធ ​ដោយ​មេធាវី​លោក​សុន អារុណ​អះអាង​ថា​ ​កូនក្ដី​របស់​គាត់​មាន​អាការៈ​ឈឺក្បាល​ និង​វិលមុខ និង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

នៅ​ក្នុង​សវនាការ​ ​ក្រុម​មេធាវី​នៃ​ជន​ជាប់​ចោទ​ទាំងបី​បាន​តវ៉ាថា​ ​ការ​ឃុំខ្លួន​កូនក្ដី​ពួកគេ​ជា​រឿង​ខុស​ច្បាប់​ ​ដោយសារ​តែ​មិន​ទាន់​មាន​ការ​កាត់​ទោស​ ​ក្រោយ​ពីការ​ឃុំខ្លួន​ហួស​រយៈ​ពេល​កំណត់។

លោក​ខៀវ​ សំផន​បាន​និយាយ​ដោយ​សំឡេង​ស្អកៗ​ថា​ ​លោក​ត្រូវ​ការ​ឲ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ធ្វើ​ការ​សម្រេច​ដោយ​ឈរ​លើ​ការ​គោរព​ច្បាប់។

«ខ្ញុំបាទ​មិនមាន​ស្អី​បញ្ជាក់​ទេ​ ​មាន​សំណូមពរ​ឲ្យ​គោរព​តាម​ច្បាប់»។

ទោះជា​យ៉ាងណា​ ​សហ​ព្រះរាជា​អាជ្ញា​ទាំងពីរ​គឺ​លោកស្រី​ជា លាង​ ​និង​លោក​ Andrew Carley​ បាន​ទទូច​ឲ្យ​សាលា​ដំបូង​បន្ដ​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ទាំងបី​បន្ដ​ទៀត​ ​ដោយ​សំអាង​លើ​ហេតុផល​សុវត្ថិភាព ​សង្គម​ ​សុវត្ថិភាព​សម្រាប់​ជន​ជាប់ចោទ​ ​និង​បញ្ហា​សុខភាព​របស់​ពួកគេ​ ​ព្រមទាំង​ដោយ​យោង​លើ​ហេតុផល​ការពារ​ប្រយោជន៍​សាក្សី។

នួន ​ជា​ ​អៀង សារី​ ​អៀង ធីរិទ្ធ ​និង​ខៀវ សំផន​ត្រូវ​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០០៧​ ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​និង​បទ​ប្រល័យ​ពូជសាសន៍​ ​ដែល​ទាក់ទង​នឹង​ការស្លាប់ ​និង​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​២,២​លាន​នាក់។

លោក​ចៅក្រម​ និល ណុនបាន​ប្រកាស​ថា​ ​អង្គ​ជំនុំជម្រះ​សាលាដំបូងមាន​ពេល​មួយខែ​ដើម្បី​សម្រេច​ថា​ ​តើ​ត្រូវ​ដោះលែង​ជន​ជាប់ចោទ​ទាំងបី​នាក់​ គឺ​នួន ជា​ ​ខៀវ ​សំផន ​និង​អៀង ធីរិទ្ធ​ឲ្យ​នៅ​ក្រៅឃុំ​ឬ​យ៉ាង​ណា។​ ដោយ​ឡែក​សហមេធាវី​របស់​អៀង សារី ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ឲ្យ​ដោះលែង​កូនក្ដី​របស់ខ្លួន​ទេ​ ​ដោយសារ​តែ​ខ្វះ​ពេល​វេលា​គ្រប់គ្រាន់។ ​ការ​កាត់ទោស​ជន​ជាប់ចោទ​ទាំង​បួន​ត្រូវ​គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១១​នេះ៕

XS
SM
MD
LG