ថ្លែងក្នុងអង្គជំនុំជម្រះសាលាដំបូងដែលកាត់ក្តីពីបញ្ហាសុខភាពរបស់គាត់កាលពីថ្ងៃច័ន្ទនេះ អតីតបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា អាយុ៨៥ឆ្នាំ បានត្អូញត្អែរថា គាត់ចាស់ជរាហើយ មិនអាចចូលរួមសវនាការកាត់ទោសបានយូរនោះទេ។
«ខ្ញុំអាចអង្គុយស្តាប់បាន អានបាន និងយល់បានតែប្រហែលរយៈពេលតែមួយម៉ោង ទៅមួយម៉ោងកន្លះដំបូងតែប៉ុណ្ណោះ។ បន្ទាប់ពីនេះ វានឹងប៉ះពាល់ដល់ភ្នែករបស់ខ្ញុំ ដែលនឹងស្រវាំង។ វាជះឥទ្ធិពលដល់ខួរក្បាលរបស់ខ្ញុំ ធ្វើឲ្យឡើងង៉ូងដែលបណ្តាលឲ្យបេះដូងរបស់ខ្ញុំដើរញ៉ាប់ខ្លាំង។ ពេលនោះសម្ពាធឈាមឡើងខ្ពស់ បន្ទាប់មកចង្កេះចាប់ផ្តើមឈឺចុកចាប់ឲ្យលំបាកអង្គុយ ដល់អង្គុយលែងបាន។ ហើយបើទោះបីជាបង្ខំខ្លួនឯងឲ្យអង្គុយឬដេកមើល ឬស្តាប់តទៀត ក៏មិនអាចយល់បានដែរ។ ដើម្បីឲ្យច្បាស់ថែមទៀតលើបញ្ហានេះ ខ្ញុំសូមស្នើតុលាការចាត់អ្នកជំនាញម្នាក់ទៀត ឬរួមជាមួយវេជ្ជបណ្ឌិតកំបែលដើម្បីពិនិត្យពីបញ្ហាផ្ចង់អារម្មណ៍របស់ខ្ញុំ។ សូមអរគុណ!»។
នួន ជា បានថ្លែងយ៉ាងដូច្នេះនៅក្នុងពេលដែលមេធាវីរបស់គាត់លោកស៊ុន អារុណ ស្នើឲ្យកូនក្តីរបស់ខ្លួនត្រឡប់ទៅបន្ទប់ឃុំឃាំងជាបណ្តោះអាសន្នបន្ទាប់ពីអង្គជំនុំជម្រះចាប់ផ្តើមបើកសវនាការកាលពីព្រឹកថ្ងៃច័ន្ទ។
អង្គជំនុំជម្រះសាលាដំបូងបើកសវនាការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃច័ន្ទនេះតទៅ ដើម្បីពិចារណាលើសម្បទា និងស្មារតីជនជាប់ចោទអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងនួន ជា អតីតប្រធានសភាខ្មែរក្រហមនៅក្នុងការចូលរួមសវនាការ និងលទ្ធភាពរបស់គាត់នៅក្នុងការអង្គុយនៅក្នុងសវនាការរយៈពេលយូរ។
សវនាការនេះផ្អែកទៅលើរបាយការណ៍របស់លោកវេជ្ជបណ្ឌិតចន ខាំបែល ជំនាញផ្នែកមនុស្សចាស់មកពីប្រទេសនូវែលសេឡង់។ លោក ចន ខាំបែល បានឆ្លើយនៅក្នុងសវនាការតបទៅនឹងសំណួររបស់សហមេធាវីការពារក្តីថា នួន ជា មិនមានបញ្ហាក្នុងការផ្ចង់អារម្មណ៍នោះទេ។
លោក ចន ខាំបែល មានប្រសាសន៍តាមរយៈអ្នកបកប្រែដូច្នេះថា៖
«ខ្ញុំពិនិត្យឃើញថា គាត់មិនបាត់បង់ការផ្ចង់អារម្មណ៍ទេ។ ខ្ញុំបានសួរ គាត់បានឆ្លើយមកត្រឹមត្រូវ។ នេះជាអារម្មណ៍គាត់ ដែលគាត់ថា គាត់មិនអាចផ្ចង់អារម្មណ៍បាន។ នេះគឺជាកត្តាអត្តនោម័តមួយរបស់គាត់»។
សាស្រ្តាចារ្យវេជ្ជបណ្ឌិតសញ្ជាតិនូវែលសេឡង់ដដែលបានបញ្ចប់ការធ្វើកោសល្យវិច័យសុខភាពជនជាប់ចោទចំនួនបីនាក់នៅក្នុងរឿងក្តី០០២ កាលពីខែមិថុនា ឆ្នាំ២០១១កន្លងទៅនេះ ហើយបានរកឃើញថា លោកអៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម អាយុ៨៦ឆ្នាំ និងនួន ជា មិនមានបញ្ហាសុខភាពសម្រាប់ចូលរួមនៅក្នុងសវនាការពេញលេញនោះទេ។
ដោយឡែក អ្នកស្រីអៀង ធីរិទ្ធ មានបញ្ហាសុខភាពធ្ងន់ធ្ងរសម្រាប់ការចូលរួមដំណើរការកាត់ទោសរបស់គាត់ឲ្យបានពេញលេញ នេះបើយោងតាមរបាយការណ៍ដែលអានដោយលោកចៅក្រមណិល ណុន ប្រធានអង្គជំនុំជំរះសាលាដំបូងនៅថ្ងៃច័ន្ទនេះ៖
«នៅក្នុងរបាយកាណ៍ពាក់ព័ន្ធនឹងជនជាប់ចោទអៀង ធីរិទ្ធ លោកសាស្រ្តាចារ្យខាំ បែល បានសន្និដ្ឋានថា ជនជាប់ចោទអៀង ធីរិទ្ធ មានបញ្ហាស្មារតី និងប្រព័ន្ធសរសៃប្រសាទ ដែលរារាំងលទ្ធភាពរបស់គាត់ក្នុងការចូលរួមពេញលេញក្នុងការជំនុំជម្រះលើរូបគាត់ និងរារាំងដល់ការអនុវត្តសិទ្ធរបស់គាត់ក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌»។
សូមបញ្ជាក់ថា ខៀវ សំផនជនជាប់ចោទម្នាក់ទៀតនៅក្នុងរឿងក្តី០០២ ដែលធ្លាប់ធ្វើជាប្រមុខរដ្ឋសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបដិសេធក្នុងការធ្វើកោសល្យវិច័្ចយលើសុខភាពរបស់គាត់ហើយអៀង សារី មិនបានប្តឹងជំទាស់នឹងរបាយការណ៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតចន ខាំបែល នោះទេ។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃច័ន្ទនេះ អៀង សារី និងមេធាវីរបស់គាត់ក៏បានបង្ហាញខ្លួនផងដែរ ក៏ប៉ុន្តែវត្តមានរបស់ពួកគាត់គឺសម្រាប់តែការសង្កេតការណ៍តែប៉ុណ្ណោះ៕