ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​ព្រមាន​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក


វីដេអូ​​នេះ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​ YouTube របស់​វីអូអេ​ខ្មែរ បង្ហាញ​ផ្នែក​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​ពិភាក្សា​អំពី​​ឯកសារ​សម្ងាត់​ដែល​លេច​ធ្លាយ​ពី​តុលាការ​ខ្មែរ​ក្រហម អំពី​សំណុំ​រឿង ០០៣ និង ០០៤។ សេចក្តី​រាយការណ៍​នេះ​ក៏​រួម​មាន​បទ​សម្ភាស៍​ជាមួយ​ជន​សង្
វីដេអូ​​នេះ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​ YouTube របស់​វីអូអេ​ខ្មែរ បង្ហាញ​ផ្នែក​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​ពិភាក្សា​អំពី​​ឯកសារ​សម្ងាត់​ដែល​លេច​ធ្លាយ​ពី​តុលាការ​ខ្មែរ​ក្រហម អំពី​សំណុំ​រឿង ០០៣ និង ០០៤។ សេចក្តី​រាយការណ៍​នេះ​ក៏​រួម​មាន​បទ​សម្ភាស៍​ជាមួយ​ជន​សង្

សាលាក្តី​ខ្មែរ​ក្រហម​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​តប​នឹង​សេចក្តី​រាយ​ការណ៍​នាពេល​ថ្មីៗ​នេះ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ បន្ទាប់​ពី​វីអូអេ​បាន​ផ្សាយ​បទ​យក​ការណ៍​ទាក់​ទងនឹងករណី​លេខ​០០៣​និង​០០៤​ដែល​ពាក់​ព័ន្ធ​នឹង​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​បន្ថែម​ទៀត។

នៅ​ក្នុង​សេចក្តី​រាយការណ៍​នា​ពេល​កន្លង​មក​ វីអូអេ​បាន​សម្ភាស​អតីត​កម្មាភិបាល​ខ្មែរក្រហម​បី​រូប​ ក្នុង​ចំណោម​ប្រាំរូប ​ដែល​តាម​ឯកសារ​ធ្លាយ​ចេញ​ពី​តុលាការបង្ហាញ​ថា​ ពួកគេ​ជា​ជនសង្ស័យ​សំខាន់​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​ចុងក្រោយ​នេះ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​របបខ្មែរ​ក្រហម​នា​ទស​វត្សរ៍​១៩៧០។

សាលាក្តី​ខ្មែរក្រហម​ក៏​បាន​ព្រមាន​ថា​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នកណាដែល​មាន​បំណង​ផ្សព្វផ្សាយ​ឯកសារ​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ ចុះ​ថ្ងៃ​ទី​៣១​ខែ​សីហា​ ដែល​បាន​ផ្សាយ​ជា​សាធារណៈ​ បាន​ចោទ​ប្រកាន់​ថា ​ទង្វើ​នោះ​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​រដ្ឋបាល​តុលាការ ក្រោម​បញ្ញត្តិ​នៃ​វិធាន​ផ្ទៃក្នុង។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា៖

«យើង​សូម​ព្រមាន​ដល់​បុគ្គល​រូបណា​ដែល​មាន​បំណង​ចង់​បង្ហាញ​ឯកសារ​សម្ងាត់​តុលាការ​ថា​ សំណុំ​រឿង​របស់​ពួកគេ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញាជាតិ​ស្របតាម​វិធាន​៣៥ ​(២) (គ)»។

ក្នុង​ការផ្សាយ​ជា​បន្តបន្ទាប់​ពីថ្ងៃ​ទី១០​ដល់​ថ្ងៃ​ទី​១៣​ខែ​សីហា​ វីអូអេ​បាន​ផ្សាយ​បទសម្ភាសន៍ជាមួយ​ ជន​សង្ស័យ​ឈ្មោះ​ តាអាន​ អ្នកស្រី​អ៊ឹម ចែម​ និង​លោក​មាស មុត ​ដោយ​អ្នកទាំង​នោះ​បាន​ប្រកែក​ពុំ​ព្រម​ទទួល​ខុស​ត្រូវ​ ដូច​ការចោទ​ប្រកាន់​ពី​បទ​បង្ក​ឱ្យ​មាន​ការ​សម្លាប់​មនុស្ស​នៅ​តំបន់​ដែល​ពួកគេ​កាន់កាប់​នោះ​ទេ។

សំណុំ​រឿង​០០៣/០០៤​ មាន​ អ្នកស្រី​ អ៊ឹម ចែម​ តាទិត​ តាអាន​ លោក​ស៊ូ ម៉េត​ និង​លោក​មាស មុត។​ ឈ្មោះ​ទាំង៥នាក់​នេះ​ត្រូវ​បញ្ចេញ​ជា​សាធារណៈ​ជាលើក​ដំបូង​ដោយ​បណ្តាញ​ព័ត៌មាន​ The Scoop​ នៃ​ប្រទេស​នូវែលសេឡង់ (New Zealand) ​និង​The Christian Science ​Monitor​ នៅពេល​ថ្មីៗ​នេះ​ដែរ។

លោក​គ្រីស​ ឌីឃឺដ​ (Chris Decherd) និពន្ធ​នាយក​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​ ដែល​មាន​ស្នាក់​ការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ពី​តួនាទី​របស់​វីអូអេ​ក្នុង​ការផ្តល់​ព័ត៌មាន​ថា៖

«វីអូអេ​ផ្នែក​ខេមរភាសា​គាំទ្រ​ការងារ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​និង​ជួយ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​កម្ពុជា​តាម​រយៈ​ការធ្វើ​សេចក្តី​រាយការណ៍​អំពី​ការងារ​របស់​សាលាក្តី។​ តួនាទី​របស់​វីអូអេ​ផ្នែក​ខេមរភាសា​គឺ​បម្រើ​ដល់​ពលរដ្ឋ​ទាំង​១៤​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ ផលិត​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ពិភពលោក​ ​អំពី​សហរដ្ឋ​អាមេរិក​ ​អំពី​អាស៊ី​និងអំពី​ប្រទេស​កម្ពុជា​ដែល​មាន​សារៈ​សំខាន់​ និង​ពាក់ព័ន្ធ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ពួកគេ​ស័ក្តិ​សម​ទទួល​បាន​និង​ទទួល​ការ​ផ្តល់​សេវា​តាម​រយៈ​សេចក្តី​រាយ​ការណ៍​ដែល​មាន​គុណភាព​និង​មិន​លម្អៀង​អំពី​បញ្ហា​និង​ប្រធាន​បទ​នានា​ដែល​មាន​ផល​ប៉ះពាល់​លើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ»។

បើ​ទោះ​បី​ជា​មក​ដល់​ពេល​នេះ​ នៅ​ពុំ​ទាន់​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ណាមួយ​ប្រឆាំង​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ ​ក៏​ប៉ុន្តែក្រុម​អ្នក​សារព័ត៌មាន​និង​អ្នក​តាមដាន​សិទ្ធិ​មនុស្ស​យល់​ថា​ ការ​ព្រមាន​ណា​មួយ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​គឺ​នាំ​ឱ្យ​ខាត​ផល​ប្រយោជន៍​ដល់​សាលាក្តី​ខ្លួន​ឯង​និង​សាធារណជន​ដែល​កំពុង​តាម​ដាន​មើល​យ៉ាង​យកចិត្ត​ទុក​ដាក់​លើ​ដំណើរការ​របស់​តុលាការ។

លោក​មឿន ​ឈានណារិទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ បាន​បញ្ជាក់​ថា៖

«បើតាម​ការ​សង្កេត​កន្លង​មក​របស់​ខ្ញុំ​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សាលាក្តី​នៅ​មាន​កម្រិត​ដោយសារ​តែ​ ទីមួយ​កម្រិត​យល់​ដឹង​របស់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ទាប។​ អញ្ចឹង​ហើយ​ប្រសិន​បើ​សាលាក្តី​មាន​ការដាក់​កំហិត​ច្រើន​ពេក​ វាធ្វើ​ឱ្យ​ពួកគេ​ធ្វើ​ពហិការ ​មិន​ផ្សាយ​ព័ត៌មាន​តែម្តង​ ពីព្រោះ​ផ្សាយ​ទៅ​ ចំណេះ​ដឹង​ខ្លួន​ឯង​ខាង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ដូច​ជា​សាលាក្តី​ខ្មែរក្រហម​ នៅ​មាន​កម្រិត​ទាប។​ អញ្ចឹង​ខ្លាច​ថា​ ផ្សាយ​ទៅ​មាន​ទោស។ ​អញ្ចឹង​ហើយ​ក៏​ធ្វើ​ពហិការ​មិន​ព្រម​ផ្សាយ។​ដូច្នេះ​ហើយ​ជា​ការ​ខាត​ប្រយោជន៍​ទាំង​សាលាក្តី​ ខាត​ប្រយោជន៍​ទាំង​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល»។

លោក​ណារិទ្ធ​ក៏​បាន​ព្រមាន​ផងដែរ​ថា​ ចំណាត់​ការ​ផ្លូវ​ច្បាប់​ណាមួយ​នឹង​បង្ហាញ​ជាគំរូ​អាក្រក់​ដល់​តុលាការ​ក្នុង​ស្រុក​ ឱ្យ​តុលាការ​ក្នុង​ស្រុក​យក​គំរូ​តាម​ ដើម្បី​ប្តឹង​អ្នក​សាព័ត៌មាន។

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ថា​ ជំហរ​ចុងក្រោយ​របស់​សាលាក្តី​ខ្មែរក្រហម​គឺ​ដើម្បី​សំដៅ​លើ​អ្នក​សារព័ត៌មាន​ទូទៅ​ផង​និង​បុគ្គលិក​ផ្ទៃ​ក្នុង​ដែល​កំពុង​បំពេញ​ការងារ​ផង។​ លោក​បញ្ជាក់​បន្ថែម​ថា៖

«ករណី​០០៣​និង​០០៤​គឺ​ជា​ប្រធាន​បទ​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​សាធារណៈ​ផង​ហើយ​ក៏​យើង​យល់​ថា​ ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ទាំង​អស់​ដែល​មាន​រាប់​ពាន់ ​រាប់​ម៉ឺន​រាប់​លាន​នាក់​គឺ​មាន​សិទ្ធិ​ក្នុង​ការ​ដឹង​នូវ​ដំណើរ​ការ​នេះ​ដែរ។ ​ហើយ​ដោយសារ​យើង​ដឹង​ថា​ តុលាការ​នេះ​ហាក់​ដូច​ជា​បរាជ័យ​ចំពោះ​ជន​រងគ្រោះ​ យើង​មាន​ឆន្ទៈ​មួយ​ជំរុញ​ឱ្យ​មាន​ការស៊ើប​អង្កេត​ត្រឹមត្រូវ​ដើម្បី ​ជំរុញ​ឱ្យ​ដំណើរ​ការ​ករណី​០០៣​និង​០០៤​នេះ​ដំណើរ​ការ​ទៅ​មុខ។​ យើង​ឃើញ​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ហាក់​ដូចជា​បរាជ័យ​នៅក្នុង​រឿង​នេះ​ទាំង​ស្រុង​ បាន​ជា​យើង​ឃើញ​ថា​ មាន​ឆន្ទៈរបស់​មន្រ្តី​មួយ​ចំនួន​សុខចិត្ត​បង្ខំ​ចិត្ត​បំភ្លឺ​ព័ត៌មាន​នេះ​ជា​សាធារណៈ។ ​ជាទូទៅ​ចំពោះ​ខ្ញុំ​ ការ​បំភ្លឺ​នេះ​ជារឿង​សោកស្តាយ​ ប៉ុន្តែ​ជារឿង​មួយ​ចាំ​បាច់​បំផុត​នៅ​តុលាការ​មួយ​ដែល​កំពុងតែ​បរាជ័យ​ ហើយ​កំពុង​តែ​ពន្យារ​ពេល​យូរអង្វែង​នេះ»។

យោង​តាម​ឯកសារ​ដែល​ប្រភព​សិ្នទ្ធ​នឹង​តុលាការ​ខ្មែរក្រហម​បញ្ចេញ​ឱ្យ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​លោក​ រ៉ូប៊ែ ប៉ឺទី​បាន​ធ្វើ​ដីកា​សនិ្នដ្ឋាន​បឋម​ចុះថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨​ ស្នើ​ឱ្យ​ចៅ​ក្រម​ស៊ើប​អង្កេត​ពិនិត្យ​មើល​លើ​ជន​សង្ស័យ​ទាំង​នោះ​ ប៉ុន្តែ​ទើប​តែ​មាន​ការ​ផ្សាយ​ជា​សាធារណៈ​ដំបូង​នៅ​ខែ​មិថុនា​ឆ្នាំ​២០១១​នេះ។​ ហើយ​សាលាក្តី​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​ ការស៊ើប​អង្កេត​មក​ដល់​កម្រិត​ណា​ទេ​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ កំពុង​ដំណើរការ៕

XS
SM
MD
LG