ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បងធំទី២របស់របបខ្មែរក្រហមស្លាប់កាលពីថ្ងៃអាទិត្យ


បងធំទី២របស់របបខ្មែរក្រហមស្លាប់កាលពីថ្ងៃអាទិត្យ
សូម​រង់ចាំ

No media source currently available

0:00 0:04:44 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំមនោគមវិជ្ជារបស់ខ្មែរក្រហមនិងបងធំទី២ នួនជាបានទទួលមរណភាពក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃអាទិត្យ(៤ សីហា)ក្នុងជន្មាយុ៩៣ឆ្នាំនៅពេលដំណើរការកាត់ទោសរបស់លោកនៅមិនទាន់ចប់។

មេដឹកនាំ​មនោគម​វិជ្ជា​របស់​ខ្មែរក្រហម​និង​បងធំទី​២​ នួន​ជា​បាន​ទទួល​មរណ​ភាព​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត​កាល​ពី​ថ្ងៃ​អាទិត្យ​(៤ សីហា)​ក្នុង​ជន្មាយុ​៩៣​ឆ្នាំ​នៅ​ពេល​ដំណើរ​ការ​កាត់​ទោស​របស់​លោក​នៅ​មិន​ទាន់​ចប់។​
អ្នក​នាំពាក្យ​តុលាការ​បាន​ឲ្យដឹងថា​ ​លោក​នួន ជាមេ​ដឹកនាំ​មនោគម​វិជ្ជា​របស់ខ្មែរ​ក្រហម​និង​ជា​«បងធំទី ២»​បាន​ទទួល​មរណ​ភាព​កាលពី​ល្ងាច​ម៉ោង​ប្រមាណ​៦​ល្ងាចថ្ងៃ​អាទិត្យ​ ក្នុង​ជន្មាយុ​៩៣​ឆ្នាំ។​ តុលាការ​ដែល​គាំទ្រ​ដោយ​អ.ស.ប.​បាន​រក​ឃើញ​ថា ​លោក​នួន​ជាមាន​ពិរុទ្ធពី​បទ​ប្រល័យ​ពូជសាសន៍ ​ហើយ​បាន​កាត់ទោស​ឱ្យ​គាត់ជាប់​ពន្ធនាគារ​មួយ​ជីវិត​កាល​ពី​ឆ្នាំមុន​គឺ​ជិត​បួន​ទសវត្សរ៍​ បន្ទាប់​ពី​របប​ម៉ៅនិយម​នេះ​ដែល​បាន​បង្កើត​« វាលពិឃាត»​ ​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កងទ័ព​វៀតណាម​កាលពី​ខែ​មករា។ ​ភាគ​ច្រើន​នៃ​ជនរង​គ្រោះ​ក្នុង​របប​១៩៧៥-៧៩​នេះបាន​ស្លាប់​ដោយ​អត់អាហារ ការធ្វើ​ទារុណកម្ម​ការ​នឿយ​ហត់​ឬ​ជំងឺ​នៅក្នុង​ការដ្ឋាន​ការងារ​ឬ​ត្រូវ​បាន​គេវាយ​ធ្វើបាប​រហូត​ដល់​ស្លាប់​ក្នុង​ពេល​មាន​ការ​សម្លាប់​រង្គាល។​ លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ. វ. ត.ក.) ​បាន​និយាយ​ថា «យើង​អាច​បញ្ជាក់​បាន​ថា ​ជន​ជាប់ចោទ​នួន ជា ​អាយុ​៩៣​ឆ្នាំ​បាន​ទទួល​មរណ​ភាព​នៅ​ល្ងាច​ថ្ងៃទី​៤ ខែ​សីហា​ឆ្នាំ​២០១៩​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។​ក្រុម​គ្រួសារ​លោក​នួន ជា​ត្រូវ​បាន​គេជូន​ដំណឹង​ហើយ»។
ប្រជាជន​ខ្មែរ​ប្រមាណ១លាន​៧សែន​នាក់​ដែល​ស្ទើរតែ​មួយ​ភាគបួន​នៃ​ចំនួន​ប្រជាជន​សរុប​បាន​ស្លាប់​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ បច្ចុប្បន្ន​មានតែ​លោក​ខៀវ សំផនអតីត​ប្រមុខ​រដ្ឋ​មន្ត្រី​អត់​អំណាច​និង​លោក​កាំងហ្គេកអ៊ាវ​ហៅ​ឌុច​ប៉ុណ្ណោះកំពុង​មាន​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​បន្ទាប់ពី​ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​ប្រល័យ​ពូជ​សាសន៍​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ​លោក​នួន ជា​ក៏ដូចជា​មេដឹកនាំ​ខ្មែរក្រហម​ជា​ច្រើន​ដែរ​មាន​ឈ្មោះ​ច្រើនរួម​មាន​ឡុង ប៊ុនរួត​ឬ​នួន ​ជា​ឬ​រហស្ស​នាម​អ៊ុំទី២។
លោក​នួន ជាធំ​ដឹង​ក្តី​នៅ​ខេត្ត​បាត់ដំបង​ក្នុង​គ្រួសារ​មួយ​ដែល​គេ​គិត​ថា ​សែ​សា​ឡាយ​ចិន។
ខុសពី​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត​ ​លោក​នួន ជា​មិន​បាន​ទៅ​សិក្សា​នៅទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ ដូច​ជា​លោក​ប៉ុល ពត​ ​លោក​ខៀវ សំផង​ លោក​អៀង សារីជា​ដើម​នោះ​ទេ។​ លោក​ទៅរៀន​ច្បាប់​នៅសកល​វិទ្យាល័យ​ធម្មាសាធ​ដ៏ល្បីល្បាញ​នៅទីក្រុង​បាងកក​ដែល​គាត់​បាន​ក្លាយ​ជា​សមាជិក​នៃ​គណបក្ស​កុម្មុយនិស្ត​ថៃ។ ​លោក​នួនជា​ត្រូវបាន​តែងតាំង​ជា​អនុលេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​របស់​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៦០​ជាមុខ​តំណែងដែល​ទទួល​បន្ទុក​សន្តិសុខ​បក្ស​និង​រដ្ឋ​ ​រាប់បញ្ចូល​ទាំង​មន្ទីរ​ស-២១​នៅ​វិទ្យាល័យ​ទួលស្លែង។​
នៅ​ថ្ងៃទី​៥​ខែ​មករា​ឆ្នាំ​១៩៧៩​ពីរ​ថ្ងៃមុន​កងទ័ពវៀតណាម​វាយ​ដណ្តើម​កាន់​កាប់ទីក្រុង​ភ្នំពេញ​ លោក​នួនជា​ត្រូវ​បាន​ចោទ​ថា​ បាន​បញ្ជា​ឲ្យ​ប្រធាន​មន្ទីរ​ស-២១​គឺ​កាំងហ្គេកអ៊ាវ​ហៅ​សមមិត្តឌុច​ សម្លាប់​អ្នកទោស​ដែលនៅ​សេស​សល់​ទាំងអស់។មនុស្ស​១ម៉ឺន៤ពាន់​ នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់​នៅទីនោះ។
បន្ទាប់​ពី​បាន​ធ្វើ​កិច្ចព្រម​ព្រៀង​មួយ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា ​កាល​ពីខែ​ធ្នូឆ្នាំ​១៩៩៨ ​ក្រោយពី​ប៉ុល ពត​ស្លាប់​ លោក​នួនជា​បាន​រស់នៅ​ក្នុង​ផ្ទះ​ឈើ​តូច​មួយ​ក្នុង​ព្រៃ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​រហូត​ដល់​មាន​ការចាប់​ខ្លួន​គាត់​នៅ​ឆ្នាំ ​២០០៧។​ ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ ​ លោក​នួនជា​បាន​សារភាព​ថា​ លោក​មាន​ការ​ទទួល​ខុសត្រូវ​ខាង​សីលធម៌​ចំពោះ​ ការ​ស្លាប់​របស់​ជនរង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។ កាលពី​ខែ​សីហា​ឆ្នាំ​២០១៤ ​ ទាំង​លោក​នួន ជា​ និង​លោក​ខៀវសំផន​ត្រូវ​បាន​សម្រេចថា​ មានពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ហើយ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។ ​បណ្តឹង​ឧទ្ធរណ៍​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ។ ​
នៅ​ក្នុង​ការ​ជំនុំជម្រះក្តី​លើកទី​២​ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ខែ​តុលា​ឆ្នាំ​២០១៤ តុលាការ​បាន​បើក​សវនាការ​លើ​ការ​ចោទប្រកាន់​បន្ថែម​ទៀត​លើអ្នក​ទាំង​ពីរ​រួម​ទាំងការ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម។​ ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ពិរុទ្ធភាព៕
XS
SM
MD
LG