ជាធម្មតានៅរដូវចូលឆ្នាំខ្មែរ ផ្លូវមុខផ្សារចាស់នៅក្រុងភ្នំពេញតែងតែមានអ្នកដំណើរអ៊ូអរមកឈប់សំចតដើម្បីចូលទិញផ្កា ផ្លែឈើ និងគ្រឿងសក្ការៈបូជាជាដើម។ ប៉ុន្តែឆ្នាំនេះទិដ្ឋភាពនៃការទិញដូរនៅមុខផ្សារចាស់ក្នុងក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ។
កំពុងឈររង់ចាំអតិថិជនមកទិញផ្កានៅកែងផ្សារចាស់ក្នុងក្រុងភ្នំពេញ ដោយទឹកមុខមិនសូវញញឹមប៉ុន្មាន លោក ផុន ភី អាយុ ៣៨ឆ្នាំ ជាអ្នកលក់គ្រឿងសក្ការៈបូជា និងផ្កានៅផ្សារនេះអស់រយៈពេលជាងបីឆ្នាំមកហើយ។
លោក ផុន ភី ដែលមានស្រុកកំណើតនៅខេត្តកំពត បានប្រាប់ VOA ថា លោកបានទិញស្តុកទុកគ្រឿងសក្ការៈបូជាគិតជាក្នុងចំនួនទឹកប្រាក់ប្រមាណ ១៥០០ដុល្លារ សម្រាប់អាជីវកម្មគ្រួសារនេះ។ ហើយលោកសង្ឃឹមថា នឹងអាចលក់បានយ៉ាងហោចណាស់ ៥០ភាគរយដែរនៅអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
យ៉ាងណាក្តី លោកមានការព្រួយបារម្ភថា អាជីវកម្មលោកអាចលក់មិនដាច់នៅអំឡុងពេលបុណ្យចូលឆ្ននេះ។
«លំបាកខ្លាំងដែរបង ព្រោះលក់អត់ដាច់ អ៊ីចឹងទៅខូច អ៊ីចឹងទៅ»។
លោកផុន ភីបានបន្តថា ជារៀងរាល់ឆ្នាំនៅអំឡុងពេលថ្ងៃបុណ្យធំៗ អាជីវកម្មរបស់លោកលក់ដាច់ ហើយអាចរកចំណូលបានយ៉ាងហោចណាស់ក៏ជាង ១០០០ដុល្លារដែរ។
ប៉ុន្តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ លោកនិយាយថា អាជីវកម្មរបស់លោកកំពុងជួបប្រទះនឹងការលំបាក ដោយសារតែមិនសូវលក់បានច្រើនដូចគ្រាមុនៗនោះទេ។
ខណៈដែលកម្ពុជាកំពុងតែទប់ទល់ជាមួយនឹងការរីករាលដាលជំងឺកូវីដ ១៩ អាជីវករលក់គ្រឿងសក្ការៈបូជា និងគ្រឿងសំណែនសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រឈមនិងការខាតបង់ជាមួយនឹងការធ្លាក់ចុះចំនួនអតិថិជន។ អ្នកលក់ខ្លះបានកាត់បន្ថយចំនួនអីវ៉ាន់ដើម្បីចៀសវាងការខាតបង់ ខណៈអ្នកលក់ខ្លះទៀតត្រូវកាត់បន្ថយចំណាយប្រចាំថ្ងៃ។
ដោយសារការលុកលុយនៃជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន ដូចប្រទេសជាច្រើនទៀតនៅលើពិភពលោក សេដ្ឋកិច្ចកម្ពុជាកំពុងរងការប៉ះទង្គិច ខណៈតម្រូវការទំនិញ និងសេវាកម្មផ្សេងៗមានការធ្លាក់ចុះអំឡុងពេលពលរដ្ឋខ្មែរទូទៅត្រូវបានជំរុញឲ្យរក្សាគម្លាតសង្គម ដូចជា ធ្វើការពីផ្ទះ និងកាត់បន្ថយការចេញក្រៅជាដើមដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
កំពុងអង្គុយរង់ចាំអតិថិជននៅក្នុងតូបលក់គ្រឿងសក្ការៈបូជាមួយនៅចំហៀងផ្សារចាស់ អ្នកស្រីប៊ុន ចាន់ធី អាយុ ៥៥ឆ្នាំ ជាអ្នកលក់គ្រឿងសក្ការៈបូជាមួយរូបទៀតនៅផ្សារចាស់ក្នុងក្រុងភ្នំពេញ។
ចាប់តាំងពីពេលមានផ្ទុះជំងឺកូវីដ១៩មក ចំនួនអតិថិជនដែលភាគច្រើនជាអ្នកមកពីខេត្តនិងក្រុងផ្សេងៗមានការថយចុះ ហើយចំណូលរបស់អ្នកស្រីក៏មានការថយចុះដូចគ្នាផងដែរ។ ជាមួយនឹងការថយចុះនៃការលក់ អ្នកស្រីចាន់ធីបានបន្តថា អ្នកស្រីប្រហែលត្រូវបន្ថយចំណាយលើការធ្វើបុណ្យទាន និងការដើរកម្សាន្តផ្សេងៗផងដែរ។
«ពីមុនដូចយើងចាយវាយអីទៅ យើងចេះតែធូររលុងទៅណា។ ដល់ពេលឥឡូវដូចថា ទៅបុណ្យទៅទានអី ដូចយើង រាងធូអីអញ្ចឹងធ្វើបុណ្យធំៗអីវាស្រួល។ ហើយឥឡូវអត់ទេ ប្រហែលជាឆ្នាំហ្នឹងមិនសូវហ៊ានទៅស្រុកផងក៏មិនដឹងដែរ ព្រោះស្ងាត់អញ្ចឹងហ្អា»។
អ្នកស្រីចាន់ធីបានឲ្យដឹងថា អ្នកស្រីមានអីវ៉ាន់ក្នុងស្តុកតម្លៃប្រមាណជាងពីរពាន់ដុល្លារ។ យ៉ាងណាក្តីអ្នកស្រីមិនទាន់ដឹងច្បាស់ថា អ្នកស្រីនឹងអាចលក់ដាច់នោះទេនៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
«វាជួបលំបាកហ្នឹងវាច្រើនហ្អា យើងស្តុកអីវ៉ាន់ អញ្ចឹងទៅយើងមិនអាចវេរឲ្យគេវិញ ហើយម្យ៉ាងយើងរកថវិកាជូនគេក៏មិនទាន់»។
អ្នកស្រីចាន់ធីបានលើកឡើងថា មកទល់ពេលឥឡូវនេះ ក៏មិនទាន់ឃើញមាន ការបញ្ចុះតម្លៃតូបនៅឡើយទេ ពីថៅកែផ្សារ ខណៈដែលរដ្ឋាភិបាលបាននិងកំពុងរៀបចំនូវផែនការផ្សេងៗដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ អំឡុងពេលមានការកើតមានជំងឺកូវីដ១៩ នៅកម្ពុជា។
ខណៈពេលមានការកើតមានជំងឺកូវីដ១៩ អ្នករាយការណ៍ VOA បានសង្កេតឃើញថា អំឡុងពេលកៀកនឹងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ តូបអាជីវកម្មពី ២០ទៅ៣០ភាគរយនៅផ្សារចាស់បានបិទ ដោយមានតូបខ្លះបានដាក់ស្លាកថា «តូបលក់»។
អ្នកស្រី សុខ សម្ផស្ស អាយុ ៤៥ ឆ្នាំ កំពុងអង្គុយឆ្កឹះទងចេញពីផ្លែក្រូចដើម្បីដាក់លក់ ដោយមានពាក់ម៉ាសនិងទឹកអាកុលដាក់នៅជិតខ្លួន។
អ្នកស្រីសម្ផស្ស ដែលមានស្រុកកំណើតមកពីខេត្តព្រៃវែង ប្រកបអាជីវកម្មលក់ផ្លែឈើនៅផ្សារកណ្តាលក្នុងក្រុងភ្នំពេញ អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ តែបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ ១៩នៅកម្ពុជា អ្នកស្រីមានការបារម្ភពីអាជីវកម្មនាពេលបច្ចុប្បន្នរបស់អ្នកស្រី។
ហើយអំឡុងពេលរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អ្នកស្រីបានប្រាប់វីអូអេថា អ្នកស្រីអត់បានទិញផ្លែឈើមកស្តុកទុកនោះទេ ពីព្រោះអ្នកស្រីមិនសង្ឃឹមថា នឹងមានអ្នកមកទិញច្រើននោះទេ។
«ព្រួយបារម្ភហ្នឹងគឺព្រួយបារម្ភណាស់ អារឿងបញ្ហាប្រទេសជាតិ ដូចថា កើតអារោគហ្នឹងមក មិនថា តែយើងទេ។ អ្នកមកផ្សារហ្នឹងក៏ភ័យ អ្នកមកទិញអីវ៉ាន់ហ្នឹងក៏ភ័យដែរ។ សព្វកន្លែងទាំងអស់។ មិនហ៊ានទិញអីវ៉ាន់អីច្រើនលក់ទេ។ ទិញបន្តិចៗហ្នឹង»។
ជាទូទៅ ជាពិសេសថ្ងៃសីលឬអំឡុងពេលបុណ្យទានធំៗ អាជីវកម្មលក់ផ្លែឈើរបស់អ្នកស្រីមានអតិថិជនឡើងរហូតដល់ទៅ ៦០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវនេះ ចំនួនអតិថិជនមកទិញមានតិចជាង ១០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
អ្នកស្រីសម្ផស្សបានប្រាប់ VOA ដោយសម្តីស្រងូតស្រងាត់ថា ជាមួយនឹងការថយចុះនៃចំនួនអតិថិជន ដូច្នេះការលក់របស់អ្នកស្រីបានថយចុះប្រមាណ ៧០ភាគរយផងដែរ។
ខណៈពេលដែលអាជីវកម្មរបស់អ្នកស្រីសម្ផស្សក៏ដូចជា អាជីវកម្មអ្នកលក់ផ្លែឈើដទៃទៀតកំពុងជួបប្រទះនឹងការលំបាក អ្នកស្រីសម្ជស្សក៏បានសុំឲ្យមានជំនួយពីសំណាក់រដ្ឋាភិបាលផងដែរ។
«អំពាវនាវរដ្ឋាភិបាលជួយមើលផង។ អ្នកអត់ៗហ្នឹងគ្នាពិបាកណាស់។ ប្រឹងមកទាំងត្រដាបទាំងត្រដួសភ្នែកសភ្នែកខ្មៅហើយ មកលក់ដូរអង្គុយហើយគ្មានមនុស្សទៀត ស្ងាត់»។
រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឲ្យបិទការធ្វើដំណើរក្នុងប្រទេសពីថ្ងៃ០៩ ដល់ថ្ងៃ១៦ ខែមេសា ជាអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ និងការលុបចោលការឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ជាផ្នែកមួយនៃវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេស។
អ្នកស្រី នួន សុខាណារី អាយុ ៤៥ឆ្នាំ ជាអាជីវករលក់គោម និងគ្រឿងតុបតែងពេលចូលឆ្នាំ តាមផ្ទះមួយរូប នៅជិតផ្សារអូរឫស្សីក្នុងក្រុងភ្នំពេញ។
អ្នកស្រី សុខាណារី ដែលប្រកបរបរនេះអស់រយៈពេលជាងបីឆ្នាំមកហើយនោះបានប្រាប់វីអូអេថា អំឡុងពេលមានការកើតមានជំងឺផ្លូវដង្ហើមកូវីដ ១៩នៅកម្ពុជា មុនពេលចូលឆ្នាំអាជីវកម្មរបស់អ្នកស្រីប្រឈមនឹងការថយចុះការទិញប្រមាណ ៥០ ភាគរយ និងប៉ះពាល់ចំណូលប្រមាណ ៥០ភាគរយផងដែរ ដែលការណ៍នេះជាអ្វីអ្នកស្រីមិនធ្លាប់ដែលបានជួបប្រទះពីមុនមកទេ។
«និយាយទៅខុសគ្នាពីឆ្នាំមុនច្រើន ព្រោះឆ្នាំនេះ យើងមានបញ្ហាជំងឺកូវីដអីហ្នឹងគឺ ពិបាក។ លក់អត់សូវដាច់ដូចមុនទេ»។
ដូចប្រជាពលរដ្ឋមួយចំនួនទៀតដែលបាត់បង់ចំណូលដោយសារកូវីដ១៩ ដែរ អ្នកស្រីត្រូវកាត់បន្ថយចំណាយលើការហូបចុកប្រចាំថ្ងៃ និងចំណាយផ្សេងៗទៀតផងដែរ។
«ចង់និយាយថា ត្រូវចាយ កាត់បន្ថយ ព្រលឹមឡើងធ្លាប់ញាំអីគុយទាវ យើងកាត់បន្ថយមកញាំបបរសនៅផ្ទះអីអញ្ចឹងទៅ។ កុំសូវចាយអីពេក ព្រោះអីយើងរកអត់សូវបាន ឥឡូវ។ មិនថា តែគេទេ ទាំងអស់ហ្មងនិយាយរួម»។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃពុធ ទី១៥ ខែមេសានេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ ១៩ ទាំងអស់ចំនួន ១២២នាក់។
ចំពោះលោក ផុន ភី អាជីវករលក់គ្រឿងសក្ការៈបូជា និងផ្កានៅផ្សារចាស់ក្នុងក្រុងភ្នំពេញ លោកសង្ឃឹមថា អាជីវកម្មរបស់គ្រួសាររបស់នឹងមានភាពប្រសើរឡើង នៅពេលស្ថានភាពវិលមករកធម្មតាវិញ។ យ៉ាងណាក្តី នាពេលបច្ចុប្បន្ននេះគ្រួសាររបស់លោកត្រូវកាត់បន្ថយចំណាយលើការហូបចុក និងត្រូវគិតគូរជាងមុនអំពីការចំណាយ។
«លែងសូវចាយអីខ្លាំងអញ្ចឹង កូនចៅអីវាត្រូវកាត់បន្ថយចាយ។ កាលពីមុន មួយថ្ងៃបួនប្រាំម៉ឺន នៅសល់ពីរបីម៉ឺន អញ្ចឹងទៅ»៕