មេដឹកនាំសហព័ន្ធខ្មែរក្រោមនៅសហរដ្ឋអាមេរិកនិងសកម្មជនខ្មែរក្រោមនិយាយថា ការផ្សឹកដោយបង្ខំចំពោះព្រះសង្ឃខ្មែរក្រោមមួយអង្គ ថ្មីៗនេះក្នុងប្រទេសវៀតណាម ជាការរំលោភលើសេរីភាពសាសនា។
សហព័ន្ធខ្មែរកម្ពុជាក្រោមនិងសកម្មជនខ្មែរក្រោមក្នុងប្រទេសវៀតណាមជំរុញ ឲ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិមនុស្សនិងសិទ្ធិសាសនា ដោយនិយាយថា ការ ចាប់ផ្សឹកដោយបង្ខំចំពោះព្រះតេជគុណ លី សន ក្នុងវត្តមួយលើទឹកដីកម្ពុជាក្រោមដែលត្រួតត្រាដោយវៀតណាមភាគខាងត្បូងកាលពីខែធ្នូនោះ ជារឿងផ្ទុយនឹងច្បាប់ស្តីពីសិទ្ធិមនុស្សនិងសិទ្ធិសាសនា។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានថ្លែងថា អាជ្ញាធរវៀតណាមចង់បង្រ្កាបបំបិទសិទ្ធិសេរីភាពសាសនា បំភិតបំភ័យមិនឲ្យព្រះសង្ឃខ្មែរក្រោមហ៊ានតវ៉ាពីរឿងអយុត្តិធម៌ដែលកើតឡើងហើយនិងបញ្ឃប់ពលរដ្ឋខ្មែរក្រោមមិនឲ្យជឿលើព្រះសង្ឃនិងព្រះពុទ្ធសាសនា។ លោក ថាច់ ង៉ុក ថាច់ ចាត់ទុកថា រឿងទាំងនេះជាការធ្វើផ្ទុយពីច្បាប់ដែលវៀតណាមបានចុះហត្ថលេខាទទួលស្គាល់ចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. កាលពីឆ្នាំ១៩៨២។ លោកថ្លែងថា៖
«តែផ្ទុយទៅវិញគឺថារដ្ឋាភិបាលយួនហ្នឹងមិនដែលបានប្រគល់សិទ្ធិឬក៏គោរព សិទ្ធិដែលខ្លួនបានទទួលស្គាល់ដើម្បីយកទៅអនុវត្តក្នុងប្រទេសវៀតណាមទេ»។
ព្រះតេជគុណ លី សន ព្រះជន្ម១៩ឆ្នាំបួសបាន៤ព្រះវស្សាក្នុងវត្តសេរីតាសេក ឃុំ វិញហាយ ស្រុកវិញចូវ ខេត្តសុកត្រាំង (ឃ្លាំង) ត្រូវអនុគណស្រុកព្រះនាម ថាច់ ហ៊ន ចាប់ផ្សឹកកាលពីពាក់កណ្តាលខែធ្នូ ក្រោយពីមានពាក្យបណ្តឹងពីស្ត្រីចំណាស់អាយុជាង៦០ឆ្នាំ គឺអ្នកស្រី ដាញ់ ធីធូ ប្តឹងពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ។ អ្នកស្រីដាញ់ ធីធូ ស្នាក់នៅក្នុងកុដលោកដើម្បីជួយកិច្ចការវត្តខាងផ្នែកសម្អាត។
ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទពីប្រទេសវៀតណាម អន្ទិតលី សន បានអះអាងថា ការចោទប្រកាន់ទាំងឡាយជាការមួលបង្កាច់។ លី សន បានពន្យល់ថាខ្លួន ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយព្រះចៅអធិការវត្តក៏បានដឹងឮរឿងរ៉ាវនោះដែរ ដែលថាអ្នកស្រីដាញ់ ធីធូភ័យខ្លាចហើយស្រែកពេលព្រះតេជគុណ លី សន បាននិមន្តទៅរកទឹកឆាន់រពេលយប់ក្នុងកុដលោកនោះ។
«ព្រោះអីគេធ្វើអញ្ចឹងមិនត្រូវ។ គេចោទលើមិនត្រូវដូច្នេះចង់បួសឡើងវិញដើម្បីជួយកសាងវត្ត»។
អន្ទិត លី សន ក៏ដូចជាសកម្មជនខ្មែរក្រោមម្នាក់ទៀត គឺលោក ថាច់ វីណា និង សេចក្តីប្រកាសព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានដកស្រង់សំដីអ្នកស្រី ដាញ់ ធីធូមកអះអាងថា អាជ្ញាធរមូលដ្នានវៀតណាមបានបង្ខំអ្នកស្រី ដាញ់ ធីធូ ឲ្យផ្តិតមេដៃដាក់ពាក្យប្តឹងពីបទចាប់រំលោភដើម្បីឲ្យអាជ្ញាធរមានហេតុផលផ្សឹកព្រះតេជគុណ លី សន។
លោក ថាច់ វីណា បានអះអាងថា អាជ្ញាធរវៀតណាមមានការតាមដានខ្លាំងមក លើវត្តតាសេក ហើយវត្តនេះក្លាយជាគោលដៅនៃការបង្រ្កាបពីអាជ្ញាធរវៀតណាមប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង។
«ប៉ុន្តែធ្វើនេះដើម្បីបំណងចង់កសាងបញ្ហាឲ្យបានធំ ហើយនិងបំផ្លិចបំផ្លាញកេរ្តិ៍ ឈ្មោះវត្តតាសេកក៏ដូចជាព្រះសង្ឃដែលបួសមួយចំនួនដែលមានការមិនពេញ ចិត្តពីសំណាក់រដ្ឋអំណាចវៀតណាមថ្នាក់ឃុំដែលគេធ្វើក្នុងឃុំ វិញហាយ សព្វថ្ងៃនេះ»។
ព្រះតេជគុណ ថាច់ ហន អនុគណស្រុកវិញហាយ និងជាតំណាងប្រជាពលរដ្ឋខ្មែរក្រោម ក្នុងស្រុកដដែលពុំបានឆ្លើយតបចំពោះសំណួរវីអូអេសំឡេងសហរដ្ឋអាមេរិកទេ។ ព្រះតេជគុណ ថាន់ ហន ដែលជាអ្នកផ្សឹកអន្ទិត លី សន បានសួរថាមកពីខាងណា? ហើយបានកាត់ផ្តាច់ទូរស័ព្ទភ្លាមនៅពេលឮខ្ញុំបាទទូលលោកថាមកពីវីអូអេនៅសហរដ្ឋអាមេរិក។ ការព្យាយាមទូរស័ព្ទជាច្រើនលើកភ្លាមៗបន្តទៀតត្រូវកាត់ផ្តាច់ដោយគ្មានការទទួល។
អាជ្ញាធរវៀតណាមក៏ពុំទាន់មានប្រតិកម្មតបទៅនឹងការអះអាងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនិងសកម្មជនខ្មែរក្រោមនៅឡើយដែរ។
លោកថាច់ ង៉ុកថាច់នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិកអះអាងដែរថា ព្រះសង្ឃខ្មែរក្រោមមួយចំនួនដែលហ៊ានតវ៉ាប្រឆាំងនឹងបម្រាមវៀតណាមធ្វើកឋិនទានរយៈពេលតែមួយថ្ងៃ ជាជាងមួយខែនៅឆ្នាំ២០០៧នោះ ត្រូវបង្រ្កាប ចាប់ដាក់គុគ និងរត់ចោលស្រុក។
ព្រះតេជគុណ គីម មឿន មកពីវត្តតាសេកបាននិមន្តភៀសព្រះកាយដោយសារ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទាក់ទងនឹងបាតុកម្មកឋិនទាននោះ។ បច្ចុប្បន្ន ព្រះតេជគុណកំពុងគង់ក្នុងប្រទេសស៊ុយអែត។
ប្រទេសវៀតណាមទទួលរងការរិះគន់ផ្នែកការរិតត្បិតសេរីភាពសាសនានិងការ រំលោភសិទ្ធិមនុស្សពីសហរដ្ឋអាមេរិក។ តែវៀតណាមច្រានចោលការរិះគន់និងការចោទប្រកាន់ទាំងនោះដោយចាត់ទុកថាជាការវាយតម្លៃមិនត្រឹមត្រូវ៕